គ្រួសារ​បណ្ឌិត​កែម ឡី គ្រោង​រៀបចំ​បុណ្យខួប ៤​ឆ្នាំ និង​បន្ត​ទាមទារ​យុត្តិធម៌

ដោយ សុជីវី
2020-06-28
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក កែម ឡី អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម​ចូលរួម​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​២០១៦។

លោក កែម ឡី អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម​ចូលរួម​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​២០១៦។

Photo: RFA


ម្តាយ​និង​បងប្អូន​បង្កើត​បណ្ឌិត​កែម ឡី គ្រោង​ធ្វើ​ពិធីបុណ្យ​រំលឹក​ខួប​៤​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា ខាងមុខនេះ ។ ការ​ធ្វើ​ពិធី​រំឭក​ខួប​នេះ ដើម្បី​បន្ត​ទាមទារ​រក​យុត្តិធម៌​និង​ឧទ្ទិស​កុសល​ជូន​ដល់​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី ដែល​ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​ទាំង​កណ្ដាល​ថ្ងៃ ក្នុង​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦។

គ្រួសារ​បណ្ឌិត កែម ឡី អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​គោរព​ស្រឡាញ់​បណ្ឌិត កែម ឡី ឱ្យ​ចូលរួម​ពិធី​បុណ្យខួប ៤​ឆ្នាំ នៃ​ថ្ងៃ​ឃាតកម្ម​លោក ដែល​គ្រោង​ធ្វើ​នៅ​ទីតាំង​តម្កល់សព​របស់​លោក គឺ​ស្ថិតនៅ​ភូមិ​អង្គតាកុប ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ចាប់ផ្ដើម​ពី​ព្រឹក​ថ្ងៃ​ទី​១០ ខែ​កក្កដា។បងស្រី​បង្កើត​របស់​បណ្ឌិត​កែម ឡី គឺ​លោក កែម ថាវី ថ្លែង​ថា ពិធីបុណ្យ​រំឭក​ខួប​នេះ ធ្វើឡើង​តែមួយ ថ្ងៃ​ប៉ុណ្ណោះ ព្រោះ​មិន​មាន​ថវិកា​គ្រប់គ្រាន់ និង​ដោយសារ​ខ្លាច​អាជ្ញាធរ​រារាំង​ដូច​កាល​ពី​ឆ្នាំ កន្លង​ទៅ៖ «បើ​មាន​ថវិកា ខ្ញុំ​នឹង​ធ្វើ​មួយ​យប់​មួយថ្ងៃ​ដូច​មុន​ហើយ ប៉ុន្តែ​ដោយសារ​យើង​អត់​ដែរ យើង​ធ្វើ​ទៅតាម​នឹង​ទៅ តែ​បើ​ឱ្យ​ខាន​គឺ​អត់​ខាន​ទេ ទោះបីជា​អត់​ម៉េច ក៏​នៅ ខំ​ត្រដរ​ធ្វើ​ដែរ​។ ខ្ញុំ​មិន​ដែល​ភ្លេច​ទេ តែ​ខ្ញុំ​និយាយ​អត់​កើត ហើយ​ធ្វើបុណ្យ​នេះ បើ​យើង​ធ្វើ​ធំដុំ​ទៅ​ខ្លាច​គេ​ឃាត់​គេ​អី​ទៀត សូម្បីតែ​យើង​ចាក់​បទ​ចម្រៀង​ក៏​មិន​បាន​ដែរ​។ ពួក​ខ្ញុំ​រស់នៅ​រាល់ថ្ងៃ​នេះ ដូច​ស្លាប់។ វា​ណែន​ពេញ​ទ្រូង​ទាំង​ម៉ែ​ទាំង​កូន​។

លោកស្រី កែម ថាវី បន្ត​ថា ការរៀបចំ​ពិធីបុណ្យ​ខួប​៤​ឆ្នាំនេះ ក្រៅពី​ការ​ឧទ្ទិស​បុណ្យ​កុសល​ដល់​បណ្ឌិត កែម ឡី តាម​ទំនៀមទម្លាប់​ព្រះពុទ្ធសាសនា ពិធីបុណ្យ​នេះ ក៏​ជា​ការ​បង្ហាញ​ក្ដី​នឹករលឹក ការ​គោរព​ស្រឡាញ់​បណ្ឌិត កែម ឡី ដែរ និង​ការ​បន្ត​ទាមទារ​យុត្តិធម៌​បន្ត​ទៀត​។ បងស្រី​របស់​បណ្ឌិត កែម ឡី រូប​នេះ រៀប​រាប់ទាំង​ក្ដុកក្ដួល​ថា ក្រុម​គ្រួសារ​របស់​លោក មិន​អាច​រស់នៅ​ដោយ ស្ងប់ចិត្ត​ឡើយ ប្រសិនបើ​គ្មាន​យុត្តិធម៌​ពិត​សម្រាប់​បណ្ឌិត កែម ឡី៖ «គេ​ស្លាប់​គ្រប់គ្នា​គេ​យក​ឃើញ​មាន​ហេតុ​មាន​ផល​អី​ត្រឹមត្រូវ​ហើយ​ដល់​យើង​នេះ វា​នៅ​ដូច​បិទមុខ​អ៊ីចឹង​ហា។ ខ្ញុំ​នៅតែ​នឹក​ប្អូន​ខ្ញុំ​នៅ​ស្រស់ ទោះបី​ស្លាប់​ហើយ ទោះបីជា ធ្វើ​អ្វី​ក៏​គេ​ឃាត់​ធ្វើ​អី ក៏​គេ​ហាម។ ខ្ញុំ​ឆ្អែត​ណាស់។ បើ​គេ​រក​យុត្តិធម៌​ឃើញ ក៏​យើង​អស់ចិត្ត​ខ្លះ​ដែរ​។ ខ្ញុំ​នៅតែ​បន្ត​ទាមទារ​អ៊ីចឹង ប៉ុន្តែ​មិន​ដឹង​ធ្វើ​ម៉េច​ឥឡូវ​នេះ​។ យើង​មិន​ដឹង​ថា ទាមទារ​យុត្តិធម៌​តាម​វិធី​អី បើ​គេ​ថា គេ​ចាប់​បាន​ហើយ​ឃាតក​នេះ តែ​យើង​មិន​អាច​ទទួលយក​បានទេ​ចំពោះ​ជួប សម្លាប់​នឹង ។​ដល់ពេល​គេ​ស្ងាត់​ឈឹង​អ៊ីចឹង យើង​មិន​ដឹង​ធ្វើ​ម៉េច»

អ្នកស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម និង​ជា​អ្នកវិភាគ​នយោបាយ​ដ៏​មាន​ប្រជាប្រិយភាព បណ្ឌិត កែម ឡី ត្រូវ​បាន​ខ្មាន់កាំភ្លើង​បាញ់សម្លាប់​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ នៅ​ឯ​ស្ដារ​ម៉ា​ត (Star Mart)  ក្នុង​ស្ថានីយ​លក់​ប្រេងឥន្ធនៈ​កាល់​តិច (Caltex)  ក្នុង​ទីក្រុង​ភ្នំពេញ​។ អំពើ​ឃាតកម្ម​នេះ តុលាការ​បាន​ផ្ដន្ទាទោស អឿត អាង ដែល​ហៅ​ខ្លួនឯង​ថា ជួប សម្លាប់ ឱ្យ​ជាប់ពន្ធនាគារ​អស់​មួយ​ជីវិត​។ ប៉ុន្តែ​សាធារណជន​នៅតែ​មិន​អស់ចិត្ត​នៅឡើយ ព្រោះ​ពួកគេ​សុទ្ធតែ​ជឿ​ថា ជា​បុរស​ក្រីក្រ​រស់នៅ​តំបន់​ដាច់ស្រយាល​ក្នុង​ខេត្ត​សៀមរាប​រូប​នេះ មិន​អាច​ធ្វើ​រឿង​នេះ​បានតែ​ម្នាក់ឯង​នោះ​ឡើយ​។ ទំនងជា​ដើម្បី​បញ្ចៀស​ការរិះគន់ តុលាការ​ក្រុង​ភ្នំពេញ​បានសម្រេច​បំបែកសំណុំរឿង​នេះ​ជា​ពីរ ដើម្បី​ស៊ើបអង្កេត​រក​អ្នក​ពាក់ព័ន្ធ​ផ្សេងទៀត​យក​មក​កាត់ ទោស ក៏ប៉ុន្តែ​តុលាការ​ខកខាន​មិនបាន​ផ្តល់​ព័ត៌មាន​ស្ដីពី​ការ​វិវឌ្ឍ​នៃ​សំណុំរឿង​ទី​ពីរ​នេះ​ឡើយ​រហូត​មក​ដល់​ពេល​នេះ។

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ា​លីន ប្រាប់​អាស៊ីសេរី​យ៉ាង​ខ្លី​ដូច​កន្លង​មក​ដែរ​ថា សំណុំរឿង​ទី​មួយ​ដែល​ផ្ដោត​លើ​ការ​កាត់ទោស​បុគ្គល អឿត អាង បាន​បិទ​បញ្ចប់​ហើយ ចំណែក​សំណុំរឿង​ទី​២ កំពុង​ឋិត​ក្នុង​ដំណើរការ​ស៊ើបអង្កេត​បន្ត​ទៀត ដើម្បី​ស្វែងរក​ភាគី​ពាក់ព័ន្ធ ឬ​អ្នក​នៅ​ពីក្រោយ ។ ទោះជា​យ៉ាងណា លោក​មិន​បញ្ជាក់​ថា ដំណើរ​ការ​ស៊ើបអង្កេត​នេះ មាន​លទ្ធផល​បែប​ណា​នោះ​ទេ ដោយ​ជំរុញ​ឱ្យ​សួរ​ទៅ​ខាង​តុលាការ​ក្រុងភ្នំពេញ​វិញ៖ «ក្នុង​សំណុំ​រឿង​នេះ ជនដៃដល់​ត្រូវ​បាន​រក​ឃើញ និង​ផ្ដន្ទាទោស​រួចហើយ ចំណែក​សំណុំរឿង​ពាក់ព័ន្ធ​នឹង​អ្នកដទៃ​ទៀត​នេះ កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​នីតិវិធី របស់​តុលាការ។ អ៊ីចឹង​អាច​ទាក់ទង​ទៅ​ខាង​តុលាការ​ទៅ គេ​នឹង​អាច​ពិចារណា ថា អាច​នឹង​ផ្តល់​ព័ត៌មាន​ឱ្យ​បាន ឬក៏​អត់​ផ្អែក​ទៅ​លើ​ការសម្ងាត់​នៃ​ការ​ស៊ើបអង្កេត»

អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ជា​ចៅក្រម​ស៊ើបសួរ​ក្នុង​សំណុំរឿង​ឃាតកម្ម​បណ្ឌិត កែម ឡី គឺ​លោក សេង លាង បាន​និយាយ​ថា លោក​ស្ដាប់​មិន​លឺ និង​បាន​ផ្ដាច់​ទូរស័ព្ទ នៅ​ពេល​ដឹង​ថា អាស៊ីសេរី​សួរនាំ​អំពី​លទ្ធផល​នៃ​ការស៊ើបអង្កេត​ក្នុង​សំណុំ​រឿង​នេះ ហើយ​ទោះបីជា​អាស៊ីសេរី ព្យាយាម ទូរស័ព្ទ​ទៅជា​ច្រើនដង​ទៀត ក៏​មិន​មាន​អ្នកទទួល​ទៀត​ដែរ៖ «បង​ថា ម៉េច​ អត់​លឺ​ផង។ ស្ដាប់​អត់​បាន​ផង»

អាស៊ីសេរី ក៏​មិន​អាច​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ​ពី​ស្នងការ​នគរបាល​ក្រុងភ្នំពេញ លោក ស ថេត និង អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹម​ខឿន បានទេ ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc)  លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថា លោក​យល់ឃើញ​ដូច​ក្រុម​គ្រួសារ​ជនរងគ្រោះ​ដែរ​ថា អាជ្ញាធរ នៅ​មិន​ទាន់​ផ្ដល់​យុត្តិធម៌​ពិត​ប្រាកដ​នៅ​ឡើយ​ទេ។ លោក​កត់​សម្គាល់​ថា អាជ្ញាធរ​និង​តុលាការ គ្មាន​ឆន្ទៈ​ស៊ើបអង្កេត​ក្នុង​សំណុំរឿង​បណ្ឌិត កែម ឡី ឡើយ ព្រោះ​មក​ទល់​ពេល​នេះ អាជ្ញាធរ នៅតែ​ប្រើ​ពាក្យ​ថា កំពុង​បន្ត​ស៊ើបអង្កេត​បន្ត ប៉ុន្តែ​មិនបាន​បង្ហាញ​ថា តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់ ពាក់ព័ន្ធ និង​ត្រូវ​បាន​ស៊ើបអង្កេត​នោះ​ទេ៖ «៤​ឆ្នាំ​ទៅ​ហើយ យើង​អត់​ទាន់​ឃើញ​ពន្លឺ​នៃ​យុត្តិធម៌​នៅឡើយ​។ សាធារណជន​គេ​យល់ថា អឿត អាង នេះ គេ​មិនទាន់​ទុកចិត្ត​ថា ជា​ឃាតក​នោះ​ទេ​។ ដូច្នេះ​ទើប ចេះតែ​មាន​ការ​អំពាវនាវ និង​ទាមទារ​ឱ្យ​សមត្ថកិច្ច​វែកមុខ​ឃាតក ឬក៏​ជន​ដៃដល់​ពាក់ព័ន្ធ​នៅ​ពីក្រោយ​ទៀត ដើម្បី​ឱ្យ​មានការ​អស់ចិត្ត ហើយ​អាច​ទទួល​បាន​នូវ​យុត្តិធម៌»

ទន្ទឹម​គ្នា​នេះ លោក ស៊ឹង សែនករុណា មើល​ឃើញ​ថា អាជ្ញាធរ​រដ្ឋាភិបាល តែងតែ​រឹតត្បិត​ការ​ជួបជុំ​ប្រារព្ធ ខួប​បណ្ឌិត កែម ឡី ដូច​ករណី​ឆ្នាំ​កន្លងទៅ អាជ្ញាធរ បាន​ចាប់ខ្លួន​យុវជន​ពីរ​នាក់​ដែរ គឺ​យ​វុ​ជន គង់ រ៉ៃ​យ៉ា និង​យុវជន សួង នាគព័ន្ធ​។ ទោះជា​យ៉ាងណា លោក ជឿថា ក្រុម​អ្នក​ពី​គោរព​ស្រលាញ់​បណ្ឌិត​ កែម ឡី នៅ​តែ​មាន​បំណង​យក​កម្រងផ្កា​ទៅ​ដាក់​នៅ​កន្លែង​ឃាតកម្ម បណ្ឌិត​កែម ឡី ផ្ទាល់ និង​ខ្លះទៀត​នឹង​ទៅ​ចូលរួម​ពិធីបុណ្យ​នៅ​កន្លែង​តម្កល់សព​របស់​លោក។

លោក ស៊ឹង សែនករុណា បន្ថែម​​ថា ថ្វីដ្បិត​តែ​លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​ឃាតក​បាញ់សម្លាប់​រយៈពេល​៤​ឆ្នាំ​ហើយ​ក្ដី ក៏​សង្គម​ស៊ីវិល ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​ស្រទាប់​វណ្ណៈ​ទាំង​មន្ត្រីរាជការ សិស្ស​និស្សិត និង​ព្រះសង្ឃ​ជាដើម នៅតែ​រន្ធត់ សោកស្ដាយ​និង​គោរព​ស្រលាញ់​ដល់​វីរភាព​របស់​លោក​បណ្ឌិត កែម ឡី ម្ល៉ោះហើយ​ទើប​មាន​ពិធី​បុណ្យខួប​៤​ឆ្នាំ និង​បន្ត​ទាមទារ​រក​យុត្តិធម៌​ជូន​បណ្ឌិត កែម ឡី ស្ទើរ​គ្រប់​ទីកន្លែង​ទាំង​ក្នុង​ប្រទេស​កម្ពុជា និង​នៅ​ឯ​ក្រៅ​ប្រទេស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "គ្រួសារ​បណ្ឌិត​កែម ឡី គ្រោង​រៀបចំ​បុណ្យខួប ៤​ឆ្នាំ និង​បន្ត​ទាមទារ​យុត្តិធម៌"

  1. Anonymous says:

    as usual HERO nationalist was always mentioning in human history. how about the evil person like genocidal who took so many people life even if he is not being punishing yet his time will come and the history will put him and his families in another side of evil humankind . I myself responsible of what I said HUN NAL call HUN SEN next name CHHOUP SAMLAP was Dr KEM LAI indeed no wonder about it. I swear to GOD if HUN NAL did not order to murder Dr KEM LAI as what they said I will take any kind of punishment from GOD. HUN NAL..HUN SEN has to go Cambodian can not keep this evil killer for too long . please waking up Cambodian HUN SEN was KBOTH CHEATH indeed no though about it . this ugly guy was so evil every evil action , words was always evil for what so ever he will never change. this time is the opportunity for Cambodian to kick this evil out of our nation. please rising up the time is now.