ពលរដ្ឋ និង​អង្គការ​សង្គម​ស៊ីវិល​ស្នើ​ដាក់ទោស​មេ​ឈ្មួញ​គ្រឿងញៀន​ឱ្យ​សម​នឹង​ច្បាប់

ដោយ ហេង រស្មី
2020-06-28
RFA

ឧកញ៉ា គិត ធាង ម្ចាស់​ក្លឹប​កម្សាន្ត រ៉ុក (Rock) មុន​ពេល​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ចាប់​ខ្លួន កាល​ពី​ថ្ងៃ​ទី១១ ខែ​មីនា ឆ្នាំ២០១៩។

ឧកញ៉ា គិត ធាង ម្ចាស់​ក្លឹប​កម្សាន្ត រ៉ុក (Rock) មុន​ពេល​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ចាប់​ខ្លួន កាល​ពី​ថ្ងៃ​ទី១១ ខែ​មីនា ឆ្នាំ២០១៩។

 រូប៖ ហ្វេសប៊ុក Royal Financial Corp


ប្រជាពលរដ្ឋ និង​អង្គការ​សង្គម​ស៊ីវិល​ថា កន្លង​មក​សមត្ថកិច្ច​បង្ក្រាប​បានតែ​ឈ្មួញ​គ្រឿងញៀន​តូចតាច ទើប​បណ្ដាល​ឱ្យ​គ្រឿងញៀន​ហូរហៀរ​ពី​ក្រុង ដល់​ស្រុក​ស្រែ​ចម្ការ។ ពួកគេ​ថា សមត្ថកិច្ច​គួរតែ​ដាក់​ទោស មេខ្លោង​ជួញដូរ​គ្រឿងញៀន​ឱ្យ​សម​នឹង​ច្បាប់ ទើប​ទប់ស្កាត់​ការ​ចរាចរ​គ្រឿងញៀន​នេះ​បាន។ ការ​លើក​ឡើង​នេះ បន្ទាប់ពី​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​ណែនាំ​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​ទប់ស្កាត់​ការ​រីក​រាល​គ្រឿងញៀន​ឱ្យ​មាន​ប្រសិទ្ធភាព។

ប្រជាពលរដ្ឋ នៅ​ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម លោក គង់ សាវង្ស បាន​ត្អូញត្អែរ ប្រាប់​អាស៊ីសេរី​ថា នៅ​ភូមិ​ស្រុក​របស់​លោក​សព្វថ្ងៃ​មាន​ក្មេងៗ​ញៀន​ថ្នាំ​ច្រើន​ណាស់ មិន​ថា​ប្រុស មិន​ថា​ស្រី មិន​ថា​កូន​អ្នក​មាន ឬ​កូន​អ្នក​ក្រ​នោះ​ទេ។ លោក​ថា លោក​មិនដែល​ឃើញ​អាជ្ញាធរ​ចាប់​យក​ក្មេង​ញៀន​ថ្នាំ​ទាំងនេះ ទៅ​អប់រំ​ឬក៏​យក​ទៅ​ចូល​មណ្ឌល​ផ្ដាច់​ថ្នាំញៀន​នោះ​ទេ។

លោក គង់ សាវង្ស បន្ត​ទៀត​ថា ពេលខ្លះ​ឪពុកម្ដាយ​ដឹង​ថា កូន​ញៀន​ថ្នាំ​ហើយ​ទៅ​ប្ដឹង​នគរបាល តែ​នគរបាល​ធ្វើ​មិន​ដឹង​ឡើយ ទាល់តែ​ក្មេង​នោះ ប្រើ​អំពើ​ហិង្សា​លើ​អ្នកដទៃ ឬក៏​ក្លាយ​ជា​ចោរ​ទើប​នគរបាល​ចាប់​ពួកគេ៖ «យើង​ត្រូវ​ដឹង ប៉ូលិស​លក់​គ្រឿងញៀន ហ៊ាន​ធ្វើ​អី​ប៉ូលិស ចាប់​យូរ ៗ វា​កុង​គ្នា​ម្ដងៗ ចាប់​បាន​សុទ្ធ​ផ្កាយ​។ តាម​ភូមិ​ខ្ញុំ​អា​គ្រឿងញៀន​ហ្នឹង​វា​៨០%​ហើយ ក្មេងៗ ជក់​គ្រឿងញៀន​។ ខ្ញុំ​អ្នកលក់​បំពង់​ស្ទង់​កម្ដៅ អា​បំពង់​ស្ទង់​កម្ដៅ​ហ្នឹង​សម្រាប់​ស្ទង់​កម្ដៅ​ក្មេងៗ​ទេ ប៉ុន្តែ​ឱ្យ​តែ​អាណា​មក​ទិញ​អាហ្នឹង ខ្ញុំ​ដឹង​ថា ហ្នឹង​អ្នក​ជក់​គ្រឿងញៀន​ហើយ វា​យក​អា​គ្រឿងញៀន​ហ្នឹង​ដាក់​ក្នុង​ដប​ទឹក​សុទ្ធិ កាលណា​គ្រប់​កម្ដៅ​វា​ជក់ តែ​បើ​កម្ដៅ​លើស​វា​ជក់​ទៅ​គាំងបេះដូង»

ពលរដ្ឋ​ម្នាក់ទៀត​រស់នៅ​ខេត្ត​ប៉ៃលិន លោកស្រី អោក សំអាត សព្វថ្ងៃ​ដោយសារ​តែ​មាន​ថ្នាំញៀន​ចូល​ស្រុក ធ្វើ​ឱ្យ​ក្មេងៗ​ដែល​ធ្លាប់តែ​ជា​ក្មេង​ល្អ​បោះបង់ចោល​សាលារៀន មិន​ស្ដាប់​ដំបូន្មាន​ឪពុកម្ដាយ ហើយ​ថែមទាំង​បង្កើត​ជា​បង​តូច​បងធំ វៃ​កាប់​ចាក់​គ្នា​ពេញ​ស្រុក​ទៀត​ផង៖ «ចា៎ ក្នុងនាម​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​ម្នាក់​ហ្នឹង សំណូមពរ​ឱ្យ​រដ្ឋាភិបាល​យើង​ហ្នឹង ហើយ​ហ្នឹង​សមត្ថកិច្ច​នៅ​តាម​ភូមិ​ឃុំ​យើង​ហ្នឹង ពង្រឹង​ផ្នែក​ខាង​គ្រឿងញៀន​ហ្នឹង​ឱ្យ​បាន​ខ្លាំង​មែន​ទេ​ន កម្ចាត់​គ្រឿងញៀន​ហ្នឹង​អស់ វា​បំបាត់​ទៅ​ការភ័យខ្លាច លើ​កុមារ ស្រីៗ ហើយ​និង​ចោរ​តាម​ផ្ទះ តាម​អី ក្រែង​លោ​លួច​គោ លួច​អី ដូច​រាល់​ឆ្នាំ មាន​បាត់​គោ​បាត់​អី ដោយសារ​ចេញពី​ណា​មក ចេញពី​គ្រឿងញៀន​ហ្នឹង​ដែរ»

ការ​លើកឡើង​អំពី​កង្វល់​របស់​ពលរដ្ឋ​នេះ គឺ​បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ឱ្យ​អង្គការ​ជាតិ និង​អន្តរជាតិ​ជួយ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​អំពាវនាវ​ឱ្យ​អាណាព្យាបាល​បន្ត​យកចិត្តទុកដាក់​ថែទាំ អប់រំ​កូនចៅ​ឱ្យ​បាន​ល្អ ចៀស​ពី​គ្រឿងញៀន ជំងឺ​កូវីដ​១៩ និង​បញ្ហា​អវិជ្ជមាន​ផ្សេងៗ​ក្នុង​សង្គម​។ លោក​ក៏បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ម៉ឺងម៉ាត់​ចំពោះ​បទល្មើស​គ្រឿងញៀន​ផង​ដែរ​។ លោក ហ៊ុន សែន លើកឡើង​បែបនេះ​តាមរយៈ​លិខិត​មួយ​ច្បាប់ កាលពី​ថ្ងៃ​ទី​២៦ មិថុនា ដែល​ជា​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​។ ក្នុង​ឱកាស​នោះ អាជ្ញាធរ​បាន​ដុត​បំផ្លាញ​គ្រឿងញៀន​ជាច្រើន​ប្រភេទ សរុប​ជិត​៥០០ គីឡូក្រាម នៅ​រាជធានី​ភ្នំពេញ ក្បែរ​ទីតាំង​ក្រសួង​បរិស្ថាន។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO)  លោក អំ សំអាត សង្កេតឃើញ​ថា ទោះជា​សមត្ថកិច្ច​បាន​បង្ក្រាប​ករណី​តូចតាច និង​ករណី​ធំៗ ដូចជា​នៅ​ក្លឹប​កម្សាន្ត​រ៉ុក (Rock)  របស់​ឧកញ៉ា គិត ធាង ជាដើម​ក្តី ក៏​គ្រឿងញៀន​នៅ​រីក​រាលដាល​ដដែល​។ លោក​យល់​ថា ដើម្បី​បង្ក្រាប​គ្រឿងញៀន​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ អាជ្ញាធរ​គួរតែ ដាក់ទោស​មេ​ឈ្មួញ​ធំៗ ឱ្យ​សម​នឹង​ច្បាប់ ចំណែក​អ្នកប្រើប្រាស់​ដែល​ច្បាប់​ចាត់ទុកថា ជា​ជនរងគ្រោះ​នោះ គឺ​ត្រូវតែ​អប់រំ​ពួកគាត់ ឱ្យ​អស់​លទ្ធភាព៖ «ការ​បង្ក្រាប គឺ​បង្ក្រាប​ទៅលើ​អ្នក​ជួញដូរ អ្នក​ផលិត អ្នក​នាំចូល ឱ្យ​បាន​មាន​ប្រសិទ្ធភាព ជាពិសេស​យើង​គាំទ្រ ធ្វើ​យ៉ាងណា កុំ​ឱ្យ​មាន​មន្ត្រី ឬ អាជ្ញាធរ ហ្នឹង ពាក់ព័ន្ធ​ជាមួយ​បញ្ហា​គ្រឿងញៀន ហើយ​បើ​សិន​មានការ​ពាក់ព័ន្ធ ដាច់ខាត​ត្រូវតែ​ធ្វើការ​បង្ក្រាប ទប់ស្កាត់ ការ​ចាប់​យក​ទៅ​អនុវត្ត​ទៅតាម​ផ្លូវច្បាប់ អាហ្នឹង​វា​អាច​មាន​ប្រសិទ្ធភាព»

របាយការណ៍​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ឱ្យ​ដឹង​ថា រយៈពេល​៥​ខែ​ដើម​ឆ្នាំ​២០២០ នេះ អាជ្ញាធរ​បង្ក្រាប​បទល្មើស និង​រឹបអូស​គ្រឿងញៀន​បាន​ប្រមាណ ២៦០​គីឡូក្រាម និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ជិត ៩​ពាន់ (.៨៦៤)​ នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

2 Responses to "ពលរដ្ឋ និង​អង្គការ​សង្គម​ស៊ីវិល​ស្នើ​ដាក់ទោស​មេ​ឈ្មួញ​គ្រឿងញៀន​ឱ្យ​សម​នឹង​ច្បាប់"

  1. Anonymous says:

    So funny harst’ the big one still laughing ‘ everybody should know that ‘ specially so socheat’

  2. Anonymous says:

    they can not saying nothing when you step on their feet . but I knew they can use another story to cover up this is what the bad evil always do. every one in the world knew any dictator regime are always used the same kind of policy . we do not have to searching for too long on any big activity of unlawful from the leadership, first we should searching from the top then we will know every thing about it. I knew every thing is all up to that blind evil . it is so deference the uneducated person always used force to made every one obey his order . and the better educated person always used their brain to think not to used any kind of evil act to force any one .

Leave a Reply

Submit Comment