ពលរដ្ឋ​និង​អ្នក​រក​ស៊ី​តូចតាច​ថា ផែនការ​ផ្អាក​ចាយ​លុយ​ដុល្លារ​តូច​ធ្វើ​ឱ្យ​ប៉ះពាល់​មុខ​របរ​ពួកគេ

ដោយ យន់ សាមៀន
2020-05-31
RFA

សកម្មភាព​អាជីវករ​ផ្សារ​ដើម​គ​លក់​ដូរ ពី​ជ្រុង​ខាង​កើត​ផ្សារ​ជាប់​ផ្លូវ​មុនីរ៉េត រូបថត​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៥។

សកម្មភាព​អាជីវករ​ផ្សារ​ដើម​គ​លក់​ដូរ ពី​ជ្រុង​ខាង​កើត​ផ្សារ​ជាប់​ផ្លូវ​មុនីរ៉េត រូបថត​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៥។ RFA/Tha Kitya


ពលរដ្ឋ​អ្នក​ប្រកប​របរ​តូចតាច​មួយ​ចំនួន​ត្អូញត្អែរ​ថា ពេល​នេះ​ពួកគេ​ពិបាក​ក្នុង​ការ​ចាយ​ក្រដាសប្រាក់​មួយ ពីរ និង​ប្រាំ​ដុល្លារ បើ​ទោះ​ជា​ធនាគារ​ជាតិ អះអាង​ថា ក្រដាសប្រាក់​ដុល្លារ​ទាំងនេះ​នៅតែ​អាច​ចរាចរណ៍​លើ​ទីផ្សារ​បាន​ក្ដី​។ ការ​លើកឡើង​បែបនេះ ក្រោយ​ពេល​ធនាគារ​ជាតិ​ប្រកាស​ប្រមូល​ក្រដាសប្រាក់​ដុល្លារ​ប្រភេទ​តូច​ទាំងនេះ ចូល​ឃ្លាំង​ដែល​ឈាន​ទៅ​ការ​ឈប់​ចរាចរណ៍​នា​ពេល​ខាងមុខ។

អ្នក​រត់​ម៉ូតូ​កង់​បី​ម្នាក់​លោក ឈួត ឆាត ឱ្យ​អាស៊ីសេរី​ដឹង​ថា ពេលនេះ​នៅ​កន្លែង​ចាក់​សាំង​មួយ​ចំនួន​នៅ​ភ្នំពេញ ពួកគេ​មិន​ទទួល​លុយ​ដុល្លារ​ប្រភេទ​នេះ​ទេ។ ពលរដ្ឋ​រូប​នេះ​ឆ្ងល់​ថា រដ្ឋ​មិន​ហាមឃាត់​ការប្រើប្រាស់​ប្រាប់​ដុល្លារ​ប្រភេទ​ទេ ប៉ុន្តែ​មិន​ដឹង​ហេតុ​អី បានជា​កន្លែង​ខ្លះ​ចាប់ផ្ដើម​ឈប់​ទទួល​ប្រាក់​ដុល្លារ​ប្រភេទ​នេះ​ហើយ ។ លោក​បន្ត​ថា មុខរបរ​លោក​សព្វថ្ងៃ​បើ​ដឹក​ភ្ញៀវ​បរទេស​ភាគច្រើន​គេ​ឱ្យ​ជា​លុយ​ដុល្លារ​។ លោក​ថា ពេលនេះ​លោក​មានការ​រារែក​មិន​ចង់​ទទួល​ប្រាក់​ដុល្លារ​ពី​ភ្ញៀវ​នៅ​ពេល​ពិបាក​ចាយ​លុយ​ដុល្លារ​បែបនេះ៖ «ប៉ះពាល់​ខ្លះ​ដែរ​បើ​ដឹក​ភ្ញៀវ​បរទេស​ភ្ញៀវ​ចិន​អីចឹង​ទៅ គេ​ឱ្យ​លុយ​ដុល្លារ​ឱ្យ​អ៊ីចឹង​ទៅ​យើង​ពិបាក​ប្រកែក យើង​ត្រូវតែ​យក ដូច​ខ្ញុំ​អីចឹង​ទៅ​តែ​ឌុប​ភ្ញៀវ ភ្ញៀវ​ឱ្យ​លុយ​ដុល្លារ​អីចឹង​ទៅ​អត់​សូវ​ចង់​យក​ពិបាក​ចាយ​ពេក»។

កាលពី​ថ្ងៃ​ទី​២៨ ខែ​ឧសភា ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​ប្រកាស​ប្រមូល​ក្រដាសប្រាក់​ដុល្លារ​ប្រភេទ​តូច​រួមមាន​៖ ១​ដុល្លារ ២​ដុល្លារ និង​៥​ដុល្លារ​ចូល​ឃ្លាំង​ឱ្យ​អស់​ត្រឹម​រយៈពេល​៣​ខែ គិត​ចាប់​ពី​ពេល​នេះ​តទៅ​។ ក្រោយ​ប្រមូល​អស់ហើយ​ធនគារ​ជាតិ​នៃ​កម្ពុជា​នឹង​ដឹកជញ្ជូន​ក្រដាស​ប្រាក់​ទាំងនេះ​ទៅ​ក្រៅ​ប្រទេស​។ ធនាគារ​ជាតិ​អះអាង​ថា កម្ពុជា​កំពុង​ប្រឈម​នឹង​បញ្ហា​ចរាចរ ប្រាក់​ដុល្លារ​ទាំងនេះ​។ ក្រោយ​ប្រមូល​ក្រដាសប្រាក់​ដុល្លារ​ទាំងនេះ​អស់​រួច ធនាគារ​ជាតិ​នឹង​កំណត់​ពេលវេលា​ណាមួយ​សមស្រប​ដើម្បី​ផ្អាក​ទទួល​ក្រដាសប្រាក់​ដុល្លារ​អាមេរិក​ប្រភេទ​ប្រភេទ​តូច​ទាំងនេះ​ទាំងស្រុង​ពី​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ។

សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ក៏​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​គាំទ្រ​លើកទឹកចិត្ត​ការ​ចាយ​ប្រាក់​រៀល និង​អះអាង​ថា សមាគម​មីក្រូហិរញ្ញវត្ថុ​នៅតែ​ទទួល​ក្រដាស​ប្រាក់​ដុល្លារ​ប្រភេទ​តូច​ជា​ធម្មតា តាម​តម្លៃ​សេដ្ឋកិច្ច​។​

រីឯ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ទី​២៨ ខែ​ឧសភា បាន​សរសេរ​លើ​នៅ​ហ្វេសប៊ុក​លោក​ថា ពលរដ្ឋ​នៅតែ​អាច​ចាយ​ជា​ធម្មតា​នូវ​ក្រដាសប្រាក់​ដុល្លារ​ប្រភេទ​តូច​(១​ដុល្លារ ២​ដុល្លារ និង​៥​ដុល្លារ​)​ទូទាំង​ប្រទេស​។ លោក​បន្ត​ថា ក្នុង​ករណី​ឈប់​ចរាចរណ៍​ក្រដាសប្រាក់​ទាំងនេះ​នៅ​លើ​ទីផ្សារ​គឺ​ធនាគារ​ជាតិ​ប្រាកដ​ជា​មាន​សេចក្ដី​ប្រកាស​ជា​ផ្លូវការ​ហើយ។

ទោះបីជា​យ៉ាងណា ពលរដ្ឋ​ម្នាក់​គឺ លោក រស់ គង់ លើកឡើង​ថា ការ​ជូនដំណឹង​របស់​ធនាគារ​ជាតិ​ដែល​ប្រើ​ពាក្យ​ពេចន៍​មិន​ច្បាស់លាស់​ធ្វើ​ឱ្យ​ពលរដ្ឋ​មានការ​យល់​ច្រឡំ និង​មាន​ការ​ព្រួយ​បារម្ភ​រហូត​ធ្វើ​ឱ្យ​អ្នក​លក់​ដូរ​ខ្លះ​លែង​ហ៊ាន​ទទួល​លុយ​ដុល្លារ​ប្រភេទ​តូចៗ​នេះ។

លោក​យល់​ថា ការ​ប្រកាស​គម្រោង​ឈប់​ចាយ​លុយ​ប្រភេទ​ក្រដាស​ដុល្លារ​នេះ អាច​មាន​ទាំង​គុណសម្បត្តិ​និង​គុណវិបត្តិ​។ លោក​ថា ចំពោះ​គុណសម្បត្តិ​អាច​លើកកម្ពស់​ប្រាក់​រៀល​ឱ្យ​មាន​តម្លៃ។ ដោយឡែក​ចំពោះ​គុណវិបត្តិ​ធ្វើ​ឱ្យ​អ្នក​លក់ដូរ​មួយ​ចំនួន​កេង​ចំណេញ​លើ​ពលរដ្ឋ​នៅ​ពេល​ទំនិញ​គិត​ជា​លុយ​ដុល្លារ​ធ្វើ​ឱ្យ​អ្នកលក់​គិត​ហាងឆេង​ខ្ពស់​ពី​ពលរដ្ឋ។ ពលរដ្ឋ​រូប​នេះ ចង់​ឃើញ​មាន​ការ​កំណត់​តម្លៃ​លើ​ទំនិញ​ជា​ប្រាក់​រៀល​ទាំងអស់​ដើម្បី​កុំ​ឱ្យ​ពលរដ្ឋ​ជួប​បញ្ហា៖ «តាម​ហាង​ទំនិញ​កន្លែង​លក់ដូរ​មួយ​ចំនួន​ដែល​គាត់​អាច​បិទ​តម្លៃ​បាន​ថា បួន​ពាន់​រៀល ឬក៏​ប្រាំ​ពាន់​រៀល​អីចឹង​ល្អ​ដែរ ទីមួយ​លើកកម្ពស់​អត្តសញ្ញាណ​ប្រាក់​រៀល ទី​២​ការ​ប្រើប្រាស់​ចរាចរណ៍​លុយ​រៀល​កាន់តែ​ច្រើន​ចំណេញ​សេដ្ឋកិច្ច​អីចឹង​ដែរ។ អ្នកលក់​ខ្លះ​គាត់​ចាំតែ​កេង​ចំណេញ​ទេ ពេល​ទៅ​ទិញ​គាត់​ដូរ​ពី​គាត់ គាត់​ឱ្យ​ខាត​រហូត​អ៊ីចឹង​យើង​ឃើញ​មាន​រូបភាព​ហ្នឹង​ពិត​ប្រាកដជា​កើត​មាន​ម៉ង បើ​ដាក់​ជា​រៀល​តែម្ដង​ស្រួល​អត់​ពិបាក​ប្រកែក​គ្នា​អត់​ពិបាក​អន់ចិត្ត​គ្នា»។

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ យល់​ថា ការ​ពិចារណា​ឈប់​ចាយ​ក្រដាសប្រាក់​ដុល្លារ​ប្រភេទ​តូច ខណៈ​សេដ្ឋកិច្ច​កម្ពុជា​នៅ​ទន់ខ្សោយ​បែបនេះ​បង្ក​ផល​ប៉ះពាល់​ច្រើន​ដល់​អ្នក​ប្រកប​របរ​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​។ លោក​យល់​ថា ធនាគារ​ជាតិ​គួរ​ពិចារណា​ឡើងវិញ៖ «ការ​គិត​ឡើងវិញ​ឈប់​ចាយ​លុយ​ដុល្លារ​ក្រដាស​តូច​លុះ​ត្រា​សេដ្ឋកិច្ច​ប្រទេស​យើង​មាន​ការ​រីកចម្រើន​ដូច​ប្រទេស​ជិតខាង​ចាំ​យើង​ពិចារណា​ចំណុច​នៃ​ការបញ្ឈប់​ចាយ​ប្រាក់​ដុល្លារ​ហ្នឹង​ក៏​គ្មាន​បញ្ហា​អី​ដែរ»។

លោក វន់ ពៅ បន្ត​ទៀត ប្រសិនបើ​នៅ​ពេល​ខាងមុខ​រដ្ឋាភិបាល​ពិតជា​បិទ​មិន​ឱ្យ​ចាយ​ក្រដាសប្រាក់​ដុល្លារ​ទាំង​នោះ រដ្ឋាភិបាល​ក៏​ត្រូវ​តែ​បិទ​ការ​ចាយ​ក្រដាសប្រាក់​បាត​ថៃ និង​លុយ​ដុង​របស់​វៀតណាម​នៅ​ព្រំដែន​ដែរ​ដើម្បី​ឱ្យ​ស្មើភាព​គ្នា។


ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ​លោក សម រង្ស៊ី បាន​សរសេរ​លើ​ហ្វេសប៊ុក​ថ្ងៃ​ទី​៣០ ខែ​ឧសភា​ថា ពលរដ្ឋ​ខ្មែរ អ្នក​វិនិយោគ និង​អ្នកធ្វើ​ជំនួញ​អន្តរជាតិ​ទាំងឡាយ​ចូលចិត្ត​ប្រើប្រាស់​ប្រាក់​ដុល្លារ​អាមេរិក​ជាជាង​ប្រាក់​រៀល ពីព្រោះ​គេ​មិន​ទុកចិត្ត​របប​ទីក្រុង​ភ្នំពេញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles