សមាគម​៣​ទទូច​ជា​ថ្មី​​ស្នើ​អឺរ៉ុប​ពន្យារ​ពេល​ដក​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​ពី​កម្ពុជា​

ការងារ | ព័ត៌មានជាតិ | ពាណិជ្ជកម្ម | សេដ្ឋកិច្ច
លោក ត្រាន់ តិចសេង |០៣ មិថុនា ២០២០ | ម៉ោង ៦:៣៥ ព្រឹក
VOD

កម្មករ-កម្មការិនីកំពុងបំពេញការងារក្នុងរោងចក្រមួយកន្លែងក្នុងក្រុងភ្នំពេញ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៤។ (ឆពណ្ណ បញ្ញា)

កម្មករ-កម្មការិនីកំពុងបំពេញការងារក្នុងរោងចក្រមួយកន្លែងក្នុងក្រុងភ្នំពេញ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៤។ (ឆពណ្ណ បញ្ញា)


សមាគមចំនួន ៣ របស់ក្រុមថៅកែរោងចក្រ និងអ្នកជំនួញធំៗនៅកម្ពុជា ស្នើ​អឺរ៉ុបជាថ្មីទៀតពន្យារការដកប្រព័ន្ធអនុគ្រោះពន្ធ (EBA) ដើ​ម្បីជួយសង្គ្រោះការងាររបស់ប្រជាពលរដ្ឋដែលកំពុងបាត់បង់ដោយសារឥទ្ធិពលធ្ងន់ធ្ងរពីមេរោគឆ្លងរាតត្បាតកូវីដ១​៩។

សមាគមរោងចក្រកាត់ដេរ GMAC សមាគមរោងចក្រស្បែកជើង CFA និងសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា បានចេញលិ​ខិតរួ​មគ្នាមួយ ស្នើទៅអឺរ៉ុបពន្យារពេលដក EBA ដោយសារវិបត្តិកូវីដ១៩ កំពុងប៉ះទង្គិចធ្ង​​ន់ធ្ងរដល់រោងចក្រផលិតទំនិញ ដំណើរ ស​​ម្លៀកបំពាក់ និងស្បែកជើង រួមទាំងកម្មករធ្វើការនៅតាមរោងចក្រទាំងនោះ។

ចាប់តាំងពីសហភាពអឺរ៉ុបសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ ២០ភាគរយមក សមាគមទាំងនេះបានដាក់សំណើជាបន្តបន្ទាប់ ដើម្បីស្នើឱ្យអឺរ៉ុបលុបចោលការសម្រេចវិញ ព្រោះថា ការដាក់ទណ្ឌកម្មនេះធ្វើឱ្យប៉ះពាល់ដល់ជីវភាពរបស់ខ្មែររាប់លាននាក់។

ក្នុងលិខិតចុះថ្ងៃទី០២ ខែមិថុនា សមាគមទាំង ៣ លើកឡើងបន្ថែមថា រោងចក្រនៅកម្ពុជាប្រមាណ ២៥០ដែលផលិតទំនិញទាំងនោះ បានបង្ខំចិត្តផ្អាកប្រតិបត្តិការទាំងស្រុង ខណៈរោងចក្រភាគច្រើនផ្សេងទៀត កំពុងកាត់បន្ថយចង្វាក់ផលិតកម្ម ដោយ​សា​រការធ្លាក់ចុះការបញ្ជាទិញ។

លិខិតដដែលលើកឡើងទៀតថា កម្មករជាង ១៣ម៉ឺននាក់ក្នុងវិស័យទាំងនេះ ដែលភាគច្រើនជាស្រ្តីបានបាត់បង់ការងារ ហើយតួលេខនេះ នឹងកើនឡើងខ្លាំងនៅប៉ុន្មានសប្តាហ៍ និងប៉ុន្មានខែខាងមុខ ។

អគ្គលេខាធិការសមាគមរោងចក្រស្បែកជើង លោក បិន កែវ លើកឡើងក្នុងលិខិតថា ដំណើរការលក់ទំនិញ ស្បែកជើង និ​ងសម្លៀកបំពាក់នៅកម្ពុជា នៅត្រីមាសទី ២ខាងមុខ នឹងធ្លាក់ចុះពី ៥០ ទៅ ៦០ភាគរយ ធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២​០​១៩ ហើយការលក់ នឹងកើនវិញតិចតួចនៅមុនឆ្នាំ២០២១។

លោក បិន កែវ សរសេរបន្ថែមថា៖ «គ្រួសារកម្ពុជារាប់សែនកំពុងស្ថិតក្នុងហានិភ័យនៃភាពបាត់បង់ការងារ ហើយពលរដ្ឋកម្ពុជារាប់លាននាក់ អាចនឹងធ្លាក់ចូលទៅក្នុងភាពក្រីក្រជាថ្មី ប្រសិនបើគ្មានដំណោះស្រាយណាមួយទេនោះ»

គណៈកម្មការអឺរ៉ុប គ្រោងនឹងព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា លើផលិតផលសម្លៀកបំ​ពាក់ ២០ភាគរយ ស្បែកជើង ៣០ភាគរយ និងសម្ភារធ្វើដំណើរគ្រប់មុខ ចាប់ពីខែសីហាខាងមុខ។

ប្រធានសមាគម GMAC លោក វ៉ាន់ ស៊ូឡេង លើកឡើងថា ការសម្រេចនេះនឹងបង្កការខូចខាតធ្ងន់ធ្ងរដល់វិស័យរោងចក្រទាំ​ងនោះ បន្ថែមពីលើផលប៉ះពាល់ពីវិបត្តិជំងឺឆ្លង។

លោក វ៉ាន់ ស៊ូឡេង ព្រមានក្នុងលិខិតដដែលថា៖ «ប្រសិនការដក [EBA] ដំណើរការទៅមុខទៀត ការបញ្ជាទិញ និងការងារ នឹងត្រូវបាត់បង់ច្រើនឡើងថែមទៀត ឬនឹងមិនត្រឡប់មកវិញ។ សហភាពអឺរ៉ុប មិនត្រូវព្រងើយចំពោះស្ថានភាពចុះដុនដាបនេះ និងផលប៉ះពាល់ធ្ងន់ធ្ងរពីការដកប្រយោជន៍ EBA [ពីកម្ពុជា] ក្នុងខែសីហា ខណៈការខូចខាតមិនធ្លាប់មាន ដោយសារមេរោគឆ្លងកំពុងធ្លាក់មកលើវិស័យរបស់យើងនៅឡើយ»

នៅថ្ងៃទី​១២ ខែកុម្ភៈ គណៈកម្មការអឺរ៉ុបបាន​សម្រេចដកហូត​ផ្នែក​ខ្លះនៃប្រព័​ន្ធ​អនុគ្រោះ​ពន្ធ EBA ជាបណ្តោះអាសន្នពីកម្ពុជា ក្រោ​មហេតុផលថា ​កម្ពុជាបាន​រំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ និងជាប្រព័ន្ធ ដែល​ផ្ទុយពី​កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។

បើគ្មានអ្វីប្រែប្រួល ដំណើរការដកហូតនឹងចាប់ផ្តើម​នៅ​ថ្ងៃទី​១២ ខែសីហា ឆ្នាំ២០២០ ហើយការនាំចេញរបស់កម្ពុជាទៅកាន់​សហភាព​អឺរ៉ុបជារៀងរាល់ឆ្នាំ នឹងប៉ះពាល់ក្នុងទំហំទឹកប្រាក់​ប្រមាណជាង​ ១ពាន់ ១រយលានដុល្លារ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

One Response to "សមាគម​៣​ទទូច​ជា​ថ្មី​​ស្នើ​អឺរ៉ុប​ពន្យារ​ពេល​ដក​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​ពី​កម្ពុជា​"

  1. Anonymous says:

    Before asking EUROPE ‘ you all should ask this beast regime about respected human right and freedom of speech O K ‘ . You should know ‘ this leader of this country are crooks mafia and never respected constitution so EUROPE can’t help because of your laeder’