បទ​យកការណ៍៖ ពលរដ្ឋដែលបណ្តេញចេញទៅភ្នំបាត វិលមកភ្នំពេញវិញដោយសារគ្មានចំណូល​

បទយកការណ៍
តាំង កែវរតនៈ | ៣១ ឧសភា ២០២០ | ម៉ោង ៩:៤៩ ព្រឹក
VOD

ស្ថានភាពផ្ទះរបស់ឣតីតឣ្នកបុរីកីឡាដែលមករស់នៅភ្នំពេញវិញ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០។ (តាំង កែវរតនៈ)

ស្ថានភាពផ្ទះរបស់ឣតីតឣ្នកបុរីកីឡាដែលមករស់នៅភ្នំពេញវិញ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០។ (តាំង កែវរតនៈ)


 “គេបង្ខំចាប់យើងលើកដាក់ឡានទៅតែម្តង។ ពេលមកឃើញគេចាប់ប្រពន្ធកូនដាក់ឡាន អញ្ចឹងខ្ញុំទៅតាមទៅ តាមទៅដល់ភ្នំបាតហ្នឹង មានអីដេក? តែកន្ទេល មុង ភួយក៏អត់មានដែរ។”

នេះជាការរំលឹកឡើងវិញរបស់បុរសវ័យ៣៨ឆ្នាំ ដែលជាអតីតអ្នករស់នៅតំបន់បុរីកីឡា អំពីការបង្ខំឱ្យទៅរស់នៅតំបន់ភ្នំបាត ស្ថិតនៅក្នុងភូមិស្រះពោធិ៍ ឃុំផ្សាដែក ស្រុកពញាឮ ខេត្តកណ្តាល កាលពីឆ្នាំ២០១២។

មុន​ត្រូវ​បាន​បណ្ដេញ​ចេញ លោក​ យឿត ឌីណា និង​ភរិយា ​ព្រម​ទាំង​កូន​៤នាក់ទៀត​ មាន​ផ្ទះ​នៅ​តំបន់​បុរី​កីឡា ដោយ​លោក​ប្រកប​របរ​ជា​កម្ម​ករសំណង់ និងប្រពន្ធ​លក់​ដូរ​បន្ដិចបន្តួច ​ដើម្បី​ផ្គត់ផ្គង់ជីវភាព ​ក្នុង​មួយ​ថ្ងៃ​ក៏​អាច​ទទួល​បាន​ចំណូល​ចន្លោះ​ពី​ ១ម៉ឺន​ ៥ពាន់​ ដល់ ២ម៉ឺនរៀលដែរ។ តែ​ក្រោយ​ពី​លោក​ និង​ក្រុម​គ្រួសារ​ត្រូវ​បាន​ក្រុម​ហ៊ុន​ដេញ​ចេញ​ឱ្យ​ទៅ​នៅ​ដី​ដែល​ក្រុម​ហ៊ុន​ចែក​ឱ្យនៅភ្នំបាត​នោះ ​អ្វីៗ​ទាំង​អស់​ប្រែ​ប្រួលទាំង​​អស់។

លោក យឿត ឌីណា៖ «នៅបានពីរឆ្នាំដែរតើបង! ទ្រាំៗនៅបានពីរឆ្នាំ តែអត់អីហូប ខ្ញុំគិតថា និយាយជាមួយប្រពន្ធខ្ញុំបបួលមកនៅភ្នំពេញវិញ គិតថា រកអេតចាយ រកអីហូបចិញ្ចឹមប្រពន្ធកូនវិញ» ។  ​

បច្ចុប្បន្ន លោក និង​ក្រុម​គ្រួសារ​បាន​ត្រលប់​មក​រស់​នៅ​តំបន់​បុរី​កីឡា​វិញ​ ដោយ​ជួល​បន្ទប់​តូច​មួយ​ដែល​មាន​បណ្ដោយជិត ២ម៉ែត្រ និងទទឹងជាង ១ម៉ែត្រ មានឡៅតឿខាងលើ ក្នុងតម្លៃ ៤០ដុល្លារសហរដ្ឋអាមេរិកក្នុងមួយខែ សម្រាប់ស្នាក់នៅរួមជាមួយម្ដាយក្មេក និងប្អូនៗសរុបទៅ ១០នាក់ ហើយ​លោកត្រូវដេកនៅពីមុខបន្ទប់ជួល ព្រោះតែចង្អៀតគ្នាពេក។

លោក ​ឌីណា ​នៅពេល​នេះ ប្រកប​របរ​ដើររើសអេតចាយនៅពេលយប់ ដោយចាប់ផ្ដើមពីម៉ោង​ ៦ល្ងាចដល់ម៉ោង ១២យប់ ឬម៉ោង ១រំលងអាធ្រាត ដែល​លោកអាចរកប្រាក់បានជាង ២ម៉ឺនក្នុងមួយថ្ងៃ តែទោះជាយ៉ាងណា លោកថា ប្រសើរជាងលោករស់នៅលើដីដែលក្រុមហ៊ុនចែកឱ្យ ព្រោះទីនោះមិនអាចប្រកបរបរចិញ្ចឹមជីវិតបាន។

កាលពីឆ្នាំ២០០៣ ក្រុមហ៊ុន ផាន អ៊ីម៉ិច របស់លោកស្រី ស៊ុយ សុផាន ទទួលបានសិទ្ធិពីរាជរដ្ឋាភិបាល ឱ្យអភិវឌ្ឍនៅសហគមន៍បុរីកីឡា ដោយកាលណោះក្រុមហ៊ុននេះសន្យាសង់អគារចំនួន ១០ ជូនពលរដ្ឋវិញ ប៉ុន្តែ ក្រុមហ៊ុនសង់បានតែ ៨អគារ ក៏ផ្អាកវិញ ដោយលើកហេតុផលថា ក្ស័យធន។

នៅឆ្នាំ២០១២ ក្រុមហ៊ុន ផាន អ៊ីម៉ិច បានដោះស្រាយសំណងឱ្យអតីតអ្នកបុរីកីឡាប្រមាណ ១១០គ្រួសារ ឱ្យទៅរស់នៅខាងលិចជាប់ជើងភ្នំឧដ្តុង្គ ស្ថិតក្នុងភូមិស្រះពោធិ៍ ឃុំផ្សាដែក ស្រុកពញាឮ ខេត្តកណ្តាល ដែលមានចម្ងាយប្រមាណជាង ៦០គីឡូម៉ែត្រពីរាជធានីភ្នំពេញ ខណៈ ៣០គ្រួសារទៀត ពួកគេអះអាងថា បច្ចុប្បន្ននេះ ពួកគេមិនទាន់ទទួលបានសំណងនៅឡើយ។ ក្នុងចំនោម ១១០គ្រួសារនោះ មានគ្រួសារខ្លះទទួលបានដី ៥គុណ១២ ខ្លះទៀតទទួលបាន ៤ ម៉ែត្រ៧០ គុណនឹង១២។ សម្រាប់ ៣០គ្រួសារផ្សេងទៀតគឺ អង្គការ រ៉ុក ហ្វូន​​​​​ដែតស្ស៊ីន ផ្តល់ដីនៅទីនោះជូន ក្នុងមួយគ្រួសារ ៤ម៉ែត្រកន្លះ គុណនឹង១២។

អតីត​អ្នក​បុរី​កីឡា​ម្នាក់​ទៀតគឺ​ អ្នក​ស្រី​ ខៀវ ឡៃ បាន​ឱ្យ​ដឹង​ថា ​ក្រោយ​ពី​គាត់​ត្រូវ​បាន​គេ​បណ្ដេញ​ចេញ​មក​នៅ​តំបន់​នេះ​គឺ​ជីវភាព​របស់​ក្រុម​គ្រួសារ​អ្នក​ស្រី​កាន់​តែ​យ៉ាប់យ៉ឺន​ទៅ ខណៈ​រស់​ពឹង​លើ​ជំនួយ​ពី​សប្បុរស​ជន​ស្ទើរ​ទាំង​ស្រុង។

អ្នកស្រី ខៀវ ឡៃ៖ «យើងគិតថា ប្តីរបស់គាត់រកបាន ៥ដុល្លារ ប្រពន្ធរកបាន ៣ ទៅ៤ម៉ឺន ចឹងទៅវាច្រើនមែន។ ខុសឆ្ងាយតែម្ដង បើគិតជាភាគរយវិញគឺចុះ ចុះមែនទែនហ្មង កម្រិតសូន្យ។ រាល់ថ្ងៃរស់ដោយសារសប្បុរសជនចេះតែជួយបន្តិចបន្តួច បន្តិចបន្តួច អង្ករអីចឹងទៅ ហើយបងដើររើសអេតចាយ ហើយប្តីរត់ម៉ូតូបានបួនប្រាំពាន់មួយម៉ឺនអីចឹងទៅ វាមិនបានអីដល់ដូចមុនទេ។»

អ្នក​ស្រី និង​ក្រុម​គ្រួសារ​មាន​បំណង​ចង់​លក់​ដី​នៅ​តំបន់​នេះ ​ទៅ​រក​ដី​នៅ​ជិត​រាជធានី​ភ្នំពេញ​វិញ ដោយ​សង្ឃឹម​ថា ​នឹង​អាច​បង្កើត​មុខ​របរ​បាន។

អ្នកស្រី ខៀវ ឡៃ៖ «រាល់ថ្ងៃហ្នឹង កំពុងតែគិតថា ប្រសិនបើលក់ចេញមិនដឹងជាទៅទិញនៅឯណា ដីឥលូវវាថ្លៃ ហើយដីកន្លែងខ្ញុំវាថោក យើងគិតថា បើសិនលក់ចេញ ខ្ញុំគិតថា បានច្រើនបំផុតបាន ២ពាន់ដុល្លារ ទៅ៣ពាន់ វាមិនដល់ទេឥលូវនេះ។”

ពលរដ្ឋ​ដែល​ត្រូវ​បាន​ក្រុម​ហ៊ុន​បណ្ដេញ​ចេញ​មក​នៅ​ភូមិស្រះពោធិ៍ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាលនេះ គឺ​ត្រូវ​រស់​ដោយ​ពឹង​លើ​ជំនួយ​ពីសប្បុរសជន​ស្ទើរទាំង​ស្រុង ដែល​នេះ​ជា​ការ​លើ​កឡើង​របស់​លោក ទូច ខន ជាអតីតអ្នករស់នៅតំបន់បុរីកីឡាដូចគ្នា ហើយក៏ជាអ្នកស្វែងរកជំនួយជួយដល់ប្រជាពលរដ្ឋដែលត្រូវបាន​​ផ្លាស់ប្តូរមករស់នៅទី​នេះ​ផង​ដែរ។

បុរសវ័យជាង ៥០ឆ្នាំរូបនេះ ឱ្យដឹងថា ដំបូងដែលក្រុមហ៊ុន ផាន អ៊ីមិច យកផ្ទះពួកគាត់មកនោះ គឺកន្លែងនេះមានតែដីទទេ ហើយកន្លែងខ្លះមានព្រៃឫស្សីទៀត ធ្វើ​​ឱ្យពួកគាត់ពិបាកក្នុងការរស់នៅ ដោយអ្នកខ្លះនៅពេលដែលសម្អាតដីឱ្យវាលហើយ គឺបានត្រឹមប្រក់តង់រស់នៅប៉ុណ្ណោះ និង​គ្មានផ្លូវថ្នល់ អគ្គិសនី និងទឹកប្រើប្រាស់នោះឡើយ។

លោកបន្តថា ដោយមើលឃើញថា ​ប្រជាពលរដ្ឋមកពីតំបន់បុរីកីឡា មករស់នៅក្នុងភូមិស្រះពោធ៍នេះ មានជីវភាពយ៉ាប់យ៉ឺន លោកបានទាក់ទងម្ចាស់ជំនួយផ្សេងៗជាបន្តបន្ទាប់ ដើម្បី​ជួយសម្រួលដល់ការរស់នៅរបស់ពួកគាត់ ដែលក្នុងនោះមានទាំងជួយផ្ដល់ដីធ្លី និងសង់ផ្ទះដល់ពួកគាត់ ផ្តល់ជាគ្រឿងឧបភោគបរិភោគជាដើម។

តែទោះជាយ៉ាងណា លោកថា បើទោះជាមានការឧបត្ថម្ភជាបន្តបន្ទាប់ក្តី ក៏ប្រជាពលរដ្ឋជាអតីតអ្នកបុរីកីឡាទាំងនោះ មិនអាចរស់ពឹងលើអំណោយដែលធ្វើឱ្យជីវភាពគាត់ប្រសើរឡើងនោះទេ។

លោក ទូច ខន៖ «ធម្មតា គេអ្នកប្រជាពលរដ្ឋចាស់ គេមានដីស្រែ គេមានចំការ មានមាន់ មានគោក្របីអីចឹងទៅ ពួកគាត់អត់មានគោក្របី បើសិនបើនិយាយពីដីដែលក្រុមហ៊ុនឱ្យគាត់ គឺដូចប្រហែលតែធ្វើម៉ុងខ្មោចមួយបាន អញ្ចឹងគាត់អត់មានវែកញែកទៅដាំបន្លែ ឬចិញ្ចឹមស្អីៗទៀត អត់បាន។ ពេលដែលគាត់មកពីនោះ គាត់រងគ្រោះមួយសារហើយ មកដល់នេះហើយ គាត់អត់មានដើមទុន អញ្ចឹងគាត់ត្រូវនិរទេសចេញទៅរកស៊ីនៅភ្នំពេញ ខ្លះទៅថៃ ខ្លះទៅរតនគិរី ខ្លះប៉ោយប៉ែតអីចឹងទៅ។»

អគ្គនាយិកាក្រុមហ៊ុន ផាន អ៊ីម៉ិច គឺលោកស្រី​ ស៊ុយ សុផាន បានប្រាប់យ៉ាងខ្លីថា បញ្ហានៃការដោះដូរជូនប្រជាពលរដ្ឋឱ្យទៅរស់នៅក្នុង​ភូមិស្រះពោធិ៍ ឃុំផ្សាដែក ស្រុកពញាឮ ខេត្តកណ្តាលនេះ គឺក្រុមហ៊ុនបានធ្វើអស់ហើយ អ្វីដែល​​នៅ​​សល់គឺបន្ទុករបស់អាជ្ញាធរមូលដ្ឋាន។

លោកស្រី ស៊ុយ សុផាន៖ «ខាងក្រុមហ៊ុនគឺអត់មានពាក់ព័ន្ធអីទៀតផង មានការ​​​ដោះ​​ដូរហើយ​​ ខាងអាជ្ញាធរគឺគេអ្នកសម្របសម្រួល ការងារហ្នឹងចប់សព្វគ្រប់ហើយ ​ក្រុមហ៊ុនគឺអត់ទទួលដឹងលឺអីទៀតទេ។»

ប្រធានភូមិ​ស្រះពោធិ៍ គឺលោក វង ឆន បាន​លើក​ឡើង​ថា ក្នុង​នាម​លោកជាអាជ្ញាធរមូលដ្ឋាន តែងតែ​ជួយសម្រួលដល់ការរស់នៅរបស់ពលរដ្ឋ​អតីត​អ្នក​បុរី​កីឡា រាប់​ចាប់​ពី​​​​លិខិត​​រដ្ឋបាល​​ផ្សេងៗ ការ​ជួយ​សម្រួល​ដើម្បីដោះ​​ស្រាយ​​បញ្ហាជីវភាព លើ​សពី​នោះ ​អាជ្ញាធ​​រមូលដ្ឋានក៏បានណែនាំពីមុខរបរដែលពួកគាត់អាចធ្វើបាន ដើម្បីចិញ្ចឹមជីវិតផងដែរ ពោលគឺធ្វើយ៉ាង​​ណា​​មិនចង់ឱ្យពួក​​គាត់រស់ពឹងតែជំនួយពីសប្បុរសជននោះទេ។

លោក​ វង ឆន៖ «ការងារហ្នឹង ដីអស់ហ្នឹងគេចែកឱ្យហើយ អាខ្លះទៅ​​សុខ​​ចិត្ត​​លក់ អាខ្លះទៅអញ្ចេះទៅអញ្ចុះ ទៅធ្វើអ្វីខុសពីការងាររបស់ខ្លួន ធ្វើដូចប្រជាជនគេ គេរស់នៅបាន អាខ្លះ​​គេអត់​​មាន​​ស្រែ គេធ្វើការរោងចក្រ សំណង់ដូចតែគ្នា។ ប្រជាជននៅទីនេះគ្មានអ្នកណាមានដីស្រែអីប៉ុន្មាននោះទេ​ អញ្ចឹងគេទៅធ្វើ​​ការសំណង់ គេទៅធ្វើអញ្ចេះធ្វើអញ្ចុះទៅអីហ្នុង ដេកចាំតែជំនួយដែលគេឱ្យ អត់មានគំនិតមួយ បែកគំនិតមួយរកស៊ីអី»។

ចា​ប់តាំងពីវិវាទដីធ្លីនៅតំបន់បុរីកីឡាបានកើតឡើង អង្គការសង្គមស៊ីវិលមួយចំនួនបានតាមដានយ៉ាងជាប់​​លាប់​​ជាពិសេស​​គឺការរំលោភសិទ្ធិមនុស្ស។

លោក អំ សំអាត នាយករងអង្គការលីកាដូ (LICADHO) ដែលតាមដានករណីជម្លោះដីធ្លីនៅតំបន់បុរីកីឡាតាំងពីដើមមកនោះ មានប្រសាសន៍ថា ការ​បង្ខំ​មនុស្ស​ឱ្យ​ទៅ​រស់​នៅ​តំបន់​ភ្នំបាត​នេះ ​បាន​ធ្វើ​ឱ្យ​អ្នក​ចំណូល​ថ្មី​ជួប​ការ​លំបាក​ជាខ្លាំង ​ទាំង​ជីវភាព និង​ការ​រស់​នៅ ព្រោះថា ហេដ្ឋារចនាសម្ព័ន្ធមិនទាន់មាន ការងារ​​​ក៏ពិបាកក្នុងការស្វែងរក។

លោក អំ សំអាត៖ «កន្លងមក យើងបានទាមទារថា ការផ្លាស់ប្តូរធ្វើម៉េចបើសិនជាគាត់មិនមានជីវភាពធូរធារទេ កុំឱ្យគាត់ជួបផលលំបាកម្តងហើយម្ដងទៀត រងគ្រោះម្ដងទៀត បានន័យថា ទីតាំងដែលត្រូវដោះដូរ ឬក៏បណ្ដេញគាត់យកទៅ គឺត្រូវតែមានហេដ្ឋារចនាសម្ព័ន្ធតាំងពីទឹក ភ្លើង ផ្លូវ សាលារៀន មន្ទីរពេទ្យ ហើយកៀកកន្លែងរោងចក្រ កន្លែងណាដែលអាចឱ្យគាត់មានមុខរបរ អាចប្រកបមុខរបរ ហើយគាត់អាចរស់នៅបាន»៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles