ធនាគារនិងហិរញ្ញវត្ថុ | ព័ត៌មានជាតិ
កញ្ញា ខាន់ លក្ខិណា |៣០ ឧសភា ២០២០ |ម៉ោង ៥:១៣ ល្ងាច
VOD
អ្នកស្រី សាត ផា ជាពលរដ្ឋរស់នៅក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ផ្ដល់បទសម្ភាសន៍ពីបញ្ហាប្រឈមទាក់ទងនឹងបំណុលធនាគារ អំឡុងកូវីដ១៩ ឆ្នាំ២០២០នេះ។
ស្ត្រីមេម៉ាយម្នាក់រស់នៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ចោទគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាណម៍ អឹមអេហ្វ អិលធីឌី (Prime) ថា បានបង្ខំឱ្យគាត់យកម៉ូតូឬទ្រព្យសម្បត្តិផ្សេងទៀតទៅបញ្ចាំដើម្បីបានប្រាក់សងបំណុល។
ពលរដ្ឋរស់នៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ អ្នកស្រី សាត ផា អះអាងថា គាត់បានដាក់ប្លង់ផ្ទះ ដើម្បីខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាណម៍ អឹមអេហ្វអិលធីឌី ចំនួន៧ពាន់ដុល្លារ ដើម្បីពង្រីកមុខរបរ។
ស្រ្តីដែលមានជំនាញព្យាបាលសត្វចិញ្ចឹមរូបនេះបន្តថា មុខរបរគាត់បាត់ចំណូល ហើយជម្លោះក្នុងគ្រួសារក៏កើតឡើង ធ្វើឱ្យគាត់ធ្លាក់ខ្លួនស្ទើរតែគ្មានលុយទិញអាហារបរិភោគ។ អ្នកស្រីថា គាត់បានស្នើសុំពន្យារពេលបង់ប្រាក់ ប៉ុន្តែបុគ្គលិកស្ថានប្រាណម៍គំរាមទារប្រាក់ និងជំរុញឱ្យគាត់យកម៉ូតូដែលកំពុងជិះរាល់ថ្ងៃ ឬ យកទ្រព្យសម្បត្តិផ្សេងទៀតទៅបញ្ចាំ។
អ្នកស្រីថា៖«បុគ្គលិកធនាគារគាត់ថា ធ្វើម៉េចក៏ដោយឱ្យតែបានលុយឱ្យគាត់ យក កាតគ្រីម៉ូតូទៅបញ្ចាំទៅមានស្អីក៏ដោយយកទៅបញ្ចាំទៅគាត់ស្គាល់កន្លែងបញ្ចាំ »។
ទោះយ៉ាងណាអ្នកស្រី សាត ផា បញ្ជាក់ថា គាត់មិនទាន់យកម៉ូតូឬ ទ្រព្យសម្បត្តិផ្សេងៗទៅបញ្ចាំនោះទេ បើទោះជាខាងស្ថាប័នផ្តល់កម្ចីហៅគាត់ទៅជួបមិនតិចជាង៥ដង ហើយបានទៅទារប្រាក់ដល់ផ្ទះគាត់ច្រើនដងហើយក៏ដោយ។ អ្នកស្រីរង់ចាំខាងស្ថាប័នផ្តល់កម្ចី ក៏ដូចជារដ្ឋាភិបាលជួយរកដំណោះស្រាយឱ្យគាត់ឱ្យបានប្រសើរជាងនេះ។
នាកយកគ្រប់គ្រងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាណម៍ អឹមអេហ្វ អិលធីឌី សាខា ឫស្សីកែវ ដោយសុំមិនបញ្ចេញឈ្មោះ បានច្រានចោលការចោទប្រកាន់ ហើយថា ករណីនេះកំពុងស្ថិតនៅក្នុងដំណើរការដោះស្រាយដោយសន្តិវិធី។
លោកថា៖«ខាងស្ថាប័ន អត់មានជំរិត និងបង្ខំឱ្យគាត់ ដោះស្រាយបំណុលទេ គ្មាននីតិវិធី ឬក៏គោលការណ៍ស្ថាប័នក្នុងការធ្វើទេ។ ចំពោះករណីអតិថិជនឈ្មោះ សាត ផា នេះ តាមពិត ករណីនេះ ស្ថិតក្នុងដំណាក់ការកំពុងដោះស្រាយជាមួយគ្នា ដោយសន្តិវិធី ដោយយើងយោងទៅតាមសេចក្ដីប្រកាសរបស់រដ្ឋាភិបាលនិងធនាគារជាតិ ដែលបានចេញកន្លងមក ដើម្បីអនុវត្តរៀបចំឥណទានឡើងវិញ»។
របាយការណ៍សមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បង្ហាញថា គិតត្រឹមថ្ងៃទី២៤ ខែឧសភា មានពលរដ្ឋជាង ១៧០ ០០០នាក់ បានស្នើសុំអន្តរាគមន៍ ដោយសារពួកគាត់មិនអាចបង់សងលុយដែលពួកគាត់ជំពាក់។ ចំណែកសមាគមធនាគារមិនបានបង្ហាញរបាយការណ៍ដែលពលរដ្ឋជំពាក់បំណុលដែលសុំអន្តរាគមន៍ដោះស្រាយនោះទេ។
កាលពីថ្ងៃទី២៧ ខែមីនា ធនាគារជាតិបានចេញសេចក្តីណែនាំចំនួន ៩ចំណុច ឱ្យស្ថាប័នគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ អនុវត្តដើម្បីសម្រួលដល់អ្នកជំពាក់បំណុល។ ក្នុងចំណោម ៩ចំណុចនេះ ធនាគារជាតិមិនបានចាប់បង្ខំឱ្យអនុវត្តទេ គឺការជ្រើសរើសយកចំណុចណាមួយទៅអនុវត្ត ជាការសម្រេចដោយផ្ទាល់ទៅតាមស្ថាប័នមីក្រូហិរញ្ញវត្ថុ ឬធនាគារ។
អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោក កាំង តុងងី ថ្លែងថា ចំណុចដែលស្ថាប័នផ្តល់កម្ចីប្រើភាគច្រើនយកទៅប្រើមាន ២ចំណុច គឺការតម្រូវឱ្យបង់តែការប្រាក់ និងផ្អាកការបង់ទាំងដើមទាំងការ រយៈពេលពី ៣ ទៅ ៦ខែ។
អ្នកជំពាក់លុយធនាគារមួយចំនួនអះអាងថា វិធានការនេះមិនបានជួយសម្រួលដល់ពួកគាត់ទេ ព្រោះថា បើបង់តែការប្រាក់ បានន័យថា គាត់នៅតែជំពាក់ដដែល ត្រូវខំរកលុយបង់ការប្រាក់ ចំណែកការផ្អាកបង់ទាំងដើមទាំងការ ធនាគារតម្រូវឱ្យបង់ការប្រាក់សរុប ដល់ពេលផុតពេលពន្យារនេះ អាចក្លាយជាការដាក់បន្ទុកបន្ថែមទៀត។
ពលរដ្ឋអ្នកជំពាក់លុយមួយចំនួន ស្នើឱ្យក្នុងពេលផ្អាកបង់ ៦ខែនេះ គឺមិនត្រូវគិតការប្រាក់ទេ ទើបហៅថា ជាការជួយពលរដ្ឋក្នុងពេលលំបាក។
ទោះយ៉ាងណា វិធានការធនាគារជាតិហាក់មិនត្រូវស្ថាប័នផ្តល់កម្ចីមួយចំនួនយកទៅប្រើទេ ព្រោះការបង្ខំឱ្យពលរដ្ឋលក់ទ្រព្យសម្បត្តិ ឬបង្ខំឱ្យទៅចងការប្រាក់កន្លែងផ្សេងមកបង់ធនាគារនៅតែមាន ហើយករណីខ្លះ រហូតដល់ពលរដ្ឋថតពីសកម្មភាពនៃការឈ្លោះប្រកែកគ្នារវាងពលរដ្ឋអ្នកជំពាក់បំណុលជាមួយបុគ្គលិកធនាគារ ដែលត្រូវបានផ្សព្វផ្សាយតាមបណ្តាញសង្គមជាបន្តបន្ទាប់ទៀតផង៕
វិភាគ៖ វិធានការរដ្ឋាភិបាលបានជួយពលរដ្ឋជំពាក់បំណុលធ្ងន់ធ្ងរកម្រិតណា?
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។