របប​ក្រុង​ភ្នំពេញ​បន្ត​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​ទៀត ដោយ​គ្មាន​ដីកា​តុលាការ

ដោយ ទីន ហ្សាការីយ៉ា
2020-05-31
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ

 រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី


អាជ្ញាធរ​របប​ក្រុងភ្នំពេញ បន្ត​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​ទៀត គឺ លោក កាក់ កុម្ភារ នៅ​ថ្ងៃ​ទី​៣១ ឧសភា ដោយ​មិន​បង្ហាញ​ដីកា​តុលាការ​។ ប្រពន្ធ និង​តំណាង​គណបក្ស​ប្រឆាំង ទាមទារ​ឱ្យ​របប​ក្រុងភ្នំពេញ ដោះលែង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ វិញ​ជា​បន្ទាន់។

ប្រពន្ធ របស់ សកម្មជន​បក្ស​ប្រឆាំង លោក កាក់ កុម្ភារ គឺ លោកស្រី ព្រំ ចន្ថា ប្រាប់​ថា លោក កាក់ កម្ភារ ត្រូវ​បាន​ប៉ូលិស​ចាប់ខ្លួន​នៅ​ម្ដុំ​អធិការដ្ឋាន​ស្រុក​បាទី ខេត្ត​តាកែវ នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ឧសភា ដោយ​គ្មាន​ដីកា​ចាប់ខ្លួន ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​ស្នងការ​រាជធានី​ភ្នំពេញ ភ្លាមៗ​។ លោកស្រី មិនទាន់​ដឹង​ថា ប៉ូលិស​ចោទប្រកាន់​ពី​បទ​អ្វី ឱ្យ​ជាក់លាក់​ទេ ដោយ​យល់ថា គឺជា​ករណី​នយោបាយ ព្រោះ ប្ដី​លោកស្រី មិនដែល​ប្រព្រឹត្តិ​ទោសកំហុស អ្វី​ទេ។

លោកស្រី ប្រាប់​ថា លោក កាក់ កុម្ភារ បាន​ចោលផ្ទះ ចោល​ប្រពន្ធ និង​កូនជាង​២​ឆ្នាំ​មក​ហើយ តាំងពី​មានការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដោយសារ​បារម្ភ​ការ​ធ្វើទុក្ខបុកម្នេញ​ពី​អាជ្ញាធរ។ លោកស្រី អះអាង​ថា ប៉ូលិស បាន​សួររក​ប្ដី និង​តាម​ចាប់ខ្លួន​រហូត ហើយ​មុន​ការ​ចាប់ខ្លួន​ថ្មីៗ​នេះ មាន​អ្នក​ទូរស័ព្ទ​មក​ប្ដី​លោកស្រី ដើម្បី​សួរ​បញ្ជាក់​ឈ្មោះ៖ «ព្រោះ​គាត់​អ្នកនយោបាយ​អ៊ីចឹង មានតែ​ទោស​នយោបាយ​ហ្នឹងឯង ព្រោះ​មិន​ដឹង​គាត់​មានទោស​អ្វី​ផង ឧក្រិដ្ឋជន​ក៏​អត់​មាន ព្រហ្មទណ្ឌ​ក៏​អត់​មាន អត់​ទាំងអស់​ប្ដី​ខ្ញុំ​។ ខ្ញុំ​ចង់​ឱ្យ​គេ​ដោះលែង​។ (​ចាប់​)​អា​រឿង ដែល​គេ​ចោទប្រកាន់​មក ដីកា​ដែល​គេ​ធ្លាប់​ចាប់ គាត់​ពី​បទ​អ្វី​ហ្នឹង អា​របាយការណ៍​អស់ហ្នឹង ខ្ញុំ​អត់​ដែល​បាន​ដឹង​ច្បាស់​ទេ​បង ដោយសារ​ខ្ញុំ​នៅតែ​ផ្ទះ​រកតែ​លុយ​ណា​បង​។ អ៊ីចឹង ខ្ញុំ​អត់​ដែល​ដឹង​ទេ»។

លោក កាក់ កុម្ភារ ធ្លាប់​រត់គេច​ខ្លួន​ទៅដល់​ប្រទេស​ថៃ​មួយ​រយៈ ហើយ​ក្រោយ​មក លោក​បាន​វិល​ចូល​ស្រុក​វិញ​តែ​លោក​មិន​ហ៊ាន​រស់នៅ​ក្នុង​ផ្ទះ​ជួបជុំ​ប្រពន្ធ​កូន​ទេ​។ លោក​គេចខ្លួន​រស់នៅ​ចល័ត លាក់​មុខ​ពី​សមត្ថកិច្ច​ពី​កន្លែង​មួយ ទៅ​កន្លែង​មួយ ស្នាក់​ផ្ទះ​បងប្អូន នៅ​ក្នុង​ខែត្រ​កា​កែវផង និង​នៅ​ខែត្រ​ផ្សង​ផង​។ សមត្ថកិច្ច​បាន​ឃ្លាំមើល​សកម្មភាព​របស់​លោក រ​ហួត​ដល់​លោក​វិល​ចូល​ក្នុង​ខែត្រ​តាកែវ​វិញ សមត្ថកិច្ច​ចាប់ខ្លួន​តែម្ដង។

លោក កាក់ កុម្ភារ គឺជា​សមាជិក​ក្រុមប្រឹក្សា​ជាប់ឆ្នោត​រាជធានី​ភ្នំពេញ របស់​គណបក្ស​សង្គ្រោះ​ជាតិ​។ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ខែ​កញ្ញា ឆ្នាំ​២០១៩ ធ្លាប់​ចេញ​ដីកា​ចោទប្រកាន់​លោក ពី​បទ​ផ្ដើម​គំនិត​ក្នុង​អំពើ​ប្រមាថ និង​ញុះញង់​ឱ្យ​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​ជា​អាទិ ក្នុង អំឡុង​ចាប់ពី​ខែ​មេសា ដល់​ខែតុលា ឆ្នាំ​២០១៨ ជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ គឺ លោក សម រង្ស៊ី លោក ហ៊ូ វ៉ាន់ និង លោក គង់ ម៉ាស់។ សំណុំ​រឿង​នេះ សមត្ថកិច្ច បាន​ចាប់ លោក គង់ ម៉ាស់ គឺជា​សមាជិក​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ស្វាយរៀង ដាក់​ពន្ធនាគារ​ព្រៃ​ស ដល់​បច្ចុប្បន្ន​។ ចំណែក​អ្នក​ផ្សេង បាន​រត់​គេច​ខ្លួន​។​

អធិការរង​ស្រុក​បាទី លោក ឃុ​ត ឡូត ដែល​ត្រូវ​វេន​ប្រចាំ​ការ​ថ្ងៃ​ទី​៣១ ឧសភា អះអាង​ថា គ្មាន​ករណី​ចាប់ខ្លួន លោក កាក់ កុម្ភារ ទេ៖ «​បង​សួរ​គាត់​ទៅ សួរ​គាត់​អ្នក​ដែល​រាយការណ៍​ប្រាប់​បង ថា សមាសភាព​ណា​អ្នក​ចាប់​បង​។ ខ្ញុំ​អត់​ដឹង​ដែរ​បង ខ្ញុំ​បញ្ជាក់​បង​បន្តិច ក្រែង​ថា សមត្ថកិច្ច​ណា​គេ​តាម​មក​ចាប់​មិន​ដឹង ខ្ញុំ​អត់​ដឹង​ដែរ​។ បើ​ប៉ូលិស​ស្រុក​ខ្ញុំ គឺ​អត់​មាន​ចាប់ខ្លួន ឃាត់ខ្លួន​អ្នកណា​ទេ នៅ​ថ្ងៃ​ហ្នឹង​បង​។ បាទ​អរគុណ​បង គឺ​អត់​មានបាន​ឃាត់ខ្លួន​អ្នកណា អ្នក​ណី​ទេ ថ្ងៃ​ហ្នឹង​បង»។

មិត្តភ័ក្ដិ​របស់ លោក កាក់ កុម្ភារ ម្នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ ឱ្យ​ដឹង​ថា ភរិយា និង​សាច់ញាតិ បាន​ជួប​លោក កាក់ កុម្ភារ នៅ​ក្នុង​អធិការដ្ឋាន​ស្រុក​បាទី ពេល​ចាប់ខ្លួន​ភ្លាមៗ មុន​បញ្ជូន​ទៅ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ឧសភា ហើយ​ខាង​ប៉ូលិស​ប្រាប់​សាច់ញាតិ​ថា ការ​ចាប់​ខ្លួន លោក កាក់ កុម្ភារ នេះ ជា​បញ្ជា​ពី​ថ្នាក់លើ​ទៅ ប៉ុន្តែ​ជួប​គាត់​នៅ​(​ស្រុក​)​បាទី​ហ្នឹង​ហ្មង​។ ជួប​គាត់ (​កាក់ កុ​ម្ភា​រ​) នៅ​អធិការដ្ឋាន​ស្រុក​បាទី​ហ្នឹង​ហ្មង មុន​គាត់​បញ្ជូន​។ ទៅដល់​ជួប​គាត់​នៅ​ហ្នឹង​ទេ នៅ​អធិការដ្ឋាន​ស្រុក​បាទី​ហ្នឹង​ទេ​។ ប៉ុន្តែ​សួរ​គាត់​ចាប់​ពីបទ​អ្វី គាត់​និយាយវថា អត់​មាន​នេះ​ទេ អត់​មាន​ដឹង​ទេ មេ​ថា ឱ្យ​អន្តរាគមន៍​ពី​មេ​ភ្លាមៗ។

អាស៊ីសេរី មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​ស្នងការ​នគរបាល​ខេត្ត​តាកែវ លោក សុខ សំណាង ស្នងការ​រាជធានី​ភ្នំពេញ លោក ស ថេត និង​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹម​ខឿន បានទេ នៅ​ថ្ងៃ​ទី​៣១ ឧសភា​។​

ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ រាជធានី​ភ្នំពេញ លោក ម៉ន ផល្លា ប្រាប់​ថា ពិតជា​មានការ​ចាប់ខ្លួន លោក កាក់ កុម្ភារ មែន​។ លោក ចាត់ទុកថា ការ​ចាប់​ខ្លួន​នេះ គឺជា​រូបភាព​បំភិតបំភ័យ គំរាមកំហែង​ផ្នែក​នយោបាយ ដើម្បី​បន្លាច​មន្ត្រី​បក្ស​ប្រឆាំង​ផ្សេងទៀត កុំ​ឱ្យ​សម្ដែង​មតិ រិះគន់​ភាព​អវិជ្ជមាន​សង្គម​។ លោក ម៉ន ផល្លា អះអាង​ថា លោក កាក់ កុម្ភា​រ មិនដែល​ធ្វើ​សកម្មភាព​រិះគន់​ជា​សាធារណៈ ប៉ះពាល់​ដល់​របប​ក្រុងភ្នំពេញ​ទេ​។ លោក ទាមទារ​ឱ្យ​របប​ក្រុងភ្នំពេញ ដោះលែង លោក កាក់ កុម្ភារ និង​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ គ្រប់​រូបភាព លើ​សកម្មជន​បក្ស​ប្រឆាំង​ទាំងអស់៖ «ការ​ធ្វើទុក្ខបុកម្នេញ​មក​លើ​សកម្មជន​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ក៏ដូចជា សកម្មជន ដែល​មាន​រចនាសម្ព័ន្ធ​នៅ​តាម​រាជធានី​ខេត្ត ដើម្បី​បំបាក់​ស្មារតី​ពួកគាត់ ដើម្បី​កុំ​ឱ្យ​ពួកគាត់​រក្សា​នូវ​ជំហរ​ការដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​។ ដូច្នេះ​ដូច​ខ្ញុំ​បញ្ជាក់​អំបាញ់មិញ ថា វា​អត់​មានរឿង​អ្វី ក្រៅពី​រឿង​នយោបាយ​នោះ​ទេ»។

រយៈពេល​៥​ខែ ឆ្នាំ​២០២០ របប​ក្រុងភ្នំពេញ បាន​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង ចំនួន​១៣​នាក់ តែ​បាន​ដោះលែង​ម្នាក់​វិញ គឺ ប្រធាន​ប្រតិបត្តិ​ស្រុក រមាសហែក ខែត្រ​ស្វាយរៀង លោក ហិន ឆាន ដោយសារ លោក​មាន​ជំងឺ​ធ្ងន់ធ្ងរ ក្រោយ​ការ​ចាប់ខ្លួន​ទាំង​បង្ខំ​។ ចំណែក​សកម្មជន​បក្ស​ប្រឆាំង​១៦​នាក់​ផ្សេងទៀត ត្រូវ​ជន​មិន​ស្គាល់​មុខ​ឆ្មក់​វាយ​របួស​ក្បាល និង​របួស​ដៃ ជា​បន្តបន្ទាប់ ខណៈ​អាជ្ញាធរ មិនទាន់​រក​ឃើញ​ជន​ដៃដល់ បាន​ម្នាក់​ឡើយ។

ប្រធាន​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក លោក នី សុខា យល់​ថា អាជ្ញាធរ​មិន​គួរ បន្ត​ធ្វើបាប​សកម្មជន​នយោបាយ ដែល​ពាក់ព័ន្ធ​រឿងក្ដី​ក្ដាំ មុន​ឆ្នាំ​២០២០​ទេ ព្រោះ​ករណី​ទាំងនោះ ត្រូវ​បាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា​ឱ្យ​បញ្ឈប់ ការ​តាម​ចាប់ខ្លួន​រួចហើយ កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៨។

​លោក នី សុខា បន្ត​ថា បើ​មានការ​ចាប់ខ្លួន លោក កាក់ កុម្ភារ ដោយ​រឿង​នយោបាយ​មែន ជាការ​រំលោភ​គោលការណ៍​សេរីភាព​នយោបាយ​នៅ​កម្ពុជា ខណៈ​សហគមន៍​ជាតិ និង​អន្តរជាតិ បាន​អំពាវនាវ​ឱ្យ​ដោះលែង និង​ទម្លាក់​ការចោទប្រកាន់ លើ​អ្នកនយោបាយ​ទាំងអស់​។ អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​រូបនេះ ជំរុញ​ឱ្យ​អាជ្ញាធរ​បញ្ឈប់​សកម្មភាព​ចាប់ចង​សកម្មជន​នយោបាយ ហើយ​ជំរុញ​ឱ្យ​អ្នកនយោបាយ រក​វិធី​ចូល​តុ​ចរចា សម្របសម្រួល​គ្នា ចប់​ជម្លោះ​នយោបាយ រក​វិធី​បង្រួបបង្រួម​ជាត​ ។«​យើង​ឃើញ​ថា បើសិនជា​គណបក្ស​កាន់អំណាច លោក​យក​វិធាន​ក្នុង​ការចរចា នៅ​ក្នុង​ការ​បន្ធូរបន្ថយ​បរិយាកាស​នយោបាយ ខ្ញុំ​យល់ថា អានេះ​វា​ជា​រឿង​មួយ​ដែល​ល្អ នៅ​ក្នុង​ស្ថានភាព​ប្រទេស​យើង ដែល​កំពុងមាន​បញ្ហា និង​ពិភពលោក ដែល​កំពុង​មាន​បញ្ហា​។ ដូច្នេះ​យើង​គួរតែ​រក​វិធាន​ដោះស្រាយ​តាម​ផ្លូវ​នយោបាយ​ហ្នឹង​ទៅ កុំ​បន្ត​ការ​ចាប់ខ្លួន​អតីត​គណបក្សប្រឆាំង​តទៅទៀត​អី​។ អានេះ​ហើយ វា​ល្អ​ជាង​ការ​បន្ត​ចាប់ខ្លួន​តទៅទៀត»។

ភរិយា របស់ លោក កាក់ កុ​ម្ភា​រ ស្នើសុំ ឱ្យ​នគរបាល ដោះលែង​ប្ដី​វិញ និង​អំពាវនាវ ឱ្យ​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ ដើម្បី​លោកស្រី មាន​ឱកាស បាន​រស់នៅ​ជួបជុំ​គ្រួសារ​ឡើងវិញ​៕


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

4 Responses to "របប​ក្រុង​ភ្នំពេញ​បន្ត​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​ទៀត ដោយ​គ្មាន​ដីកា​តុលាការ"

  1. Anonymous says:

    HAS………….. ANGKA LEIR . dog still be dog no matter what?? I love you so much just want to swallow you and keep in my ass.

  2. Anonymous says:

    OH…GOD … I do not want to see this evil killer any more. please take him to where he is belong.

  3. so socheath says:

    ជនបង្ករភេរវកម្ម បើមិនកម្ទេចចោលបានចម្លែក !
    នៅអាក្បត់ជាតិសមរង្ស៊ីមួយក្បាលទៀត !
    ឯអាកម្ទេចកម្ទីរនឹងចាប់ជាបន្តបន្ទាប់ !

  4. Anonymous says:

    you said Cambodian is extremis how about your Vietnamese best friend are every where in your own back yard. SAM RASY . KBOTH YOUR CHEATH.my question is who is not KBOTH YOUR CHEATH?? the word destroy from this animal equal kill so the guy comment is meaning he is HUN SEN ‘s killer. GOD bless Cambodia