រដ្ឋ​សភា​​អនុម័ត​​ទាំង​ស្រុង​​ដោយ​​គ្មាន​​កែ​ប្រែ​​នូវ​​សេចក្ដី​ព្រាង​​ច្បាប់​​ប្រឆាំង​​ការ​​លាង​លុយ​កខ្វក់​​

តុលាការ និងច្បាប់ | ព័ត៌មានជាតិ | អំពើពុករលួយ
កញ្ញា ខាន់ លក្ខិណា |០៤ មិថុនា ២០២០ | ម៉ោង ៦:២៤ ល្ងាច
VOD

សកម្មភាពក្នុងសម័យប្រជុំរដ្ឋសភា​ លេីកទី៤​ នីតិកាលទី៦
ថ្ងៃព្រហស្បតិ៍​ ទី៤​ ខែមិថុនា​ ឆ្នាំ២០២០។ (National Assembly Of Cambodia)

សកម្មភាពក្នុងសម័យប្រជុំរដ្ឋសភា​ លេីកទី៤​ នីតិកាលទី៦ ថ្ងៃព្រហស្បតិ៍​ ទី៤​ ខែមិថុនា​ ឆ្នាំ២០២០។ (National Assembly Of Cambodia)


រដ្ឋសភា​ជាតិ​នៅ​ថ្ងៃនេះ បានសម្រេច​អនុម័ត​ទាំងស្រុង​ដោយ​គ្មាន​ការ​កែប្រែ​អ្វី​នោះ​ឡើយ​នូវ​ច្បាប់​ប្រឆាំង​ការ​លាងលុយកខ្វក់ ខណៈ​ដែល​ប្រទេស​នេះត្រូវ​បាន​ដាក់បញ្ចូល​ក្នុង​បញ្ជី​ប្រផេះ​នៃ​ក្រុម​ប្រទេស​មាន​ចរន្ត​នៃ​ការ​លាងលុយកខ្វក់។

សេចក្ដីព្រាង​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ត្រូវ​បាន​រដ្ឋាភិបាល​អនុម័ត​រួចរាល់​កាលពី​ពាក់កណ្ដាល​ខែឧសភា​កន្លងមក ហើយ​បាន​បញ្ជូន​ទៅ​រដ្ឋសភា​ពិនិត្យ​កាលពី​ថ្ងៃទី១៩ ខែឧសភា។

មុននឹង​នាំ​យក​ទៅ​ដាក់​ឱ្យ​អនុម័ត សេចក្ដីព្រាង​ច្បាប់​នេះ ត្រូវ​បាន​ត្រួតពិនិត្យ​ដោយ​គណៈកម្មការ​មហាផ្ទៃការពារ​ជាតិ និង​មុខងារ​សាធារណៈ ដែល​ដឹកនាំ​ដោយ​សមាជិកសភា លោក ហ៊ុន ណេង បងប្រុស​បង្កើត​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

លោក ហ៊ុន ណេង ដែល​ជា​តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម​ផង​នោះ បាន​ថ្លែង​ក្នុង​អង្គប្រជុំ​ថា សេចក្ដីព្រាង​ច្បាប់​នេះ គឺជា​ច្បាប់​ក្របខណ្ឌ​ការពារ​សុ​ច្ច​រិត​ភាព​នៃ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​កម្ពុជា ​ក្នុង​ការទប់ស្កាត់​ការប្រើ​ប្រាស់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ដោយ​អ្នក​សម្អាត​ប្រាក់។

លោក ហ៊ុន ណេង ដែល​ជា​តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម​ ថ្លែងក្នុងសម័យប្រជុំរដ្ឋសភា​ លេីកទី៤​ នីតិកាលទី៦ ថ្ងៃព្រហស្បតិ៍​ ទី៤​ ខែមិថុនា​ ឆ្នាំ២០២០។ (National Assembly Of Cambodia)

លោក ហ៊ុន ណេង ថ្លែង​ថា៖ «ការពារ​សុ​ច្ច​រិត​ភាព​នៃ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​កម្ពុជា​ ក្នុង​ការ​ទប់​ស្កាត​ការប្រើ​ប្រាស់ប្រព័ន្ធ​ហិរញ្ញវត្ថុ​ដោយ​អ្នក​សម្អាត​ប្រាក់ និង​ទ្រព្យ​ដែល​ទទួល​បាន​ពី​សកម្មភាព​ខុសច្បាប់ រួម​ទាំង​ជំរុញ​ប្រសិទ្ធភាព​នៃ​ការអនុវត្តនៃ​ការ​លើកកម្ពស់​កិច្ចសហការ សហប្រតិបត្តិ​ការ​ល្អ​រវាង​រដ្ឋ​មួយ​ទៅ​រដ្ឋ​មួយ ក្នុង​ការ​បង្ការ​រារាំង និង​បង្ក្រាប​ចំពោះ​ការ​ផ្ដល់​ហិរញ្ញប្បទាន​ដល់​ភេរវកម្ម​ រួម​និង​បទល្មើស​ផ្សេងទៀត​ដែល​កំពុង​គំរាមកំហែង​សេដ្ឋកិច្ច និង​សង្គម​នៅ​កម្រិត​ជាតិ​ តំបន់ ​និង​សកលលោក»។

សេចក្ដីព្រាង​ច្បាប់​នេះ ត្រូវ​បាន​អនុម័ត​ទាំងស្រុង​ក្នុង​កិច្ចប្រជុំ​រដ្ឋសភា​នៅ​ព្រឹក​ថ្ងៃនេះ ដែល​មានការ​ចូលរួម​ពី​សមាជិកសភា ១១៨រូប សុទ្ធតែ​មក​ពី​គណបក្សប្រជាជន​កម្ពុជា​នោះ។

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង ដែល​បាន​ដឹកនាំ​មន្ត្រី​ការពារ​សេចក្ដីព្រាង​ច្បាប់​នេះ បាន​ថ្លែង​ថា សេចក្ដីព្រាង​ច្បាប់​នេះ ត្រូវ​បាន​ពិនិត្យ​យ៉ាង​ល្អិតល្អន់​ដោយ​គណៈកម្មការ​ជំនាញ​របស់​រដ្ឋសភា។

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង ថ្លែងក្នុងសម័យប្រជុំរដ្ឋសភា​ លេីកទី៤​ នីតិកាលទី៦ ថ្ងៃព្រហស្បតិ៍​ ទី៤​ ខែមិថុនា​ ឆ្នាំ២០២០។ (National Assembly Of Cambodia)

លោក ស ខេង ថ្លែង​ថា៖ «ខ្ញុំ​សម្ដែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ផង​ដែរ ចំពោះ​គណៈកម្មការ​ជំនាញ​នៃ​រដ្ឋសភា ​រួមមាន​ គណៈ​កម្មការ​មហាផ្ទៃ​ការពារ​ជាតិ និង​មុខងារ​សាធារណៈ​ និង​គណៈ​កម្ម​ការ​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ ធនាគារ​ និង​សវនកម្ម​ ដែល​បាន​ពិនិត្យ និង​ពិភាក្សា​យ៉ាង​ល្អិត​ល្អន​់សេចក្ដីព្រាង​ច្បាប់​ទាំងពីរ​នេះ ហើយក៏​ថ្លែងអំណរគុណ​ជ្រាលជ្រៅ​ចំពោះ​ពិធី​ទាំងមូល​ដែល​បាន​អនុម័ត ដើម្បី​យក​ច្បាប់​នេះមក​ពិភាក្សា​ក្នុង​ពេល​បន្តិចទៀត​នេះ»។

សេចក្ដីប្រកាស​ព័ត៌មាន​រដ្ឋ​អគ្គលេខាធិការ​ដ្ឋាន​រដ្ឋសភា​នៅ​ថ្ងៃនេះ បានឱ្យ​ដឹង​ថា សេចក្ដីព្រាង​ច្បាប់​នេះ​ស្តី​ពី​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម មាន ៩ជំពូក និង ៤៧មាត្រា។

អ្នកនាំពាក្យ​រដ្ឋសភា ​លោក ឡេង ប៉េង​ឡុង ថ្លែងប្រាប់​បន្ថែម​ថា កម្ពុជា​នឹង​ត្រូវ​បាន​ក្រុមការងារ​សកម្មភាព​ហិរញ្ញវត្ថុ ដកចេញ​ពី​បញ្ជី​ប្រផេះ​វិញ បន្ទាប់ពី​កម្ពុជា​ធ្វើតាម​សំ​ណើចំនួន ១៤ចំណុច ដែល​ក្រុមការងារ​សកម្មភាព​ហិរញ្ញវត្ថុ​បាន​កំណត់​ឱ្យ​អនុវត្ត​នោះ។

លោក ឡេង ប៉េង​ឡុង ប្រាប់​ថា៖ «ឥលូវ យើង​តម្រូវ​តាម​លក្ខខណ្ឌ​របស់​គេ​គ្រប់​អស់ហើយ។ ដូច្នេះ ខ្ញុំ​សង្ឃឹមថា ក្រោយពី​អនុម័ត​ហ្នឹង​ទៅ ​ប្រទេស​កម្ពុជា​នឹង​រួចផុត​ពី​បញ្ជី​ប្រផេះ​ហ្នឹង។ ដំបូង​ឡើយ គេ​ឱ្យ​យើង​ធ្វើ​ច្បាប់​ហ្នឹង​ឱ្យ​បាន​ចុងខែ​ឧសភា​ហ្នឹង ដល់​មាន​កូ​វីដ១៩ទៅ ក៏​បន្តម​កខែមិថុនា»។

ការ​អនុម័ត​សេចក្ដីព្រាង​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ធ្វើឡើង​បន្ទាប់ពី​អង្គការ​ឃ្លាំមើល​ការ​លាងលុយកខ្វក់​អន្តរជាតិ​ ឈ្មោះថា ក្រុមការងារ​សកម្មភាព​ហិរញ្ញវត្ថុ​បាន​ដាក់​កម្ពុជា​ក្នុង​បញ្ជី​ពណ៌ប្រផេះ​របស់​ខ្លួន​ជា​លើក​ទី២នៅ​ពីឆ្នាំ២០១៩។

រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ លោក ងី ច័ន្ទ្រផល មានប្រសាសន៍​ថា កម្ពុជា​បាន​អនុវត្ត​ទៅ​ផែនការ​សកម្មភាព ១៤ចំណុច​ដែល​ក្រុមការងារ​សកម្មភាព​ហិរញ្ញវត្ថុ​ដាក់​ឱ្យ​កម្ពុជា​អនុវត្ត ប៉ុន្តែ ចំពោះ​ការសម្រេច​ដក​កម្ពុជា​ចេញពី​បញ្ជី​ប្រផេះ​ឬអត់​នោះ លោក​ថា អាស្រ័យ​លើ​ក្រុមការងារ​សកម្មភាព​ហិរញ្ញវត្ថុ​ជា​អ្នក​សម្រេច។

លោក ងី ច័ន្ទ្រផល ប្រាប់​ថា៖ «យើង​ទុក​ឱ្យ​គេ​ពិចារណា​ទៅ យើង​មិន​អាច​ទៅ​និយាយ​បាន​ទេ ដក ឬមិន​ដក​ជា​រឿង​របស់​គេ​ទេ ​ព្រោះ​គេ​ជា​អ្នក​សម្រេច ​មិនមែន​យើង​ទេ ប៉ុន្តែ ខ្លួន​យើង​ជា​ប្រទេស​អធិបតេយ្យ​មួយ​ ជាស​មា​ជិ​កមួយ​ ត្រូវតែ​អនុវត្ត​តាម។ ឥលូ​វនេះ ​ទុក​ឱកាស​ឱ្យ​នីតិប្បញ្ញត្តិ គាត់​ធ្វើដំណើរ​កា​របស់​គាត់ ហើយ​រដ្ឋាភិបាល​នឹង​ធ្វើ​បន្ត​ទៀត​ពេលណា​មានការ​អនុវត្ត»។

ការ​អនុម័ត​សេចក្ដីព្រាង​ច្បាប់​នេះ កើតឡើង​ជិត ១ខែក្រោយ​ពី​សហភាព​អឺរ៉ុប​បាន​ស្នើ​ដាក់​ប្រទេស​កម្ពុជា​ទៅ​ក្នុង​បញ្ជី​នៃ​ប្រទេស​មាន​ហានិភ័យ​ខ្ពស់​សម្រាប់​ឧក្រិដ្ឋ​កម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ។

ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី ចាត់ទុក​ការអនុវត្ត​តាម​សំណើ​របស់​ក្រុមការងារ​សកម្មភាព​ហិរញ្ញ​វត្ថុ​នេះ​ ជាសញ្ញាវិជ្ជមាន ប៉ុន្តែ លោក​ថា ដើម្បី​ឱ្យ​ប្រទេស​កម្ពុជា​រួចផុត​ពី​ការ​ដាក់​នៅក្នុង​បញ្ជី​ប្រផេះ កម្ពុជា​ត្រូវ​អនុវត្ត​អនុសាសន៍​ផ្សេងទៀត ជាពិសេស​ការអនុវត្ត​ច្បាប់​ជាក់ស្ដែង​ទៅលើ​បទល្មើស​ដែល​អាច​កើតឡើង​នៅក្នុង​ប្រទេស​កម្ពុជា។

លោក ប៉ិច ពិសី ប្រាប់​ថា៖ «ជាពិសេស​ទាក់ទង​នឹង​ការអនុវត្ត​ច្បាប់​ជាក់ស្ដែង​ទៅលើ​បទល្មើស​ដែល​អាច​កើតមាន​នៅក្នុង​ប្រទេស​យើង​ហ្នឹង ទើប​យើង​រួចផុត​ពី​ការ​ដាក់​ប្រទេស​យើង​នៅក្នុង​បញ្ជី​ដែល​មាន​ហានិភ័យ​ខ្ពស់​ផ្នែក​ហិរញ្ញប្បទាន​ភេរវកម្ម ហើយនិង​ការ​សម្អាត​ប្រាក់​នេះ។ អ៊ីចឹង​ខ្ញុំ​លើក​ទឹកចិត្ត​ឱ្យ​ខាង​រដ្ឋាភិបាល​ពិនិត្យ​ទៅលើ​អនុសាសន៍​ដទៃទៀត ដែល​ខាង​អង្គការ Financial Action Task Force ហើយ​និង​សហភាព​អឺរ៉ុប​ដាក់​ជូន​ប្រទេស​កម្ពុជា​យើង​ ដោយមាន​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​អន្តរក្រសួង​ក្ដី​ ជាពិសេស​រដ្ឋ​ធនាគារជាតិ​កម្ពុជា​ ហើយ​និង​អង្គភាព​ប្រយុទ្ធ​ប្រឆាំង​លាង​លុយ​កង្វក់​ហ្នឹង»។

លោក ប៉ិច ពិសី បន្ត​ថា ប្រសិនបើ​កម្ពុជា​នៅតែ​ត្រូវ​បាន​ក្រុមការងារ​សកម្មភាព​ហិរញ្ញវត្ថុ​អន្តរជាតិ​ដាក់​ក្នុង​បញ្ជី​ប្រផេះ​នោះ លោក​ថា នឹង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច និង​កេរិ៍្តឈ្មោះ​កម្ពុជា ហើយ​អាច​ឈាន​ទៅដល់​ប៉ះពាល់​ផ្នែក​នយោបាយ។

កម្ពុជា​ត្រូវ​បាន​អង្គការ​ឃ្លាំមើល​ការ​លាងលុយកខ្វក់​អន្តរជាតិ​ដាក់​ចូលក្នុង​បញ្ជី​ប្រផេះ​កាលពី​ឆ្នាំ២០១១ ហើយ​អង្គការ​នេះ​បាន​ដក​កម្ពុជា​ពី​បញ្ជី​នេះ​វិញ​នៅ​ឆ្នាំ២០១៥។ ប៉ុន្តែ កាលពី​ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ អង្គការ​ឃ្លាំមើល​ការ​លាងលុយកខ្វក់​អន្តរជាតិ បាន​ដាក់​កម្ពុជា​ក្នុង​បញ្ជី​ពណ៌ប្រផេះ​របស់​ខ្លួន​ជាថ្មី​ម្ដងទៀត ដោយ​នឹង​ត្រួតពិនិត្យ​មើល​លើ​លំហូរ​ហិរញ្ញវត្ថុ វិនិយោគ និង​ពាណិជ្ជកម្ម ចេញ និង​ចូល​ប្រទេស​កម្ពុជា​៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles