មន្ត្រី​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​ឆ្លើយ​តប​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ថា ខ្លួន​មាន​យុទ្ធសាស្ត្រ​យូរ​អង្វែង​សម្រាប់​វិស័យ​យុត្តិធម៌

ដោយ ឡេង ម៉ាលី
2020-06-04
RFA

រូប​សញ្ញា​របស់​អង្គការ​លើក​លែង​ទោស​អន្តរជាតិ (Amnesty International) និង​លោក ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​ និង​ជា​អនុប្រធាន​គណៈកម្មាធិការ​ជាតិ​សិទ្ធិមនុស្ស​កម្ពុជា។

រូប​សញ្ញា​របស់​អង្គការ​លើក​លែង​ទោស​អន្តរជាតិ (Amnesty International) និង​លោក ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​ និង​ជា​អនុប្រធាន​គណៈកម្មាធិការ​ជាតិ​សិទ្ធិមនុស្ស​កម្ពុជា។

 រូប៖ (ឆ្វេង) Amnesty International និង​វីឌីអូ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី


មន្ត្រី​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន នៅ​ថ្ងៃ​ទី៤ មិថុនា ចាត់​ទុក​សេចក្ដី​ថ្លែង​ការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) និង​អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) រឿង​កែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌ ថា​ជា​សេចក្ដី​ថ្លែង​ការណ៍​គ្មាន​អ្វី​ប្លែក។

ប្រសាសន៍​លោក ជិន ម៉ាលីន ពេល​នេះ គឺ​ឆ្លើយតប​ចំពោះ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ទាំង​ពីរ ដែល​កាល​ពី​ថ្ងៃ​ទី៣ មិថុនា ចេញ​សេចក្ដី​ថ្លែង​ការណ៍​រួម​គ្នា​មួយ ដោយ​ស្នើសុំ​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ចាត់​វិធានការ​បន្ថែម លើស​ពី​យុទ្ធនាការ​ដែល​គ្រាន់​តែ​ដោះ​ស្រាយ​បញ្ហា​ចង្អៀត​ណែន​នៅ​ក្នុង​ពន្ធនាគារ និង​ការ​កក​ស្ទះ​សំណុំរឿង​ក្ដី​សព្វថ្ងៃ​នេះ។ លោក ជិន ម៉ាលីន បន្ត​ថា យុទ្ធនាការ​ដែល​ក្រសួង​យុត្តិធម៌​ធ្វើ​នៅ​ពេល​នេះ គឺ​គ្រាន់​តែ​ជា​ការ​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ជាក់ស្ដែង ហើយ​សម្រាប់​រយៈ​ពេល​កំណត់​មួយ​ខ្លី​ប៉ុណ្ណោះ។ លោក​អះអាង​ថា ក្រសួង​ក៏​មាន​ដំណោះស្រាយ​រយៈ​ពេល​វែង​ដែរ៖ «ឧទាហរណ៍​ដូច​ជា ការ​កែ​លម្អ ឬ​បន្ថែម​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ពន្ធនាគារ ការ​ពិនិត្យ​ឡើង​វិញ​នូវ​ក្របខ័ណ្ឌ​គោល​នយោបាយ ឬ​ច្បាប់​មួយ​ចំនួន ពាក់ព័ន្ធ​ទៅ​នឹង​វិស័យ​ព្រហ្មទណ្ឌ ការ​ធ្វើ​ទំនើបកម្ម​រដ្ឋបាល​តុលាការ​តាម​ប្រព័ន្ធ​ឌីជីថល (Digital) ការ​ពង្រីក​បន្ថែម​ធនធាន​មនុស្ស ក៏​ដូច​ជា​ធនធាន​ហិរញ្ញវត្ថុ​នៅ​តាម​តុលាការ ការ​ដាក់​ឱ្យ​ដំណើរ​ការ​បន្ថែម​ទៀត​នូវ​ឧទ្ធរណ៍​តំបន់ ការ​ដាក់​ឱ្យ​ដំណើរ​ការ​បន្ថែម​ទៀត​នូវ​តុលាការ​ជំនាញ រួម​ទាំង​ការ​រៀបចំ​ដាក់​ឱ្យ​អនុវត្ត​នូវ​យន្តការ​នៃ​ការ​អនុវត្ត​ទោស​សហគមន៍ និង​ទោស​ផ្សេងៗ ទៀត ដែល​មិនមែន​ពន្ធនាគារ ហើយ​និង​បញ្ញត្តិ​នៅ​ក្នុង​ច្បាប់»

ការ​អះអាង​នេះ គឺ​លោក ជិន ម៉ាលីន យោង​ទៅ​លើ​ផែនការ​ដែល​លោក កើត រិទ្ធិ ប្រកាស​បន្ទាប់​ពី​លោក​ចូល​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ថ្មី ដើម្បី​ដោះ​ស្រាយ​សំណុំ​រឿង​ជា​ច្រើន​កក​ស្ទះ​មិន​បាន​កាត់​ក្ដី ដែល​អាច​ជា​វិធានការ​មួយ ដោះ​ស្រាយ​បញ្ហា​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ។ កម្ពុជា​រង​ការ​រិះគន់​ជុំ​ទិស​ថា បាន​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ដោយសារ​តែ​ពន្ធនាគារ​ទូទាំង​ប្រទេស បាន​ដាក់​អ្នក​ជាប់​ឃុំ​លើស​ចំណុះ។

ការ​បញ្ហា​នេះ ត្រូវ​បាន​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ និង​អង្គការ​លើកលែង​ទោស​អន្តរជាតិ​ផ្ដល់​អនុសាសន៍​ថា កម្ពុជា​ត្រូវ​មើល​ឲ្យ​បាន​ស៊ី​ជម្រៅ​ពី​ដើម​ចម​ដែល​នាំ​ឲ្យ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ទាំង​នេះ។ ការ​កែទម្រង់​ប្រព័ន្ធ​យុត្តិធម៌ អាច​ធ្វើ​ទៅ​បាន​ទាល់​តែ​ពិនិត្យ​ច្បាប់​ស្តីពី​ការ​ត្រួត​ពិនិត្យ​គ្រឿងញៀន ដែល​ដើម​ហេតុ​នាំ​ឲ្យ​មាន​ការ​ចាប់​មនុស្ស​តាម​តែ​អំពើ​ចិត្ត និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ជា​ច្រើន រួម​ទាំង​ការ​ចង្អៀត​ណែន​នៃ​ពន្ធនាគារ​នេះ​ផង។ អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ទាំង​នេះ បន្ថែម​ទៀត​ថា នីតិវិធី​ច្បាស់​លាស់​ក្នុង​ដោះ​លែង​អ្នក​ជាប់​ឃុំ​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន និង​ការ​បន្ធូរ​បន្ថយ និង​ព្យួរ​ទោស ការ​រៀបចំ​ឱ្យ​មាន​ប្រព័ន្ធ​ជំនួយ​ផ្នែក​ច្បាប់ ដែល​មិន​យក​ប្រាក់​កម្រៃ ដើម្បី​ជួយ​ដល់​ជន​ជាប់​ចោទ​ក្រីក្រ គឺ​ជា​យន្តការ​ល្អ​ប្រសើរ​បន្ថែម​ទៀត លើ​យុទ្ធនាការ​ដោះ​ស្រាយ​បញ្ហា​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ និង​ការ​កក​ស្ទះ​សំណុំរឿង ដែល​រដ្ឋមន្ត្រី​យុត្តិធម៌​ប្រកាស​នៅ​ពេល​នេះ៕


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "មន្ត្រី​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​ឆ្លើយ​តប​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ថា ខ្លួន​មាន​យុទ្ធសាស្ត្រ​យូរ​អង្វែង​សម្រាប់​វិស័យ​យុត្តិធម៌"

  1. Anonymous says:

    they teach this young to be an evil of justice for this century. I think it is just the mold in Cambodian society . when the evil monster going hell this guy will be no use in any government sector . GOD bless Cambodia