កម្មករ​​រោង​ចក្រ​​មួយ​​នៅ​​ក្រុង​​តា​ខ្មៅ​​ព្រមាន​​លក់​​សម្ភារ​​ឡាយ​ឡុង​ បន្ទាប់​ពី​​ថៅកែ​​ខក​ខាន​​ផ្តល់​​ប្រាក់​សំណង​​ជូន​​ពួក​​គេ​​

ការងារ | ព័ត៌មានជាតិ
លោក ឃុត សុគន្ធ | ០៤ មិថុនា ២០២០ | ម៉ោង ៥:០៨ ល្ងាច
VOD

រោងចក្រ Dignity ក្នុងសង្កាត់ សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ (ហ៊ុន សិរីវឌ្ឍន៍/ ០១ ឧសភា ២០២០)

រោងចក្រ Dignity ក្នុងសង្កាត់ សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ (ហ៊ុន សិរីវឌ្ឍន៍/ ០១ ឧសភា ២០២០)


កម្មករ​-កម្មការិនី​បម្រើការ​ងារ​នៅ​រោងចក្រ ឌី​កនើ​ធី នី​តធើរ លីមីត​ធី​ត (Dignity Knitter Limited​) ស្ថិត​ក្នុង​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល បាន​ព្រមាន​លក់​ឡាយឡុ​ងនូវ​សម្ភារ​របស់​ក្រុមហ៊ុន ដើម្បី​យក​លុយ​ដោះស្រាយ​សំណង​ជូន​ពួក​គេ បន្ទាប់ពី​ថៅកែ​រោងចក្រ​មួយ​នេះ មិនបាន​ទូទាត់​តាម​កិច្ច​ព្រមព្រៀង។

កម្មករ​រោងចក្រ ឌី​កនើ​ធី នី​តធើរ បាន​នាំគ្នា​ដេក​យាម​មុខ​រោងចក្រ​ចាប់តាំងពី​ពាក់កណ្តាល​ខែកុម្ភៈ​រហូតមកដល់​ថ្ងៃនេះ ពោល​គឺ​រយៈពេល ៥ខែ​ហើយ ដើម្បី​ទប់ស្កាត់​មិន​ឱ្យមានការ​ដឹក​សម្ភារ​ចេញ ខណៈ​ថៅកែ​រោងចក្រ​មួយ​នេះ​មិន​បើកប្រាក់​ឈ្នួល​ជូន​កម្មករ។

តង់ខាងមុខរោងចក្រ Dignity ក្នុងសង្កាត់ សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលកម្មកររោងចក្រយាមពេលថ្ងៃ និងសម្រាកនៅពេលយប់។ (ហ៊ុន សិរីវឌ្ឍន៍/ ០១ ឧសភា ២០២០)

រោងចក្រ ឌី​កនើ​ធី នី​តធើរ ដែល​មានកម្ម​ករ​ជាង ១ពាន់​នាក់ បាន​ប្រកាស​បិទទ្វារ​រោងចក្រ​របស់​ខ្លួន​កាលពី​ថ្ងៃទី៧ ខែមេសា ដោយ​ពុំ​មានការ​ជូនដំណឹង និង​ដោះស្រាយ​សំណង​ជូន​កម្មករ​នោះ​ទេ ខណៈ​ប្រាក់ឈ្នួល​របស់​កម្មករ​នៅ​រោងចក្រ​នេះ បាន​បើក​ឱ្យ​រអាក់រអួល​តាំងពី​ចុងខែ​ធ្នូ ឆ្នាំ២០១៩។

លោក ចិក ប៊ុ​នសាន អនុប្រធាន​សហជីព​ស៊ី​ខៅ​ឌូ​ប្រចាំ​រោងចក្រ ឌី​កនើ​ធី នី​តធើរ ប្រាប់​វី​អូ​ឌី​ថា ក្រោយ​ថៅកែ​ប្រកាស​បិទទ្វារ​រោងចក្រ​ជា​ផ្លូវការ គឺ​នៅ​ថ្ងៃទី១៧ ខែមេសា ក្រសួងការងារ​បាន​ហៅ​តំណាង​កម្មករ និង​តំណាង​រោងចក្រ​ទៅ​ដោះស្រាយ​សំណង។

លោក ចិក ប៊ុ​នសាន បន្ត​ថា កាលនោះ ភាគី​រោងចក្រ​បាន​ព្រមព្រៀង​ទូទាត់​លុយ និង​អត្ថ​ប្រយោជន៍​ជូន​កម្មករ​ចំនួន ៤ចំណុច មាន​ប្រាក់ខែ​ចុងក្រោយ ប្រាក់បំណាច់​ឆ្នាំ ប្រាក់​រំលឹក​អតីតភាព​ការងារ និង​ប្រាក់​ជូនដំណឹង ដោយ​សន្យា​បើកឱ្យ​កម្មករ​នៅ​ថ្ងៃទី៣០ ខែឧសភា ប៉ុន្តែ ដល់ថ្ងៃកំណត់ហើយ​ ខាង​ក្រុមហ៊ុន​មិនបាន​បើកលុយឱ្យកម្មករ​ឡើយ។

អនុប្រធាន​សហជីព​រូប​នេះ ឱ្យដឹង​ថា ក្រោយ​ក្រុមហ៊ុន​ខក​ខន​មិនបាន​បើកប្រាក់​សំណង​ជូន​កម្មករ​តាម​ការកំណត់ គឺ​កា​លពីម្សិញ​មិញ​នេះ ក្រសួងការងារ​បាន​ហៅ​តំណាង​កម្មករ និង​តំណាង​រោងចក្រ​ទៅ​ដោះស្រាយ​ម្តង​ទៀត។ លោក​ថា ក្នុង​ពេល​ជួប​ចរ​ចា​រក​ដំណោះស្រាយ​នោះ គឺ​ភាគី​រោងចក្រ​សុំ​ពិនិត្យ​បញ្ជី​ឈ្មោះ​កម្មករ និង​សុំ​គណនា​ចំនួន​លុយ​សំណង​កម្មករ​ម្តង​ទៀត ហើយ​បាន​សន្យា​ជូនដំណឹង​ពី​ការ​បើកប្រាក់​សំណង​ជូន​កម្មករ​នៅ​ថ្ងៃទី១២ ខែមិថុនា​នេះ។

លោក ចិក ប៊ុ​នសាន ព្រមាន​ថា ប្រសិនបើ​ថៅកែ​នៅតែ​បន្ត​ពន្យា​រពេល​បើកប្រាក់​សំណង​ជូន​កម្មករ​ទៀត គឺ​ក្រុម​កម្មករ​នឹង​សម្រេច​លក់​សម្ភារ​របស់​ក្រុមហ៊ុន ដើម្បី​យក​លុយ​នោះ​ដោះស្រាយ​សំណង​របស់​ពួក​គេ ដោយ​ថា ក្រុម​កម្មករ​មិន​អាច​រង់ចាំ​យូរ​ទៀត​បាន​ឡើយ។

លោក​ប្រាប់​ថា៖ «នៅ​ថ្ងៃទី១២ហ្នឹង ទោះ​ក្រុមហ៊ុន​ជូនដំណឹង ឬមិន​ជូនដំណឹង គឺ​ពួក​ខ្ញុំ​ឈប់​និយាយ​ជាមួយ​ក្រុមហ៊ុន​ហើយ គឺ​យើង​បង្កើត​គណៈកម្មការ​មួយ​ជាមួយ​ក្រសួងការងារ ដោយ​យើង​សម្រេច​លក់​អីវ៉ាន់​របស់​ក្រុម​ហ៊ុន​ឡាយឡុង បាន​ប៉ុន្មានគឺ​យើង​គិត​​ឱ្យកម្មករ​ប៉ុណ្ណឹង ​ព្រោះ​កម្មករ​គាត់​រង់ចាំ​យូរហើយ ហើយ​អន្ទះ​សារ​ខ្លាំង​ណាស់ ដោយសារ​ពួក​គាត់​អត់​លុយ​បង់​ធនាគារ គាត់​ខ្វះខាត​ក្នុង​ជីវភាព​ ដោយសារ​គាត់​អត់​បាន​ទៅ​រកលុយ រក​ការងារ​ធ្វើ​ ដោយសារ​គាត់​រវល់​ដេក​យាម​មុខ​រោងចក្រ»។

វី​អូ​ឌី​បាន​ព្យាយាម​ទាក់ទង​ទៅ​ភាគី​ថៅកែ​រោងចក្រ ឌី​កនើ​ធី នី​តធើរ ទៅតាម​លេខទូរសព្ទ​ដែល​ត្រូវ​បាន​ភ្ជាប់​ក្នុង​បញ្ជី​ការ​នៃ​ក្រសួង​ពាណិជ្ជកម្ម​​កម្ពុជា ប៉ុន្តែ អ្នកប្រើ​ប្រាស់​លេខទូរសព្ទ​ទាំងនោះ ប្រាប់​ថា ពួក​គេ​មិនមែន​ជា​តំណាង​ភាគី​ថៅកែ​រោងចក្រ​នេះ​ឡើយ។

វី​អូ​ឌី​បាន​ទាក់ទង​តាម​លេខទូរសព្ទ​មួយ​ខ្សែ​ទៀត ហើយ​បុរស​ម្នាក់​ប្រាប់​ថា លោក​ឈ្មោះ លីម ផេង​សាន ហើយ​ប្រាប់​ថា ជា​ម្ចាស់​អគារ និង​ទីតាំង​រោងចក្រ ឌី​កនើ​ធី នី​តធើរ។ លោក ផេង​សាន បានឱ្យ​ដឹង​បន្ថែម​ថា លោក​ក៏​កំពុង​ស្វែងរក​ថៅកែ​រោងចក្រ​នេះ​ផង​ដែរ ដោយ​ថា ​ថៅកែ​រោងចក្រ​ជំពាក់​ថ្លៃឈ្នួល​ជួល​អគារ និង​ទីតាំង​របស់​លោក​អស់​រយៈពេល ៣ខែ​មក​ហើយ។

វី​អូ​ឌី​បាន​សុំ​ការ​ឆ្លើយតប​ពី​អ្នកនាំពាក្យ​ក្រសួងការងារ លោក ហេង សួរ តាម​ប្រព័ន្ធ​តេឡេក្រាម​ដែរ ប៉ុន្តែ លោក​មិន​ឆ្លើយ។

ចំណែក​អនុប្រធាន​ផ្នែក​អន្តរាគមន៍ និង​ដោះស្រាយ​បាតុកម្ម​កូដកម្ម​គ្រប់មុខ​សញ្ញា នៃ​ក្រសួងការងារ លោក អ៊ូ រតនា ដែល​កាន់​សំណុំរឿង​នេះ សុំ​មិន​ឆ្លើយតប​ទេ ដោយ​លោក​ថា កំពុងរវល់​ដោះស្រាយ​វិវាទ​ការងារ​កម្មករ​នៅ​ផ្លូវជាតិ​លេខ៣។

ប្រធាន​សម័្ពន្ធ​សហជីព​ស៊ី​ខៅ​ឌូ លោក គង់ អាទិត្យ ប្រាប់​ថា ករណី​រោងចក្រ ឌី​កនើ​ធី នី​តធើរ នេះ គឺជា​កំហុស​ធ្ងន់ធ្ងរ​មួយ​របស់​ថៅកែ លោក​ថា ការ​មិន​អនុវត្ត​តាម​កិច្ច​ព្រមព្រៀង​ពីសំណាក់ថៅកែ​រោងចក្រនេះ គឺ​បាន​ធ្វើឱ្យកម្មករ​បន្ត​រង​ទុក​្ខលំបាក។

បើ​តាម​លោក គង់ អាទិត្យ សម្ភារ​ក្នុង​រោងចក្រ ឌី​កនើ​ធី នី​តធើរ នៅសល់​ច្រើន ដែល​លោក​ប៉ាន់ប្រមាណ​ថា សម្ភារ​ទាំងនោះ​បើ​លក់​ទៅ​ អាច​ទទួល​បាន​កម្រៃ​គ្រប់ ឬក៏​លើស​ប្រាក់សំណង​ដែល​ថៅកែ​ជំពាក់​កម្មករ។

ប្រធាន​សម័្ពន្ធ​សហជីព​ស៊ី​ខៅ​ឌូ​រូប​នេះ អះអាង​ថា ក្នុង​កិច្ច​ប្រជុំរវាង​តំណាង​កម្មករ តំណាង​រោងចក្រ និង​តំណាង​ក្រសួង​ កាលពី​ម្សិលមិញ គឺ​តំណាង​កម្មករ​បាន​ស្នើ​ទៅ​ក្រសួង​ការ​ងារជួយ​សម្របសម្រួល​លក់​ឡាយ​ឡុង​សម្ភារ​ក្នុង​រោងចក្រ ប្រសិនបើ​ថៅកែ​នៅ​បន្ត​ពន្យារ​បើកលុយឱ្យពួក​គេ។

លោក​បន្ថែម​ថា៖ «អ្វី​ដែល​យើង​បាន​សំ​ណូម​ពរ​ទៅ​ក្រសួងការងារ​ហ្នឹង គឺ​ក្រសួង​បាន​ដាក់​ក្នុង​កំណត់ហេតុ​ហើយ​ ថាលើក​នេះ​ជា​លើក​ចុងក្រោយ​ហើយ បើសិន​ថៅកែ​អត់បើ​កលុយ​ឱ្យទៀត គឺ​កម្មករ​សុំ​ឱ្យនិយោ​ជកហ្នឹង​ប្រ​គល់​សិទ្ធិ​ឱ្យកម្មករ​ ដើម្បី​លក់​ឡាុយឡុង​សម្ភារ​របស់​ក្រុមហ៊ុន។ ហើយ​ក្រសួង ​គេ​ក៏​បាន​សរសេ​រក្នុង​កំណត់​ហេតុហ្នឹង​ដែរ​ថា លែង​មាន​ការ​ពន្យា​រពេល​អី​ឱ្យ​ទៀត​ដែរ នេះ​ជា​លើក​ចុងក្រោយ​ហើយ។ អ៊ីចឹង​ មើលទៅ ​ក្រសួង​គេ​ហាក់​មាន​ទិ​ន្នា​ការ​ស្រដៀង​យើង​ដែរ គេ​ចង់​បញ្ចប់រឿង​ហ្នឹង​ដែរ»។

មន្រ្តី​ដោះស្រាយ​វិវាទ​នៅ​សម្ព័ន្ធ​សហជីព​ស៊ី​ខៅ​ឌូ លោក ស៊ាង យ៉ូ​ត ដែល​សម្របសម្រួល​ដោះស្រាយ​វិវាទ​ការ ឌី​កនើ​ធី នី​តធើរ ប្រាប់​វី​អូ​ឌីកា​លពី​ថ្ងៃទី១០ ខែមេសា ​ថា រោងចក្រ ឌី​កនើ​ធី នី​តធើរ មានកម្ម​ករ​សរុប ១០៤៩នាក់ ហើយ​ថៅកែ​រោងចក្រ​នេះ ជំពាក់​សំណង​កម្មករ​តាមផ្លូវ​ច្បាប់​ប្រហែល ១លាន ៥៩ម៉ឺន ៩ពាន់​ដុល្លារ​៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

2 Responses to "កម្មករ​​រោង​ចក្រ​​មួយ​​នៅ​​ក្រុង​​តា​ខ្មៅ​​ព្រមាន​​លក់​​សម្ភារ​​ឡាយ​ឡុង​ បន្ទាប់​ពី​​ថៅកែ​​ខក​ខាន​​ផ្តល់​​ប្រាក់​សំណង​​ជូន​​ពួក​​គេ​​"

  1. Anonymous says:

    the evil spirit going down every thing come at the same time . to bad so sad it does not matter what HUN SEN do even if he kill more people he still can not change it . time for you to go back to school start from ABCD then you can talk like human being. the heart attack will come to this evil monster at any time because he is full of angers . I’m out of my mind when he said >>REING..REING…ANH… OH ..GOD even I’m not a SAM RANSY fane I knew SAM RANSY never speak to HUN SEN that kind of word REING…ANH… even those he is older then this evil monster. so after all what do you think Cambodian?? keep him or take him out . WELL ..I know if you keep him this nation will end soon so every thing is up to you guy. GOD bless Cambodia

  2. Anonymous says:

    This regime can’t help you ‘ you must do what ever you wanted to do