អ.ស.ប នឹងរៀបចំពិធីគោរពវិញ្ញាណក្ខន្ធសពកងទ័ពមួកខៀវកម្ពុជាជាផ្លូវការនៅសប្ដាហ៍ក្រោយ

កម្ពុជា-កងទ័ពមួកខៀវ
31/05/2020 – 08:08
ដោយ៖ វ៉ា សំណព្វ
RFI

ពិធី​គោរព​វិញ្ញាណក្ខន្ធ​កង​ទ័ព​មួក​ខៀវ​ដែល​បាន​ទទួល​មរណភាព​ក្នុង​ពេល​បំពេញ​បេសកកម្ម​នា​ពេល​កន្លង​មក​។
ពិធី​គោរព​វិញ្ញាណក្ខន្ធ​កង​ទ័ព​មួក​ខៀវ​ដែល​បាន​ទទួល​មរណភាព​ក្នុង​ពេល​បំពេញ​បេសកកម្ម​នា​ពេល​កន្លង​មក​។ © UN Photos

អង្គការ​សហប្រជាជាតិ ប្រចាំ​នៅ​ក្នុង​ប្រទេស​ម៉ាលី នឹង​រៀប​ចំ​ធ្វើ​ពិធី​គោរព​វិញ្ញាណក្ខន្ធ​សព​នាយ​ទាហាន​កង​ទ័ព​មួក​ខៀវ​កម្ពុជា​ជា​ផ្លូវ​ការ នៅ​ថ្ងៃ​ទី ០៣ ឬ​ទី​០៤ មិថុនា ខាង​មុខ​នេះ នៅ​ឯ​ប្រទេស​ម៉ាលី។ គួរ​ជម្រាប​ជូន​ថា កងទ័ព​មួក​ខៀវ​កម្ពុជា​ម្នាក់ គឺ​លោក​ឧត្តម​សេនីយ៍ទោ ស សាវី អាយុ ៦៣​ឆ្នាំ បាន​ទទួល​មរណភាព កាល​ពី​ថ្ងៃ​ទី ២៩ ឧសភា នៅ​ក្នុង​ប្រទេស​ម៉ាលី ដោយ​សារ​តែ​ជំងឺ​កូវីដ​១៩​។

បើ​នការ​ប្រែ​ប្រួល​ទេ ពិធី​គោរព​វិញ្ញាណក្ខន្ធ​សព​នាយ​ទាហាន​កងទ័ព​មួក​ខៀវ​កម្ពុជា លោក ស សាវី នឹង​ធ្វើ​ឡើង​ជា​ផ្លូវការ​នៅ​ក្នុង​ប្រទេស​ម៉ាលី នៅ​ថ្ងៃ​ទី ០៣ ឬ ទី​០៤ មិថុនា ខាង​មុខ​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក​នាយ​ឧត្តម​សេនីយ៍ សែម សុវណ្ណនី អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​គ្រប់​គ្រង​កង​កម្លាំង​រក្សា​សន្តិភាព បោស​សម្អាត​មីន និង​កាក​សំណល់​សង្គ្រាម នៃ​ក្រសួង​ការពារ​ជាតិ​កម្ពុជា ដែល​បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ នៅ​ថ្ងៃ​ទី ៣១ ឧសភា​នេះ​។ បើ​តាម​លោក​នាយ​ឧត្តម​សេនីយ៍ ពិធី​គោរព​វិញ្ញាណក្ខន្ធ​សព​នាយ​ទាហាន​កង​ទ័ព​មួក​ខៀវ​កម្ពុជា​នេះ នឹង​ធ្វើ​ឡើង​ដោយ​មាន​ការ​ចូល​រួម​ពី​បុគ្គលិក​របស់​អង្គការ​សហប្រជាជាតិ និង​ប្រទេស​ជា​ច្រើន ដែល​កំពុង​បំពេញ​បេសកម្ម​នៅ​ក្នុង​ប្រទេស​ម៉ាលី ក្រោម​ឆ័ត្រ​របស់​អង្គការ​សហប្រជាជាតិ​។

ដោយ​ឡែក នៅ​ក្នុង​ប្រទេស​កម្ពុជា​ឯ​ណេះ​វិញ លោក​នាយ​ឧត្តម​សេនីយ៍ សែម សុវណ្ណនី ក៏​បាន​និង​កំពុង​ពិភាក្សា​ជាមួយ​គ្រួសារ​សព​នៅ​ថ្ងៃ​អាទិត្យ​នេះ ដើម្បី​រៀបចំ​កម្មវិធី​បុណ្យ​សព​របស់​លោក​ឧត្តមសេនីយ៍​ទោ ស សាវី តាម​បែប​ប្រពៃណី​សាសនា និង​យោធា នៅ​ឯ​គេហដ្ឋាន​របស់​សព ស្ថិត​នៅ​ក្នុង​ឃុំម្កាក់ ស្រុក​អង្គស្នួល ខេត្ត​កណ្តាល​។ បើ​តាម​លោក​នាយ​ឧត្តម​សេនីយ៍ សែម សុវណ្ណនី លោក​បាន​ដាក់​សំណើ​ទៅ​កាន់​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​រួច​ហើយ ដើម្បី​តម្លើង​ឋានន្តរស័ក្តិ​សព​លោក​ឧត្តម​សេនីយ៍ទោ ស សាវី ជា​ឧត្តមសេនីយ៍​ឯក ជា​កិច្ច​បច្ឆា​មរណៈ​។

សូម​ជម្រាប​ជូន​ថា លោក​ឧត្តម​សេនីយ៍​ទោ ស សាវី អាយុ​៦៣​ឆ្នាំ បាន​ទទួល​មរណភាព​ដោយ​សារ​តែ​ជំងឺ​កូវីដ​១៩ កាល​ពី​វេលា​ម៉ោង ៤ និង ៤៥ នាទី​ព្រឹក ថ្ងៃ​ទី ២៩ ឧសក្នុង​ពេល​បំពេញ​បេសកកម្ម​មនុស្ស​ធម៌​ក្រោយ​ឆ័ត្រ​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​ប្រទេស​ម៉ាលី​។ បច្ចុប្បន្ន សព​របស់​លោក​ឧត្តមសេនីយ៍​ទោ ស សាវី កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​ម៉ាលីនៅ​ឡើយ ហើយ​​មន្ដ្រី​ជាន់​ខ្ពស់​ក្រសួង​ការពារ​ជាតិ​កម្ពុជា នៅ​មិន​ទាន់​អាច​បញ្ជាក់​បាន​នៅ​ឡើយ​ទេ​ថា ​តើសព​របស់​លោក​ឧត្តម​សេនីយ៍​ទោ ស សាវី នឹង​ត្រូវ​បញ្ជូន​មក​កាន់​ប្រទេស​កម្ពុជា​វិញ ឬ​ត្រូវ​បូជា​នៅ​ក្នុង​ប្រទេស​ម៉ាលី​ឬ​យ៉ាង​ណា​។

គួរជម្រាប​ជូន​ដែរ​ថា កម្ពុជា​បាន​បញ្ជូន​កង​ទ័ព​មួក​ខៀវ​របស់​ខ្លួនចំនួន​២៩៨​នាក់ ​ឲ្យ​ទៅ​បំពេញ​បេសកកម្ម​រក្សា​សន្តិភាព​នៅ​ក្នុង​ប្រទេស​ម៉ាលី ក្រោម​ឆ័ត្រ​របស់​អង្គការ​សហប្រជាជាតិ​ ដោយ​ចែក​ចេញ​ជា​២​កង​ពល គឺ​កង​វិស្វកម្ម​ចំនួន​១៥៤​នាក់ និង​កង​កម្ទេច​គ្រឿង​ផ្ទុះ​ចំនួន​១៤៤​នាក់​។ លោក ស សាវី ស្ថិត​នៅ​ក្នុង​កង​អនុ​សេនា​ធំ​កម្ទេច​គ្រាប់​មិន​ទាន់​ផ្ទុះ​លេខ ​២៣១ ដែល​បាន​ទៅ​បំពេញ​បេសកម្ម​នៅ​ក្នុង​ប្រទេស​ម៉ាលី​ចំនួន​ពីរ​លើក​រួច​មក​ហើយ គឺ​នៅ​ឆ្នាំ​២០១៦​ម្តង និង​ឆ្នាំ​២០១៩​ម្តង​។

គួរ​កត់​សម្គាល់​ថា មរណភាព​នៃ​កង​ទ័ព​មួក​ខៀវ​កម្ពុជា លោក ស សាវី កើត​ឡើង​ជួន​ចំ​ពេល​ដែល​អង្គការ​សហប្រជាជាតិ​ប្រារព្ធ​ទិវា​អន្ដរជាតិ​នៃ​កង​កម្លាំង​រក្សា​សន្តិភាព​ក្រោម​ឆ័ត្រ​អង្គការ​សហប្រជាជាតិ ២៩ ឧសភា​។ កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា ហៅ​កាត់​ថា UNDP បាន​ឆ្លៀត​ឱកាស​នេះ ចូល​រួម​រំលែក​ទុក្ខ​ចំពោះ​មរណភាព​របស់​លោក ស សាវី​។ ចំណែក​លោក អង់តូនីញ៉ូ ហ្គូទែស អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ បាន​ថ្លែង​ថា រោគ​រាត​ត្បាត​ផ្លូវ​ដង្ហើម​បណ្ដាល​មក​ពី​កូរ៉ូណា​វីរុស បាន​ផ្លាស់​ប្ដូរ​អ្វី​ៗ​ជា​ច្រើន ប៉ុន្តែ​មិន​អាច​ផ្លាស់​ប្ដូរ​ការ​លះបង់​របស់​កង​ទ័ព​មួក​ខៀវ​ជាង​៩​ម៉ឺន​៥​ពាន់​នាក់ ដែល​កំពុង​បំពេញ​បេសកកម្ម​រក្សា​សន្តិភាព​​ចំនួន​១៣ នៅទូទាំង​ពិភពលោក​បាន​ឡើយ​។

បើ​តាម​ទិន្នន័យ​ពី​អង្គការ​សហប្រជាជាតិ រហូត​មក​ទល់​ពេល​នេះ មាន​កង​ទ័ព​មួក​ខៀវ​យ៉ាង​ហោច​ណាស់​១៣៧​នាក់ ដែល​បាន​ឆ្លង​ជំងឺ​កូវីដ​១៩ ក្នុង​ពេល​ដែល​ពួក​គេ​កំពុង​បំពេញ​បេសកកម្ម​រក្សា​សន្តិភាព​នៅ​ក្រៅ​ប្រទេស។ យ៉ាង​ណា​ក៏​ដោយ ករណី​ស្លាប់​នៃ​កង​ទ័ព​មួក​ខៀវ​ដោយ​សារ​ជំងឺ​កូវីដ​១៩​នេះ ទើប​តែ​កើត​មាន​ចំនួន​២​ករណី​ប៉ុណ្ណោះ គឺ​មួយ​ករណី​កើត​ឡើង​លើ​កង​ទ័ព​មួក​ខៀវ​កម្ពុជា និង​មួយ​ទៀត​កើត​ឡើង​លើ​កង​ទ័ព​មួក​ខៀវ​មក​ពី​ប្រទេស​អែលសាវាឌ័រ​៕

What Next?

Recent Articles