លោក​ស្រី​បណ្ឌិត ពៅ សាវរស ​អ្នក​ស្រាវ​ជ្រាវវិជ្ជា​ខ្មែរ ទទួល​មរណភាព​ក្នុង​ជន្មាយុ​៩០​ឆ្នាំ

កម្ពុជា-វប្បធម៌
26/06/2020 – 06:31
ដោយ៖ អ៊ឹម រចនា
RFI

លោក​ស្រី​សាស្ត្រាចារ្យ​បណ្ឌិត ពៅ សាវរស ភាសា​វិទូ និង​អ្នក​ស្រាវ​ជ្រាវ​ផ្នែក​អារ្យធម៌​ខ្មែរ។
លោក​ស្រី​សាស្ត្រាចារ្យ​បណ្ឌិត ពៅ សាវរស ភាសា​វិទូ និង​អ្នក​ស្រាវ​ជ្រាវ​ផ្នែក​អារ្យធម៌​ខ្មែរ។ © Saveros POU

កម្ពុជា​បាន​បាត់បង់​អ្នក​ប្រាជ្ញ​ដ៏​សំខាន់​មួយ​រូប នៅ​ក្នុង​វិស័យ​ភាសា​វិទ្យា​និង​អារ្យធម៌​ខ្មែរ នោះ​គឺ​លោក​ស្រី​បណ្ឌិត ពៅ សាវរស។ មាន​ជន្មាយុ​៩០​ឆ្នាំ ភាសា​វិទូ​និង​ជា​អ្នក​ស្រាវ​ជ្រាវ​អារ្យធម៌​ខ្មែរ​រូប​នេះ បាន​ទទួល​មរណភាព នា​​​ថ្ងៃ​ទី​២៥​មិថុនាម្សិលមិញ នៅ​ប្រទេស​បារាំង​។ មរណភាព​នៃសាស្ត្រាចារ្យ​​បណ្ឌិត ពៅ សាវរស គឺ​ជា​ការ​បាត់​បង់​ដ៏​ធំធេង​សម្រាប់​វិស័យ​​ភាសាសាស្ត្រ អក្សរសាស្ត្រ សិលាចារិក និង​អារ្យធម៌​ខ្មែរ​។

លោក​ស្រី​សាស្ត្រាចារ្យ​បណ្ឌិត ពៅ សាវរស កើត​នៅ​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​១៩២៩ នៅ​ទីក្រុង​ភ្នំពេញ​។ ជា​កូន​ទី​២​ក្នុង​ចំណោម​បង​ប្អូន​​៤​នាក់ កុមារី ពៅ សាវរស កំព្រា​ម្ដាយ​តាំង​ពី​នៅ​ក្មេង​វ័យ ហើយ​ត្រូវ​រស់​នៅ​ក្រោម​ការ​ចិញ្ចឹម​បីបាច់ពី​ឪពុក ឈ្មោះ ពៅ ច្រឹង ដែល​ជា​មនុស្ស​ម៉ត់ចត់ និង​ម៉ឺងម៉ាត់​ណាស់ ទាំង​ក្នុង​កិច្ចការ​រាជការ និង​ក្នុង​កិច្ចការ​គ្រួសារ​។

នៅ​ក្នុង​ដំណើរ​សិក្សា លោក​ស្រី ពៅ សាវរស បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​ទស្សនវិជ្ជា​និង​អក្សរសាស្ត្រ នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ រួច​ទើប​បន្ត​វិជ្ជា​នៅ​សាកលវិទ្យាល័យ​ស៊កបោន ប្រទេស​បារាំង ផ្នែក​អក្សរសាស្ត្រ និង​មនុស្ស​សាស្ត្រ​។ បន្ទាប់​មក លោក​ស្រី​បាន​ទទួល​សញ្ញាបត្រ​ផ្នែក​ខាង​ប្រវត្តិសាស្ត្រ ភូមិសាស្ត្រ និង​ភាសាសាស្ត្រ​។

បន្ថែមពី​ការ​សិក្សា​នៅ​ប្រទេស​បារាំង លោក​ស្រី​សាស្ត្រាចារ្យ ពៅ សាវរស បាន​ស្វះស្វែង​រៀនសូត្រ​បន្ត​ទៀត​នៅ​ប្រទេស​អង់គ្លេស អំពី​ភាសា​មន​ និង​នៅ​សហរដ្ឋ​អាមេរិក សិក្សា​បំពេញបន្ថែម​ផ្នែក​ភាសាសាស្ត្រ​។ សាស្ត្រាចារ្យ​ដែល​លោក​ស្រី​បាន​សិក្សា​រៀនសូត្រ​ជាមួយ គឺ​សុទ្ធ​តែ​ជា​អ្នក​ប្រាជ្ញ មាន​ចំណេះដឹង​ជ្រៅជ្រះ​និង​ទូលំទូលាយ ជា​អាថិ៍ លោក​សាស្ត្រាចារ្យ អាម៉ង់ មីណារ ផ្នែក​វេយាករណ៍​សំស្ក្រឹត, លោក ល្វី រឺនូ ផ្នែក​ទស្សនវិជ្ជា និង​អក្សាសាស្ត្រ​សំស្ក្រឹត, លោក អង់ដ្រេ បាររូ ផ្នែក​ពុទ្ធសាសនា​និង​បាលី, លោក ហ្សង់ ហ្វីលីយ៉ូស្ហា ផ្នែក​វប្បធម៌​និង​អារ្យធម៌​ខ្លឹង, លោក ហ្គរឌេន លូស ផ្នែក​ភាសា​មន​បុរាណ, និង​លោកសាស្ត្រាចារ្យ សូ៍តូ ផ្នែក​ភាសា​មន​ទំនើប។ លោក​ស្រី​ក៏​បាន​សិក្សា​ជាមួយ​លោក ហ្ស៊ក សឺដេស, និង​លោក ហ្វ្រង់ស័រ ម៉ារ៍ទីនី ដែល​ជា​អ្នក​ជំនាញ​បុរាណ​វិទ្យា​ដ៏​ល្បីល្បាញ​ផង​ដែរ​។

លោក​ស្រី​សាស្ត្រាចារ្យ​បណ្ឌិត ពៅ សាវរស បាន​ទទួល​សញ្ញាប័ត្រ​ជា​បណ្ឌិត​រដ្ឋ នៅ​ឆ្នាំ​១៩៧៨​។ មួយ​ឆ្នាំ​ក្រោយ​មក រដ្ឋការ​បារាំង​បាន​តែងតាំង​លោក​ស្រីជានាយក​គ្រប់​គ្រង​ការ​ស្រាវ​ជ្រាវ នៅ​មជ្ឈមណ្ឌល​ជាតិ​សិក្សា​ស្រាវ​ជ្រាវ​ជា​លក្ខណៈ​វិទ្យាសាស្ត្រ​។ ក្រៅពី​នេះ លោក​ស្រី​បាន​ចំណាយ​ពេល​ជា​ច្រើន​ឆ្នាំ ដើម្បី​បង្រៀន​សិលាចារឹក​ខ្មែរ​នៅ​សាកលវិទ្យាល័យ​ស៊កបោន​ទី​៣ និង​នៅ​សាលា​បារាំង​ចុង​បូព៌ា​។ ការងារ​នេះ លោក​ស្រី​ប្រឹង​ប្រែង​ធ្វើ​ក្នុង​ន័យ​ជួយ​ណែនាំ ដឹកដៃ និង​ចែក​រំលែង​នូវ​វិជ្ជា​ដែល​ខ្លួន​មាន​ទាំង​ប៉ុន្មាន​ឲ្យ​ដល់​សិស្ស ព្រោះ​សម្រាប់​លោក​ស្រី គ្មាន​អ្វី​ដែល​ធ្វើ​ឲ្យ​សប្បាយ​រីករាយ និង​ជ្រះ​ថ្លា ដូច​ការ​បង្រៀន​នេះ​ឡើយ​។

លោក​ស្រី​សាស្ត្រាចារ្យ​បណ្ឌិត ពៅ សាវរស បាន​បន្ត​កិច្ច​ការងារ​បង្រៀន​របស់​ខ្លួន​រហូត​ដល់​ឆ្នាំ​១៩៩៨ ជា​ពេល​ដែល​លោក​ស្រី​ចូល​និវត្តន៍ ប៉ុន្តែ​ការងារ​ស្រាវ​ជ្រាវ​អំពី​វិជ្ជា​ខ្មែរ​របស់​លោក​ស្រី ពុំ​បានបិទ​បញ្ចប់​ទេ​ គឺ​នៅ​តែ​បន្ត​ជាប់​ហូរហែ​រហូត​មក ព្រោះ​​លោក​ស្រីយល់​ឃើញ​ថា ការ​សិក្សា​ស្រាវ​ជ្រាវ និង​ផ្សព្វផ្សាយ​នូវ​វប្បធម៌ អារ្យធម៌ និង​សង្គម​ខ្មែរ មាន​ភាព​សំខាន់​និង​ចាំ​បាច់​ខ្លាំង​ណាស់ ដើម្បី​ឲ្យ​មនុស្ស​ជាតិ​និង​អន្ដរជាតិ បាន​ជ្រួត​ជ្រាប ស្រឡាញ់ ព្រមទាំង​យក​ចិត្ត​ទុក​ដាក់​ជួយ​ខិតខំ​រក្សា​ការពារ​ឫសកែវ​នៃ​ជាតិ​សាសន៍​ខ្មែរ​។ ឫសកែវ​នៃ​ជាតិ​សាសន៍​ខ្មែរ ដែល​លោក​ស្រី​សាស្ត្រាចារ្យ​បណ្ឌិត ពៅ សាវរស ស្រឡាញ់​ថ្នាក់​ថ្នម​ស្មើ​នឹង​ដួង​ព្រលឹង​របស់​ខ្លួន​៕

What Next?

Recent Articles