កម្មករ​​រោង​​ចក្រ​មួ​យ​នៅ​​កំពង់​ស្ពឺ​​ជំរុញ​​រដ្ឋា​ភិបាល​​ពន្លឿន​​ដំណោះ​ស្រាយ​​វិវាទ​​ការងារ​​អូស​​បន្លាយ​​ជិត​៤​ខែ​​

ការងារ | ព័ត៌មានជាតិ
លោក ឃុត សុគន្ធ | ២៩ មិថុនា ២០២០ | ម៉ោង ១៥:៣៧
VOD

ព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ កម្មករ-​កម្មការិនី​របស់​រោងចក្រ ញូ​បែស គ្លូ​ប៊ល ថេ​កស្ថាយ (New Best Global Textile​) ស្ថិត​ក្នុង​ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ ឡើងមកតវ៉ានៅមុខក្រសួងការងារដើម្បីរកកិច្ចអន្តរាគមន៍ ក្រោយថៅកែបិទទ្វាររោងចក្រដោយមិនបានទូទាត់សំណងតាមផ្លូវច្បាប់។ (ហ៊ី ឆាយ)

ព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ កម្មករ-​កម្មការិនី​របស់​រោងចក្រ ញូ​បែស គ្លូ​ប៊ល ថេ​កស្ថាយ (New Best Global Textile​) ស្ថិត​ក្នុង​ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ ឡើងមកតវ៉ានៅមុខក្រសួងការងារដើម្បីរកកិច្ចអន្តរាគមន៍ ក្រោយថៅកែបិទទ្វាររោងចក្រដោយមិនបានទូទាត់សំណងតាមផ្លូវច្បាប់។ (ហ៊ី ឆាយ)


កម្មករ-​កម្មការិនី​របស់​រោងចក្រ ញូ​បែស គ្លូ​ប៊ល ថេ​កស្ថាយ (New Best Global Textile​) ស្ថិត​ក្នុង​ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ បាន​ជំរុញ​ទៅ​ក្រសួងការងារឱ្យ​ពន្លឿន​ដោះស្រាយ​វិវាទ​ការងារ​ជូន​ពួក​គេ ខណៈ​វិវាទ​ការងារ​នោះ​បាន​អូស​បន្លាយ​ជិត ៤ខែ​មក​ហើយ។

តំណាង​កម្មករ​ប្រមាណ ៤០នាក់​របស់​រោងចក្រ ញូ​បែស គ្លូ​ប៊ល ថេ​កស្ថាយ បាន​ប្រមូល​ផ្តុំគ្នា​ឈរ​លើក​បដា​មុខក្រសួង​ការងារ​នៅ​ព្រឹក​នេះ ដើម្បី​រក​អន្តរាគមន៍​ពី​ក្រសួង​ឱ្យជួយ​ដោះស្រាយ​សំណង​ជូន​ពួក​គេ​តាមផ្លូវ​ច្បាប់។

អ្នកស្រី និល សំ​អាន ប្រធាន​ក្រុម​ផ្នែក​ដេរ​ដែល​បម្រើការ​ងារ​នៅ​រោងចក្រ ញូ​បែស គ្លូ​ប៊ល រយៈពេល ៣ឆ្នាំ​មក​ហើយ​នោះ ប្រាប់​វី​អូ​ឌី​កន្លែង​តវ៉ា​ថា ក្រុម​កម្មករ​សម្រេច​ឡើង​មក​តវ៉ា​ដល់​ក្រសួងការងារ បន្ទាប់ពី​ពុំ​មាន​ដំណោះស្រាយ​ពី​អាជ្ញាធរ​ថ្នាក់​មូលដ្ឋាន។

កម្មការិនី​រូប​នេះ ឱ្យដឹង​ថា កន្លងមក ក្រុម​កម្មករ​បាន​ដា​ក់​បណ្តឹង​ទៅ​មន្ទី​រការងារ​ខេត្ត​កំពង់ស្ពឺ ដើម្បី​សុំ​អន្តរាគមន៍​ជួយ​ដោះស្រាយ​ដែរ ប៉ុន្តែ អ្នកស្រី​ថា មន្ទីរ​ការងារ​ខេត្ត​ហាក់​មិន​យកចិត្ត​ទុកដាក់​ដោះស្រាយ​នោះ​ទេ ថែមទាំង​មិន​បញ្ជូន​សំណុំរឿងពួក​គេ​ទៅ​ក្រុមប្រឹក្សា​អាជ្ញា​កណ្តាល​ឱ្យដោះស្រាយ​បន្ត​ទៀតផង។

អ្នកស្រី និល សំ​អាន បន្ថែម​ថា រឿង​អយុត្តិធម៌​មួយ​នេះ គឺ​ក្រុម​កម្មករ​បាន​ប្តឹង​ទៅ​តុលាការខេត្ត​កំពង់ស្ពឺ​ដែរ ហើយ​តុលាការ​មួយ​នេះ បាន​ចេញដីកា​រក្សា​ការពារ​ទ្រព្យសម្បត្តិ​របស់​ក្រុមហ៊ុន ប៉ុន្តែ តុលាការ​មិន​អនុវត្ត​ដីកា​នោះ​ឡើយ ដោយ​បណ្តែតបណ្តោយ​ទុក​ឱ្យ​ម្ចាស់​ទីតាំង ឬម្ចាស់​អគារ​ដឹក​អីវ៉ាន់​ចេញ និង​ជួល​អគារ​ទៅ​ឱ្យថៅកែ​ថ្មី​ថែមទៀត។

អ្នកស្រី និល សំ​អាន ប្រាប់​ថា៖ «តុលាការ​ចេញដីកា​រក្សា​ការពារ​ហើយ ប៉ុន្តែ គាត់​អត់​ព្រម​បិទទ្វារ​អគារ​រោងចក្រ​ហ្នឹង ដើម្បី​ទុក​សម្ភារក្រុមហ៊ុន​លក់​ឡាយ​ឡុង​ដោះស្រាយ​សំណង​ជូន​ពួក​ខ្ញុំ​ទេ។ គាត់​បែរជា​បណ្តែតបណ្តោយ​ឱ្យ​ម្ចាស់​ទីតាំង​ដឹក​សម្ភារ​ចេញ និង​ជួល​អគារ​ទៅ​ថៅកែ​ថ្មីទៀត។ គាត់​ចេញ​តែ​ដីកា​រក្សា​ការពារ​ ប៉ុន្តែ​គាត់​មិនបាន​អនុវត្ត​ទេ»។

អ្នកស្រី ព្រំ តុលា ប្រធាន​ក្រុម​ផ្នែក​ត្រួតពិនិត្យ​ដែល​បម្រើការ​ងារ​នៅ​រោងចក្រ ញូ​បែស គ្លូ​ប៊ល រយៈពេល ៤ឆ្នាំ​មក​ហើយ​នោះ ប្រាប់​វី​អូ​ឌី​ក្រោយ​ជួប​ជាមួយ​តំណាង​ក្រសួង​ថា ក្រុម​កម្មករ​ទាមទារ​ឱ្យថៅកែ​ដោះស្រាយ​សំណង​ជូន​ពួក​គេ​តាមផ្លូវ​ច្បាប់។

ប្រធាន​ក្រុម​ផ្នែក​ត្រួតពិនិត្យ​រូប​នេះ​ ឱ្យដឹង​ថា សំណង​ដែល​កម្មករ​ទាមទារ​នោះ មាន​ប្រាក់ឈ្នួល​ចុងក្រោយ ប្រាក់​ជូនដំណឹង ប្រាក់សំណង​ជំងឺចិត្ត ប្រាក់​ឈប់សម្រាក​ប្រចាំឆ្នាំ ប្រាក់ដំណាច់​អតីតភាព​ការងារ និង​ប្រាក់​លំហែ​មាតុភាព​ដែល​ថៅកែ​នៅ​ជំពាក់​កម្មករ។

អ្នកស្រី​ថា ប្រសិនបើ​អាជ្ញាធរ​មិន​បណ្តែតបណ្តោយឱ្យ​ម្ចាស់​ទីតាំង​ដឹក​សម្ភារចេញ​ទេ គឺ​សម្ភាររបស់​ក្រុមហ៊ុន​អាច​លក់​ទូទាត់​សំណង​ជូន​កម្មករ​គ្រប់​ចំនួន។

អ្នកស្រី ព្រំ តុលា ប្រាប់​ថា៖ «ពួក​ខ្ញុំ​ពិបាក​នឹង​ទទួលយក​ណាស់ ព្រោះ​ពី​ដំបូង​ថៅកែ​ប្រាប់​ពួក​ខ្ញុំ​ថា ព្យួរការងារ​ពួក​ខ្ញុំ ១ខែ​ទេ។ បន្ទាប់មក​ថា​បិទ​រោងចក្រ អត់​បាន​ជូនដំណឹង​ដល់​ពួក​ខ្ញុំ​ទេ ប៉ុន្តែ ទោះបី​បិទ ហើយ​ថៅកែ​រត់​មែន ក៏​សម្ភារនៅក្នុង​រោងចក្រ​ហ្នឹង​ច្រើន មាន​ម៉ាស៊ីន​នៅក្នុង​ហ្នឹង​រាប់​រយ​គ្រឿង និង​សម្ភារផ្សេង​ៗទៀត​ជាច្រើន​ដែល​អាច​លក់​ទូទាត់​សំណង​ជូន​កម្មករ​បាន»។

មន្ត្រី​ក្រសួងការងារ​ដែល​ប្រាប់​ថា ឈ្មោះ  វណ្ណៈ បាទ​ទទួល​ញត្តិ​ពី​តំណាង​កម្មករ និង​បាន​សន្យា​ចំពោះមុខ​កម្មករ​ថា នឹង​បញ្ជូន​មន្ត្រី​ទៅ​ដោះស្រាយ​នៅ​ថ្ងៃ​ស្អែកនេះ។

វី​អូ​ឌី​បាន​ព្យាយាម​សុំ​ការ​បញ្ជក់​បន្ថែម​ពី​លោក វណ្ណៈ ដែរ ប៉ុន្តែ ទូរសព្ទ​ចូល​ច្រើនដង​គ្មាន​អ្នកទទួល។

អគ្គលេខាធិការ​រង​គណៈកម្មការ​ដោះស្រាយ​កូដកម្ម​បាតុកម្ម​គ្រប់មុខ​សញ្ញា​នៃ​ក្រសួងការងារ លោក  វង្ស សុវណ្ណ  មានប្រសាសន៍​ថា វិវាទ​ការងារ​នៅ​រោងចក្រ ញូ​បែស គ្លូ​ប៊ល គឺ​មន្ទីរ​ការងារ​ខេត្ត​កំពង់ស្ពឺ បាន​សម្របសម្រួល​ដោះស្រាយ​បាន​ជាបន្តបន្ទាប់ ដោយ​នៅសល់​ចំណុច​តិចតួច​ប៉ុណ្ណោះ​ដែល​មិន​ត្រូវគ្នា។ លោក​ថា ក្រសួង​នឹង​ខំ​ជំរុញ​ឱ្យឆាប់​មាន​ដំណោះស្រាយ។

ប្រធានមន្ទីរ​ការងារ​ខេត្ត​កំពង់ស្ពឺ លោក  ចឹក បូរិ​ន មានប្រសាសន៍​ថា រោងចក្រ ញូ​បែស គ្លូ​ប៊ល បាន​បិទ​អាជីវកម្ម​ដោយ​ថៅកែ​នៅ​ជំពាក់ប្រាក់​សំណង​កម្មករ​បន្តិចបន្តួច​ប៉ុណ្ណោះ។ លោក​ថា ប្រាក់ឈ្នួល​កម្មករ​ចំនួន ៨ថ្ងៃ ប្រាក់​ព្យួរការងារ​ចំនួន ១០ថ្ងៃ និង​ប្រាក់ដំណាច់​ឆ្នាំ។

លោក ចឹក បូរិ​ន ប្រាប់​ថា គឺ​ម្ចាស់​អគារ​បាន​ចេញមុខ​ដោះស្រាយ​សំណង​ដែល​នៅ​សេសសល់​នោះ​ជំនួស​ថៅកែ ប៉ុន្តែ ក្រុម​កម្មករ​មិនព្រម​មក​បើក ដោយ​លោក​ថា កម្មករ​បាន​ស្តាប់​តាម​ការ​ញុះញង់​របស់​សហជីព​ដែល​ថា នឹង​ទទួល​បាន​សំណង​ច្រើនជាង​នេះ។

លោក ចឹក បូរិ​ន ប្រាប់​ថា៖ «អ៊ីចឹង បងប្អូន​កម្មករ​គាត់​គិតថា គាត់​ត្រូវ​បាន​ច្រើនជាង​ហ្នឹង​ទៀត គាត់​ក៏​អត់​ទាន់​បើក​ទៅ។ ឥលូវ បើ​បងប្អូន​កម្មករ​គាត់​ចង់​មក​បើក គាត់​មក​ចុះឈ្មោះ យើង​បើក​ឱ្យ​លុយ​ដែល​ថៅកែ​នៅ​ជំពាក់​តិចតួច​ហ្នឹង»។

អគ្គនាយក​ក្រុមហ៊ុន ញូ​បែស គ្លូ​ប៊ល លោក អែន ឌី ប្រាប់​វី​អូ​ឌីកា​លពី​ខែមីនា​ថា លោក​ក៏​ជា​ជនរងគ្រោះ​ដោយសារ​ថៅកែ​មិន​បើកប្រាក់​ឈ្នួល​ឱ្យ​ដែរ។ លោក​ថា ថៅកែ​បាន​បិទទ្វារ​រោងចក្រ​រត់ចោល​កម្មករ​តាំងពី​ថ្ងៃទី១០ ខែកុម្ភៈ។

អគ្គនាយក​ក្រុមហ៊ុន​រូប​នេះ បញ្ជាក់​ថា ថៅកែ​ព្យួរការងារ និង​បិទទ្វារ​រោងចក្រ ដោយសារតែ​ខ្វះ​វត្ថុធាតុដើម​សម្រាប់​ដំណើរការ​ផលិត។

មន្ត្រី​ចងក្រង និង​ដោះស្រាយ​វិវាទ​នៅ​សម្ព័ន្ធ​សហជីព​កម្ពុជា (CATU​) អ្នកស្រី ម៉ន ចាន់​ណា ដែល​ឃ្លាំមើល​វិវាទ​ការងារ​នៅ​រោងចក្រ ញូ​បែស គ្លូ​ប៊ល នេះ ប្រាប់​ថា តាមផ្លូវ​ច្បាប់ នៅពេល​ថៅកែ​បិទ​អាជីវកម្ម​ដោយ​មិនបាន​ជូនដំណឹង​មុន ត្រូវ​ដោះស្រាយ​សំណង​ជូន​កម្មករ​ចំនួន ៥ចំណុច រួមមាន ប្រាក់ឈ្នួល​ចុងក្រោយ ប្រាក់ដំណាច់​ឆ្នាំ ប្រាក់​ជំងឺចិត្ត ប្រាក់​ជូនដំណឹង និង​ប្រាក់​អតីតភាព​ការងារ។

អ្នកស្រី​បន្ថែម​ថា៖ «អ៊ីចឹង កម្មករ​គាត់​ត្រូវ​បាន​បាត់បង់​អត្ថ​ប្រយោជន៍​នូវ​អ្វី​ដែល​ពួក​គាត់​ត្រូវ​ទទួល​បាន​តាមផ្លូវ​ច្បាប់ ហើយ​យើង​នៅតែ​ជំរុញ​រឿង​នេះ ប៉ុន្តែ ពួក​គាត់​នៅ​ផ្អឹប​រឿង​យើង មិនដឹងជា​ក្នុង​គោលបំណង​អ្វី»។

បើ​តាមកម្ម​ករ រោងចក្រ ញូ​បែស គ្លូ​ប៊ល ជា​រោងចក្រ​ផលិត​សម្លៀកបំពាក់ មាន​ថៅកែ​ជា​ជនជាតិ​ចិន និង​កម្មករ​សរុប ៧៦៣នាក់ ដែល​ត្រូវ​បាន​ថៅកែ​បិទទ្វារ​អាជីវកម្ម​ដោយ​មិន​បើកប្រាក់​ឈ្នួល​ចុងក្រោយ និង​ទូទាត់​អត្ថ​ប្រយោជន៍​ផ្សេង​ៗជូន​កម្មករ​តាមផ្លូវ​ច្បាប់​ឡើយ​៕



រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

Leave a Reply

Submit Comment