តុលាការ និងច្បាប់ | ព័ត៌មានជាតិ | សេរីភាពបញ្ចេញមតិ
លោក ណាត សុភាព | ២៧ មិថុនា ២០២០ | ម៉ោង ០៧:១៣
VOD
សាលាដំបូងរាជធានីភ្នំពេញ
ស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា សមត្ថកិច្ចបានបញ្ជូន ចាងហ្វាងកាសែតជាតិខ្មែរទៅតុលាការ កាលពីម្សិលមិញ ក្រោយពីរកឃើញថា ចាងហ្វាងរូបនេះពាក់ព័ន្ធបទល្មើសញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ។
ស្នងការនគរបាលរាជធានីភ្នំពេញ លោក ស ថេត បានប្រាប់វីអូឌីថា សមត្ថកិច្ចបានចាប់ខ្លួនចាងហ្វាងកាសែតជាតិខ្មែរ លោក រស់ សុឃិត នៅខេត្តកំពង់ឆ្នាំងកាលពីថ្ងៃទី២៥ខែមិថុនា ក្រោយពីចាប់ខ្លួន ចាងហ្វាងកាសែតរូបនោះបានសារភាពថា ហ្វេសប៊ុកដែលផុសរឿងរិះគន់ថ្នាក់ដឹកនាំរដ្ឋាភិបាលជាហ្វេសប៊ុករបស់គាត់ពិតមែន ប៉ុន្តែខ្លឹមសារដែលសរសេររិះគន់ថ្នាក់ដឹកនាំនោះ មិនមែនគាត់ជាអ្នកសរសេរនោះទេ។
លោកមានប្រសាសន៍ថា៖ «គាត់ថា គេហេករបស់គាត់…ប៉ុន្តែគាត់ទទួលស្គាល់ថា អាខោន[ហ្វេសប៊ុក]របស់គាត់ ប៉ុន្តែខ្លឹមសារដែលចុះហ្នឹង គឺថាមិនមែនរបស់គាត់[សរសេរ]ទេ ខ្លឹមសារហ្នឹងដូចនិយាយវាយប្រហារ ញុះញង់ ថ្នាក់ដឹកនាំ»។
ទោះជាបែបនេះក្តី បន្ទាប់ពីសាកសួរចប់ សមត្ថកិច្ចបានបញ្ជូនចាងហ្វាងកាសែតនោះ ទៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃសុក្រម្សិលមិញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
វីអូឌី មិនអាចសុំការបំភ្លឺពីព្រះរាជអាជ្ញារងសាលាដំបូងភ្នំពេញ លោក គុជ គឹមឡុង បានទេ ដោយលោកថា ជាប់រវល់ប្រជុំ។
នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) លោក ណុប វី ពន្យល់ជាទូទៅថា បើសិនជាប្រជាពលរដ្ឋ ឬអ្នកសារព័ត៌មានដែលបញ្ចេញមតិលើបណ្តាញសង្គម ក្នុងន័យរិះគន់ ថ្នាក់ដឹកនាំស្ថាប័នរដ្ឋណាម្នាក់ បែបស្ថាបនា ដោយមិនជេប្រមាថ គឺពួកគេទទួលបានការគាំពារដោយច្បាប់។
ចំណែកករណី ចាងហ្វាងកាសែតជាតិខ្មែរ លោក រស់ សុឃិត តុលាការត្រូវធ្វើការស្រាវជ្រាវនិងស៊ើបអង្កេតឲ្យបានច្បាស់លាស់មុននឹងធ្វើការចោទប្រកាន់ ដើម្បីកុំឲ្យប៉ះពាល់ដល់អ្នកដែលមិនបានប្រព្រឹត្តខុស។
លោកមានប្រសាសន៍ថា៖ «ករណីនេះគួរតែមានការស៊ើបអង្កេតឲ្យបានត្រឹមត្រូវថា តើគាត់ពិតជាបានសរសេរនៅលើអាខោនរបស់គាត់ ឬក៏អាខោនរបស់គាត់ត្រូវបានគេហេក ឬជ្រៀតចូលទៅដោយបុគ្គលណាមួយ ដែលអាចធ្វើឲ្យគាត់មានហានិភ័យដោយសារការជ្រៀតចូល[សរសេរបរិហារ្តិ៍ថ្នាក់ដឹកនាំរដ្ឋ] បើនៅក្នុងករណីហ្នឹងគាត់ក៏អាចថា ជាជនរងគ្រោះមួយ ចំពោះអ្វីដែលបានសរសេរផ្សាយនៅលើទំព័រហ្វេសប៊ុករបស់គាត់ដែរ»។
កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០នេះ សមត្ថកិច្ចបានឃាត់ខ្លួន ចាងហ្វាងកាសែតជាតិខ្មែរ ពេលចូលខ្លួនបំភ្លឺ នៅការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តាមដីកាបង្គាប់របស់ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ពោលត្រូវចូលបង្ហាញខ្លួនឱ្យបានមុនថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ដើម្បីសាកសួរពីដំណើររឿងញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។
is that SO SOCHEATH thank GOD if this animal gone
Anybody against this beast regime or dictator will be jail ‘because Ang ka lour hanoi watching ‘