កូវីដ១៩៖ អង្គការក្នុងស្រុកចំនួនបីទទូចឲ្យរដ្ឋាភិបាលបង្កើតកម្មវិធីសម្រាលបន្ទុកបំណុល

កម្ពុជា សេដ្ឋកិច្ច
30/06/2020 – 08:33
ដោយ៖ អេង គីមហុង
RFI

កម្មការិនីកាត់ដេរ​កំពុងតែ​ធ្វើ​ការ​នៅក្នុង​រោងចក្រ។​
កម្មការិនីកាត់ដេរ​កំពុងតែ​ធ្វើ​ការ​នៅក្នុង​រោងចក្រ។​ HRW

អង្គការ​ក្នុងស្រុក​ចំនួនបី​នៅ​ថ្ងៃនេះ បាន​ចេញផ្សាយ​របាយការណ៍ខ្លី ​ក្រោម​ចំណងជើង​ថា «ធ្វើ​ការងារ​រហូត​ជំពាក់​បំណុល​វ័ណ្ឌក» ដែល​សំដៅ​ដល់​កូនបំណុល ​ភាគច្រើន​លើសលុប​ជាកម្មករ​ ក្នុង​វិស័យ​កាត់ដេរនៅ​។ ដោយ​មើលឃើញ​ពីបញ្ហា​ប្រឈម​បែបនេះ អង្គការ​ទាំងបី​រួមមាន សម្ព័ន្ធសហជីពកម្ពុជា (CATU) មជ្ឈមណ្ឌល សង់ត្រាល់​ និង អង្គការលីកាដូ​ ទទូចឲ្យ​រដ្ឋាភិបាល បង្កើត​កម្មវិធីសម្រាល​បន្ទុកបំណុល។

កម្មវិធីសម្រាលបន្ទុកបំណុលជាផ្នែកជួយសម្រួលដល់ការលំបាក់របស់ កម្មករ កម្មការិនី រោងចក្រកាត់ដេរ សហគមន៍ និងគ្រួសារក្រីក្រដែលងាយរងគ្រោះ ដែលគ្មានលទ្ធភាពសង់បំណុលធនាគារអំឡុងពេលប្រឈមនឹងវិបត្តិកូវីដ១៩។ កម្មវិធីសម្រាលបន្ទុកបំណុលដំណើរការតាមរយៈផ្អាកជាបណ្ដោះអាសន្ននូវការបង់សងប្រាក់កម្ចីនិងការប្រាក់ និងប្រគល់ប័ណ្ណសម្គាល់កម្មសិទ្ធិ ឬលិខិតបញ្ជាក់ការកាន់កាប់ដីធ្លី ដែលបានដាក់ជាទ្រព្យធានាឱ្យម្ចាស់ទ្រព្យវិញ។  បើពុំមានកម្មវិធីសម្រាលបន្ទុកបំណុលនេះទេ កម្មករ កម្មការិនី នឹងលក់ដី ឬផ្ទះ និងខ្ចីប្រាក់កម្ចីកាន់តែច្រើនឡើង ដើម្បីយកទៅសងបំណុលដែលមានស្រាប់។

នេះបើតាមរបាយការណ៍ខ្លី ក្រោមចំណងជើងថា «ធ្វើការងាររហូតជំពាក់បំណុលវ័ណ្ឌក» ដែលបានស្ទង់មតិជាមួយកម្មករ កម្មការិនី ច្រើនជាង១៥០នាក់ ភាគច្រើនជាស្ដ្រី មកពីរោងចក្រកាត់ដេរចំនួន៣ផ្សេងគ្នា ក្នុងរាជធានីភ្នំពេញ និងខេត្តកំពង់ឆ្នាំង។ ក្នុងចំណោមកម្មករ កម្មការិនី ដែលត្រូវបានស្ទង់មតិ មានកម្មករ កម្មការិនីតែ៤នាក់ប៉ុណ្ណោះ ដែលមិនជំពាក់បំណុល។ ស្ទើរតែគ្រប់កម្មករ កម្មការិនី ដែលបានផ្ដល់បទសម្ភាសន៍អះអាងថា ពួកគាត់នឹងគ្មានលទ្ធភាពសងបំណុលវិញទេ ប្រសិនបើការងារត្រូវព្យួរ ដោយសារជីវភាពរស់នៅរបស់ពួកគាត់ ជួបការលំបាកខ្លាំងជាងមុន។

លោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីនៃអង្គការសង់ត្រាល់បានលើកឡើងនៅក្នុងរបាយការណ៍ថា ចំនួនពីរភាគបីនៃកម្មករ កម្មការិនី ដែលបានផ្ដល់បទសម្ភាសន៍ បានខ្ចីកម្ចីឥណទានយ៉ាងតិចមួយពីធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីយកទៅសងបំណុលចាស់  ហើយចំនួនជិតបីភាគបួននៃពួកគាត់ដែលជាប់ជំពាក់កម្ចីឥណទានខ្នាតតូច ត្រូវកាត់បន្ថយការបរិភោគអាហារ ដើម្បីសន្សំប្រាក់ទុកសងបំណុលដែលបានខ្ចី ។

ដូច្នេះអង្គការទាំងបីរួមមាន សម្ព័ន្ធសហជីពកម្ពុជា មជ្ឈមណ្ឌលសង់ត្រាល់ និងលីកាដូ  សន្និដ្ឋានថា កម្មករ កម្មការិនី​រោង​ចក្រ​កាត់​ដេរ​ រាប់​ម៉ឺន​នាក់​ នៅកម្ពុជា​ នឹង​ជួប​ការ​លំបាក​ជា​ខ្លាំង ក្នុង​ការ​សង​បំណុល​មីក្រូ​ហិរញ្ញ​វត្ថុ​ នៅ​ពេល​ដែល​ពួក​គាត់​ត្រូវ​បាន​បញ្ឈប់​ពី​ការ​ងារ ដោយសារ​រោង​ចក្រ​ដែល​ពួក​គាត់​ធ្វើ​ការ ត្រូវ​ផ្អាក​ដំណើរ​ការ​ដោយ​សារ​បញ្ហា​កូវីដ១៩។

ជុំវិញបញ្ហានេះ ​កន្លងមករដ្ឋា​ភិបាល​បាន​លើក​ទឹក​ចិត្ត​ឱ្យ​ធនាគារ ​និង​គ្រឹះ​ស្ថាន​មីក្រូហិរញ្ញ​វត្ថុ ​ផ្ដល់​ការ​ពន្យា​ពេល​សង​បំណុល​ដល់​អ្នក​ខ្ចី​ប្រាក់​។ បើតាមសមាគម​មីក្រូ​ហិរញ្ញ​វត្ថុគិត​មក​ត្រឹម​ថ្ងៃ​ទី​១០​ ខែ​ឧសភា អ្នក​ខ្ចី​ជាង​១១​ម៉ឺន​នាក់​ ត្រូវ​បាន​អនុគ្រោះ​ដល់​ការ​បង់​សង​កម្ចី ដែលសរុបជាទឹកប្រាក់​មានចំនួនជាង​៤០០​លាន​ដុល្លារ​អាមេរិក ​​ក្រោយ​ពី​ការ​សិក្សា​ជាក់​ស្តែង​រក​ឃើញថា​ ពួក​គេ​រងគ្រោះ​ពិត​ប្រាកដ​ ដោយ​សារ​ជំងឺ​កូវីដ១៩​៕

What Next?

Recent Articles

One Response to "កូវីដ១៩៖ អង្គការក្នុងស្រុកចំនួនបីទទូចឲ្យរដ្ឋាភិបាលបង្កើតកម្មវិធីសម្រាលបន្ទុកបំណុល"

  1. Anonymous says:

    HUN SEN said and will again say NHOUS NHOUNG or PAKDEWATT POR, or EXTREMIS , REING ..AH ..REING …ANH not accept I will kill people

Leave a Reply

Submit Comment