និស្សិត​ថៃ​ម្នាក់ ដែល​ជា​សកម្មជន​នយោបាយ ត្រូវ​បាន​គេ​ចាប់​ពង្រត់​នៅ​ភ្នំពេញ

ដោយ អាស៊ីសេរី
2020-06-04
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

និស្សិត​ថៃ​ឈ្មោះ វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ (Wanchalearm Satsaksit) ដែល​ជា​សកម្មជន​នយោបាយ​ក្រុម​អាវ​ក្រហម​ថៃ គាំទ្រ​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ លោក ថាក់ ស៊ីន ត្រូវ​បាន​គេ​ចាប់​ពង្រត់​នៅ​ភ្នំពេញ ថ្ងៃ​ទី៤ ខែ​មិថុនា ឆ្នាំ២០២០។ រូប៖ ទំព័រ​​ព័ត៌មាន Prachatai​

និស្សិត​ថៃ​ឈ្មោះ វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ (Wanchalearm Satsaksit) ដែល​ជា​សកម្មជន​នយោបាយ​ក្រុម​អាវ​ក្រហម​ថៃ គាំទ្រ​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ លោក ថាក់ ស៊ីន ត្រូវ​បាន​គេ​ចាប់​ពង្រត់​នៅ​ភ្នំពេញ ថ្ងៃ​ទី៤ ខែ​មិថុនា ឆ្នាំ២០២០។ រូប៖ ទំព័រ​​ព័ត៌មាន Prachatai​

 រូប៖ ទំព័រ​​ព័ត៌មាន Prachatai​


និស្សិត​ថៃ​ម្នាក់​ឈ្មោះ វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ (Wanchalearm Satsaksit) ដែល​ជា​សកម្មជន​នយោបាយ ក្រុម​អាវ​ក្រហម​ថៃ គាំទ្រ​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ លោក ថាក់ ស៊ីន ត្រូវ​បាន​គេ​ចាប់​ពង្រត់​ពី​មុខ​អគារ​ស្នាក់​នៅ​របស់​គាត់​នៅ​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី៤ ខែ​មិថុនា​ម្សិលមិញ។

ប្រភព​នៃ​សារ​ព័ត៌មាន​ថៃ ជា​ភាសា​អង់គ្លេស ប្រៈឆាថៃ (prachatai) ឲ្យ​ដឹង​ថា​ យុវជន​រូប​នេះ បាន​រស់នៅ​និរទេស​ខ្លួន​ ក្នុង​ប្រទេស​កម្ពុជា ក្រោយ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ប្រមាថ​ព្រះ​មហាក្សត្រ​ថៃ តាំង​ពី​ឆ្នាំ២០១៤ មក។

ប្រភព​ដដែល​អះអាង​ថា យុវនិស្សិត​រូប​នេះ ត្រូវ​បាន​គេ​ចាប់​បញ្ចូល​រថយន្ត​ពណ៌​ខ្មៅ​មួយ។ ភិន​ភាគ​រថយន្ត​នោះ ត្រូវ​បាន​ផ្តិត​ជាប់​ក្នុង​កាមេរ៉ា​សុវត្ថិភាព នៅ​មុខ​អគារ​ដែល​គាត់​ស្នាក់​នៅ​នោះ។

យុវនិស្សិត វ៉ាន់ឆាឡឺម ជា​អ្នក​រិះគន់​ឥត​សំចៃ​មាត់​ទៅ​លើ​នយោបាយ​ដឹក​នាំ​របស់​នាយក​រដ្ឋមន្ត្រី​ថៃ លោក ប្រាយុទ្ធ ចាន់អូចា។

អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (HRW) ដែល​កំពុង​ឃ្លាំ​មើល​រឿង​នេះ បញ្ជាក់​ប្រាប់​អាស៊ី​សេរី​ថា ការ​ចាប់​ពង្រត់​សកម្មជន​នយោបាយ​ជន​ជាតិ​ថៃ​រូប​នេះ ពិត​ជា​កើត​មាន ប៉ុន្តែ​អង្គការ​នេះ​នៅ​មិន​ទាន់​អាច​បញ្ជាក់​បាន​ថា តើ​អំពើ​នេះ​ធ្វើ​ឡើង​ដោយ​សមត្ថកិច្ច​កម្ពុជា ឬ​ថៃ​នោះ​ទេ។ ជោគវាសនា​របស់​យុវជន​នេះ ក៏​នៅ​មិន​ទាន់​ដឹង​យ៉ាង​ម៉េច​នោះ​ដែរ។

អាស៊ី​សេរី មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​អាជ្ញាធរ​ក្រុង​ភ្នំពេញ អំពី​ការ​ចាប់​ពង្រត់​នេះ បាន​នៅ​ឡើយ​ទេ។

ប្រភព​សុំ​មិន​បញ្ចេញ​ឈ្មោះ ព្រោះ​បារម្ភ​ពី​សុវត្ថិភាព ប្រាប់​សារ​ព័ត៌មាន ប្រៈឆាថៃ ថា នៅ​ពេល​ហេតុការណ៍​ចាប់​ពង្រត់​នេះ កំពុង​កើត​ឡើង លោក​បាន​និយាយ​តាម​ទូរស័ព្ទ​ជាមួយ​ជន​រង​គ្រោះ ដែល​ពេល​នោះ លោក​បាន​ឮ​លោក វ៉ាន់ឆាឡឺម និយាយ​ថា លោក «មិន​អាច​ដក​ដង្ហើម​បាន​ទេ» ហើយ​រំពេច​នោះ​ទូរស័ព្ទ​ក៏​ត្រូវ​បាន​កាត់​ផ្ដាច់​តែ​ម្ដង។

មន្ត្រី​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (HRW) ព្រួយ​បារម្ភ​ថា យុវជន វ៉ាន់ឆាឡឺម អាច​ត្រូវ​គេ​សម្លាប់។

ទោះ​ជា​យ៉ាង​ណា​ក្តី សូម​លោក​អ្នក​នាង​រង់ចាំ​ស្ដាប់​សេចក្ដី​រាយ​ការណ៍​បន្ថែម​ទៀត ជុំវិញ​រឿង​នេះ​នៅ​ក្នុង​ការ​ផ្សាយ​របស់​យើង​នា​យប់​នេះ៕


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles