សហព័ន្ធ​សហជីព​កម្មករ​សំណង់៖ រោងចក្រ​ម៉ៅការ​ស៊ីម៉ង់ត៍ចិន មាន​កំហុស​បច្ចេកទេស នាំ​​ឲ្យ​កម្មករ ២នាក់​ស្លាប់​ក្នុង​ពេល​ធ្វើ​ការ

ដោយ ខែ សុណង
2020-05-29
RFA

ការដ្ឋាន​យក​ថ្ម​ភ្នំ​ផលិត​ស៊ីម៉ង់ត៍ នៅ​ស្រុក​ដងទង់ ខេត្ត​កំពត ដែល​កម្មករ ២នាក់​ស្លាប់ ថ្ងៃ​ទី២៩ ខែឧសភា ឆ្នាំ២០២០។ រូប៖ សហជីព

ការដ្ឋាន​យក​ថ្ម​ភ្នំ​ផលិត​ស៊ីម៉ង់ត៍ នៅ​ស្រុក​ដងទង់ ខេត្ត​កំពត ដែល​កម្មករ ២នាក់​ស្លាប់ ថ្ងៃ​ទី២៩ ខែឧសភា ឆ្នាំ២០២០។ រូប៖ សហជីព

Photo: RFA


សហព័ន្ធ​សហជីព​កម្មករ​សំណង់​អំពាវនាវ​ឲ្យ​អាជ្ញាធរ និង​ស្ថាប័ន​ពាក់ព័ន្ធ​ស្រាវជ្រាវ​ករណី​គ្រោះថ្នាក់​ការងារ​បណ្ដាល​ឲ្យ​កម្មករ ២នាក់​ស្លាប់ ដោយសារ​ថ្ម​ភ្នំ​ធ្លាក់​សង្កត់​លើ​ក្នុង​រោងចក្រ​ចិន​ម៉ៅការ​បន្ត ឲ្យ​រោងចក្រ​ស៊ីម៉ងត៍ ថៃ ប៊ុនរ៉ុង។ ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​ម៉ោង​ជាង​៤​ល្ងាច ថ្ងៃ​ទី២៩ ឧសភា ក្នុង​ការដ្ឋាន​យក​ថ្ម​ភ្នំ​ផលិត​ស៊ីម៉ង់ត៍ នៅ​ស្រុក​ដងទង់ ខេត្ត​កំពត។

មន្ត្រី​សហព័ន្ធ​សហជីព​កម្មករ​សំណង់ អះអាង​ថា រោងចក្រ​ម៉ៅការ​ស៊ីម៉ងត៍​ចិន មាន​កំហុស​បច្ចេកទេស បណ្ដាល​ឲ្យ​កម្មករ​២​នាក់​ស្លាប់​ក្នុង​ពេល​បំពេញ​ការងារ មិនមែន​ជា​រឿង​ឧប្បត្តិហេតុ​នោះ​ឡើយ។

អនុប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់​និង​ព្រៃឈើ​កម្ពុជា លោក សួ ឆ្លូញ ឲ្យ​ដឹង​ថា កម្មករ​ដែល​ស្លាប់​ទាំង ២នាក់​នោះ ជួប​បាន​គ្រោះថ្នាក់​ក្នុង​ពេល​ពួកគាត់​ឡើង​ទៅ​ខួង​បម្រុង​បំផ្ទុះ​ថ្ម​ភ្នំ​ដែល​ធ្វើ​ឲ្យ​បាក់​ស្រុត​ថ្ម ធ្លាក់​សង្កត់​លើ​តែម្ដង។ លោក​ថា ក្រុម​ការងារ​បច្ចេកទេស​បាន​កាយ​ថ្ម​ប្រមូល​យក​បំណែក​សាកសព​ចេញ​ពី​គំនរ​ថ្ម​ភ្នំ​បាន​តែ​ម្នាក់​ទេ​រហូត​ដល់​យប់​ថ្ងៃ​ទី​២៩ ខែឧសភា ដោយ​ព្រោះ​ស្ថានភាព​លំបាក​និង​ងងឹត។ លោក​ថា រឿង​គ្រោះថ្នាក់​នេះ​ជា​កំហុស​បច្ចេកទេស និង​កង្វះ​សម្ភារៈ​ការពារ​ផ្ដល់​ឲ្យ​កម្មករ ដោយ​ក្រុមហ៊ុន​បាន​ប្រើ​កម្មករ​មិន​បាន​បណ្ដុះបណ្ដាល​ជំនាញ​ច្បាស់លាស់ ទើប​បណ្ដាល​ឲ្យ​ពួកគាត់​មាន​គ្រោះថ្នាក់​បែប​នេះ៖ «ប៉ូលិស​អាជ្ញាធរ​កំពុង​ធ្វើ​កំណត់ហេតុ​ដើម្បី​ស្វែងរក​ក្រុមហ៊ុន​ហ្នឹង ហើយ​យើង​មិន​ដឹង​ថា​ក្រុមហ៊ុន​ហ្នឹង​បាន​ចុះ​បញ្ជី​ឲ្យ​បាន​ត្រឹមត្រូវ​ឬ​ក៏​អត់​ទៀត អ្វី​ដែល​យើង​កំពុង​រក​គឺ​បញ្ហា​ខាង​ក្រោយ​ខ្នង​ក្រុមហ៊ុន​ហ្នឹង ហើយ​ថា​តើ​អ្នក​ស្លាប់ កម្មករ​ដែល​កំពុង​តែ​ធ្វើការ​ហ្នឹង​គាត់​ទទួល​បាន​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ឬ​ដែរ​អត់​ទៀត។ យើង​នឹង​ធ្វើការ​ពិនិត្យ​ថា​តើ​ក្រុមហ៊ុន​នេះ​មាន​ស្ដង់ដារ​សុវត្ថិភាព​ត្រឹមត្រូវ​ដែរ​ឬ​អត់​ជាពិសេស​ជំនាញ​និង​បច្ចេកទេស​ព្រោះ​ការងារ​ខួង​បំផ្ទុះ​ថ្ម​វា​ជា​ការងារ​ជំនាញ​បច្ចេកទេស​មិនមែន​ចេះ​តែ​យក​កម្មករ​ដែល​គាត់​អត់​បាន​ឆ្លងកាត់​ការ​រៀន​សូត្រ​ទៅ​ធ្វើការ​ជា​កន្លែង​ការងារ​មួយ​ដែល​ទទួល​រងគ្រោះ​ហានិភ័យ​ខ្ពស់​គ្រោះថ្នាក់​ខ្ពស់»

ជន​រងគ្រោះ​ទាំង​២នាក់ ជា​កម្មករ​ផ្នែក​ខួង​និង​បំផ្ទុះ​ថ្ម មាន​ស្រុក​កំណើត​នៅ​ស្រុក​ទឹកឈូ ខេត្ត​កំពត ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ឈ្មោះ ញឹប សារុន និង​ឈ្មោះ ឃុន តាល់។

មន្ត្រី​ដោះស្រាយ​វិវាទ និង​អធិការកិច្ច​នៃ​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​កំពត លោក អ៊ុន ប៊ុនធឿន មិន​ឆ្លើយតប​ឡើយ​ជុំវិញ​គ្រោះថ្នាក់​ការងារ​របស់​កម្មករ​នេះ​ទេ ដោយ​បង្វែរ​សំណួរ​ទៅ​ឲ្យ​ប្រធាន​ការិយាល័យ​ដោះស្រាយ​វិវាទ និង​អធិការកិច្ច លោក ទូច សុធា ប៉ុន្តែ​លោក ទូច សុធា រុញ​ឲ្យ​សួរ​ទៅ​ប្រធាន​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក អឹង ប៉ូហេង តែ​នៅ​ពេល​លឺ​សំណួរ​ពី​អ្នក​ព័ត៌មាន​អាស៊ី​សេរី លោក​ថា ជាប់​រវល់៖«ខ្ញុំ​មិន​ទាន់​អាច​ឆ្លើយ​បាន​ទេ ចាំ​មើល​ខ្ញុំ​ស្ដាប់​តិច​សិន ខ្ញុំ​អត់​ទាន់​ឆ្លើយ​ទេ​ណា»

មន្ត្រី​សហជីព​ដដែល​ឲ្យ​ដឹង​ថា អាជ្ញាធរ​និង​សមត្ថកិច្ច​បាន​ធ្វើ​កំណត់ហេតុ​រឿង​នេះ ហើយ​បន្ត​យក​សព​ម្នាក់​ទៀត​ចេញ​នៅ​ថ្ងៃ​៣០ ឧសភា។ ចំណែក​សហជីព​ក៏​កំពុង​ស្រាវជ្រាវ​រក​ឈ្មោះ​ក្រុមហ៊ុន​ចិន​ម៉ៅការ​បន្ត​ឲ្យ​រោងចក្រ​ស៊ីម៉ងត៍ ថៃ ប៊ុនរ៉ុង នេះ​ដែរ។

អាស៊ីសេរី​ក៏​មិន​អាច​ទាក់ទង អភិបាល​ខេត្ត​កំពត លោក ជាវ តាយ បាន​ទេ​នៅ​ថ្ងៃ​ទី​២៩ ឧសភា ដោយ​លោក​មិន​ទទួល​ទូរស័ព្ទ។

កាល​ពី​ខែវិច្ឆិកា ឆ្នាំ​២០១៩ រោងចក្រ​ផលិត​ស៊ីម៉ងត៍ ថៃ ប៊ុនរ៉ុង បាន​បើក​សម្ពោធ​ជា​ផ្លូវការ​ដោយ​មាន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួម​ប្រកាស​ថា​រោងចក្រ​ផលិត​ស៊ីម៉ងត៍​នេះ​មាន​តម្លៃ ១១០​លាន​ដុល្លារ ស្ថិត​នៅ​តំបន់​ភ្នំ​ល្អាង ឃុំ​ល្អាង ស្រុក​ដងទង់ ខេត្ត​កំពត លើ​ផ្ទៃដី​ទំហំ​ជិត ៧០០​ហិកតារ។

នេះ​ជា​រោងចក្រ​ផលិត​ស៊ីម៉ង់ត៍​ទី៥ នៅ​កម្ពុជា ដែល​មាន​សមត្ថភាព​ផលិត​ស៊ីម៉ងត៍ បាន​ប្រមាណ ២ពាន់ ៥រយ (២.៥០០) តោន ក្នុង​មួយ​ថ្ងៃ ស្មើ​នឹង​ជិត​១​លាន​តោន​ក្នុង​មួយ​ឆ្នាំ។

មន្ត្រី​សហព័ន្ធ​សហជីព​កម្មករ​សំណង់ លោក សួ ឆ្លូញ លោក​ឲ្យ​ដឹង​ទៀត​ថា រោងចក្រ​នេះ​បាន​ទិញ​ដី​ព័ទ្ធ​ភ្នំ​សាងសង់​រោងចក្រ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​រោងចក្រ​នេះ​បាន​ដំណើរការ​អាជីវកម្ម​ផលិត​ស៊ីម៉ងត៍​ជិត ១ឆ្នាំ​នេះ​ប៉ុណ្ណោះ ដោយ​មាន​កម្មករ​ផ្នែក​ខួង​និង​បំផ្ទុះ​ថ្ម ជាង​ ១០​នាក់​ដែល​ធ្វើការ​ជាមួយ​ជនរងគ្រោះ រួម​ទាំង​កម្មករ​ជា​ច្រើន​ផ្នែក​ទៀត​សរុប​ជាង​៣​រយ​នាក់។

យ៉ាងណា​ក៏​ដោយ​លោក សួ ឆ្លូញ បញ្ជាក់​ថា ក្រុមហ៊ុន​ផលិត​ស៊ីម៉ង់ត៏ ថៃ ប៊ុនរ៉ុង ជា​អ្នក​ទទួល​ខុសត្រូវ​ចំពោះ​បញ្ហា​ដែល​បាន​កើត​ឡើង​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles