គណបក្ស​ប្រជាជនកម្ពុជា៖ បាត់​បង់​តម្លៃ​ខ្លះ​ដោយសារ​ទង្វើ​ខ្លួន​ឯង

ទស្សនៈព្រឹត្តិការណ៍ខ្មែរ
28/06/2020 – 17:47
ដោយ៖ អ៊ឹម រចនា
RFI

លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​នា​ពេល​កន្លង​មក​។
លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​នា​ពេល​កន្លង​មក​។ © AP

២៨​មិថុនា​១៩៥១ – ២៨​មិថុនា​២០២០​។ ថ្ងៃ​ទី​២៨​មិថុនា​នេះ គឺ​ជា​ខួប​លើក​ទី​៦៩​នៃ​ការ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​។ ៦៩​ឆ្នាំ​កន្លង​មក​នេះ គណបក្ស​ប្រជាជន​ដែល​ធ្លាប់​តស៊ូ​រំដោះ​ប្រទេស​ជាតិឲ្យ​រួច​ផុត​ពី​ភ្លើង​សង្គ្រាម បាន​បាត់​បង់​តម្លៃ​ខ្លះ​ទៅ​ហើយ​នៅ​ក្នុង​ក្រសែ​ភ្នែក​រាស្ត្រ​។ ការ​ថយ​ចុះ​តម្លៃ​នេះ​ទៀត​សោត មែន​​ទែន​ទៅ កើត​ឡើង​ដោយ​សារ​តែ​ទង្វើរបស់​គណបក្ស​នេះ​ខ្លួន​ឯង​តែ​​ម្ដង ពុំ​មែន​ដោយ​សារ​កត្តា​ខាង​ក្រៅ​ណា​មួយ​ឡើយ​។

អស់​រយៈ​ពេល​៦៩​ឆ្នាំ​មក​ហើយ ដែល​គណបក្ស​ប្រជាជន​កម្ពុជា ឈ្មោះ​ដើម​ថា គណបក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា បាន​ចូល​ប្រឡូក​យ៉ាង​ខ្លាំង​ក្លា នៅ​ក្នុង​សកម្មភាព​រំដោះ​ប្រទេស ទាំង​ចេញ​ពី​នឹម​អាណានិគម​និយម​បារាំង និង​របប​អាវ​ខ្មៅ​ប៉ុលពត​។ នេះ​គឺ​ជា​សច្ចភាព​ដែល​គ្មាន​នរណា​អាច​ប្រកែក​បាន​ឡើយ​។ បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​១៩៥១ គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បាន​គេ​ចាត់​ទុក ឬ​ចាត់​ទុក​ខ្លួន​ឯង​ថា ជា​គណបក្ស​ដ៏​ចំណាស់​ជាង​គេ​មួយ ដែល​មាន​បទ​ពិសោធ​រឹង​មាំ​ក្នុង​ការ​ដឹក​នាំ​ប្រទេស​។ គណបក្ស​នេះ​មាន​បណ្ដាញ​បក្ស ក៏​ដូច​ជា​បណ្ដាញ​ផ្នែក​រដ្ឋបាល តាំង​ពី​ថ្នាក់​លើ​ដល់​ថ្នាក់​ក្រោម​។ បណ្ដាញ​រឹងមាំ ថវិកា​សម្បូរ​បែប និង​អំណាច​ពេញ​ដៃ គឺ​ជា​អំណោយ​ផល​ដល់​ការ​យក​ប្រៀប​ទៅ​លើ​គូ​ប្រជែង​។

បើ​ទោះ​បី​ជា​បាន​ឈ្នះ​ឆ្នោត​ភ្លូក​ទឹក​ភ្លូក​ដី​កាល​ពី​ឆ្នាំ​២០១៨ ទទួល​បាន​អាសនៈ​ទាំង​១២៥​នៅ​ក្នុង​រដ្ឋសភា​ក៏​ដោយ ក៏​មតិ​ជា​ច្រើន​កត់​សម្គាល់​ឃើញ​ថា តម្លៃ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ដ៏​ចំណាស់​នេះ ចាប់​ផ្ដើម​ថម​ថយ​ចុះ​លែង​ដូច​មុន​ទៀត​ហើយ​នៅ​ក្នុង​ក្រសែ​ភ្នែក​រាស្ត្រ​។ ការ​ថយ​ចុះ​តម្លៃ​នេះ​ទៀត​សោត មែន​​ទែន​ទៅ កើត​ឡើង​ដោយ​សារ​តែ​ទង្វើរបស់​គណបក្ស​នេះ​ខ្លួន​ឯង​តែ​​ម្ដង ពុំ​មែន​ដោយ​សារ​កត្តា​ខាង​ក្រៅ​ណា​មួយ​ឡើយ​។

គណបក្ស​ប្រជាជនកម្ពុជា រហូត​មក​ទល់​ពេល​នេះ ​មាន​សមាជិក​សមាជិកា​សរុប​ជាង​៦​លាន​នាក់​។ បើ​និយាយ​នៅ​ក្នុង​រូបភាព​បក្ស សមាជិក​សមាជិកានៃ​គណបក្ស​ប្រជាជន​ហាក់​បាន​បំពេញ​ការងារ​របស់​ខ្លួន​បាន​យ៉ាង​ខ្ជាប់ខ្ជួន​​គួរ​ឲ្យ​កត់​សម្គាល់​។ ប៉ុន្តែ​បើ​និយាយ​ក្នុង​រូប​ភាព​ជា​គណបក្ស​កាន់​អំណាច​ដឹក​នាំ​រដ្ឋាភិបាល​វិញ គណបក្ស​ប្រជាជន​កម្ពុជា ពឹង​ផ្អែក​យ៉ាង​ខ្លាំង​លើ​អម្រែក​លោក ហ៊ុន សែន​។

ជាក់​ស្ដែង លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន ត្រូវ​ចំណាយ​ពេល​មួយ​ផ្នែក​ចេញ​បញ្ជា​និង​ដោះ​ស្រាយ​បញ្ហា​ផ្សេង​ៗ រាប់​ចាប់​តាំង​ពី​បញ្ហា​តូច​តាច​រហូត​ដល់​បញ្ហា​ដុំ​កំភួន​។ មន្ដ្រី​ក្រោម​បង្គាប់របស់​លោក​មួយ​ចំនួន​ធំ នៅ​តែ​រង់​ចាំ​រហូត​ដល់​មានប្រតិកម្ម​ឬ​​បញ្ជា​ពី​នាយករដ្ឋ​មន្ដ្រី ទើប​ខ្នះខ្នែង​ដោះ​ស្រាយ​បញ្ហា​។ គឺ​ភាព​ស្ពឹក​ស្រពន់​នេះហើយ ដែល​ពួត​ផ្ដុំ​បន្តិច​ម្ដង​ៗ​នូវ​ការ​មិន​សប្បាយ​ចិត្ត​របស់​ពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត នាំ​ឲ្យ​គណបក្ស​នេះ​បាត់បង់​តម្លៃ​របស់​ខ្លួន​ដែល​ខិត​ខំ​សន្សំ​ទុក​អស់​រាប់​សិប​ឆ្នាំ​។

ក្រៅ​តែ​ពី​ពុំ​បាន​បំពេញ​តួនាទី​ជា​គណបក្ស​ដឹក​នាំ​រដ្ឋាភិបាល​ឲ្យ​មាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធផល​ពេញ​លេញ​ហើយ គណបក្ស​ប្រជាជន​កម្ពុជា​នា​រយៈ​ពេល​ចុង​ក្រោយ​នេះ បាន​បំផុស​ឲ្យ​ពលរដ្ឋ «អរគុណ​សន្តិភាព»​។ សន្តិភាព​ដែល​គណបក្ស​នេះ​រំឭក​មិន​ដាច់​ពី​មាត់​ថា ស្វែង​រក​បាន​ដោយ​លំបាក​តាម​រយៈ​ការ​លះបង់​របស់​ខ្លួន​។ ជា​ការ​ពិត ការ​លើក​ឡើង​នេះ បើ​និយាយ​ពី​៤០​ឆ្នាំ​មុន គឺ​ពិត​ជា​​មិន​ខុស​ទេ​។

ប៉ុន្តែ​ក្នុង​ពេល​នេះ ការ​ធានា​ឲ្យ​បាន​នូវ​សន្តិភាព​សម្រាប់​ប្រទេស​ជាតិ គឺ​ជា​តួនាទី ជា​កាត្វកិច្ច និង​ជា​ការ​ទទួល​ខុស​ត្រូវ​របស់គណបក្ស​ប្រជាជន​កម្ពុជា​ដោយ​ប្រកែក​មិន​បាន​ ក្នុង​ពេល​ដែល​គណបក្ស​នេះ​កំពុង​កាន់​តំណែង​​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​រដ្ឋាភិបាល ។ ហើយ​ការ​ដឹង​គុណ​ណាមួយ​ពី​ពលរដ្ឋ​គឺ​ជា​រឿង​មិន​ចាំ​បាច់​ទាល់​តែ​សោះ​។ ផ្ទុយ​មក​វិញ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ទៅ​វិញ​ទេ ដែល​ត្រូវ​អរគុណ​រាស្ត្រ។ រាស្ត្រ​ចំនួន​ជាង​៤​លាន៨៨​ម៉ឺន​​នាក់ ​ដែល​បាន​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ​២០១៨ ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​គណបក្ស​នេះ​បាន​បន្ត​ដឹក​នាំ​ប្រទេស​ត​ទៅ​ទៀត​។

ទាំង​នេះ គេ​នៅ​មិន​ទាន់​និយាយ​ដល់​ល្បែង​នយោបាយ​ទាំង​ឡាយ​ដែល​គណបក្ស​នេះ​ប្រលែង​ជាមួយ​អតីត​គណបក្ស​ប្រឆាំងនា​ពេល​កន្លង​មក រហូត​ធ្វើ​ឲ្យ​សង្គម​ស៊ីវិល​និង​សហគមន៍​អន្ដរជាតិ​មាន​លេស​រិះគន់​និង​ថ្កោល​ទោស​គណបក្ស​នេះ​រហូត​មក​ទល់​សព្វ​ថ្ងៃ​ផង​ទេ​។

ឥឡូវ​នេះ​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា ការ​ខ្នះខ្នែង​ធ្វើ​កំណែ​ទម្រង់​ឲ្យបាន​លឿនរហ័ស​ប្រកប​ដោយ​​ប្រសិទ្ធភាព​និង​ប្រសិទ្ធផល គឺ​ជា​រឿង​ស្លាប់រស់​ដែល​ត្រូវ​តែ​សម្រេច​ឲ្យ​បាន ប្រសិន​បើ​គណបក្ស​នេះ​ចង់​ស្ដារ​តម្លៃរបស់​ខ្លួន​នៅ​ក្នុង​ក្រសែ​ភ្នែក​រាស្ត្រ​ត្រឡប់​មក​វិញ​។ ចំណែក​អំណាច​ដែល​គណបក្ស​នេះ​មាន​ក្នុង​ដៃ​វិញ គួរ​តែ​ត្រូវ​បាន​ប្រើ​ប្រាស់​ក្នុង​ន័យ​តែ​មួយ​គត់ គឺ​សម្រាប់​ប្រយោជន៍​ប្រជាជន​និង​ប្រជាជាតិ​ មិន​មែន​សម្រាប់​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​​និង​បក្ស​ពួក​ខ្លួននោះ​​ឡើយ​។ មាន​វ័យ​៦៩​ឆ្នាំ​ទៅ​ហើយ បើ​ប្រដូច​ទៅ​នឹង​ដើម​ឈើ គណបក្ស​ប្រជាជន​កម្ពុជា មាន​ឫស​រឹង​មាំ​ណាស់ ហើយ​គួរ​តែ​ឈរ​ផ្ដល់​ម្លប់​ដល់​អ្នក​ដទៃ​ប្រកប​​ដោយ​ក្ដី​មេត្តា​ទើប​ជា​ការ​ប្រពៃ​៕

What Next?

Recent Articles

One Response to "គណបក្ស​ប្រជាជនកម្ពុជា៖ បាត់​បង់​តម្លៃ​ខ្លះ​ដោយសារ​ទង្វើ​ខ្លួន​ឯង"

  1. Anonymous says:

    are you kidding me when was this party win election?? 2018 who was your opposition party is that fourteen poppet parties do I’m I right. as I herd international community they did not recognizing that election wasn’t it right . the only a few communist nation are said yes but the rest did not said nothing. KAMPOUCHEA never had the political prisoner only the politician was in jail that all . the leader of opposition party was excel and was in jail their supporter was also in jail that cam from NHOS NHOUNG policy of Dr HUN NAL. the Cambodian high educated from hell

Leave a Reply

Submit Comment