ក្រុម​យុវជន​នឹង​ធ្វើ​សកម្មភាព​ដោយឡែក​ពី គ្នា​នៅ​ថ្ងៃ​ទិវា​បរិស្ថាន​ពិភពលោក​ឆ្នាំ​២០២០

2020-05-31
RFA

សហគមន៍​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​ព្រៃ​ព្រះ​រកា​មក​ពី​ស្រុក​ជាំក្សាន្ត ស្រុក​ឆែប និង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ប្រមូល​ផ្ដុំ​គ្នា​ដើរ​ល្បាត​ការពារ​ព្រៃ​ព្រះ​រកា មិន​ឱ្យ​មាន​ការ​កាប់​បំផ្លាញ​ខុស​ច្បាប់ កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៤។

សហគមន៍​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​ព្រៃ​ព្រះ​រកា​មក​ពី​ស្រុក​ជាំក្សាន្ត ស្រុក​ឆែប និង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ប្រមូល​ផ្ដុំ​គ្នា​ដើរ​ល្បាត​ការពារ​ព្រៃ​ព្រះ​រកា មិន​ឱ្យ​មាន​ការ​កាប់​បំផ្លាញ​ខុស​ច្បាប់ កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៤។ រូបថត​ដោយ​អង្គការ​ពន្លក​ខ្មែរ


ក្រុម​យុវជន​ស្រឡាញ់​បរិស្ថាន នឹង​រៀបចំ​កម្មវិធី​ដោយឡែក​ពី​គ្នា​នៅ​ថ្ងៃ​ទី​៥ មិថុនា ដែល​ជា​ថ្ងៃ​ទិវា​បរិស្ថាន​ពិភពលោក​។ ពួកគេ​ខ្លះ​នឹង​ធ្វើ​កិច្ចពិភាក្សា​អំពី​បញ្ហា​បរិស្ថាន​ដោយ​ផ្សាយ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក និង​ខ្លះ​ទៀត​គ្រោង​ធ្វើ​យុទ្ធនាការ​ជិះ​កង់​ដើម្បី​ការពារ​តំបន់​ដែល​សម្បូរ​ដោយ​សម្បត្តិ​ធម្មជាតិ​។ ចំណែក ក្រសួង​បរិស្ថាន​វិញ នឹង​ប្រារព្ធ​ទិវា​នេះ​តាម​ប្រព័ន្ធ​អនឡាញ ព្រោះ​មិន​អាច​ធ្វើ​កម្មវិធី​ជួបជុំ​បាន ដោយសារតែ​ជំងឺ​កូ​វីដ-១៩។

សមាជិក​ក្រុម​យុវជន អិនវ័នអឹម (N1M) លោក សាន់ ម៉ាឡា ឱ្យ​ដឹង​ថា ក្រុម​របស់​លោក​មិន​មាន​កម្មវិធី​ជួបជុំគ្នា​នោះ​ទេ នៅ​ថ្ងៃ​ទី៥ មិថុនា ដោយសារតែ​ជំងឺ​កូវីដ-១៩ នៅតែ​បន្ត​រាតត្បាត ហើយ​ក្រសួងសុខាភិបាល​បាន​ណែនាំ​ឱ្យ​ចៀសវាង​ការ​ប្រមូល​ផ្តុំគ្នា​។ លោក​បញ្ជាក់​ថា ពួក​លោក​នឹង​រៀបចំ​កិច្ចពិភាក្សា​តាម​ហ្វេសប៊ុក (Facebook) រយៈពេល​២ ម៉ោង ផ្តោត​លើ​បញ្ហា​បរិស្ថាន ដោយមាន​ការចូលរួម​បកស្រាយ​ពី​វាគ្មិន​ដែល​មាន​ពិសោធន៍​ច្រើន​ផ្នែក​ការពារ​បរិស្ថាន និង​ធនធានធម្មជាតិ​។ ក្រៅ​ពី​នេះ ពួក​លោក​នឹង​ចាក់​ផ្សាយ​វីដេអូ​ឯកសារ​មួយ​ចំនួន​ទៀត​ទាក់ទង​នឹង​ការបាត់បង់​ព្រៃឈើ​នៅ​កម្ពុជា៖ «Platform (​វេទិកា​ភាគច្រើន គឺ​យើង​លើកស្ទួយ មាន​ន័យថា ជួយ​បំពង​សំឡេង​ឱ្យ​យុវជន ដើម្បី​ឱ្យ​គាត់​ហ្នឹង​កាន់​តែ​មាន​ឥទ្ធិពល ដើម្បី​ជជែក​ជាមួយ​ក្រុម​មនុស្ស​ដែល​គាត់​ជា​អ្នកធ្វើ​សេចក្ដី​សម្រេច​ចិត្ត»។

យុវជន សាន់ ម៉ាឡា ឱ្យ​ដឹង​ថា កិច្ចពិភាក្សា​ពី​បញ្ហា​បរិស្ថាន និង​វីដេអូ​អំពី​បញ្ហា​ព្រៃឈើ​នេះ នឹង​ត្រូវ​ផ្សព្វផ្សាយ​លើ​ទំព័រ​ហ្វេសប៊ុក​ទិវា​បរិស្ថាន​ពិភពលោក​២០២០ ដែល​ជា​ភាសា​អង់គ្លេស​ហៅថា World Environment Day Festival-Cambodia ហើយ​ចែកចាយ​បន្ត​ដោយ​ទំព័រ​ហ្វេសប៊ុក​ក្រុម​យុវជន​អិនវ័នអឹម N1M សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) និង​ទំព័រ​ហ្វេសប៊ុក​មួយ​ចំនួន​ទៀត។

សកម្មជន​បរិស្ថាន​ដែល​ធ្លាប់​ត្រូវ​អាជ្ញាធរ​ខេត្ត​កោះកុង​ចាប់​ដាក់​ពន្ធនាគារ​ជាច្រើន​ខែ​ដោយសារ​ធ្វើ​សកម្មភាព​ប្រឆាំង​ការ​បូម​ខ្សាច់​បែប​អនាធិបតេយ្យ​រូប​នេះ សង្កត់ធ្ងន់​ថា យុវជន និង​ពលរដ្ឋ​ទូទៅ​ត្រូវតែ​រួមគ្នា​ការពារ​បរិស្ថាន និង​ធនធានធម្មជាតិ ពីព្រោះ​ក្រុម​ឧក្រិដ្ឋជន​បាន​ឃុបឃិត​គ្នា​ជាមួយ​អ្នក​មាន​អំណាច លួច​ប្លន់​ទ្រព្យសម្បត្តិ​ជាតិ​អស់​ជាច្រើន​។ ជាមួយ​គ្នា​នេះ លោក​ថា ក្រុម​យុវជន​នឹង​បន្ត​សកម្មភាព​រួមគ្នា ដើម្បី​ធានា​ថា ការ​ដក​ហូត​ធនធានធម្មជាតិ​របស់​កម្ពុជា​ធ្វើឡើង​ដោយ​មាន​ការ​ទទួលខុសត្រូវ​ខ្ពស់ តម្លាភាព និង​មាន​ចំណូល​ជាក់លាក់​ចូល​ក្នុង​ថវិកាជាតិ៖ «យើង​ត្រូវតែ​នាំគ្នា​ផ្ដួចផ្ដើម និង​ប្ដេជ្ញា​ចិត្ត​ធ្វើ​ម៉េច កៀរគរ​ឱ្យ​ក្រុម​មនុស្ស​ដែល​ធ្វើការ​នៅ​ក្នុង​វិស័យ​តែមួយ​ហ្នឹង មានឱកាស​ក្នុង​ការ​ធ្វើការ​រួមគ្នា នៅ​ក្នុង​ការ​បំពង​សំឡេង​រួមគ្នា ដើម្បី​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ទូទៅ​ហ្នឹង​គាត់​ចូលរួម​កាន់តែ​សកម្ម​នៅ​ក្នុង​ការ​តាមដាន ក៏ដូចជា​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ផ្លាស់ប្ដូរ ឬក៏​ធ្វើ​អ្វីមួយ​តាម​ការ​ស្នើសុំ​របស់​យើង​ក្នុងនាម​ជា​ប្រជាពលរដ្ឋ»។

ក្រុម​យុវជន អិនវ័នអឹម (N1M) បាន​ចាប់ផ្តើម​បង្ហោះ​វីដេអូ​ខ្លីៗ​ស្ដីពី​បទពិសោធន៍​របស់​អ្នកការពារ​ធនធាន​ធម្មជាតិ ចែករំលែក​ព័ត៌មាន​ទាំងឡាយ​ពាក់ព័ន្ធ​នឹង​រឿង​បរិស្ថាន ព្រមទាំង​រៀបចំ​កិច្ចពិភាក្សា​ផ្សេងៗ​អំពី​បញ្ហា​បរិស្ថាន ចាប់​តាំង​ពី​ពាក់​កណ្តាល​ខែ​ឧសភា រហូត​មក​។ គោលបំណង​នៃ​សកម្មភាព​នេះ គឺ​ដើម្បី​លើកទឹកចិត្ត​ដល់​ក្រុម​សកម្មជន ដែល​បាន​ប្រឹងប្រែង​បំពេញការងារ​ដោយ​មិន​ខ្លាច​នឿយហត់ និង​ប្រឈម​បញ្ហា​រាប់​មិនអស់ ក្នុង​បុព្វហេតុ​ការពារ​បរិស្ថាន និង​ធនធាន​ធម្មជាតិ។

សកម្មជន​បរិស្ថាន​នៃ​ចលនា​មាតា​ធម្មជាតិ កញ្ញា រ៉ី រក្សា គាំទ្រ​សកម្មភាព​របស់​ក្រុមយុវជន អិនវ័នអឹម (N1M) ដោយ​យល់​ថា ការ​ធ្វើ​បែប​នេះ​អាច​ឱ្យ​សាធារណជន​កាន់តែ​ច្រើន​ងាក​មក​ចាប់អារម្មណ៍​រឿង​បរិស្ថាន​។​

កញ្ញា រ៉ី រក្សា ឱ្យ​ដឹង​ថា ក្រុម​យុវជន​មាតា​ធម្មជាតិ និង​យុវជន​មួយ​ចំនួន​ទៀត​នឹង​ធ្វើ​យុទ្ធនាការ​ជិះ​កង់​សង្គ្រោះ​កោះកុង​ក្រៅ ចេញពី​ទី​រួម​ខេត្ត​កោះកុង​សំដៅ​មក​ភ្នំពេញ ដើម្បី​ដាក់​ញត្តិ​ទៅ​ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​០៥ មិថុនា​។ ខ្លឹមសារ​នៃ​ញត្តិ​នោះ គឺ​ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល​ដាក់​កោះកុង ឬ​ដែល​គេ​និយម​ហៅថា កោះកុង​ក្រៅ ទៅជា​តំបន់​ការពារ ព្រោះ​ទីនោះ​សម្បូរ​ទៅ​ដោយ​ធនធាន​ធម្មជាតិ​ច្រើន​អនេក និង​មិនទាន់​រង​ការ​បំផ្លិចបំផ្លាញ៖ «ពួក​យើង​ត្រូវតែ​បំបែក​គ្នា​ធ្វើ​សកម្មភាព​ដែល​យើង​អាច​ធ្វើ​ទៅ​បាន ដូច N1M គេ​នឹង​មាន​កិច្ចពិភាក្សា ហើយ​ចំណែក​ខាង​មាតា​ធម្មជាតិ ពួក​យើង​នឹង​មាន​យុវជន​១៥ នាក់ ដែល​ពួក​យើង​នឹង​ជិះ​កង់​សង្គ្រោះ​កោះកុង​ក្រៅ ហើយ​ឃើញ​ថា សកម្មភាព​មួយ​នេះ​ក៏​ជា​សកម្មភាព​ដែល​ចូលរួម​ចំណែក​យ៉ាង​ធំ​នៅ​ក្នុង​ទិវា​បរិស្ថាន​ពិភពលោក​នេះ​ផង​ដែរ»។

ទាក់ទង​នឹង​ទិវា​បរិស្ថាន​ពិភពលោក​នេះ​ដែរ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា ប្រាប់​អាស៊ីសេរី​ថា ក្រសួង​នឹង​ប្រារព្ធ​ទិវា​នេះ​តាម​ប្រព័ន្ធ​អនឡាញ ដោយសារ​មិន​អាច​ធ្វើ​កម្មវិធី​ជួបជុំគ្នា​ឡើយ ព្រោះតែ​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ-១៩​។ លោក​ថា ទិវា​បរិស្ថាន​ឆ្នាំ​២០២០​នេះ នឹង​ត្រូវ​ធ្វើឡើង​ក្រោម​ប្រធានបទ “​អភិរក្ស​ជីវចម្រុះ​ដើម្បី​យើង​ទាំងអស់​គ្នា​”៖ «យើង​ផ្ដោត​ពាក់ព័ន្ធ​ជាមួយ​នឹង​ការ​ការពារ​នូវ​ជីវចម្រុះ ធនធាន​ធម្មជាតិ ព្រៃឈើ សត្វព្រៃ​។ កម្ពុជា​របស់​យើង​ត្រូវ​បាន​ទទួលស្គាល់​ថា ជា​ប្រទេស​ដែល​​សម្បូរ​ទៅ​ដោយ​ជីវចម្រុះ ដែល​មាន​ប្រភេទ​សត្វ​គ្រប់​ប្រភេទ​។ មាន​ថនិកសត្វ​ជាង​១៦០ ប្រភេទ សត្វ​ស្លាប​ជាង ៨ រយ​ប្រភេទ ត្រី​ជាង ១ ពាន់​ប្រភេទ ហើយ​មាន​រុក្ខជាតិ​ជាច្រើន​ពាន់​ប្រភេទ​ថែមទៀត»។

កម្ពុជាមាន​តំបន់​អភិរក្ស​ធម្មជាតិ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួងបរិស្ថាន ចំនួន​៦៩កន្លែង ក្នុង​នោះ​៩ កន្លែង ទើបតែ​បង្កើត​ថ្មី​នៅ​ខេត្ត​បាត់ដំបង និង​ខេត្ត​បន្ទាយមានជ័យ​។ តំបន់​អភិរក្ស​ទាំងនោះ លាតសន្ធឹង​លើ​ផ្ទៃដី​ជាង ៧ លាន ៣​សែន​ហិកតារ។

ទោះជា​យ៉ាងណា ក្រុម​សកម្មជន​បរិស្ថាន​រក​ឃើញ​ថា តំបន់​ព្រៃ​អភិរក្ស​ជាច្រើន​កន្លែង កំពុង​រង​ការ​កាប់បំផ្លាញ និង​ការ​រុករាន​យក​ដី​ធ្វើជា​កម្មសិទ្ធិឯកជន​។ តំបន់​ទាំងនោះ មាន​ជាអាទិ៍ ដែន​ជម្រក​សត្វព្រៃ​បឹង​ពែរ ដែន​ជម្រកសត្វព្រៃ​ភ្នំ​ព្រិច ដែន​ជម្រក​សត្វ​ព្រៃឡង់ ដែន​ជម្រក​សត្វព្រៃ​ព្រះ​រកា ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ ឧទ្យាន​ជាតិ​វីរជ័យ ឧទ្យាន​ជាតិ​ក្រវាញ​កណ្ដាល ព្រមទាំង​តំបន់​ការពារ​ធម្មជាតិ​ជាច្រើន​ទៀត​។ ធ្ងន់ធ្ងរ​ជាង​នេះ​ទៀត​នោះ គឺ​ព្រៃ​អភិរក្ស​២ កន្លែង រួមមាន ដែន​ជម្រក​សត្វព្រៃ​ស្នួល​នៅ​ខេត្ត​ក្រចេះ និង​ដែន​ជម្រក​សត្វព្រៃ​រនាម​ដូនសំ នៅ​ខេត្ត​បាត់ដំបង មាន​ផ្ទៃដី​សរុប​ជាង ១១​ម៉ឺន​ហិកតារ ត្រូវ​វិនាស​ហិនហោច​ទាំងស្រុង ហើយ​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​រំសាយ​ដែន​ជម្រក​សត្វព្រៃ​ទាំងពីរ​ចោល ដោយ​មិនបាន​នាំ​ខ្លួន​ជនណា​ម្នាក់​មក​ទទួលខុស​ត្រូវ​ឡើយ។

ជាង​នេះ​ទៅ​ទៀត កម្ពុជា​បានជា​ប់​ឈ្មោះថា ជា​ប្រទេស​ដែល​បាត់បង់​ព្រៃឈើ​ច្រើន​ជាងគេ​បំផុត​លើ​ពិភពលោក នៅ​ចន្លោះ​ឆ្នាំ​២០០១ ដល់​២០១៤​។ ការសិក្សា​របស់​អ្នក​ជំនាញ​នៃ​សាកលវិទ្យាល័យ​ម៉ារីឡេនដ៍ (University of Maryland) នៅ​សហរដ្ឋអាមេរិក បង្ហាញ​​ថា ក្នុង​ឆ្នាំ​១៩៧០ កម្ពុជា​មាន​ព្រៃឈើ​ចំនួន ៧២% នៃ​ផ្ទៃដី​សរុប ក៏ប៉ុន្តែ បាន​ធ្លាក់​មក​នៅ​ត្រឹម​ជាង​៤០% ក្នុង​ឆ្នាំ​២០១៤។ ការសិក្សា​ដដែល​នេះ រក​ឃើញ​ទៀត​ថា យ៉ាងហោចណាស់​ព្រៃឈើ​ទំហំ​ជាង ២​សែន​ហិកតារ នៅ​ភូមិភាគ​ឦសាន ត្រូវ​បាន​កាប់​បំផ្លាញ​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​ធ្វើ​អាជីវកម្ម​ដោយ​ខុសច្បាប់​ទៅកាន់​ប្រទេស​វៀតណាម ក្នុង​ឆ្នាំ​២០១៦។

ក្រៅ​ពី​ការបាត់បង់​ព្រៃឈើ​ច្រើន​គំហុក​បែប​នេះ​ហើយ កម្ពុជា​នៅ​មាន​ការបំផ្លាញ​បរិស្ថាន​ដ៏​ធ្ងន់ធ្ងរ​មួយទៀត នោះ​គឺ​ការ​បង្ហូរ​ទឹក​កខ្វក់​ចូល​ក្នុង​ប្រភព​ទឹក។ ក្រុម​សកម្មជន​បរិស្ថាន​បាន​រក​ឃើញ​ថា ទីតាំង​កាស៊ីណូ និង​សណ្ឋាគារ​ជាច្រើន​កន្លែង​នៅ​ខេត្ត​ព្រះសីហនុ បាន​បង្ហូរទឹក​កខ្វក់​ចូល​សមុទ្រ ចំណែក​នៅ​តាម​ទីក្រុង និង​ទីប្រជុំជន​ជាច្រើន​ទៀត ទឹក​កខ្វក់​ត្រូវ​បាន​គេ​បង្ហូរ​ចូល​ក្នុង​ទន្លេ និង​ស្ទឹង ដោយ​មិនបាន​ឆ្លងកាត់​ការ​ចម្រោះ​ត្រឹមត្រូវ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "ក្រុម​យុវជន​នឹង​ធ្វើ​សកម្មភាព​ដោយឡែក​ពី គ្នា​នៅ​ថ្ងៃ​ទិវា​បរិស្ថាន​ពិភពលោក​ឆ្នាំ​២០២០"

  1. Anonymous says:

    WELL … I’m sick and tied about this forest problem . the wars is the forest is gone and for thirty five years no one can find out who destroy the forest. please stop crying we have more then enough just let it go every thing will be gone soon anyway. at last I think Cambodia will be know at ANKORWATT area only .