សាលាឧទ្ធរណ៍​គ្រោង​បើក​សវនាការ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​សកម្មជន​បក្ស​ប្រឆាំង​១០​នាក់​នៅ​សប្ដាហ៍​ក្រោយ

ដោយ វ៉ែន សុមេធ
2020-05-31
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ពី​ឆ្វេង​ទៅ​ស្ដាំ៖ លោក កែវ ថៃ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​កំពង់ឆ្នាំង លោក ថៃ គន្ធា ចាប់​ខ្លួន​នៅ​ខេត្ត​កំពង់ឆ្នាំង និង​លោក យឹម សារ៉េត ជំទប់​ទី១ ឃុំ​ចន្ទ្រី ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង កំពុង​ជាប់​ឃុំ​នៅ​គុក​ព្រៃ​ស។

ពី​ឆ្វេង​ទៅ​ស្ដាំ៖ លោក កែវ ថៃ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​កំពង់ឆ្នាំង លោក ថៃ គន្ធា ចាប់​ខ្លួន​នៅ​ខេត្ត​កំពង់ឆ្នាំង និង​លោក យឹម សារ៉េត ជំទប់​ទី១ ឃុំ​ចន្ទ្រី ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង កំពុង​ជាប់​ឃុំ​នៅ​គុក​ព្រៃ​ស។

 រូប៖ ហ្វេសប៊ុក


សាលាឧទ្ធរណ៍​ភ្នំពេញ គ្រោង​បើកសវនាការ​លើ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​សមាជិក​បក្ស ប្រឆាំង​១០ នាក់ នៅ​សប្ដាហ៍​ក្រោយនេះ​។ មេធាវី​ការពារ និង​ក្រុម​គ្រួសារ អំពាវនាវ​ដល់​សាលា ឧទ្ធរណ៍​ឱ្យ​ផ្ដល់​ការ​កាត់​សេចក្ដី​ដែល​ត្រឹមត្រូវ ដើម្បី​អនុញ្ញាត​ឱ្យ​សមាជិក​បក្ស​ប្រឆាំង​ទាំង ១០​នាក់​ស្ថិត​នៅ​ក្រៅ​ឃុំ តាម​ការ​ស្នើសុំ។

មេធាវី​ការពារ​ក្តី​ឱ្យ​សមាជិក​បក្ស​ប្រឆាំង​ទាំង ១០​នាក់ គឺ​លោក សំ សុគង់ ប្រាប់​អាស៊ីសេរី​ថា សាលាឧទ្ធរណ៍​ភ្នំពេញ កំណត់​ថ្ងៃ​សវនាការ​លើ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​កូន​ក្តី​លោក នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែ​មិថុនា ខាងមុខ​នេះ​។ លោក​រំពឹង​ថា តុលាការ​ជាន់ខ្ពស់​មួយ​នេះ នឹង​អនុញ្ញាត​ឱ្យ​សមាជិក​បក្ស​ប្រឆាំង ទាំង​១០​នាក់ បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​តាម​ការ​ស្នើសុំ ដោយសារ​ពួកគេ​មាន​មូលហេតុ​គ្រប់គ្រាន់​តាម​ផ្លូវ​ច្បាប់៖ «បញ្ហា​ទាក់​ទង់​នឹង​សុខភាព​ក៏ដូចជា​លក្ខខណ្ឌ​មួយ​ចំនួន​ដែល​ធានា​បាន​ថា កូន​ក្តី​ខ្ញុំ មិន​គេចវេះ​ឬ​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​ស៊ើបសួរ​របស់​តុលាការ​ទេ ហើយ​ចំណុច ដែល​សំខាន់​មួយទៀត ដែល​យើង​ឃើញ​ក្រសួង​យុត្តិធម៌​មាន​រដ្ឋមន្ត្រី​ថ្មី និង​ក្រសួង​មហាផ្ទៃ កំពុងតែ ខិតខំ​ធ្វើ​ម៉េច​កាត់បន្ថយ​ចំនួន​អ្នក​ជាប់ឃុំ»។

សកម្មជន​គណបក្សប្រឆាំង​ទាំង​១០​នាក់​នេះ រួមមាន លោក សុខ ចាន់ថា លោក ញ៉ែម វាន លោក ជុំ ចាន់ លោក ឃុត ច្រឹប លោក ងិន ឃាង លោក ឡុង ផារី លោក កែវ ថៃ លោក ថៃ គន្ធា លោក យឹម សារ៉េត និង​លោក ឃឹម ភាណា។ អ្នក​ទាំង​១០​នាក់ ត្រូវ​បាន​របប​ក្រុងភ្នំពេញ​ចាប់ខ្លួន ជា​បន្តបន្ទាប់ ចាប់​តាំង​ពី​ខែ​មករា ឆ្នាំ​២០២០​។ តុលាការ បាន​ចោទប្រកាន់​ពួកគេ​ដូចៗ​គ្នា​គឺ​ពី​បទ​រួម គំនិត​ក្បត់ ញុះញង់​ឱ្យ​យោធិន​មិន​ស្តាប់​បង្គាប់ និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ហើយ​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ព្រៃស។

កូនស្រី​របស់​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​កំពង់ឆ្នាំង លោក កែវ ថៃ គឺ​កញ្ញា កែវ ចាន់រចនា ថ្លែង​ថា ឪពុក​របស់​កញ្ញា មាន​ជំងឺ​លើស​ឈាម និង​ឡើង​ជាតិ​អាស៊ីត ព្រមទាំង​កើត​រមាស់​ពេញ​ខ្លួន​ដោយសារ​ក្នុង​ពន្ធនាគារ​ចង្អៀត​ណែន ។ កញ្ញា​អំពាវនាវ​ដល់​សាលាឧទ្ធរណ៍ សម្រេច​ដោះលែង​ឪពុក​ឱ្យ​មាន​សេរីភាព​វិញ ដោយ​អះអាង​ថា គាត់ មិន​បាន​ប្រព្រឹត្ត​កំហុស​ដូច​ការ ចោទប្រកាន់​នោះ​ទេ៖ «ព្រៃស​ណែន​តាន់តាប់ ហើយ​ប៉ា​ខ្ញុំ​ផ្ទាល់​ថា គាត់​ពិបាក ដោយសារ​កន្លែង​គេង​ចង្អៀត។ ខ្ញុំ​សង្ឃឹម​ថា នឹង​ដោះលែង ព្រោះ​ទី​១​ប៉ា​ខ្ញុំ ក៏​អត់​មាន​ប្រព្រឹត្ត​អី​ខុសច្បាប់​ដែរ ព្រោះ​តាំងពី​រំលាយ​សង្គ្រោះ​ជាតិ​មក គាត់​មិនដែល​ធ្វើ​សកម្មភាព​នយោបាយ​ទេ គឺ​គាត់​គ្រាន់តែ​បង្រៀន»។

អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយតប​ពី​អ្នកនាំពាក្យ​សាលាឧទ្ធរណ៍​ភ្នំពេញ លោក ទូច ថារិទ្ធិ បានទេ ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នកទទួល។

ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក (ADHOC) លោក នី សុខា មាន​ប្រសាសន៍​ថា តាម​គោលការណ៍​ច្បាប់ ប្រសិនបើ​សមាជិក​បក្ស​ប្រឆាំង​នោះ មាន​ទីលំនៅ និង​មុខរបរ​ច្បាស់លាស់ ហើយ ពួកគាត់​សន្យា​មិន​គេចវេះ​នោះ តុលាការ​គួរតែ​អនុញ្ញាត​ឱ្យ​ពួកគេ​បាន​នៅ​ក្រៅ​ឃុំ ដើម្បី​កាត់បន្ថយ ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​ផង និង​កាត់បន្ថយ​ការ​ចំណាយ​ធនធាន​ជាតិ​ផង​ដែរ៖ «យើង​ដឹង​ហើយ​ថា​ការ​ចាប់ខ្លួន ការ​ឃុំខ្លួន​អតីត​សកម្មជន​បក្ស​ប្រឆាំង​ទាំងអស់​កន្លង​មក​នេះ គឺថា ទាំង​មតិ​ជាតិ និង​មតិ​អន្តរជាតិ យល់​ថា មិនមែន​យក​ច្បាប់ មក​អនុវត្ត​ទេ គឺ​មាន​កត្តា​នយោបាយ​ច្រើនជាង ដូច្នេះ​ហើយ​ទើប​តែងតែ​មាន​ការ​ស្នើសុំ​ពី​រដ្ឋាភិបាល ឱ្យ​ដោះលែង​ពួកគេ​ដោយ​គ្មាន​លក្ខខណ្ឌ​ជាដើម​។ ខ្ញុំ​ក៏​យល់ថា តុលាការ​គួរតែ​ពិចារណា​ដោះលែង គាត់​ឱ្យ​មាន​សេរីភាព ឬ​ទម្លាក់​ចោល​ការចោទប្រកាន់​គាត់ ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង​ផ្នែក​នយោបាយ»។

លោក នី សុខា បន្ថែម​ថា ការ​បន្ត​ឃុំខ្លួន​សមាជិក​បក្ស​ប្រឆាំង​មិនមែន​ជា​ជម្រើស​ល្អ​ឡើយ ពោល​គឺ កាន់តែ​ធ្វើ​ឱ្យ​ស្ថានភាព​នយោបាយ​រឹតតែ​អាក្រក់​ថែមទៀត​។ លោក​យល់​ថា ក្នុង​ស្ថានភាព​បច្ចុប្បន្ន នេះ រដ្ឋាភិបាល គួរតែ​បន្ទន់​ឥរិយាបថ​ដោះស្រាយ​នយោបាយ ហើយ​ផ្ដោត​អាទិភាព​លើ​ការ​ដោះស្រាយ បញ្ហា​ជាតិ​ធំៗ​ដូចជា​បញ្ហា​សេដ្ឋកិច្ច បញ្ហា​បាត់បង់​ការងារ​ធ្វើ​របស់​កម្មករ និង​ការ​ជំពាក់ បំណុល​របស់​ពលរដ្ឋ​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "សាលាឧទ្ធរណ៍​គ្រោង​បើក​សវនាការ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​សកម្មជន​បក្ស​ប្រឆាំង​១០​នាក់​នៅ​សប្ដាហ៍​ក្រោយ"

  1. so socheath says:

    ជនបង្ករភេរវកម្ម បើមិនកម្ទេចចោលបានចម្លែក !
    នៅអាក្បត់ជាតិសមរង្ស៊ីមួយក្បាលទៀត !
    ឯអាកម្ទេចកម្ទីរនឹងចាប់ជាបន្តបន្ទាប់ !