រដ្ឋសភា​ឯក​បក្ស​របប​លោក ហ៊ុន សែន អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ប្រឆាំង​​អំពើ​លាង​លុយ​កខ្វក់ ខណៈ​មន្ត្រី​សង្គម​ស៊ីវិល​ថា គ្មាន​ការ​ពិគ្រោះ​យោបល់

ដោយ មាន ឫទ្ធិ
2020-06-04
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

កិច្ចប្រជុំ​រដ្ឋសភា​ឯក​បក្ស​នៃ​របប​លោក ហ៊ុន សែន អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ចំនួន​ពីរ ប្រឆាំង​នឹង​អំពើ​សម្អាត​ប្រាក់ ឬ​លាង​លុយ​កខ្វក់ នៅ​ថ្ងៃ​ទី៤ ខែ​មិថុនា ឆ្នាំ២០២០។

កិច្ចប្រជុំ​រដ្ឋសភា​ឯក​បក្ស​នៃ​របប​លោក ហ៊ុន សែន អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ចំនួន​ពីរ ប្រឆាំង​នឹង​អំពើ​សម្អាត​ប្រាក់ ឬ​លាង​លុយ​កខ្វក់ នៅ​ថ្ងៃ​ទី៤ ខែ​មិថុនា ឆ្នាំ២០២០។

 រូប៖ រដ្ឋសភា


រដ្ឋសភា​ឯក​បក្ស​នៃ​របប​លោក ហ៊ុន សែន នឹង​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ចំនួន​ពីរ ប្រឆាំង​នឹង​អំពើ​សម្អាត​ប្រាក់ ឬ​លាង​លុយ​កខ្វក់ នៅ​ថ្ងៃ​ទី៤ មិថុនា​នេះ។ ការ​គ្រោង​អនុម័ត សេចក្ដី​ព្រាង​ច្បាប់​ទាំង​ពីរ​នេះ យ៉ាង​ប្រញាប់ប្រញាល់​ដូច្នេះ កើតមានឡើង ក្រោយ​គណៈកម្មការ​អឺរ៉ុប​សម្រេច​ដាក់​បញ្ចូល​កម្ពុជា ទៅ​ក្នុង​បញ្ជី​ខ្មៅ​នៃ​ក្រុម​ប្រទេស លាង​លុយ​កខ្វក់។ មន្ត្រី​សង្គម​ស៊ីវិល​ថា ច្បាប់​ទាំង​ពីរ​នេះ ធ្វើ​ឡើង​ដោយ​គ្មាន​ការ​ពិគ្រោះ យោបល់ ឬ​ប្រមូល​ធាតុ​ចូល ពី​ខាង​សង្គម​ស៊ីវិល ដើម្បី​ចូលរួម​ចំណែក​ធានា​ការ​ទប់​ស្កាត់​អំពើ លាង​លុយ​កខ្វក់​នៅ​កម្ពុជា​ឲ្យ​មាន​ប្រសិទ្ធភាព។

សេចក្តីព្រាង​ច្បាប់​ទាំង​ពីរ​ដែល​រដ្ឋសភា​នឹង​យក​មក​អនុម័ត​នៅ​ថ្ងៃ​នេះ គឺ​សេចក្ដី​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម និង​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​ប្រឆាំង ហិរញ្ញប្បទាន​ដល់​ការ​រីក​សាយ​ភាយ​អាវុធ​មហា​ប្រល័យ។

អគ្គលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង ថា នឹង​មិន​មាន​ការ​ពិភាក្សា ដេញដោល​ស៊ី​ជម្រៅ​នោះ​ទេ នៅ​ក្នុង​សម័យ​ប្រជុំ​រដ្ឋសភា​នៅ​ថ្ងៃ​នេះ ព្រោះ​សេចក្ដី​ព្រាង​ច្បាប់ ទាំង​ពីរ​នេះ​បាន​ឆ្លង​កាត់​ការ​សិក្សា​ស្រាវជ្រាវ និង​ពិភាក្សា​ចប់​សព្វ​គ្រប់​ហើយ។ លោក​សង្ឃឹម​ថា ច្បាប់​ថ្មី​នេះ​នឹង​ចេញ​រួច​នៅ​ថ្ងៃ​នេះ។ មន្ត្រី​នាំ​ពាក្យ​រដ្ឋសភា​ឯក​បក្ស​រូប​នេះ បដិសេធ​ប្រាប់​លម្អិត​ពី​ខ្លឹមសារ និង​ទោស​ទណ្ឌ ដែល​ច្បាប់​ថ្មី​នេះ​ដាក់​ចេញ តែ​លោក​ថា ច្បាប់​ថ្មី​នេះ​មាន​យន្តការ​គ្រប់​គ្រាន់ ដើម្បី​ឲ្យ​អន្តរជាតិ​ជឿជាក់៖ «ច្បាប់​នេះ គឺ​យើង​ធ្វើ​ដោយ​បាន​ពិគ្រោះ មាន​ការ​សិក្សា ស្រាវជ្រាវ​ជាមួយ​នឹង​ប្រទេស​មួយ​ចំនួន​ដែល​ពាក់ព័ន្ធ ហើយ​នឹង​អង្គការ​មួយ​ចំនួន​ដែល ពាក់ព័ន្ធ​នឹង​បញ្ហា​សម្អាត​ប្រាក់ គឺ​យើង​ធ្វើ​ទៅ​តាម​លំនាំ​របស់​ច្បាប់​អន្តរជាតិ ដែល​មាន​ហើយ។ យើង​គិត​ថា ប្រហាក់ប្រហែល​គ្នា គ្រាន់​តែ​ជា​ច្បាប់​ជាតិ។ អ៊ីចឹង មិន​ខ្វះ​បែប​បទ​ណា​មួយ​ទេ ឬ​មិន​អន់​ជាង​ច្បាប់​អន្តរជាតិ​ទេ។ ដូច្នេះ ខ្ញុំ​ថា​ច្បាប់​នេះ មាន​លក្ខណៈ​គ្រប់គ្រាន់​ហើយ ដើម្បី​ឲ្យ​ខាង​ក្រៅ​ជឿជាក់​ថា កម្ពុជា​មាន​ច្បាប់ ហើយ​មាន​ឆន្ទៈ​ដើម្បី​មាន​សកម្មភាព ប្រឆាំង​នឹង​ការ​រីក​សាយ​ភាយ​អាវុធ​ប្រល័យ​លោក និង​ការ​សម្អាត​ប្រាក់​ដែល​មាន​ទិសដៅ ហិរញ្ញប្បទាន​ចំពោះ​ភេរវកម្ម»

ផ្ទុយ​ពី​ការ​អះអាង​របស់​អ្នក​នាំ​ពាក្យ​រដ្ឋសភា​រូប​នេះ​ដែល​ថា ច្បាប់​ទាំង​ពីរ​នេះ​មាន ការ​ពិគ្រោះ​យោបល់​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​នោះ នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី ថា សេចក្ដី​ព្រាង​ច្បាប់​ទាំង​ពីរ​នេះ ធ្វើ​ឡើង​ដោយ​ពុំ​មាន​ការ​ពិគ្រោះ​យោបល់ ឬ​ប្រមូល​ធាតុ​ចូល​ពី​តំណាង​អង្គការ​សង្គម​ស៊ីវិល​ឡើយ៖ «តាម​ដែល​ខ្ញុំ​ដឹង ដូច​ជា មិន​មាន​ព័ត៌មាន​អំពី​ការ​ជជែក​ពិភាក្សា អំពី​ខ្លឹម​សារ​របស់​ច្បាប់​ហ្នុង ជាមួយ​ដៃគូ​ពាក់ព័ន្ធ​ទេ ហើយ​ខាង​សាធារណជន ក៏ដូចជា មិន​មាន​ព័ត៌មាន​ស្ដី​អំពី​ច្បាប់​ហ្នុង​ដែរ»

លោក ប៉ិច ពិសី ថា លោក​មិន​អាច​វាយ​តម្លៃ​ពី​គុណភាព​នៃ​ច្បាប់​ថ្មី​ទាំង​ពីរ​បាន​ទេ​នេះ ព្រោះ​ស្ថាប័ន​លោក ក៏​ពុំ​ទាន់​មាន​សេចក្ដី​ព្រាង​ច្បាប់​ទាំង​ពីរ​នេះ​នៅ​ឡើយ​ដែរ។ តែ​លោក​សង្ឃឹម​ថា ច្បាប់​ថ្មី​នេះ ឆ្លើយ​តប​នឹង​តម្រូវការ និង​អនុសាសន៍​របស់​អង្គការ អន្តរជាតិ​ដែល​ធ្វើ​ការ​ជាមួយ​រតនាគារ​ជាតិ និង​រដ្ឋាភិបាល៖ «អ្វី​ដែល​យើង​ដឹង គឺ​រាជ​រដ្ឋាភិបាល​តាក់តែង​ច្បាប់​ហ្នុង ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​អនុសាសន៍​របស់​អង្គការ​ដែល​ធ្វើ​ការ​វាយ​តម្លៃ គឺ​អង្គការ FATF ហើយ​នឹង​អនុសាសន៍​របស់​សហគមន៍​អឺរ៉ុប​ដែល​ដាក់​ចេញ​ជា​ដើម ហើយ​ក៏​មាន​អនុសាសន៍​ផ្សេង​ទៀត ដែល​ខាង​អង្គការ OECD គេ​ដាក់​ជូន​យូរ​មក​ហើយ។ ខាង​ធនាគារ​ជាតិ និង​អង្គភាព​ដែល ធ្វើ​ការ​ប្រឆាំង​នឹង​ការ​លាង​លុយ ក៏​គាត់​ដឹង​អំពី​អនុសាសន៍​មួយ​ចំនួន ដែល​គាត់​ត្រូវ​ធ្វើ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​យន្តការ​អន្តរជាតិ​ហ្នុង»

ដូចគ្នា​នេះ​ដែរ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​មួយ​រូប​ទៀត ដែល​ជា​នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ លោក អំ សំអាត លើក​ឡើង​ថា អង្គការ​របស់​លោក ក៏​ពុំ​ដែល​ត្រូវ​តំណាង​រដ្ឋាភិបាល​អញ្ជើញ​ឲ្យ​ចូលរួម​ពិគ្រោះ​យោបល់​ទាក់ទង​នឹង​ការ​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​ទាំង​ពីរ​នេះ​ដែរ៖ «ចំពោះ​លីកាដូ យើង​អត់​បាន​ចូលរួម​ទេ។ អង្គការ​ផ្សេង ខ្ញុំ​អត់​ដឹង​ដែរ។ លីកាដូ​យើង​ទើប​តែ​ដឹង​នៅ​ពេល​ដែល​គណៈរដ្ឋមន្ត្រី​ប្រជុំ​អនុម័ត​ទៅ​លើ​សេចក្ដី​ព្រាង​ច្បាប់​នេះ ហើយ​បញ្ជូន​ទៅ​រដ្ឋសភា…។ ដើម្បី​ឲ្យ​ច្បាប់​ហ្នុង​វា​ល្អ ទាល់​តែ​មាន​ការ​ទាញ​ចូល​គ្រប់​ធាតុផ្សំ បាន​ន័យ​ថា មាន​ការ​ពិគ្រោះ​យោបល់​ជា​សាធារណៈ ជា​ពិសេស អ្នក​ជំនាញ ឬ​ក៏​ការ​ប្រមូល [ធាតុ​ចូលពី​អង្គការ​សង្គម​ស៊ីវិល​ផ្សេងៗ ជា​មតិ​យោបល់ ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ច្បាប់​ហ្នុង​វា​បាន​ល្អ​ទៅ ដើម្បី​កុំ​ឲ្យ​មាន​ការ​រិះគន់»

អាស៊ី​សេរី ក៏​បាន​ព្យាយាម​ទាក់ទង​ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ អេស៊ីលីដា បណ្ឌិត អ៊ិន ចាន់នី ដើម្បី​ចង់​ដឹង​បន្ថែម​ពី​ការ​ពិគ្រោះ​យោបល់​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ច្បាប់​ទាំង​ពីរ​នេះ ក៏ប៉ុន្តែ លោក​មិន​លើក​ទូរស័ព្ទ​កាល​ពី​ថ្ងៃ​ទី៣ មិថុនា។

ការ​គ្រោង​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ដ៏​សំខាន់​ទាំង​ពីរ​នេះ កើត​មាន​ឡើង​ភ្លាមៗ មិន​ដល់​មួយ​ខែ​ផង ក្រោយ​គណៈកម្មការ​អឺរ៉ុប ដែល​ជា​សាខា​ប្រតិបត្តិ​របស់​សហភាព​អឺរ៉ុប បាន​សម្រេច​ដាក់​បញ្ចូល​កម្ពុជា​ទៅ​ក្នុង​បញ្ជី​ខ្មៅ​នៃ​ក្រុម​ប្រទេស​លាង​លុយ​កខ្វក់ បង្ក​ការ​គំរាម​កំហែង​ដល់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់​អឺរ៉ុប។ ទន្ទឹម​គ្នា​នោះ កម្ពុជា​បាន​ជាប់​ឈ្មោះ​ពីរ​ឆ្នាំ​ជាប់​គ្នា ក្នុង​បញ្ជី​ប្រផេះ​នៃ​ប្រទេស​លាង​លុយ​កខ្វក់​របស់ ស្ថាប័ន​ឃ្លាំមើល​អំពើ​លាង​លុយ​កខ្វក់​ពិភព​លោក​ឈ្មោះ FATF។

ការ​ដាក់​ចំណាត់​ថ្នាក់​នេះ ត្រូវ​អ្នក​ជំនាញ​កិច្ចការ​អន្តរជាតិ និង​មន្ត្រី​សង្គម​ស៊ីវិល​ថា នឹង​មិន​ត្រឹម​តែ​ធ្វើឲ្យ បាត់បង់​ទំនុក​ចិត្ត​ពី​អ្នក​វិនិយោគទុន​អន្តរជាតិ​លែង​ហ៊ាន​មក​វិនិយោគ នៅ​កម្ពុជា​ប៉ុណ្ណោះ​ទេ តែ​ក៏​ធ្វើ​ឲ្យ​អ្នក​រកស៊ី​ក្នុង​ស្រុក ជួប​ការ​លំបាក​ក្នុង​ការ​បង្វិល​ប្រាក់ ឬ​ទទួល​បាន​សេវាកម្ម​ហិរញ្ញវត្ថុ ជាមួយ​ប្រទេស​ជា​ដៃគូ​អន្តរជាតិ​ដែរ។ មិនតែប៉ុណ្ណោះ វា​ក៏​ឆ្លុះ​ឲ្យ​ឃើញ​ពី​ការ​បាត់បង់​ថវិកា​ជាតិ ដោយសារ​តែ​ក្រុម​អ្នក​មាន​អំណាច​នៅ​កម្ពុជា អាច​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​លួច​លុយ​ជាតិ​យក​ទៅ​លាក់​ទុក​នៅ​បរទេស ក្រោម​រូបភាព ជា​ការ​បណ្តាក់​ទុន​វិនិយោគ ឬ​ជា​ការ​ទិញ​អចលន​ទ្រព្យ។

ឆ្លើយ​តប​នឹង​សំណួរ​ថា តើ​ច្បាប់​ថ្មី​នេះ នឹង​មាន​វិសាលភាព​ដាក់​ទោស​ទណ្ឌ​ដល់​ពួក​អ្នក​មាន អំណាច​ខ្មែរ​ដែល​លួច​លុយ​ជាតិ​យក​ទៅ​លាក់​ទុក​នៅ​ក្រៅ​ប្រទេស​ជា​ការ​សម្អាត​ប្រាក់ លោក ឡេង ប៉េងឡុង ព្យាយាម​បដិសេធ​បញ្ហា​នេះ៖ «ខ្ញុំ​អត់​បាន​ដឹង​ថា មាន​នរណា​យក [លុយទៅ​លាក់ យក​ទៅ​អី​ទេ។ ក៏ប៉ុន្តែ ច្បាប់​នេះ ចេញ​មក​ដើម្បី​ហ្នុង​គ្រប់គ្រង​ហិរញ្ញប្បទាន គឺ​ការ​លាង​លុយ ការ​សម្អាត​ប្រាក់ គឺ​គ្រប់គ្រង​បញ្ហា​ទាំង​នេះ​ហើយ»

ផ្អែក​តាម​របាយការណ៍​របស់​ស្ថាប័ន​ស្រាវជ្រាវ​ឈ្មោះ សុចរិត​ភាព​ហិរញ្ញវត្ថុ​សាកល (Global Financial Integrity) ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក ជា​មធ្យម លំហូរ​ហិរញ្ញវត្ថុ ខុស​ច្បាប់​ពី​ការ​លាង​លុយ​កខ្វក់​នៅ​កម្ពុជា មាន​ក្នុង​រង្វង់​ទឹក​ប្រាក់​ប្រមាណ​ជិត ១ពាន់​លាន ដុល្លារ​ក្នុង​មួយ​ឆ្នាំ។ គ្រាន់​តែ​ក្នុង​ឆ្នាំ២០១៦ តែ​មួយ​ឆ្នាំ យ៉ាង​ហោច​ណាស់ ទឹក​ប្រាក់​ចំនួន​ជិត ២ពាន់​លាន​ដុល្លារ (១,៨ពាន់​លាន​ដុល្លារ) ត្រូវ​បាន​គេ​សម្អាត​ចេញ​ពី​ប្រទេស​កម្ពុជា។

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អតីត​រដ្ឋមន្ត្រី​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក សម រង្ស៊ី ពុំ​មាន​ជំនឿ​ថា ការ​ធ្វើ​ច្បាប់​ថ្មី​ទាំង​នេះ​អាច​ទប់​ស្កាត់​អំពើ​លាង​លុយ​កខ្វក់​នៅ​កម្ពុជា​បាន​ឡើយ។ លោក​ធ្លាប់​លើក​ឡើង​ថា ទាល់តែ​ប្ដូរ​ប្រព័ន្ធ​គ្រប់គ្រង​ប្រទេស​បែប​លួច​ជាតិ​បច្ចុប្បន្ន ដែល​លោក​ហៅថា «ចោរាធិបតេយ្យ» ចោល​តែ​ម្តង ហើយ​ដាក់​ជំនួស​មក​វិញ ដោយ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ត្រឹមត្រូវ​ពិតប្រាកដ ទើប​អាច​ដោះស្រាយ​បញ្ហា​លាង​លុយ​កខ្វក់​នេះ​បាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "រដ្ឋសភា​ឯក​បក្ស​របប​លោក ហ៊ុន សែន អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ប្រឆាំង​​អំពើ​លាង​លុយ​កខ្វក់ ខណៈ​មន្ត្រី​សង្គម​ស៊ីវិល​ថា គ្មាន​ការ​ពិគ្រោះ​យោបល់"

  1. Anonymous says:

    OH…… NO……. it not going to word believing me . HAS…..HAS…. HAS…… HA………………………. I mean you say wait do not hurting me >> but at the same time you talk to your family we just want to kidding them . I knew the reason all you AH CHESSTU doing is to get away from black list. HAS……………………… do you think they are all AH LNGOUNGTU???????????????