សាលា​ដំបូង​​រាជ​ធានី​​សម្រេច​​ឃុំ​ខ្លួន​​អតីត​​សមាជិក​​ក្រុម​ប្រឹក្សា​​ខេត្ត​​-​រាជ​ធានី CNRP​ ៣​រូប​

តុលាការ និងច្បាប់ | នយោបាយ | ព័ត៌មានជាតិ
លោក សូត សុខប្រាថ្នា | ០២ មិថុនា ២០២០ | ម៉ោង ៥:៣៤ ល្ងាច
VOD

គ្រូ​បង្រៀន​ និង​ជា​អតីត​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​របស់​គណបក្ស​សង្គ្រោះ​ជាតិ លោក ស៊ុន ធន់ ឡើងថ្លែងក្នុងកម្មវិធីមួយកាលពីពេលកន្លងទៅ។ (ស៊ុន ធន់ - Sun Thun. Page)

គ្រូ​បង្រៀន​ និង​ជា​អតីត​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​របស់​គណបក្ស​សង្គ្រោះ​ជាតិ លោក ស៊ុន ធន់ ឡើងថ្លែងក្នុងកម្មវិធីមួយកាលពីពេលកន្លងទៅ។ (ស៊ុន ធន់ – Sun Thun. Page)


ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ឃុំខ្លួន​អតីត​ក្រុមប្រឹក្សា​រាជធានី​-ខេត្ត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ ចំនួន ៣រូប ​ជា​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃស ពី​បទ​ចោទ​ប្រហាក់​ប្រហែលគ្នា​ពាក់ព័ន្ធ​ការ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​នៅក្នុង​សង្គម។ 

ការសម្រេច​ឃុំខ្លួន​នោះ ក្រោយពេល​សមត្ថកិច្ច​បាន​ចាប់ខ្លួន​ពួក​គេ​ជាបន្តបន្ទាប់​ចាប់តាំងពី​ចុង​ខែឧសភា ដល់​ថ្ងៃទី១ ខែមិថុនា និង​បញ្ជូន​មក​សាលាដំបូង​រាជធានី​ភ្នំពេញ។ 

អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ​អ៊ី រិន្ទ បាន​ប្រាប់ ​វី.អូ.ឌី​ នៅ​ថ្ងៃនេះ​ តាម​ប្រព័ន្ធ​ទំនាក់ទំនង​តេឡេក្រាម​ថា លោក​ ស៊ុន ធន់ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរសាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួនបណ្តោះអាសន្ន​នៅ​មណ្ឌល​កែប្រែ ម១ ឬគុក​ព្រៃស​កាលពី​ថ្ងៃម្សិលមិញ។

លោក​បញ្ជាក់​ថា៖ «ឈ្មោះ ស៊ុន ធន់ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរសាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួនបណ្តោះអាសន្ន​នៅ ម១ ពី​បទ រួមគំនិតក្បត់ ញុះញង់​ឱ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​ញុះញង់​កុំឱ្យ​យោធិន​ស្តាប់​បង្គាប់ តាម​មាត្រា ៤៥៣, ៤៩៤​, ៤៩៥ និងមាត្រា ៤៧១ នៃ​ក្រម​ព្រហ្មទណ្ឌ»។

លោក​ ស៊ុន ធន់ បច្ចុប្បន្ន​ជា​គ្រូបង្រៀន​នៅ​អនុវិទ្យាល័យ​ ហ៊ុន សែន ទួល​ដំណាក់ ក្នុង​ស្រុក​បារាយណ៍ ​ខេត្តកំពង់ធំ និង​ជា​អតីត​សមាជិក​ក្រុមប្រឹក្សា​ខេត្តកំពង់ធំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ព្រមទាំង​ធ្លាប់​ជា​អតីតប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ប្រចាំ​ខេត្ត​នេះ​ទៀតផង។ 

មាន​វ័យ២៨ឆ្នាំ ជា​កូនប្រុស​របស់​លោក ស៊ុន ធន់ គឺលោក ស៊ុន ធានី បាន​ហៅ​ការ​ចាប់​ និងឃុំខ្លួន​ឪពុក​ពេលនេះ ​ជា​ការ​គំរាមកំហែង​ផ្នែក​នយោបាយ និង​ជា​រឿង​អយុត្តិធម៌​ដែល​គ្រួសារ​លោក​មិន​អាច​ទទួលយក​បាន ត្បិត​សំណុំរឿង​ក្នុង​ដីកា​ចាប់ខ្លួន​ឪពុក​លោក​នោះ ជា​សំណុំរឿង​នៅ​ឆ្នាំ២០១៨ និង២០១៩ ប៉ុណ្ណោះ ហើយ​ឪពុក​លោក​ក៏បាន​ផ្អាក​សកម្មភាព​នយោបាយ​តាំងពី​គណបក្ស​សង្រ្គោះ​ជាតិ​ត្រូវ​បាន​រំលាយ​ម៉្លេះ។ 

លោក​បន្ត​ថា៖ «ស្ថានភាព​នេះ ​មើលទៅ​វា​ជា​លក្ខណៈ​នយោបាយ​សុទ្ធសាធ ព្រោះ​រាល់ថ្ងៃ​ហ្នឹង​គាត់​អត់មាន​បាន​ប្រព្រឹត្ត​អ្វី​ទេ គាត់​នៅតែ​ផ្ទះ ​និង​ទៅ​សាលា កាលមុន​គេ​នៅ​បង្រៀន ​គាត់​ទៅ​សាលា​ធម្មតា​ទេ។ ហើយ​មួយ​រយៈ​ហ្នឹង គេ​បិទ​សាលា​ទៅ​ គាត់​នៅតែ​ផ្ទះ​ទេ ធ្វើការងារ​ផ្ទះ​ធម្មតា​ទៅ ហើយ​សកម្មភាព​នានា​ គាត់​បាន​បញ្ឈប់​អស់ហើយ។ តែ​ដោយសារ​គាត់​ជាម​ន្ត្រី​អតីត​ក្រុមប្រឹក្សា​ខេត្ត ហើយ​គាត់​ធ្លាប់ធ្វើ​សកម្មភាព​ខ្លាំង​ពីមុន​ ទើប​ធ្វើ​ឱ្យ​គេ​ចាប់​គាត់​តែម្តង​ទៅ។ ជា​រឿង​អយុត្តិធម៌​ដ៏​ច្បាស់ក្រឡែត​ដែរ ដែល​គ្រួសារ​ខ្ញុំ​មិន​អាច​ទទួលយក​បាន»។

អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​ លោក ឆាយ គឹម​ខឿន បញ្ជាក់​ប្រាប់ VOD នៅ​ថ្ងៃនេះ​ថា លោក ស៊ុន ធន់ ពិតជា​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃម្សិលមិញ រួច​បញ្ជូន​មក​តុលាការមែន។

លោក​ឱ្យ​ដឹង​ថា ក្រៅពី​លោក ស៊ុន ធន់ ក៏​មាន​មនុស្ស​ពីរ​នាក់​ទៀត​ត្រូវ​បាន​ចាប់ខ្លួន​គិត​ត្រឹម​ចុងខែ​ឧសភា ដល់​ថ្ងៃទី២ ខែមិថុនា​នេះ ដោយ​ម្នាក់​នៅ​ខេត្តសៀមរាប និង​ម្នាក់ទៀត​ចាប់ខ្លួន​នៅ​ខេត្តតាកែវ ដោយ​ចោទប្រកាន់​ពី​បទល្មើស​ដូចគ្នា។ 

លោក​អះអាង​ថា មាន​មនុស្ស​ជាង ២០នាក់​ហើយដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ ពាក់ព័ន្ធ​សំណុំរឿង​បែបនេះ ក្នុងអំឡុងពេល​វិបត្តិ​កូ​វីដ១៩។ ប៉ុន្តែ​ លោក​មិនដឹង​ថា ​ពួក​គេ​ជា​អតីត​បក្ស​ប្រឆាំង​ ឬមិន​ប្រឆាំង​នោះ​ទេ ដោយ​ថា ​សមត្ថកិច្ច​ចាប់ខ្លួន​មនុស្ស​ទាំងនោះ​យោង​តាម​ដីកា​របស់​តុលាការ​ប៉ុណ្ណោះ។ 

លោក​មានប្រសាសន៍​ថា៖ «ខ្ញុំ​អត់​បាន​ឆែក​អី​ទេ ខ្ញុំ​មើលតែ​សវ​តា​ជាតិ​គាត់​ទេ ព្រោះ​ក្នុង​ដីកា​ គេ​មិនបាន​បញ្ជាក់​ថា ​អ្នកឯង​ជា​នរណា​ទេ គេដាក់​តែ​សវ​តា​ជាតិ​ កើត​នៅ​ណា​? អីណា​? ផ្ទះនៅ​ណា? ហើយ​ប្រព្រឹត្ត​អំពើ​អី​?»

សហ​មេធាវី​ការពារ​ក្តី​ឱ្យ​អតីតមន្ត្រី​បក្ស​ប្រឆាំង​ លោក សំ សុ​គង់ បញ្ជាក់​ថា​ កូន​ក្តី​របស់​លោក​បី​រូប​ដែល​កំពុង​ជាប់ឃុំ​បណ្តោះអាសន្ន​ក្នុង​ពន្ធនាគារ​ព្រៃស រួមមាន​ អតីត​សមាជិក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ លោក កាក់ កុម្ភា​រ ដែល​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ខេត្តតាកែវ ​កាលពី​ថ្ងៃទី៣១ ខែឧសភា ដោយ​ចោទប្រកាន់​ពីរ​បទល្មើស រួមមាន ​បទ​រួមគំនិតក្បត់ និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាថ៌ ដែល​ប្រព្រឹត្ត​ឡើង​កាលពី​ឆ្នាំ២០១៩។ 

ដោយឡែក​ អតីត​សមាជិក​ក្រុមប្រឹក្សា​ខេត្តសៀមរាប ​លោក ពៀត ម៉ា​ប់ ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី២៧ ខែឧសភា និងអតីត​សមាជិក​ក្រុមប្រឹក្សា​ខេត្តកំពង់ធំ លោក ស៊ុន ធន់ ដែល​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃម្សិលមិញ​នោះ​ ត្រូវ​បាន​តុលាការ​ចោទប្រកាន់ ៣បទល្មើស បទ​រួមគំនិតក្បត់ ញុះញង់​ឱ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​ញុះញង់​កុំឱ្យ​យោធិន​ស្តាប់​បង្គាប់ ដែល​ប្រព្រឹត្ត​ឡើង​កាលពី​ឆ្នាំ២០១៨។ 

មេធាវី​ការពារ​ក្តី​ដដែល យល់ឃើញ​ថា ​ការ​ចាប់ខ្លួន​កូន​ក្តី​លោក ដោយ​យោង​ទៅលើ​សំណុំរឿង​ចាស់ ជា​រឿង​មិន​ត្រឹមត្រូវ​ទៅតាម​ផ្លូវច្បាប់​នោះ​ឡើយ។ 

លោក​បន្ត​ថា៖ «ខ្ញុំ​យល់ថា​ ការ​ចាប់ខ្លួន​ដោយ​យោង​តាម​សំណុំរឿង​ចាស់​ ជា​រឿង​ដែល​មិនទាន់​ត្រឹមត្រូវ​ទៅតាម​នីតិវិធី​ច្បាប់​ទេ ដោយសារ​ទាក់ទង​បញ្ហា​ផ្លូវច្បាប់​ កាលណា​សំណុំរឿង​ឆ្នាំ២០១៨ ឬ២០១៩ គឺ​គេ​មិនដែល​លាតសន្ធឹង​មក​ថ្ងៃ​អនាគត​ទេ គឺ​មានតែ​ធាក់​ទៅ​ក្រោយ​នៃ​បទល្មើស ដើម្បី​គេ​ធ្វើការ​ស៊ើបអង្កេត​នូវ​សកម្មភាព​ដែល​បាន​កើតឡើង​រួចហើយ។ ប៉ុន្តែ​ ក្នុង​រឿង​នេះ ​ខ្ញុំ​ជា​មេធាវី​ក៏​មិន​យល់​ដែរ ពាក់ព័ន្ធ​ការអនុវត្ត​ច្បាប់​របស់​តុលាការ​ ឬក៏​សមត្ថកិច្ច​ហ្នឹង ដែល​ចាប់ខ្លួន​ក្នុង​សំណុំរឿង​ចាស់ តែ​ចាប់ខ្លួន​នៅ​ឆ្នាំ​ថ្មី ដែល​វា​ខុស​ទៅ​នឹង​នីតិវិធី​ច្បាប់»។ 

មេធាវី​ដដែល បញ្ជាក់​ថា ​លោក​នឹង​ដាក់​លិខិតស្នើ​សុំ​ទៅ​ចៅក្រម​ស៊ើប​សួរ ដើម្បី​ឱ្យ​កូន​ក្តី​ខ្លួន​ទាំង ៣រូប​ បាន​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន និង​ខិតខំ​ប្រមែប្រមូល​ភស្តុតាងដាក់​ទៅ​តុលាការ​ ដើម្បី​ស្នើ​ឱ្យ​ទម្លាក់​ចោល​លើ​សំណុំរឿង​កូន​ក្តី​របស់​លោក​ផង​ដែរ។

នាយករង​អង្គការ​លី​កាដ​ូ​ លោក អំ សំអាត មើលឃើញ​ថា ការ​ចាប់ខ្លួន​អតីតមន្ត្រី​បក្ស​ប្រឆាំង​បន្តបន្ទាប់​ក្នុង​សំណុំរឿង​ចាស់​ពេលនេះ ធ្វើ​ឱ្យ​គេ​មើលឃើញ​ថា ​ជា​រឿង​នយោបាយ​ច្រើនជាង​ការអនុវត្ត​ច្បាប់ ព្រមទាំង​ជា​ការ​គំរាមកំហែង​បំបាក់ស្មារតី​អតីតមន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​ផង​ដែរ។

យ៉ាងនេះ​ក្តី​ ក្នុង​ស្ថានភាព​នៃ​វិបត្តិ​កូ​វីដ១៩ សង្គម​ស៊ីវិល​រូប​នេះ​យល់ថា ​អ្នកនយោបាយ​គប្បី​រួមគ្នា​ដោះស្រាយ​បញ្ហា​ជាតិ ដោយ​ទុក​រឿង​នយោបាយ​មួយ​ឡែក​សិន។ 

លោក អំ សំអាត មានប្រសាសន៍​ថា៖ «ពីព្រោះ​យើង​មើលឃើញ​ហើយ​ថា​ នៅ​បណ្តា​ប្រទេស​ផ្សេង​ៗ នៅពេល​មាន​បញ្ហា​អីចឹង ​គឺ​គេ​ធ្វើការ​ជជែកគ្នា​ដោយសន្តិវិធី ​ធ្វើ​យ៉ាងណា​ដោះស្រាយ​នូវ​វិបត្តិ​រួម​របស់​ប្រទេសជាតិ ប្រយោជន៍​ប្រជាពលរដ្ឋ​សង្គមជាតិ​យើង។ រឿង​នយោបាយ​ទុក​មួយ​ឡែក​សិន»។ 

កាលពី​ថ្ងៃម្សិលមិញ​ ថ្លែង​ពី​ខេត្ត​ព្រះសីហនុ​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ព្រមាន​ដល់​អតីតមន្ត្រី​បក្ស​ប្រឆាំង​នៅក្នុង​ស្រុក ​និង​ក្រៅ​ស្រុក​ជាថ្មី​ទៀត ដែល​ហ៊ាន​ធ្វើ​ចលនា​បង្កចលាចល​សង្គម​ ដោយ​យក​បញ្ហា​នៃ​វិបត្តិ​កូ​វីដ១៩ជា​លេស​ ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​លោក ដោយ​លោក​អះអាង​ថា​ នឹង​ប្រើ​យុទ្ធសាស្ត្រ​កាត់​ក្បាល ហើយ​បំបែក​ខ្លួន​ក្រុមប្រឆាំង​ថែមទៀត​ផង។ 

លោក ​ហ៊ុន សែន មានប្រសាសន៍​ថា៖ «ហើយ​ខ្ញុំ​សូម​ព្រមាន សូមកុំ​ឆ្លៀតឱកាសកូ​វីដ១៩ ដើម្បី​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​ឱ្យ​សោះ បង្កចលាចល​ឱ្យ​សោះ។ អ្នក​ចង់​សាក កម្លាំង​របស់​អ្នក​កាន់តែ​ថយ​ចុះ តាមរយៈ​ផ្តាច់​ក្បាល បំបែក​ដងខ្លួន​តែម្តង។ និយាយប្រាប់​លោក​ឯង​ឱ្យ​ត្រង់ ឱ្យ​ច្បាស់»។ 

អ្នកវិភាគ​នយោបាយ​ លោកបណ្ឌិត ឡៅ ម៉ុង​ហៃ យល់ឃើញ​ថា ការ​ចាប់ខ្លួន​អតីតមន្ត្រី​បក្ស​ប្រឆាំង​ជាបន្តបន្ទាប់​នេះ ជា​ការអនុវត្ត​នូវ​អ្វី​ដែល​ជា​យុទ្ធសាស្ត្រ​កាត់​ក្បាល​បំបែក​ខ្លួន​បក្ស​ប្រឆាំង​ដូច​ការ​លើកឡើង​របស់​លោកនាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន។ 

អ្នកវិភាគ​ដដែល​បន្ត​ថា ​យុទ្ធសាស្ត្រ​នេះមិន​មានប្រសិទ្ធភាព​ទេ ហើយ​បាន​បង្ហាញថា គណបក្ស​សង្រ្គោះ​ជាតិ​ត្រូវ​បាន​រំលាយ​តែ​នៅ​លើ​ក្រដាស​ប៉ុណ្ណោះ ត្បិត​គណបក្ស​នេះ​បាន​ដក់ជាប់​ក្នុងទឹក​ចិត្ត​ពលរដ្ឋ​កន្លះ​នគរ​រួច​ទៅ​ហើយ។ ប៉ុន្តែ​ វា​បាន​បង្ហាញ​កាន់តែ​ច្បាស់​បន្ថែម​ទៀត​ពី​ការ​បែកបាក់​សាមគ្គី​ជាតិ និង​មិន​អាច​សម្រេច​គោលដៅ​នៃ​ការ​រួមរស់​ដោយ​សុខដុមរមនា​ជាមួយគ្នា​ក្រោម​ដំបូល​ប្រទេស​តែមួយ ។

លោក​មានប្រសាសន៍​ថា៖ «នៅតែ​មានការ​បែកបាក់​គ្នា។ តាមពិត​ទៅ ​គឺ​អរិ​យភាព​រវាង​អ្នកដឹកនាំ​ប្រទេស និង​ប្រជាពលរដ្ឋ​ដែល​មាន​ជាប់ជំពាក់​ក្នុង​ការ​គាំទ្រ​គណបក្ស​សង្រ្គោះ​ជាតិ​ហ្នឹង។ អាហ្នឹង​បើ​គេ​គិត​យក​ស្តង់ដារ​ឯកភាពជាតិ សាមគ្គីភាព ហើយ​សង្គម​រស់នៅ​សុខដុម​គ្នា មិន​អាច​សម្រេច​បាន​គោលដៅ​ហ្នឹង​ទេ។» 

គណបក្ស​សង្រ្គោះ​ជាតិ​ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រំលាយ​កាលពី​ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ និង​បាន​ហាម​មន្ត្រី​ជាន់ខ្ពស់​បក្ស​នេះ ១១៨រូប ​មិន​ឱ្យធ្វើ​នយោបាយ​រយៈពេល ៥ឆ្នាំ។ ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ ក្រោយពី​ចាប់ខ្លួន​អតីតប្រធាន​បក្ស​នេះ​ លោក កឹម សុខា ដាក់​ពន្ធនាគារ​ប្រមាណ ៣ខែ​ ដោយ​ចោទប្រកាន់​ពី​ទោស​ក្បត់ជាតិ ខណៈ​សំណុំរឿង​នេះ​នៅ​បន្ត​រហូតដល់​ពេល​បច្ចុប្បន្ន​មិនទាន់​បញ្ចប់​នោះ​ទេ ហើយ​លោ​ក កឹម សុខា ក៏​មិនទាន់​ត្រូវ​បាន​តុលាការ​ប្រកាស​ថា​ មានទោស ​ឬគ្មាន​ទោស​នោះ​ដែរ​៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles