កម្មករ​​ប្រហែល​៣០០​នាក់​​របស់​​រោង​ចក្រ ហាណា​​ តវ៉ា​​ទាម​ទារ​​សំណង​​ពីរ​​ចំណុច​​បន្ថែម​​ទៀត​

ការងារ | ព័ត៌មានជាតិ
លោក ឃុត សុគន្ធ | ២៩ មិថុនា ២០២០ | ម៉ោង ១៦:៤៥
VOD

ព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ កម្មករ​-កម្មការិនី​បម្រើការ​ងារ​នៅ​រោងចក្រ​ ហាណា (HANA​) បាន​ផ្ទុះ​ការ​តវ៉ា​​ទាមទារ​បើកប្រាក់​ឈ្នួល និង​ទូ​ទាត់​អត្ថ​ប្រយោជន៍​ផ្សេង​ៗជូន​ពួក​គេ​តាមផ្លូវ​ច្បាប់ ក្រោយ​ថៅកែ​ប្រកាស​បិទទ្វារ​រោង​ចក្រ​ភ្លាម​ៗ។ (ហ៊ី ឆាយ)

ព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ កម្មករ​-កម្មការិនី​បម្រើការ​ងារ​នៅ​រោងចក្រ​ ហាណា (HANA​) បាន​ផ្ទុះ​ការ​តវ៉ា​​ទាមទារ​បើកប្រាក់​ឈ្នួល និង​ទូ​ទាត់​អត្ថ​ប្រយោជន៍​ផ្សេង​ៗជូន​ពួក​គេ​តាមផ្លូវ​ច្បាប់ ក្រោយ​ថៅកែ​ប្រកាស​បិទទ្វារ​រោង​ចក្រ​ភ្លាម​ៗ។ (ហ៊ី ឆាយ)


​កម្មករ​-កម្មការិនី​ប្រហែល ៣០០នាក់​របស់​រោងចក្រ ហាណា (HANA​)  ស្ថិត​ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ បាន​នាំគ្នា​តវ៉ា​ជាថ្មីទៀត​នៅ​ថ្ងៃនេះ ដើម្បី​ទាមទារ​ទៅ​ថៅកែ​ឱ្យដោះស្រាយ​សំណង​ជូន​ពួក​គេ​តាមច្បាប់​ដូច​ការសន្យា។

កាលពី​ថ្ងៃទី២៣ ខែមិថុនា ថៅកែ​រោងចក្រ HANA បាន​ប្រកាស​បិទទ្វារ​ប្រតិបត្តិ​ការ​អាជីវកម្ម​របស់​ខ្លួ​នភា្លមៗ ហើយ​សន្យា​ថា នឹង​ដោះស្រាយ​ជូន​កម្មករ​តាមផ្លូវ​ច្បាប់។

កំណត់ហេតុ​រវាង​តំណាង​កម្មករ និង​តំណាង​ក្រុមហ៊ុន ក្រោម​ការសម្រប​សម្រួល​ដោះស្រាយ​ពី​មន្ត្រី​ក្រសួងការងារ​កាលពី​ថ្ងៃទី២៣ ខែមិថុនា​ បញ្ជាក់​ថា ថៅកែ​បាន​សន្យា​ផ្តល់​សំណង​ជូន​កម្មករ​ចំនួន ៥ចំណុច​ស្របតាម​ច្បាប់​ស្តី​ពី​ការងារ។

ប៉ុន្តែ កម្មករ​អះអាង​ថា ពេល​ពួក​គេ​បើកលុយ​នៅ​ថ្ងៃទី២៦ ខែមិថុនា គឺ​ទទួល​បាន​សំណង​ត្រឹមតែ ៣ចំណុច​ប៉ុណ្ណោះ​ រួមមាន ​ប្រាក់ឈ្នួល​ចុងក្រោយ ប្រាក់​អតី​ភាព​ការងារ និង​ប្រាក់​ដំណាច់ឆ្នាំ​ដែល​នៅសល់។

កម្មករ​ផ្នែក​កាន់​ឃ្លាំង លោក រាម សីហា ដែល​អះអាង​ថា បម្រើការ​ងារ​នៅ​រោងចក្រ ហាណា ៩ឆ្នាំ​មក​ហើយ​នោះ បាន​ប្រាប់​វី​អូ​ឌី​ថា កម្មករ​ប្រហែល ៣០០នាក់​របស់​រោងចក្រ​ ហាណា បាន​នាំគ្នា​ឈរ​លើកបដា និង​តវ៉ា​មុខ​រោងចក្រ​ជាថ្មីទៀត​នៅ​ថ្ងៃនេះ ដើម្បី​ទាមទារ​ប្រាក់សំណង​បន្ថែមចំនួន ២ចំណុច​ទៀត រួមមាន ​ប្រាក់​ជូនដំណឹង និង​ប្រាក់សំណង​ជំងឺចិត្ត។

កម្មករ​រូប​នេះ​បន្ត​ថា ការ​តវ៉ា​នៅ​ថ្ងៃនេះ គឺ​មាន​មន្ត្រី​ក្រសួងការងារ​ចុះ​សម្របសម្រួល​ដោះស្រាយ​ដែរ ប៉ុន្តែ ភាគី​រោងចក្រ​នៅតែ​មិនព្រម​ផ្តល់​សំណង​ចំនួន ២ចំណុច​នោះ​ជូន​កម្មករ​ដដែល។

សហជីព​អះ​អាង​ថា តាមផ្លូវ​ច្បាប់ នៅពេល​ដែល​រោងចក្រ​បិទ ឬបញ្ឈប់​កម្មករ​ពី​ការងារ គឺ​ការ​ដោះស្រាយ​សំណង​ជូន​កម្មករ​ ត្រូវ​ពឹងផ្អែក​ទៅលើ​កិច្ចសន្យា​ការងារ។

ក្នុងករណី​កម្មករ​ប្រើប្រាស់​កិច្ចសន្យា​មិនកំណត់ ថៅកែ​ត្រូវ​ទូទាត់​សំណង​ជូន​កម្មករ​ចំនួន ៥ចំណុច រួមមាន ​ប្រាក់ខែ​ចុងក្រោយ ប្រាក់​ជូនដំណឹង ប្រាក់​អតីតភាព​ការងារ ប្រាក់​ជំងឺចិត្ត និង​ប្រាក់​ដំណាច់ឆ្នាំ​ដែល​នៅសល់។

ប៉ុន្តែ សម្រាប់​កម្មករ​ប្រើប្រាស់​កិច្ចសន្យា​កំណត់​វិញ ថៅកែ​ត្រូវ​ទូទាត់​សំណង​ជូន​ពួក​គេ​ចំនួន ៤ចំណុច​ រួមមាន ប្រាក់ឈ្នួល​ចុងក្រោយ ប្រាក់៥ភាគរយ ប្រាក់​ដំណាច់ឆ្នាំ​ដែល​នៅសល់ និង​ប្រាក់​ជំងឺចិត្ត ក្នុងករណី​កិច្ចសន្យា​ការងារ​របស់​ពួក​គេ​នៅសល់។

គួរ​បញ្ជាក់​ថា រោងចក្រ ហាណា មាន​ថៅកែ​ជា​ជនជាតិ​កូរ៉េ​ខាងត្បូង និង​មានកម្ម​ករ​សរុប ៦៦៩នាក់ រោងចក្រ​នេះសម្រេច​បិទ​អាជីវកម្ម​របស់​ខ្លួន​ក្រោម​ហេតុផល​គ្មាន​អ្នកបញ្ជា​ទិញ​៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

Leave a Reply

Submit Comment