កូវីដ១៩៖ UN អំពាវនាវឲ្យរដ្ឋជាសមាជិក បិទមណ្ឌលបន្សាបគ្រឿងញៀនជាអចិន្ត្រៃយ៍

កម្ពុជា សង្គម
02/06/2020 – 08:39
ដោយ៖ ញឹម សុផល
RFI

ទង់អង្គការសហប្រជាជាតិ (រូបភាពតំណាង)
ទង់អង្គការសហប្រជាជាតិ (រូបភាពតំណាង) © Internet

បណ្តុំ​ស្ថាប័ន​អង្គការ​សហ​ប្រជា​ជាតិ​ចំនួន​ជាង​១០​អង្គការ​ធំៗ កាល​ពីថ្ងៃទី០១ ខែមិថុនា​ម្សិល​មិញ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​មួយ ស្នើ​ឲ្យ​ប្រទេស​ជា​សមាជិក​នៅ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក បិទ​ជា​អចិន្ត្រៃយ៍ នូវ​មណ្ឌល​ឃុំឃាំង និង​ស្តារ​នីតិ​សម្បទា​អ្នក​ញៀន​គ្រឿង​ញៀន​។ ការ​អំពាវ​នាវ​របស់​អង្គការ​ធំៗ​ទាំង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ពិភព​លោក​ទាំង​មូល​រង​នូវ​ការ​រាត​ត្បាត​ពី​ជំងឺ​កូវីដ១៩ ក្នុង​នោះ​មាន​កម្ពុជា​ផង​ដែរ​។

ក្រុមអង្គការសំខាន់ៗ ដែលជាមែកធាងរបស់អង្គការសហប្រជាជាតិទាំងនោះ រួមមានអង្គការអន្តរជាតិខាងការងារ អង្គការសិទ្ធិមនុស្ស អង្គការUnicef  អង្គការ Unesco UNAIDS អង្គការ ស្បៀងអាហារពិភពលោក (World Food Programme) និងអង្គការសុខភាពពិភពលោក (WHO) ជាដើម បានបញ្ជាក់ថាយោងតាមសេចក្តីថ្លែងការណ៍រួមឆ្នាំ២០២០ ស្តីពីជំងឺកូវីដ១៩ នៅក្នុងពន្ធនាគារ និងកន្លែងមិនអនុញ្ញាតឲ្យចេញចូលដោយសេរីផ្សេងទៀត ស្ថាប័នអង្គការសហប្រជាជាតិ អំពាវនាវជាបន្ទាន់ដល់រដ្ឋជាសមាជិកទាំងឡាយ សូមឲ្យបិទជាអចិន្ត្រៃយ៍នូវមណ្ឌលឃុំឃាំង និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនជាកំហិត។

សេចក្តីថ្លែងការណ៍របស់ស្ថាប័នសហប្រជាជាតិសំខាន់ៗទាំងនេះ ស្នើឲ្យមានការអនុវត្តសេវាសង្គម និងសុខភាព ដោយផ្អែកទៅលើការស្ម័គ្រចិត្ត ភ័ស្តុតាង ដែលមានព័ត៌មានគ្រប់គ្រាន់ និងផ្អែកលើសិទ្ធិនៅក្នុងសហគមន៍ ជាវិធានការដ៏សំខាន់មួយ ក្នុងការទប់ស្កាត់ការរីករាលដាលនៃកូវីដ១៩ និងធ្វើសមាហរណកម្មអ្នកទាំងឡាយដែលរស់នៅក្នុងមណ្ឌលឲ្យត្រលប់ទៅរស់នៅជាមួយក្រុមគ្រួសារ និងសហគមន៍របស់ពួកគេវិញ។

សម្រាប់ប្រទេសកម្ពុជា រដ្ឋាភិបាលនៅមិនទាន់មានការឆ្លើយតបជាផ្លូវការណាមួយនៅឡើយចំពោះការស្នើឡើងរបស់ស្ថាប័នអង្គការសហប្រជាជាតិអំឡុងពេលកូវីដ១៩នេះ។ ក៏ប៉ុន្តែ លោក តូច ចាន់នី អ្នកនាំពាក្យក្រសួងសង្គមកិច្ច និងយុវនីតិសម្បទា បានលើកឡើងថា ការបិទមណ្ឌលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន វាជាការពិបាកសម្រាប់ប្រទេសកម្ពុជា។

លោក តូច ចាន់នី ចោទជាសំណួរថា តើឲ្យគេយកពួកញៀនគ្រឿងញៀនទៅទីណា វាអាចនឹងធ្វើឲ្យសង្គមច្របូកច្របល់ ដោយសារតែ អ្នកញៀនគ្រឿងញៀនទាំងនោះ ត្រូវបានក្រុមគ្រួសារ និងតុលាការបញ្ជូនទៅកាន់មណ្ឌលបន្សាបគ្រឿងញៀន។ លោកថា កម្ពុជាមិនមានស្ថានភាពអាក្រក់នោះទេនៅក្នុងមណ្ឌលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។

សូមបញ្ជាក់ថាបច្ចុប្បន្ន ប្រទេសកម្ពុជាមានមណ្ឌលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនចំនួន៨ ក្នុងនោះគ្រប់គ្រងដោយក្រសួងសង្គមកិច្ច ប៉ូលីស និងកងរាជអាវុធហត្ថ ដែលមានអ្នកញៀនគ្រឿងញៀនសរុបប្រមាណជា៤ពាន់នាក់៕

What Next?

Recent Articles