ក្រុម​ប្រឹក្សា​​ឃ្លាំ​មើល​​ទទូច​​ឱ្យ​​រដ្ឋា​ភិបាល​​ផ្អាក​​សង់​​ស្ដូ​ប​វៀត​ណាម​​នៅ​​ប្រទេស​​កម្ពុជា​

ទំនាក់ទំនងអន្តរជាតិ | ព័ត៌មានជាតិ
កញ្ញា ខាន់ លក្ខិណា | ០២ មិថុនា ២០២០ | ម៉ោង ៤:២៥ ល្ងាច
VOD

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់កម្ពុជា បង្ហាញណែនាំដល់មន្ត្រីជាន់ខ្ពស់វៀតណាម ក្នុងពិធីសម្ពោធវិមានអនុស្សាវារីយ៍នយោបាយឈ្នះឈ្នះ កាលពីចុងខែធ្នូ ឆ្នាំ២០១៨។ (ក្រសួងការពារជាតិ)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់កម្ពុជា បង្ហាញណែនាំដល់មន្ត្រីជាន់ខ្ពស់វៀតណាម ក្នុងពិធីសម្ពោធវិមានអនុស្សាវារីយ៍នយោបាយឈ្នះឈ្នះ កាលពីចុងខែធ្នូ ឆ្នាំ២០១៨។ (ក្រសួងការពារជាតិ)


​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ អំពាវនាវ​ទៅ​រដ្ឋាភិបាល​ឱ្យ​ផ្អាក​គម្រោង​សាង​សង់​ស្ដូ​បមិ​ត្ត​ភាព​កម្ពុជា-វៀតណាម ឬស្ដូ​បអនុស្សាវរីយ៍​នៃ​នយោបាយ​ឈ្នះ​ៗនៅ​តាម​រាជធានី​-ខេត្ត ដោយ​បារម្ភ​ថា ស្តូប​នេះ​បង្ហាញ​រូបភាព​កម្ពុជា​ចុះ​ខ្សោយ​ក្លាយជា​រដ្ឋ​ចំណុះ​ឱ្យ​ប្រទេសជិតខាង។

ក្នុង​សេចក្ដីថ្លែង​ការណ៍​ជំទាស់​គម្រោង​សាងសង់​បន្ថែម​នូវ​ស្ដូ​បមិ​ត្ត​ភាព​កម្ពុជា​-វៀតណាម ចុះ​ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ ហៅ​ការ​បន្ត​សាង​សង់​ស្ដូ​បវៀតណាម​នៅ​ខេត្តកោះកុង ឧត្តរមានជ័យ ប៉ៃលិន និង​កំពង់ស្ពឺ នោះ​ថា ជា​ការ​ធ្វើ​ឱ្យ​វៀតណាម​បន្ត​មើលស្រាល ឬបន្ទាបបន្ថោក​ដល់​ការដឹកនាំ​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន។ 

ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ឱ្យ​ដឹង​ថា រដ្ឋាភិបាល​វៀតណាមបាន​បញ្ជា​ឱ្យ​ទាហាន​របស់​ខ្លួន​បោះតង់​ចំនួន ១១៤កន្លែង ​ស្ថិតនៅ​ខេត្ត​ពីរ ក្នុង​នោះ វៀតណាម​បោះតង់​ចូល​ខេត្ត​កណ្ដាល​ចំនួន ៣១កន្លែង និង​នៅ​ខេត្តតាកែវ​ចំនួន ៨៣កន្លែង​ ដោយ​មិនព្រម​រុះ​រើចេញ​វិញ ទោះបីជា​កម្ពុជា​បាន​ធ្វើ​លិខិតតវ៉ា​ទៅ​វៀតណាម​រួចហើយ​ក៏ដោយ។

ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា៖ «សូម​ប្រឆាំង​ជំទាស់​ដាច់​អហង្ការចំពោះ​គម្រោង​ណាមួយ​របស់ក្រ​សួង​ការពារ ​និងលោក ហ៊ុន សែន ក្នុង​ការសាងសង់​នូវ​ស្ដូ​បវៀតណាម​ ឬស្ដូ​បអនុស្សាវរីយ៍​នៃ​នយោបាយ​ឈ្នះ​ៗ ក្នុង​ន័យ​លើកទឹកចិត្ត​វៀតណាម និង​រំលឹក​នូវ​ការ​ដឹងគុណ​វៀតណាម​កាលពី ៤០ឆ្នាំមុន។ ការ​លើកទឹកចិត្ត​ក្ដី និង​ការ​ដឹងគុណ​ក្ដី​ សុទ្ធតែ​ធ្វើ​ឱ្យ​វៀតណាមបន្ត​មើលស្រាល ឬបន្ទាបបន្ថោក​ដល់​ការដឹកនាំ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន កាន់តែ​ហួសហេតុ​ឡើង»។

អ្នកនាំពាក្យ​គណបក្សប្រជាជន​កម្ពុជា លោក សុខ ឥសាន មានប្រសាសន៍​ថា ការដែល​កម្ពុជា​សង់​ស្ដូ​បមិ​ត្ត​ភាព​កម្ពុជា​-វៀតណាម​នៅ​គ្រប់​ខេត្ត​នោះ លោក​ថា ដើម្បីរំលឹក​គុណ​ដល់​កងទ័ព​វៀតណាម​ដែល​បាន​ជួយ​រំដោះ​កម្ពុជា។

លោក​ថា៖ «នេះ​ជា​តឹក​តាំង​ប្រវត្តិសាស្ត្រ​មួយ​មិន​អាច​បំភ្លេច​បាន ព្រោះ​គ្មាន​អី​ថ្លៃជាង​ជីវិត​ទេ។ឪពុកម្ដាយ​ក្មួយដែល​ឆ្លងកាត់​របបប្រល័យ​ពូជសាសន៍ ​ក្មួយ​អាច​សួរ​គាត់ បើ​គាត់​នៅ គាត់​ដឹង​ហេតុ​អី​រំដោះ​ថ្ងៃ៧មករាហើយ ​យើង​ចាត់ទុកជា​ជីវិត​ទី២របស់​យើង។ សង់​ស្ដូ​បអនុស្សាវរីយ៍​កម្ពុជា​វៀតណាម​ដើម្បី​អី? អាហ្នឹង​ដូច​ខ្ញុំ​ជម្រាប​មិញ​អ៊ីចឹង ក្នុងនាម​យើង​ជា​ពុទ្ធសាសនិក។ ដូច​ខ្លួនខ្ញុំ​ផ្ទាល់​ រៀងរាល់​ម៉ោង​បែរបន់ពីណា​មក​ជួយ បើ​មិន​អ៊ីចឹង ​ត្រូវ​គេ​យក​ទៅ​វាយចោល អ្នកណា​មក​ជួយ​ក៏ដោយ និយាយ​ឱ្យ​សាមញ្ញទៅ​ សុខចិត្ត​លាង​អាចម៍​ឱ្យ​គេ​មួយ​ជីវិត​ក៏បាន​ដែរ ឱ្យ​តែ​រស់»។

បើ​តាម​អ្នកនាំពាក្យ​គណបក្សប្រជាជន​កម្ពុជា លោក សុខ ឥសាន អះអាង​ថា ថវិ​កាដែលសាងសង់​ស្តូប​មិត្តភាព​កម្ពុជា​-វៀតណាម ​មិនមែន​ជា​ថវិកា​របស់​រដ្ឋ​ទាំងអស់​ទេ ដោយ​លោក​បញ្ជាក់​ថា ថវិកា​នោះ​បាន​មក​ពី​សប្បុរសជន​ដែល​រួចផុត​ពី​របប​ប្រល័យ​ពូជសាសន៍ និង​រដ្ឋាភិបាល​វៀតណាម​មួយ​ផ្នែក។ 

ប្រធាន​រាជបណ្ឌិត​្យសភា​កម្ពុជា​ លោក សុខ ទូច មានប្រសាសន៍​ថា ការ​សង់​ស្ដូ​បនេះ ដើម្បី​ជា​និមិត្តរូប​សម្រាប់​បញ្ជាក់​ថា ក្នុង​ឆ្នាំ១៩៧៩ វៀតណាម​បាន​មក​ជួយ​រំដោះ​កម្ពុជា​ចេញពី​របប​ប្រល័យ​ពូជសាសន៍។

លោក​ថា៖ «ពីឆ្នាំ១៩៧៩ វៀតណាម​មកដល់​ហ្នឹង ទ័ព​មក​រំដោះ​ហ្នឹង អាហ្នឹង​ជា​ប្រវត្តិ​សាស្ត្រ។ យើង​កុំ​មើលតែ​មួយ​ចំហៀង ហើយ​បិទ​ភ្នែក​មួយ​ចំហៀង។ ម្នា​ក់ៗ​សុទ្ធតែ​អស្ចារ្យ ប៉ុ​ន្តែបាន​រៀបចំ​អី​សម្រាប់​ខ្មែរទេ ពូកែ​ណាស់! ​ខ្ញុំ​គ្រាន់តែ​លឺ​យុវជន​និយាយ​ស្នេហាជាតិ មោទនភាព​ជាតិខ្មែរ ស៊ី​បន្លែ​គេ ស៊ីសាច់​គេ ផឹកទឹក​គេ ផឹកស្រា​គេ។ ពូកែ​តែ​បបូរ​មាត់ ជូត​ក្បាល​ក្រមា​ដើរទៅ​ព្រំដែន ​មិនដឹងព្រំដែន មិនដឹង​ផែនទី​អី​នៅ​ណា​ទេ»។

បើ​តាម​ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ លោក ម៉ែ​ន ណាត បន្ថែម​លើ​សេចក្តី​ថ្លែងការណ៍​ថា ការ​បន្ត​សាង​សង់​ស្ដូ​បមិ​ត្ត​ភាព​កម្ពុជា​-វៀតណាម នៅ​ទូទាំង​រាជធានី​-ខេត្ត​នៃ​ប្រទេស​កម្ពុជា បង្ហាញ​ឱ្យ​ឃើញថា រដ្ឋាភិបាល​កំពុង​ស្ថិត​ចំណុះ​ឱ្យ​ប្រទេសជិតខាង។

លោក​ថា៖ «សម្រាប់​ជា​ប្រយោជន៍ ​តើ​យើង​ខំ​ក៏សាងសង់​ស្ដូ​បហ្នឹង​ដល់ទៅ ២៤ ទៅ ២៥ខេត្ត-ក្រុង ហើយ​យើង​សង់​បន្ថែម​ស្ដូ​បអនុស្សាវរីយ៍​ឈ្នះ​ៗធ្វើ​អី​ទៀត? រឿង​ហ្នឹង​ជា​រឿង ៤០ឆ្នាំមុន ហើយ​យើង​នៅ​បន្ត​អរគុណ​វៀតណាម​ដល់ណា​ទៀត? ខណៈ​ពេល​ដែល​វៀតណាម​បន្ត​រំលោភ​ឈ្លានពាន​បូរណភាព​ទឹកដី​កម្ពុជា បញ្ជូន​ជន​អន្តោប្រវេសន៍​របស់​ខ្លួន​នៅ​កម្ពុជា ​ហើយ​យើង​នៅតែ​ផ្ដល់​ឱកាស នៅតែ​ផ្ដល់​សិទ្ធិ​ឱ្យ​គេ​…»។

តាម​សារព័ត៌មាន Vietnam News បាន​ឱ្យដឹង​ថា កាលពី​ឆ្នាំ២០១៧ រដ្ឋាភិបាល​វៀតណាម​បាន​ចំណាយ​លុយ​ចំនួន ៧លាន ៨សែន​ដុល្លារ សម្រាប់​ជួសជុល និង​កែ​លម្អ​ស្តូប​មិត្តភាព កម្ពុជា​-វៀតណាម នៅ​លើទឹក​ដី​កម្ពុជា​ចំនួន១៧៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

2 Responses to "ក្រុម​ប្រឹក្សា​​ឃ្លាំ​មើល​​ទទូច​​ឱ្យ​​រដ្ឋា​ភិបាល​​ផ្អាក​​សង់​​ស្ដូ​ប​វៀត​ណាម​​នៅ​​ប្រទេស​​កម្ពុជា​"

  1. Anonymous says:

    YES………….. if HUN SEN take CHINA why he still offering to Vietnam ?? one more question >>did CHINA trust HUN SEN ?? MY answer is HUN SEN still be Vietcong poppet to go to CHINA is their trick. CHINA did not like Vietcong when HUN SEN swing to them they still wanted to see if this new dog honest to their master. this was nothing to wonder that much we can see HUN SEN action toward his new master. after all this blind evil never think about his nation at all . all he think is to keep his powers does not matter how much it cost . at this moment he rather die in the hand of his new master . the future of his master is not looking good because the whole world are not happy about CHINA. GOD bless Cambodia

  2. Anonymous says:

    my tear is coming every time when this animal HUN SEN using his animal words on media ‘ OH….. MY … GOD why this unfortunate nation always been this way. one evil after one till this evil HUN SEN come I think this is the last evil and also the last of this poor nation.