សមាគម​រោងចក្រ​ស្នើ​គណៈកម្មការ​អឺរ៉ុប​ពន្យារពេល​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA ពី​​កម្ពុជា

ដោយ សុជីវី
2020-06-03
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

(ឆ្វេង) ស្លាកសញ្ញា​សមាគមរោងចក្រកាត់ដេរ​នៅ​កម្ពុជា ហៅ​កាត់ថា ជីម៉ាក់ និង (ស្ដាំ) ស្លាកសញ្ញា​គណៈកម្មការ​សហភាព​អឺរ៉ុប។ ខាង​ក្រោម​គឺ​ សកម្មភាព​កម្មករ​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់ និង​ស្បែក​ជើង​នៅ​កម្ពុជា​។

(ឆ្វេង) ស្លាកសញ្ញា​សមាគមរោងចក្រកាត់ដេរ​នៅ​កម្ពុជា ហៅ​កាត់ថា ជីម៉ាក់ និង (ស្ដាំ) ស្លាកសញ្ញា​គណៈកម្មការ​សហភាព​អឺរ៉ុប។ ខាង​ក្រោម​គឺ​ សកម្មភាព​កម្មករ​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់ និង​ស្បែក​ជើង​នៅ​កម្ពុជា​។

 រូប៖ ហ្វេសប៊ុក


សមាគម​រោងចក្រ​កាត់ដេរ​សំលៀក​បំពាក់ និង​ស្បែក​ជើង​បាន​ផ្ញើ​លិខិត​ទៅ​គណៈកម្មការ និង​សភា​អឺរ៉ុប​កាល​ពី​ថ្ងៃ​ទី២ ខែ​មិថុនា​ ដោយ​ស្នើ​អោយ​ពន្យារពេល​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​គ្រប់​មុខ​ទំនិញ​លើកលែង​តែ​អាវុធ ឬ EBA ពី​កម្ពុជា ដោយ​សម្អាង​ថា វិស័យ​ដែល​មាន​ឥទ្ធិពល​លើ​សេដ្ឋកិច្ច​កម្ពុជា​មួយ​នេះ​អាច​ពិបាក​រើខ្លួន​រួច​ដោយសារ​វិបត្តិ​ផ្ទួនៗ​ គ្នា គឺ​ពេលនេះ​វិស័យ​នេះ​កំពុង​ធ្លាក់​ចុះ​ដោយសារតែ​វិបត្តិ​ជំងឺ​កូវីដ-១៩។

តាម​គម្រោង​សេចក្ដី​សម្រេច​របស់​គណៈកម្មការ​អឺរ៉ុប​ដែល​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ចំនួន​២០% ពី​កម្ពុជា នឹង​ចូល​ជាធរមាន​នៅ​ក្នុង​ខែ​សីហា ខាង​មុខ​នេះ ចំពោះ​ផលិត​ផល​ទំនិញ ដែល​នាំ​ចូល​ទៅ​ទីផ្សារ​សហភាព​អឺរ៉ុប ដោយសារ​តែ​រដ្ឋាភិបាល​លោក ហ៊ុន សែន ខកខាន​កែប្រែ​ស្ថានភាព​សិទ្ធិ​មនុស្ស អោយ​ប្រសើ​ឡើងវិញ។

សមាគម​រោងចក្រ​កាត់ដេរ​សំលៀក​បំពាក់ និង​ស្បែក​ជើង​អះអាង​ប្រាប់​គណៈកម្មការ និង​សភា​អឺរ៉ុប ថា​ពេល​នេះ​វិស័យ​កាត់ដេរ វាយនភណ្ឌ និង​ផលិត​ស្បែក​ជើង​នៅ​កម្ពុជា​កំពុង​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ពី​វិបត្តិ​ជំងឺ​កូវីដ-១៩ ហើយ​បើ​វិស័យ​នេះ​ត្រូវ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទៀត​នោះ​គឺ​មាន​ន័យ​ថា​វិស័យ​នេះ​នឹង​ជួប​ទ្វេគ្រោះ។

ក្នុង​លិខិត ដែល​ដាក់​ទៅប្រធាន​គណៈកម្មការ​អឺរ៉ុប អ្នកស្រី អឺសូឡា ហ្វុន ដែរ ឡែញ (Ursula von der Leyen) តំណាង​នាយកដ្ឋាន​កិច្ចការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ចូសេហ្វ បូរ៉េល ហ្វុនតេឡេស (Joseph Borrell Fonteless) និង​ប្រធាន​សភា​អឺរ៉ុប ដាវីដ ម៉ារៀ សាសូលី(David Maria Sassoli) សមាគម​រោងចក្រ​កាត់ដេរ​សំលៀក​បំពាក់ និង​ស្បែកជើង លើកឡើង​ថា មក​ដល់​ពេល​មាន​រោងចក្រ​ប្រមាណ​ ២៥០​ហើយ ដែល​បាន​ព្យួរ​ការងារ ឬ​បិទ​ទ្វារ​មិន​ដំណើរការ ហើយ​កម្មករ​ប្រមាណ ១៣ម៉ឺន​នាក់ ដែល​ភាគច្រើន​ជា​ស្រ្តី បាត់បង់​ការងារ។ សមាគម​លើកឡើង​ទៀត​ថា ចំនួន​អ្នក​រង​ផល​ប៉ះពាល់​នឹង​បន្ត​កើន​ឡើង​ទៀត​យ៉ាង​ឆាប់​ក្នុង​រយៈពេល​ដ៏ខ្លី ឯ​ការ​លក់​ផលិតផល​របស់​កម្ពុជា​ក្នុង​ផ្នែក​សំលៀក​បំពាក់ ស្បែកជើង និង​សម្ភារៈ​សម្រាប់​ធ្វើដំណើរ​អាច​នឹង​ធ្លាក់​ចុះ​រង្វង់ ៥០ ទៅ ៦០ភាគ​រយ​នៅ​ក្នុង​ឆមាស​ទី២ ក្នុង​ឆ្នាំ​២០២០ ដោយសារ​ការ​បញ្ជា​ទិញ​ពី​ហាង​ម៉ាក​ល្បី​ៗ នៅ​សហភាព​អឺរ៉ុប ​និង​អា​មេ​រិ​ក​ខាង​ខាង​ជើង​អាច​នឹង​ការ​លុប​ចោលការ​បញ្ជា​ទិញ។ សមាគម​ព្យាករណ៍​ថា​ពលរដ្ឋ​រាប់​លាន​នាក់​នឹង​វិលត្រឡប់​ទៅ​រក​ភាព​ក្រីក្រ​វិញ​នៅ​ពេល​ខាង​មុខ។

សមាគម​ស្នើ​ឱ្យ​គណៈកម្មការ​អឺរ៉ុប​ពន្យារពេល​​ដកហូត​ប្រពន្ធ​អនុគ្រោះ​ពន្ធ EBA ឱ្យ​​បាន​រយៈពេល​ ១២ខែ​ទៀត ពោល​គឺ​បន្ត​ពន្យារ​រហូត​ដល់ ខែ​សីហា ​ឆ្នាំ២០២១ វិញ ដើម្បី​ផ្ដល់​ឱកាស​អោយ​វិស័យ​នេះ​បាន​រើខ្លួន​រួច​ចេញ​ពី​ផល​ប៉ះ​ពាល់​នៃ​វិបត្តិ​ជំងឺ​កូវីដ-១៩ ​មួយគ្រាសិន។

ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ លោក​ វ៉ា​ន់ សូ​អៀង លើកឡើង​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​ថា​ ប្រសិន​បើ​សេចក្ដី​សម្រេច​របស់​អឺរ៉ុប​នៅ​តែ​បន្ត កម្ពុជា​នឹង​បាត់បង់​ការ​បញ្ជា​ទិញ​ថែម​ទៀត ហើយ​នឹង​ធ្វើ​អោយ​បាត់បង់​ឱកាស​ការងារ​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​បន្ថែម ហើយ​ការ​បាត់បង់​នេះ​នឹង​មិន​ត្រលប់​មក​វិញ​ជា​ដាច់ខាត។ លោក​ថា​សហភាព​អឺរ៉ុប​គួរតែ​ពន្យារពេល​ក្នុង​ការ​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​​ពន្ធ EBA ដែល ខ្លួន​បាន​កំណត់​ក្នុង​ខែ សីហា​ខាង​មុខ​នេះ បើ​មិន​ដូច្នេះ​ទេ វិស័យ​នេះ​នឹង​ធ្លាក់​កាន់តែ​ធ្ងន់ធ្ងរ​មិន​ធ្លាប់​មាន​ពី​មុន​មក។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ អោយ​ដឹង​ថា​សហជីព​ក៏​មាន​ក្ដី​បារម្ភ​មិន​ខុស​គ្នា​ពី​សមាគម​រោងចក្រ​ទាំង​នេះ​ដែរ ប៉ុន្តែ​លោក​ថា អ្នក​ដែល​ត្រូវ​ទទួលខុសត្រូវ​ដោះស្រាយ​បញ្ហា​នេះ​គឺ រដ្ឋាភិបាល៖ «យើង​សំណូមពរ​ទៅ​រដ្ឋាភិបាល​កម្ពុជា និង​សហគមន៍​អឺរ៉ុប​បន្ត​ធ្វើ​ការ​ជាមួយ​គ្នា យ៉ាង​ម៉េច​ដើម្បី​ដោះស្រាយ​បញ្ហា​បន្ត EBA ហ្នឹង​អោយ​បាន។ បើ​សិន​មិន​អាច​ដោះ​ស្រាយ​បាន​ទេ​មាន​ន័យ​ថា​កម្ពុជា​យើង​វា​មាន​បញ្ហា​២​ផ្ទួន​គ្នា​ក្នុង​ពេល​តែ​មួយ ដែល​ប្រទេស​ទូទៅ​គេ​បញ្ហា​តែ​កូវីដ​ទេ តែ​យើង​បញ្ហា​កូវីដ​ផង​បញ្ហា​នាម​ទំនិញ​ទៅ​អឺរ៉ុប​នឹង​ផង»

នៅ​ក្នុង​សេចក្ដី​សម្រេច​របស់​គណៈកម្មការ​អឺរ៉ុប​ក្នុង​ការ​ដក​ហូត​ប្រពន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​នោះ​បាន​បញ្ជាក់​ពី​តម្រូវការ អោយ​រដ្ឋាភិបាល​កែប្រែ​ស្ថានភាព​សិទ្ធិ​មនុស្ស​អោយ​ប្រសើរ​ឡើងវិញ​ប្រសិន​បើ​រដ្ឋាភិបាល​មិន​ចង់​បាត់​បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទាំង​នេះ ជាពិសេស​គឺ​ផ្នែក​សិទ្ធិ​ការងារ សិទ្ធិ​នយោបាយ សិទ្ធិពលរដ្ឋ​ ជាដើម។ ប៉ុន្តែ​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​តែងតែ​អះអាង​ម្ដង​ហើយ​ម្ដង​ទៀត​ថា ការ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០% មិន​មាន​ន័យ​ថា កម្ពុជា​បាត់បង់​ទីផ្សារ​នាំចេញ​ផលិតផល​ទៅកាន់​សហភាព​អឺរ៉ុប​នោះ​ទេ និង​ថា​រដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​វិធានការ​ជា​កញ្ចប់​រួចហើយ រួម​មាន ការ​កាត់បន្ថយ​ការ​ចំណាយ​មិន​សមរម្យ និង​បង្កើន​ភាព​ប្រកួតប្រជែង​នៃ​ផលិតផល​របស់​កម្ពុជា ជាដើម ដើម្បី​ប្រឈមមុខ​នឹង​ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA។

នាយក​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស(CENTRAL) លោក មឿន តុលា មាន​ប្រសាសន៍​ថា សហភាព​អឺរ៉ុប​ក៏​ត្រូវ​ទទួល​ខុស​ត្រូវ ចំពោះ​អ្នក​ប្រើប្រាស់​ទំនិញ​ពី​កម្ពុជា​ដែរ។ លោក​មើល​ឃើញ​ថា ​កម្ពុជា​ពិបាក​នឹង​គេច​ផុត​ពី​ការកំណត់​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ណាស់ ពីព្រោះ​មក​ដល់​ពេល​នេះ​រដ្ឋាភិបាល​នៅ​មិន​ទាន់​ធ្វើ​អោយ​មាន​ភាព​ប្រសើរ​នៅ​ឡើយ​ទេ​ចំពោះ​បញ្ហា​សិទ្ធិ​មនុស្ស ដែល​ជា​លក្ខខណ្ឌ​របស់ គណៈកម្មការ​អឺរ៉ុប​នោះ៖ «យើង​ឃើញ​រដ្ឋាភិបាល​កម្ពុជា​លោក​ហាក់​ដូច​ជា​ធ្វើ​បាន​តិច​មែនទែន​ក្នុង​ការ​កែ​លម្អ​បញ្ហា​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​សិទ្ធិ​ការងារ។ ប៉ុន្តែ​ផ្ទុយទៅវិញ​ការសម្រេច​របស់​សហគមន៍​អឺរ៉ុប​ព្យួរ ២០%ហ្នឹង​ ជា​ការ​សម្រេច​មួយ ដែល​ផ្អែក​ទៅ​លើ​គោល​ការណ៍​ទាំង​ការទូត និង​គោលការណ៍​មនុស្ស​ធម៌។ ខ្ញុំ​គិត​ថា ខាង​សហគមន៍​អឺរ៉ុប​គេ​បាន​ព្យាយាម​សម្របសម្រួល​អស់​ជាច្រើន​មក​ហើយ»

លោក មឿន តុលា លើកឡើង​ថា​ក្នុង​ផ្នែក​សិទ្ធិ​ការងារ រួម​នឹង​សេរីភាព​សហជីព ក៏​មិន​ទាន់​មាន​ការ​កែ​លម្អ បន្ថែម​ពី​លើ​នេះ​អាជ្ញាធរ​ក្រុងភ្នំពេញ​ក៏​ចាប់​ផ្ដើម​រឹតត្បិត​កាន់​តែ​ខ្លាំង​ដល់​សិទ្ធិ​នយោបាយ និង​សិទ្ធិ​ពលរដ្ឋ ដោយ​ការ​ចាប់​ខ្លួន​សមាជិក និង​សកម្មជន​គណបក្ស​ប្រឆាំង​ជាបន្តបន្ទាប់ ទៅ​ជា​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ជំងឺ​កូវីដ-១៩ ក្ដី។

ក្នុង​ស្ថានភាព​នេះ​លោក នាយក​រដ្ឋមន្ត្រី បាន​ប្រកាស​ជា​សាធារណៈ​កាល​ពី​ថ្ងៃ ទី១ ខែ​មិថុនា​ថា​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​ចំពោះ​មុខ​ជំងឺឆ្លង​ដ៏​កាច​សាហាវ​កូវីដ-១៩ នេះ រឿង​សិទ្ធិ​មនុស្ស សិទ្ធិ​នយោបាយ​ជាដើម​នោះ​គឺ​ត្រូវ​ដក​ទុក​មួយ​ឡែក​សិន៖ «អ្ហែង​ត្រូវ​ដឹង ហើយ​អញ​ប្រាប់​អ្ហែង​ឱ្យ​ត្រង់ អោយ​ច្បាស់ រាប់ទាំង​អ្នកធ្វើ​សកម្មភាព​ក្នុង​ស្រុក អ្ហែង​ធ្វើ​អញ​ចាប់ វិទ្ធង្សនា ភេរវកម្ម មិនមែន​សំដៅ​តែ​ទៅ​លើ​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​គ្រាប់​មីន​នោះ​ទេ។​ អ្នកឯង​ធ្វើ​វិទ្ធង្សនា​សេដ្ឋកិច្ច​បំផ្លាញ​ជាតិ​យ៉ាង​ដូច្នេះ​គ្មាន​រឿង​ត្រូវ​ទុក​អ្នកឯង​ទេ។ រឿង​សិទ្ធិ​មនុស្ស​ទុក​មួយ​ឡែក​សិន។ ពួក​អ្ហែង​បំផ្លាញ​រឿង​អី​និយាយ​ដល់​សិទ្ធិ​មនុស្ស»

តែ​ទោះ​ជា​យ៉ាង​ណា​លោក មឿន តុលា មិន​យល់ស្រប​នឹង​ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​សែន នេះ​ទេ ដ្បិត​កម្ពុជា​នៅ​អនុវត្ត​តាម​រដ្ឋធម្មនុញ្ញ ដែល​ចាំបាច់​ត្រូវ​ធានា​ការ​គោរព​សិទ្ធិមនុស្ស។

ចំពោះ​សំណើ​របស់​សមាគម​រោងចក្រ​កាត់ដេរ និង​ផលិត​ស្បែក​ជើង​ដែល​សុំ​ពន្យារ​ការ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA​ នេះ អាស៊ី​សេរី​នឹង​ព្យាយាម​សាកសួរ​ទៅ​គណៈកម្មការ​អឺរ៉ុប ដើម្បី​បាន​ការ​ឆ្លើយ​តប​មក​វិញ។

សេចក្ដី​សម្រេច​របស់​សហភាព​អឺរ៉ុប​នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី១២ ខែ​សីហា​ខាង​មុខ ដូច្នេះ​រដ្ឋាភិបាល​លោក ហ៊ុន សែន នៅ​មាន​មួយ​រយៈ​ពេល​ទៀត ដើម្បី​កែប្រែ​ស្ថានភាព​សិទ្ធិមនុស្ស​ឱ្យ​ល្អ​ឡើង​វិញ ប្រសិនបើ​ចង់​ទទួល​បាន EBA ២០% នេះ​ឡើង​វិញ និង​ថែរក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ កុំ​ឱ្យ​បាត់បង់​បន្ត​ទៅ​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles