គម្រោងបាតុកម្មរបស់ពលរដ្ឋនៅព្រំដែនប៉ោយបែតត្រូវបានខកខាន ខណៈសមត្ថកិច្ចដាក់កម្លាំងទប់ស្កាត់

កម្ពុជា សង្គម
01/06/2020 – 09:10
ដោយ៖ អ៊ឹង ប៊ុនថន
RFI

គម្រោងបាតុកម្មរបស់ពលរដ្ឋនៅព្រំដែនប៉ោយបែតត្រូវបានខកខាន ខណៈសមត្ថកិច្ចដាក់កម្លាំងទប់ស្កាត់
គម្រោងបាតុកម្មរបស់ពលរដ្ឋនៅព្រំដែនប៉ោយបែតត្រូវបានខកខាន ខណៈសមត្ថកិច្ចដាក់កម្លាំងទប់ស្កាត់ © សហការី

ដូចការគ្រោងទុក នៅថ្ងៃចន្ទនេះ​ សមត្ថកិច្ចប្រដាប់អាវុធ ខេត្ត​បន្ទាយមានជ័យ ត្រូវបានពង្រាយ និងមានទាំងរបាំង​បិទ​ផ្លូវផង ត្រូវបានដាក់នៅ​រង្វង់មូលជិត​ច្រក​ទ្វារ​អន្តរជាតិប៉ោយប៉ែត។ នេះគឺជាវិធានការ​ទប់​ស្កាត់​​ក្រុម​ពលរដ្ឋ​ដែលអះអាងថាមានគ្នាប្រមាណ១៥០០នាក់ ត្រៀម​ធ្វើបាតុកម្ម​ដើម្បីទាមទារ​ឱ្យ​អាជ្ញាធរ​ខ្មែរ​អន្តរាគមន៍​ទៅ​ខាង​ភាគី​ថៃ​សុំ​បើកទ្វារ​ព្រំដែន​ប្រទេស​ទាំង​២​ឡើងវិញ។

គម្រោងធ្វើ​បាតុកម្ម​របស់ពលរដ្ឋ​នៅក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ នៅព្រឹក​ថ្ងៃ១មិថុនា​នេះ ត្រូវ​បាន​ខក​ខាន​​​ ខណៈ​ក្រុម​សមត្ថកិច្ច ដាក់​កម្លាំង​ពង្រាយ​បិទ​ផ្លូវ​ នៅចំណុច​រង្វង់មូលជិត​ច្រក​​ទ្វារ​អន្តរជាតិប៉ោយប៉ែត។

នេះមិនមែនជា​វិធានការថ្មីទេ! កាលពី​សប្តាហ៍មុន​ក្រុមសមត្ថកិច្ច​ក្រុង​ប៉ោយ​ប៉ែតក៏បាន​ដាក់​កម្លាំង​ត្រៀម​ទប់​ស្កាត់​គម្រោង​ធ្វើ​បាតុកម្ម​របស់​ពលរដ្ឋនៅជាប់ព្រំដែននេះដែរ ហើយធ្វើឲ្យអ្នកដឹកនាំបាតុកម្មម្នាក់បានដកខ្លួនចេញ។

យ៉ាងណាក៏ដោយ នៅ​ក្នុង​លិខិតសុំ​ធ្វើ​បាតុកម្ម​នោះ គេបានអះអាង​ថា មានពលរដ្ឋ​ចំនួន ១.៥០០នាក់ គ្រោង​ចូលរួម​ធ្វើបាតុកម្ម​នៅមុខ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ​ចាប់ពី​ម៉ោង​៦​ព្រឹក​ដល់​ម៉ោង​៦​ល្ងាច​ចាប់ពី​ថ្ងៃ​ទី​១​ដល់​ថ្ងៃ​ទៅ​៧​មិថុនា។ ការស្នើ​ធ្វើ​បាតុកម្ម​របស់ពួកគេ ដើម្បីសុំ​បើក​ព្រំដែន​ឡើងវិញ ពីព្រោះការបិទ​ព្រំដែន​យូរ​បែបនេះ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​របស់​ពួកគេ​ដែលជាអ្នក​​ប្រកបមុខ​របរ​ពឹង​ទៅលើ​ការ​ចេញចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ដ៏សំខាន់មួយនេះ។ ជាងនេះទៅទៀត ផែនការ​តវ៉ារបស់ពលរដ្ឋខ្មែរនៅព្រំដែននេះ ក៏ទាមទារឲ្យហាមឃាត់​​រថយន្ត​ដឹកទំនិញ​របស់​ថៃមិន​ចូល​មក​កម្ពុជា​ដែរ ខណៈទំនិញរបស់កម្ពុជា​ដឹក​ចេញ​ទៅប្រទេសថៃមានការរឹត​បន្តឹង។ ប៉ុន្តែ​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យបាន​ បដិសេធ​សំណើធ្វើ​បាតុកម្មនេះ ដោយសំអាងលើបញ្ហាជំងឺកូវីដ១៩។

មន្ត្រី​ឃ្លាំ​មើល​សិទ្ធិមនុស្ស​របស់​សមាគម​អាដហុក​ប្រចាំ​ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ ​RFI ថា ការ​ខកខាន​ធ្វើ​បាតុកម្ម​របស់​ពលរដ្ឋ​នៅថ្ងៃទី១មិថុនានេះ គឺដោយសារ​តែ​សមត្ថកិច្ច​ដាក់កម្លាំង​ទប់​ស្កាត់មានចំនួនច្រើន។ នៅពេលសួរថាតើ​​គម្រោង​ធ្វើ​បាតុកម្ម​រយៈពេល​៧ថ្ងៃនោះត្រូវលុបចោលឬយ៉ាងណា? មន្ត្រី​សិទ្ធិមនុស្សរូបនេះ​មិនអាចបញ្ជាក់បានទេ ខណៈមិនមានអ្នកដឹក​នាំ​​បាតុកម្ម​ពិត​ប្រាកដ៕

What Next?

Recent Articles