សកម្មជនដីធ្លីនៅភ្នំពេញចោទអាជ្ញាធររើសអើងពួកគាត់មិនព្រមធ្វើបណ្ណក្រីក្រឱ្យ

ព័ត៌មានជាតិ | សេដ្ឋកិច្ | អភិបាលកិច្ច
លោក ណាត សុភាព |២៨ មិថុនា ២០២០ | ម៉ោង ១៥:១៨
VOD

កម្លាំងចម្រុះដែលជជែកជាមួយសកម្មជនដីធ្លីនៅទីស្ដីការគណៈរដ្ឋមន្រ្តី ក្រោយពីសកម្មជនដីធ្លីសហគមន៍បឹងកក់ អ្នកស្រី ង៉ែន ឃុន យកញត្តិទៅដាក់នៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីស្នើសុំឲ្យលោកជួយផ្ដល់មេធាវីការពារក្ដីដល់ពួកគេ ដោយថា ពួកគេគ្មានលទ្ធភាពស្វែងរកមេធាវីដោយខ្លួនឯង។ រូបភាព៖ ខាន់ លក្ខិណា

កម្លាំងចម្រុះដែលជជែកជាមួយសកម្មជនដីធ្លីនៅទីស្ដីការគណៈរដ្ឋមន្រ្តី ក្រោយពីសកម្មជនដីធ្លីសហគមន៍បឹងកក់ អ្នកស្រី ង៉ែន ឃុន យកញត្តិទៅដាក់នៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីស្នើសុំឲ្យលោកជួយផ្ដល់មេធាវីការពារក្ដីដល់ពួកគេ ដោយថា ពួកគេគ្មានលទ្ធភាពស្វែងរកមេធាវីដោយខ្លួនឯង។ រូបភាព៖ ខាន់ លក្ខិណា


សកម្មជនដីធ្លីនៅក្នុងរាជធានីភ្នំពេញអះអាងថា ពួកគាត់ប្រមាណ១០០គ្រួសារកំពុងមានជីវភាពលំបាកខ្លាំង ហើយព្យាយាមសុំបណ្ណបញ្ជាក់ភាពក្រីក្រពីអាជ្ញាធរ ដើម្បីទទួលបានការឧត្ថម្ភម្ហូបអាហារ និងការព្យាបាលជំងឺ ប៉ុន្តែអាជ្ញាធររើសអើងពួកគាត់មិនព្រមធ្វើឱ្យ។​

អ្នកស្រី សាត ផា ដែលអះអាងថា ជាតំណាងសហគមន៍ស្ត្រីបឹងកក់ និងបច្ចុប្បន្នរស់នៅភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ និយាយថា អ្នករងគ្រោះដោយសារបញ្ហាដីធ្លី​នៅក្នុងសហគមន៍របស់គាត់ប្រហែលជា៨០គ្រួសារ ស្នើសុំទៅអាជ្ញាធរមូលដ្ឋានសុំធ្វើបណ្ណក្រីក្រ ប៉ុន្តែអាជ្ញាធរមិនព្រមធ្វើឲ្យនោះទេ ដោយថា ពួកគេសុទ្ធតែជាអ្នកមានជីវភាពធូធារ។ អ្នកស្រីចាត់ទុកអាជ្ញាធរថា មានការរើសអើងពួកគេ ទើបមិនព្រមធ្វើបណ្ណ​ក្រីក្រឲ្យ។

អ្នកស្រីនិយាយថា៖ «ខ្ញុំទៅធ្វើគ្នាច្រើនដែរ ប្រហែលជា៨០គ្រួសារដែរ និយាយរួមពួកខ្ញុំអ្នកក្រីក្រ [សុំធ្វើប័ណ្ណក្រីក្រ] ហើយអាជ្ញាធរគាត់រើសអើងខ្ញុំជាជនរងគ្រោះដីធ្លី តែតាមសង្កាត់ តាមខណ្ឌ[អត់ធ្វើប័ណ្ណក្រីក្រ] គាត់អត់មានភាពយុត្តិធម៌សំរាប់ប្រជាពលរដ្ឋទេ រើសអើងប្រជាពលរដ្ឋខ្ញុំរងគ្រោះគ្រប់សព្វទាំងអស់ »។

តំណាង​សហគមន៍​ភូមិ ២៣ អ្នកស្រី នី សណ្តោស រស់នៅក្បែរផ្លូវរទេះភ្លើង ខណ្ឌទួលគោក រាជធានីភ្នំពេញ និយាយថា គាត់បានស្នើសុំទៅអាជ្ញាធរភូមិ និងសង្កាត់ឲ្យជួយធ្វើបណ្ណក្រីក្រដែរ ប៉ុន្តែអាជ្ញាធរមិនព្រមធ្វើឲ្យនោះទេ ដោយថា គ្រួសារគាត់អាចរកប្រាក់ចំណូលបានច្រើនជាង៥ពាន់រៀលក្នុងមួយថ្ងៃ និងស្វាមីគាត់ជាមន្ត្រីរាជការផងដែរ។

អ្នកស្រីបញ្ជាក់ថា ក្រុមគ្រួសារគាត់កំពុងជួបបញ្ហាប្រឈមនឹងជីវភាពគ្រួសារ ខណៈជំងឺកូវីដ១៩កំពុងរីករាលដាលនៅទូទាំងសកលលោក និងប្រទេសកម្ពុជា។ អ្នកស្រីស្នើទៅអាជ្ញាធរឲ្យផ្តល់បណ្ណក្រីក្រ ដើម្បីជួយសម្រួលដល់ជីវភាពគ្រួសារ និងជួយពេលទៅពេទ្យពិនិត្យសុខភាព។ 

អ្នកស្រីនិយាយថា៖ «ខ្ញុំជាប្រពន្ធមន្ត្រីយោធា អាជ្ញាធរថា យើងមានចំណូលលើសពី៥ពាន់រៀល ​ទាល់តែអ្នករកចំណូលបានក្រោម៥ពាន់បានគេធ្វើឲ្យ ខ្ញុំធ្លាប់សម្ភាសន៍ម្តងដែរ គេថាចំណូលយើងលើសពី៥ពាន់រៀលក្នុងមួយថ្ងៃ ខ្ញុំអត់នៅក្រោមបន្ទាប់ក្រីក្រគេអត់ធ្វើឲ្យទេ ជីវភាពខ្ញុំពិបាកមែន ខ្ញុំរាល់ថ្ងៃបារម្ភពីសុវត្ថិភាព សុខភាពខ្លួនឯង ខ្ញុំចង់បានបណ្ណក្រីក្រ[សៀវភៅសមធម៌] ពេលឈឺស្កាត់ងាយស្រួលទៅពេទ្យ ព្រោះទៅមន្ទីរពេទ្យដឹងតែលុយ បើអត់លុយគេមើលមុខយើងទេ ប្រាក់ខែមន្ត្រីយោធាបង់តែទឹកភ្លើងមិនគ្រប់ផង»។

​វ័យ៦៣ឆ្នាំ អ្នកស្រី ឌុច វី រស់នៅភូមិ ២៣ ក្បែរផ្លូវរទេះភ្លើង អះអាងទាំងអួលដើមកថា គាត់បានទៅសុំអាជ្ញាធរមូលដ្ឋានធ្វើបណ្ណក្រីក្រ២ទៅ៣ដងដែរ តែអាជ្ញាធរថាធ្វើហួសហើយ។ ករណីនេះ អ្នកស្រីថា នៅពេលគ្មានបណ្ណក្រីក្រនេះ ធ្វើឲ្យគាត់ពិបាកទៅរកសេវាថែទាំសុខភាព ខណៈបច្ចុប្បន្នកំពុងជួបញ្ហាប្រឈមក្នុងជីវភាពគ្រួសារ។

អ្នកស្រីនិយាយថា៖ «ខ្ញុំពិបាកណស់ក្មួយ ក្រុមគ្រួសារខ្ញុំពិបាកណាស់ តាខ្ញុំគាត់ងងឹតភ្នែកខាងស្តាំ ខ្ញុំក៏ឈឺបេះដូង ទឹកនោមប្រៃ ទឹកនោមផ្អែមផង ហើមជើង ផ្ទះខ្ញុំចង់រលំបាក់ហើយ វាមានផលលំបាកច្រើនណាស់ ទៅពេទ្យអត់មានបណ្ណក្រីក្រវាពិបាកដែរ យើងទៅខាងកាល់ម៉ែតទៅពិនិត្យសុខភាព ទាំងថ្នាំអស់១២ម៉ឺនរៀល ទៅ១ខែ ខាន២ទៅ៣ខែ ហើយខ្ញុំចិញ្ចឹមចៅកំព្រាអត់មានមែ អត់មានឪ ពីរទៅបីនាក់ឯណោះ»។

អ្នកស្រីអះអាងទៀតថា អ្នករងគ្រោះពីការរំលោភយកដីធ្លីនៅក្បែរផ្លូវរថភ្លើងដែលមានជីវភាពក្រីក្រប្រមាណ៣០គ្រួសារផ្សេងទៀត ក៏មិនអាចសុំបណ្ណក្រីក្របានដូចអ្នកស្រីដែរ។

អ្នកមានជម្លោះដីធ្លីទាំងនោះ និយាយប្រហាក់ប្រហែលគ្នាថា បើអាជ្ញាធរនៅតែរើសអើងមិនព្រមធ្វើបណ្ណក្រីក្រជូនពួកគេទេ នឹងធ្វើឲ្យជីវភាពគ្រួសារពួកគេកាន់តែជួបបញ្ហាប្រឈមធ្ងន់ធ្ងរនៅថ្ងៃអនាគត ដោយសារបច្ចុប្បន្ននេះ ជំងឺកូវីដ១៩កំពុងរីករាលដាលនៅកម្ពុជា ធ្វើឲ្យពួកគេមិនអាចរកប្រាក់ចំណូលបានដូចពីមុន។

វីអូឌីមិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យក្រសួងផែនការ លោក ណុប កនណាវុឌ្ឍ លោក ជ័យ ណាត និងលោក ផេង ចិន្ថា បានទេនៅថ្ងៃនេះ។ ចំណែក អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី ក៏មិនអាចសុំបំភ្លឺបានដែរនៅថ្ងៃនេះ។

នាយករងអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា អាជ្ញាធរត្រូវធ្វើការស្រាវជ្រាវឲ្យបានច្បាស់លាស់មុននឹងបដិសេធធ្វើបណ្ណក្រីក្រជូនពលរដ្ឋ ដើម្បីកុំឲ្យរងការរិះគន់ពីសាធារណៈជន។

លោកមានប្រសាសន៍ថា៖ «មិនប្រាកដថា ប្រជាពលរដ្ឋដែលរស់នៅតំបន់ប្រជាពលរដ្ឋដែលមានជីវភាពធូធារ ហើយគាត់រកចំណូលបានធូធារទាំងអស់នោះទេ វាតែងតែមានអ្នកខ្លះស្ថិតនៅក្នុងភាពក្រីក្រដែរ មិនថានៅតាមជនបទ និងទីក្រុងទេ ហ្នឹងហើយដែលទាមទារឲ្យធ្វើការស្រាវជ្រាវឲ្យបានច្បាស់លាស់មុននឹងធ្វើការបដិសេធ បើមិនចឹងទេនាំឲ្យពួកគាត់រិះគន់និងចោទប្រកាន់ផ្សេងៗទៅលើអាជ្ញាធរ»។

នៅចុងខែមិថុនានេះ រដ្ឋាភិបាលប្រកាសជួយឧត្ថម្ភដល់ពលរដ្ឋចំនួន​៥៦ម៉ឺនគ្រួសារ ដែលកំពុងមានជីវភាពខ្វះខាត ហើយគ្រោងចំណាយ២៥លានដុល្លារក្នុង១ខែៗ។ លោកនាយករដ្ឋមន្ត្រីបញ្ជាឱ្យមន្ត្រីពាក់ព័ន្ធយកចិត្តទុកដាក់ស្រាវជ្រាវបន្ថែមទៀត ព្រោះអ្នកក្រីក្រខ្វះខាតអាចនៅតែបន្តកើនឡើងដោយសារជីវភាពខ្វះខាត៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

One Response to "សកម្មជនដីធ្លីនៅភ្នំពេញចោទអាជ្ញាធររើសអើងពួកគាត់មិនព្រមធ្វើបណ្ណក្រីក្រឱ្យ"

  1. Anonymous says:

    WELL .. HUN SEN gran son spending five hundreds in one hour how about you ??

Leave a Reply

Submit Comment