លោក ហ៊ុន សែន ថាបេក្ខភាពនាយករដ្ឋមន្រ្តីក្នុងបក្សប្រជាជនកម្ពុជាមានច្រើនណាស់ តែលោកគាំទ្រ លោក ហ៊ុន ម៉ាណែត

កម្ពុជា-នយោបាយ
22/06/2020 – 09:26
ដោយ៖ វណ្ណ សុគន្ធា
RFI

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន © FB

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃចន្ទនេះ បានចុះទៅត្រួតពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ គឺពេលចុះត្រួតពិនិត្យនេះ លោកនាយករដ្ឋមន្រ្តីបា​នប្រកាសក្តែងៗថា បេក្ខភាពនាយករដ្ឋមន្រ្តីបន្ទាប់ពីរូបលោក គឺមានច្រើនណាស់នៅនៅក្នុងគណបក្សប្រជាជនកម្ពុជាមិនមែនមានលោក ហ៊ុន ម៉ាណែត តែម្នាក់ទេ។ តែយ៉ាងណា លោកគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីជំនាន់ក្រោយរបស់កម្ពុជា។

ពីវេទិកាក្នុងការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីក្នុងខេត្តកណ្តាល លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសច្បាស់ៗថា នៅក្នុងគណបក្សប្រជាជនកម្ពុជាមានបេក្ខជនមានសមត្ថភាពច្រើនណាស់ មិនមែនមានតែលោក ហ៊ុន ម៉ាណែត ម្នាក់នោះទេសម្រាប់តំណែងនាយករដ្ឋមន្រ្តីបន្ទាប់ពីរូបលោក។ ប៉ុន្តែក្នុងឋានៈជាឪពុក លោកគាំទ្រកូនរបស់លោក គឺលោក ហ៊ុន ម៉ាណែត ដោយអប់រំឱ្យមានសមត្ថភាពខ្ពស់ ទោះថាមិនស្មើរូបលោក ក៏ត្រឹម៨០%ទៅ៩០%នៃរូបលោកដែរ។

បើតាមលោកនាយករដ្ឋមន្រ្តី បញ្ហាមិនមែនស្ថិតនៅលើរូបលោកគាំទ្រ ឬមិនគាំទ្រទេ គឺសំខាន់មានការគាំទ្រពីប្រជាពលរដ្ឋ។ លោកគូសបញ្ជាក់ថា លោក ហ៊ុន ម៉ាណែត អាចឈានទៅកាន់តំណែងជានាយករដ្ឋមន្រ្តីបាន គឺត្រូវឆ្លងកាត់ការគាំទ្រពីរដំណាក់កាល។ ទីមួយ គឺលោកត្រូវមានគាំទ្រនៅក្នុងគណបក្សប្រជាជនកម្ពុជាជាមុនសិន ហើយទីពីរ គឺត្រូវមានការគាំទ្រពីប្រជាពលរដ្ឋការរយៈការបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជាបន្តកាន់អំណាច។

ការគូសប​ញ្ជាក់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាពេលនេះ គឺជាការឆ្លើយតបទៅនឹងមជ្ឈដ្ឋានមួយចំនួនដែលនៅតែបន្តលើកឡើងមិនចេះចប់មិនចេះហើយថា លោកកំពុងរៀបចំផ្ទេរអំណាចទៅឱ្យលោក ហ៊ុន ម៉ាណែត។ សម្រាប់លោកនាយករដ្ឋមន្រ្តី ពេលនេះមិនគួរនិយាយរឿងអ្នកបន្តវេននោះទេ ព្រោះរូបលោកកំពុងនៅកាន់អំណាចនៅឡើយ។ លោក ហ៊ុន សែន ក៏បានអះអាងដែរថា នៅពេលនេះ មិនទាន់មានអ្នកណាម្នាក់អាចមានសមត្ថភាពមកប្រជែងតំណែងនាយករដ្ឋមន្រ្តីជាមួយរូបលោកបានទេ ហើយសម្រាប់លោក ហ៊ុន ម៉ាណែត គឺត្រូវរង់ចាំ១០ឆ្នាំទៀតទើបអាចឈានមកតំណែងនាយករដ្ឋមន្រ្តីកម្ពុជានេះបាន។

លោក ហ៊ុន ម៉ាណែត គឺជាកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ បច្ចុប្បន្ន លោក គឺជាអគ្គមេបញ្ជាការរងនៃកងយោធពលខេរមភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។ ក្រៅពីតំណែងជាន់ខ្ពស់ក្នុងជួរកងទ័ព លោក ហ៊ុន ម៉ាណែត ក៏មានតំណែងធំនៅក្នុងជួរគណបក្សប្រជាជនកម្ពុជាផងដែរ។ លោកទើបត្រូវបានលោក ហ៊ុន សែន ដែលជាប្រធានគណបក្សតែងតាំងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល។

បេក្ខភាពលោក ហ៊ុន ម៉ាណែត ជានាយរកដ្ឋមន្រ្តីនេះ បានក្លាយជាប្រធានបទរសើបមួយដែលមជ្ឈដ្ឋាននានាយកមកជជែកពិភាក្សាផង និងខ្លះរិះគន់ផង។ រិះគន់គឺថា លោកហ៊ុន សែនកំពុងរៀបចំផ្ទេរអំណាចទៅឱ្យលោក ហ៊ុន ម៉ាណែត។ ក៏ប៉ុន្តែ លោកនាយករដ្ឋមន្រ្តីហ៊ុន សែនម្តងហើយម្តងទៀតបានអះអាងថា នៅកម្ពុជាគ្មានការផ្ទេរអំណាចពីឪពុកទៅកូននោះឡើយ ផ្ទុយទៅវិញ គឺធ្វើឡើងតាមការរយៈការបោះឆ្នោត។ ចំណែក លោក ហ៊ុន ម៉ាណែត ខ្លួនឯងវិញ លោកធ្លាប់បានលើកឡើងថា ការអាចឡើងកាន់តំណែងជានាយ​ក​រដ្ឋមន្រ្តី ឬយ៉ាងណា គឺវាអាស្រ័យទៅការគាំទ្ររបស់ប្រជាពលរដ្ឋកម្ពុជា៕

What Next?

Recent Articles

3 Responses to "លោក ហ៊ុន សែន ថាបេក្ខភាពនាយករដ្ឋមន្រ្តីក្នុងបក្សប្រជាជនកម្ពុជាមានច្រើនណាស់ តែលោកគាំទ្រ លោក ហ៊ុន ម៉ាណែត"

  1. ប្រជាជន says:

    យើងក៏ជាអ្នកតសូ៊រដែរយើងគាំទ្រខាងលោក សខេង

  2. Anonymous says:

    so what ??are you going to go hell soon

  3. Anonymous says:

    one evil eye is getting so tied I do not think this evil monster will be that long . evil is still be evil no matter what ! it is so sad his stinky mouth is smiling so bad .

Leave a Reply

Submit Comment