មន្ត្រី​សមាគម​អាដហុក​​ថា អាជ្ញាធរ​​ខេត្ត​រតនគិរី​​ គ្មាន​ឆន្ទៈ​ដោះស្រាយ​វិវាទ​របស់​សហគមន៍ ​និង​​ក្រុមហ៊ុន​វៀតណាម HAGL

ដោយ វ៉ែន សុមេធ
2020-06-02
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ដី​ដែល​ជន​ជាតិ​ដើម​ភាគ​តិច​ខេត្ត​រតនគិរី ចោទ​ក្រុមហ៊ុន​វៀតណាម ហ័ង អាញ់ យ៉ា ឡាយ (HAGL) ឈូស​ឆាយ និង​រំលោភ​យក។

ដី​ដែល​ជន​ជាតិ​ដើម​ភាគ​តិច​ខេត្ត​រតនគិរី ចោទ​ក្រុមហ៊ុន​វៀតណាម ហ័ង អាញ់ យ៉ា ឡាយ (HAGL) ឈូស​ឆាយ និង​រំលោភ​យក។

 រូប៖ អាដហុក ថ្ងៃ​ទី២ ខែមិថុនា ឆ្នាំ២០២០


មន្ត្រី​សង្គម​ស៊ីវិល និង​ជន​ជាតិ​ដើម​ភាគ​តិច​កាចក់ ១២ភូមិ ​នៅ​ខេត្ត​រតនគិរី​  ខកចិត្ត​នឹង​អាជ្ញាធរ​ខេត្ត​នេះ​ថា គ្មាន​ភាព​ច្បាស់​លាស់ ​ដោះស្រាយ​ជម្លោះដីធ្លី ​រវាង​ប្រជា​សហគមន៍​ជាង ១ពាន់​គ្រួសារ ​និង​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​វៀតណាម ហ័ងអាញ់ យ៉ាឡាយ (Hoang AnhGia Lai (HAGL) ទេ។ ពួកគេ​ថា ​ជម្លោះដីធ្លី​នេះ​ បាន​អូស​បន្លាយ​ពេល​ជិត​ ១០ឆ្នាំ​មក​ហើយ​ អាជ្ញាធរ​នៅ​រារែក​មិន​បែង​ចែក​ដី​ឱ្យ​ដាច់​ស្រឡះ ​រវាង​ដី​ប្រើប្រាស់​សមូហភាព​របស់​សហគមន៍​ និង​ដី​ដែល​រដ្ឋាភិបាល​វិនិយោគ​ឱ្យ​ក្រុមហ៊ុន​វៀតណាម។

សហគមន៍ ១២ភូមិ រស់នៅ​ស្រុក​អូរជុំ និង​ស្រុក​អណ្ដូង​មាស ​ជាប់​ព្រំ​ប្រទល់​ប្រទេស​វៀតណាម​ ចាត់​ទុក​ភាព​យឺតយ៉ាវ ​មិន​កាត់​ឆ្វៀល​ដី​ទំហំ ៧២៤​ហិកតារ ពី​ក្រុមហ៊ុន​វៀតណាម​ហ័ង​អាញ់ យ៉ាឡាយ គឺ​ស្មើ​នឹង​ផ្ដល់​ឱកាស​ឱ្យ​ក្រុមហ៊ុន​ខ្នាត​យក្ស​មួយ​នេះ ​បន្ត​រំលោភ​ម្ដង​ហើយ​ម្ដង​ទៀត លើ​ដី​ព្រៃ​កប់​សព ​និង​ដី​ព្រៃ​ច្រប់​ ដែល​ជា​ប្រភព​ទឹក​អូរ​ធម្មជាតិ​យ៉ាង​សំខាន់ ដែល​អ្នកភូមិ​ប្រើប្រាស់។

តំណាង​សហគមន៍​រស់​ភូមិ​កាក់ ឃុំ​តាឡាវ ​លោក ​សេវ ស៊ើន  ​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី២ មិថុនា​ថា រយៈ​ពេល​ជាង ២ឆ្នាំ​មក​ហើយ ​ដែល​អាជ្ញាធរ និង​ក្រុមហ៊ុន ​សន្យា​ថា ​នឹង​កាត់​ឆ្វៀល​ដី ​ជាង​ ៧រយ​ហិកតារ​ ឱ្យ​សហគមន៍​ប្រើប្រាស់​សមូហភាព ​ក៏​ប៉ុន្តែ​មក​ទល់​ពេល​នេះ ​គ្មាន​តម្រុយ​លទ្ធផល​នៅ​ឡើយ​ទេ។ លោក​ថា ភាព​យឺត​យ៉ាវ​នេះ ក្រុមហ៊ុន​នៅ​តែ​ឈូស​ឆាយ ​រំលោភ​ដី​ព្រៃ​កប​សព​ ដី​ព្រែ​ច្រប់ និង​ដី​ព្រៃ​សមូហភាព​របស់​ពួកគេ ​អស់​ជាង ១០ហិកតារ​ ជា​ថ្មី​ទៀត៖ «កាល​មុន​ហ្នឹង ​ចុច ​GPS ​ព្រមព្រៀង​គ្នា​ថា​កាត់​ឱ្យ ​ប៉ុន្តែ​តាំង​ពី​ឆ្នាំ២០១៨ ប៉ុន្តែ​មិនទាន់​មាន​លាក់​លក្ខ​អក្សរ​ទេ ​ហើយ​បង្គោល​ក៏​មិន​ទាន់​ដាំ​ឱ្យ​ទេ»

តំណាង​សហគមន៍​រូប​នេះ ​បង្ហាញ​ការ​សោក​ស្ដាយ ​នូវ​ការ​បង់​បង់​ដីធ្លី ​និង​ព្រៃឈើ​យ៉ាង​ធំធេង​ ក្រោយពី​មាន​វត្តមាន​ក្រុមហ៊ុន​នេះ ​វិនិយោគ​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​តំបន់​នោះ​។ ​លោក​ថា ​ក្រុមហ៊ុន ​មិន​បាន​កាត់​ឆ្វៀល​ផល​ប៉ះពាល់ ​តាម​កិច្ច​សន្យា​វិនិយោគ​នោះ​ទេ។ ចំណែក​ជនជាតិ​ដើម​ភាគ​តិច ​រាប់​ពាន់​គ្រួសារ ​បាន​បាត់បង់​ព្រៃ​អាស្រ័យ​ផល កន្លែង​ឃ្វាលគោ​ក្របី ព្រៃ​អារក្ស ទឹក​អូរ​ធម្មជាតិ  និង​ព្រៃ​កប់​សព​ ជាពិសេស​ការ​ធ្លាក់​ចុះ​នូវ​ប្រព័ន្ធ​សេដ្ឋកិច្ច​ជាដើម​៖ «ឈូស​ឆាយ​កន្លែង​កប់​សព ​ហើយ​ដីច្រប់ ​គឺ​បេះដូង​ជន​ជាតិ​ដើម​ភាគ​តិច​ តែ​ពឹង​ផ្អែក​លើ ​ទី១ ​បន្លែ ​និង​ទី២ ​ខ្មោច​របស់​អ្នកភូមិ ​ដែល​ថា ​កូនចៅ​នៅ​គាត់​ ហ្នឹង​ហើយ​ពាក់ព័ន្ធ​លើ​ជន​ជាតិ​ដើម​ភាគ​តិច»

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង ​អ្នក​នាំ​ពាក្យ​សាលាខេត្ត​រតនគិរី ​លោក នាង សំអាត ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ តែ​ទូរស័ព្ទ​ហៅ​ចូល​ច្រើន​ដង ​គ្មាន​អ្នក​ទទួល ​ថ្ងៃ​ទី២ មិថុនា។​

តែ​ទោះ​យ៉ាង​ណា អ្នក​នាំ​ពាក្យ​សាលាខេត្ត​រតនគិរី លោក នាង សំអាត ធ្លាប់​ប្រាប់​អាស៊ី​សេរី​កាល​ពី​ពេល​ថ្មីៗ នេះ​ថា (ចុង​ខែ​ឧសភា) អាជ្ញាធរ​ខេត្ត​នឹង​ចាត់​ឱ្យ​មន្ត្រី​ចុះ​ទៅ​ពិនិត្យ​ករណី​នេះ។ លោក​បញ្ជាក់​ថា អាជ្ញាធរ​ខេត្ត​មាន​សិទ្ធិ​ត្រឹម​សម្របសម្រួល​ និង​លើក​សំណើ​ទៅ​ថ្នាក់​លើ​ប៉ុណ្ណោះ តែ​ការ​សម្រេច​យ៉ាង​ណា​នោះ គឺ​ស្ថិត​នៅ​លើ​ក្រសួង​កសិកម្ម។

​អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង ​អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម ​លោក​ ស្រី វុឌ្ឍី ​និង​រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម ​លោក វេង សាខុន ​ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ​តែ​ទូរស័ព្ទ ​ហៅ​ចូល​ច្រើន​ដង​គ្មាន​អ្នក​ទទួល​ នៅ​ថ្ងៃ​ដដែល​នេះ។

ចំណែក​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល ​លោក ​ផៃ ស៊ីផាន  ​និង ​តំណាង​ក្រុមហ៊ុន ហ័ង អាញ់ យ៉ា ឡាយ ​(HAGL) ក៏​មិន​អាច​ទាក់ទង​បាន​ដែរ។

មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក ​ខេត្ត​រតនគិរី ​ដែល​ចុះ​អង្កេត​រឿង​នេះ ​លោក​ ឌិន ខន្នី​  មើល​ឃើញ​ថា អាជ្ញាធរ​ខេត្ត​នេះ គ្មាន​ឆន្ទៈ​ដោះ​ស្រាយ ​ជម្លោះ​ដីធ្លី រ៉ាំរ៉ៃ​នេះ​ ឱ្យ​ដាច់​ស្រឡះ​នោះ​ទេ​ ធ្វើ​ឱ្យ​ជនជាតិ​ដើម​ភាគ​តិច ​នៅ​តែ​រងគ្រោះ​ដដែលៗ គ្មាន​ទី​បញ្ចប់។ លោក​ចាត់​ទុក​​ ការ​ឈូស​ឆាយ​ដី​សហគមន៍​ជា​ថ្មី​ទៀត​នេះ ​ជា​អំពើ​រំលោភ​សិទ្ធិ​ជន​ជាតិ​ដើម​ភាគ​តិច​ និង​ប៉ះពាល់​ដល់​ប្រពៃណី​វប្បធម៌​របស់​ពួកគេ ​។ ​ លោក​ថា ​ប្រសិន​បើ​អាជ្ញាធរ​មាន​ឆន្ទៈ ​ដោះស្រាយ ​ជម្លោះ​ដីធ្លី​នេះ ​នឹង​មិន​ពិបាក​នោះ​ទេ​ ៖ «បើ​កាល​ណា​ដែល​ ជន​ជាតិ​ដើម​ភាគ​តិច​គាត់ ​ពឹង​លើ​អាស្រ័យ​ផល​ ធ្វើ​ស្រែ​ចម្ការ ​ក្នុង​ការ​ចិញ្ចឹម​ជីវិត​ របស់​គាត់ ​ជា​រៀង​រាល់​ថ្ងៃ។ អ៊ីចឹង​បើ​កាល​ណា ​គាត់​អត់​មាន​ដី​ធ្វើស្រែ​ចម្ការ​ គាត់​អស់​ដី​ទៅ ​អត់​បាន​ធ្វើ​ស្រែ​ចម្ការ​ទេ។​ អា​ហ្នឹង​វា​ប៉ះពាល់​អ្នក​ជំនាន់​ក្រោយ​របស់​គាត់ ​ដែល​រងគ្រោះ​ខ្លាំង​ គឺ​អ្នក​ជំនាន់​ក្រោយ»

អង្គការ​សមធម៌​កម្ពុជា (Equitable Cambodia) បាន​ថ្លែង​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន កាល​ពី​ចុង ខែ​ឧសភា​ថា ក្រុមហ៊ុន​វៀតណាម​នេះ បាន​ឈូស​ឆាយ​ដី​ភ្នំ​អារក្ស​ចំនួន​ពីរ​កន្លែង តំបន់​ដី​សើម​ តំបន់​បរបាញ់​សត្វ​តាម​បែប​ប្រពៃណី និង​ដី​កប់​សព​របស់​អ្នក​ភូមិ។ អង្គការ​ដដែល​នេះ​បន្ត​ថា ទង្វើ​របស់​ក្រុមហ៊ុន​បាន​បំផ្លាញ​ដី​ព្រៃ និង​បណ្ដាល​ឱ្យ​ខូច​ខាត​មិន​អាច​ស្ដារ​ឡើងវិញ​បាន​នូវ​ដី​ដែល​មាន​តម្លៃ​ខាង​ជំនឿ​មិន​អាច​កាត់​ថ្លៃ​បាន ចំពោះ​សហគមន៍។

នាយក​ប្រតិបត្តិ​អង្គការ​អភិវឌ្ឍន៍​អន្តរជាតិ​ដែល​មាន​ការ​ចូល​រួម (IDI) លោក ដេវីដ ប្រេដ (David Pred) លើក​ឡើង​តាម​រយៈ​សេចក្ដី​ប្រកាស​ព័ត៌មាន​នោះ​ថា ក្រុមហ៊ុន​នេះ​បាន​ឆក់​ឱកាស​ពី​​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ-១៩ មក​បិទបាំង ដើម្បី​ឈូស​ឆាយ​ដី​ជន​ជាតិ​ដើម​ភាគ​តិច​ដោយ​​ខុស​ច្បាប់​ថែម​ទៀត ដែល​នេះ​គឺ​ជា​រឿង​អាក្រក់​ហួស​ថ្លែង។

សហគមន៍ ​ជន​ជាតិ​ដើម​ភាគ​តិច​ថា ​កាល​ពី​ឆ្នាំ ២០១៨ អភិបាល​ខេត្ត​រតនគិរី​បាន​ស្នើ​ទៅ​ក្រសួង​កសិកម្ម និង​ក្រសួងបរិស្ថាន​កាត់​ឆ្វៀល​តំបន់​មាន​ជម្លោះ​ជាង ៦០កន្លែង​មាន​ទំហំ ៧២៤​ហិកតារ  រួម​មាន តំបន់​ភ្នំ ដីចម្ការ​វិល​ជុំ ព្រៃ​អារក្ស ព្រៃ​កប់​សព កន្លែង​ឃ្វាលគោ​ក្របី និង តំបន់​ប្រភព​ទឹកអូរ​ធម្មជាតិ​ដែល​ជា​កន្លែង​សហគមន៍​អាស្រ័យ​ផល​ប្រគល់​ជូន​ពលរដ្ឋ​វិញ។ អ្នក​ភូមិ​ថា ព្រៃ​ស្រោង និង​ព្រៃ​អារក្ស​ដែល​ពួក​គេ គោរព​បូជា​បាន​ក្លាយ​ជា​ចម្ការ​កៅស៊ូ​របស់​ក្រុមហ៊ុន​វៀតណាម​អស់​ស្ទើរ​ទាំង​ស្រុង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles