ស្ត្រី​២​នាក់​ដែល​បង្ខំ​ឱ្យ​កុមារ​ដើរ​សុំទាន​រាល់ថ្ងៃ​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ

ដោយ ម៉ៅ សុធានី
2020-05-30
RFA

ក្មេង​ទាំង​នេះ​កំពុង​តែ​សុំ​ទាន​នៅ​ចំណុច​ប្រសព្វ​ផ្លូវ​ម៉ៅសេទុង និង​ផ្លូវ​មុនីរ៉េត (ស្តុប​ផ្សារ​ដើម​គ) នៅ​ថ្ងៃ​ទី​៣ មីនា ឆ្នាំ​២០១៥។

ក្មេង​ទាំង​នេះ​កំពុង​តែ​សុំ​ទាន​នៅ​ចំណុច​ប្រសព្វ​ផ្លូវ​ម៉ៅសេទុង និង​ផ្លូវ​មុនីរ៉េត (ស្តុប​ផ្សារ​ដើម​គ) នៅ​ថ្ងៃ​ទី​៣ មីនា ឆ្នាំ​២០១៥។ Photo: RFA


សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ស្ត្រី​២​នាក់ ឈ្មោះ ជា ធឿន អាយុ ៥៨​ឆ្នាំ និង​នួន ទូច អាយុ​២៨​ឆ្នាំ ទៅ​សវនាការ ពី​បទ​ជួញដូរ​មនុស្ស ដោយ​បង្ខំ​ឱ្យ​កុមារ ៦​នាក់ ដើរ​សុំទាន​ជា​ច្រើន​ខែ នៅ​ផ្សារ​ឈូក​មាស ក្នុង​សង្កាត់​សែនសុខ។

ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន លោក កែវ ធា ត្រូវ​បាន​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ដកស្រង់​សម្ដី កាល​ពី​ថ្ងៃ​ទី២៩ ខែ​ឧសភា​ថា ជនរងគ្រោះ​ទាំង​៦​នាក់​នោះ គឺ​មាន​ស្រី៣នាក់ និង​ប្រុស ៣ ក្នុង​នោះ​២​នាក់ មាន​អាយុ​ក្រោម​៥​ឆ្នាំ​។ លោក​ថា ក្នុងចំណោម​កុមារ​រងគ្រោះ​ទាំងនោះ គឺ​ម្នាក់​ជា​ចៅ​បង្កើត របស់​ជនសង្ស័យ​ឈ្មោះ ជា ធឿន និង​ម្នាក់ទៀត គឺជា​កូនបង្កើត​របស់ នួន ទូច ហើយ​ក្មេង​ដទៃ​ទៀត គឺជា​កូនចៅ​របស់​ក្រុម​គ្រួសារ​ផ្សេង​ទៀត។

លោក កែវ ធា ឱ្យ​ដឹង​ផង​ដែរ​ថា ក្រោយ​ការ​ចាប់ខ្លួន​កាល​ពី​ថ្ងៃ​ទី២៧ ខែ​ឧសភា ជនសង្ស័យ​ទាំង​ពីរ​បាន​សារភាព​ថា នៅ​ពេល​ព្រឹក​ព្រលឹម ពួកគេ​បាន​ឱ្យ​រ៉ឺម៉ក​កង់​បី តុកៗ ដឹក​ក្មេងៗ​ទាំងនោះ យក​ទៅ​ដាក់​នៅ​ផ្សារ​ឈូក​មាស ឱ្យ​ដើរ​សុំទាន រហូត​ដល់​ម៉ោង ៦​ល្ងាច​។ លោក​បន្ត​ថា ក្មេង​ម្នាក់ៗ សុំទាន​បាន​យ៉ាងតិច ពី ២​ម៉ឺន ទៅ​៣​ម៉ឺន​រៀល ក្នុង​មួយ​ថ្ងៃៗ ហើយ​ប្រាក់​ដែល​បាន​មក​ពី​សុំទាន​ចែក​គ្នា រួច​នៅ​ពេល​យប់​ក្មេង​ទាំងនោះ ត្រូវ​បាន​ដឹក​យក​ទៅ​គេង​នៅ​ក្នុង​វត្ត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles