ផលវិបាក​នៃ​អវត្តមាន​សំឡេង​ប្រឆាំង ក្នុង​សង្គម​ប្រជាធិបតេយ្យ

ដោយ មួង ណារ៉េត
2020-06-30
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

កិច្ចប្រជុំ​រដ្ឋសភា​ឯក​បក្ស​នៃ​របប​លោក ហ៊ុន សែន អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ចំនួន​ពីរ ប្រឆាំង​នឹង​អំពើ​សម្អាត​ប្រាក់ ឬ​លាង​លុយ​កខ្វក់ នៅ​ថ្ងៃ​ទី៤ ខែ​មិថុនា ឆ្នាំ២០២០។

កិច្ចប្រជុំ​រដ្ឋសភា​ឯក​បក្ស​នៃ​របប​លោក ហ៊ុន សែន អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ចំនួន​ពីរ ប្រឆាំង​នឹង​អំពើ​សម្អាត​ប្រាក់ ឬ​លាង​លុយ​កខ្វក់ នៅ​ថ្ងៃ​ទី៤ ខែ​មិថុនា ឆ្នាំ២០២០។

 រូប៖ រដ្ឋសភា


តាំង​ពី​គណបក្ស​កាន់​អំណាច​រម្លាយ​គណបក្ស​ប្រឆាំង ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត​ពាក់​កណ្ដាល​ប្រទេស បាត់​តំណាង​ស្រប​ច្បាប់​របស់​ខ្លួន។ ទុក្ខ​កង្វល់​ទាំង​ឡាយ​របស់​ពួក​គាត់ ដែល​កន្លង​មក ធ្លាប់​បាន​ដោះ​ស្រាយ តាមរយៈ​តំណាង​ទាំង​នោះ ត្រូវ​បាន​កប់​ចោល។

តើ​អ្វី​ខ្លះ​ជា​ផលវិបាក​នៃ​អវត្តមាន​សំឡេង​ប្រឆាំង ក្នុង​សង្គម​ប្រជាធិបតេយ្យ?

ក្នុង​សង្គម​ប្រជាធិបតេយ្យ​ពិត​ប្រាកដ គណបក្ស​ប្រឆាំង​ដើរ​តួនាទី​យ៉ាង​សំខាន់ ក្នុង​ការ​លើក​ស្ទួយ​ឲ្យ​មាន​អភិបាលកិច្ច​ល្អ នីតិរដ្ឋ និង​ការ​គោរព​សិទ្ធិមនុស្ស។ តួនាទី​នេះ បើ​នៅ​ក្នុង​ប្រទេស​​​ប្រជាធិបតេយ្យ ដូច​ជា ប្រទេស​អូស្រ្តាលី និង​សហរដ្ឋអាមេរិក គឺ​ជា​តួនាទី​ចែង​ច្បាស់ គ្មាន​នរណា​ហ៊ាន​រំលោភ​បាន​នោះ​ឡើយ។

នៅ​ក្នុង​រដ្ឋធម្ម​នុញ្ញកម្ពុជា ទាំង​ក្នុង​បុព្វកថា និង​មាត្រា ១ និង ៥១ សុទ្ធតែ​ចែង​ច្បាស់​អំពី​គោល​ការណ៍​ប្រជាធិបតេយ្យ​នេះ ដោយ​កំណត់​ថា ប្រទេស​កម្ពុជា​អនុវត្ត​តាម​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស។

ប៉ុន្តែ អ្វីដែលមាន​ចែង​នោះ គឺ​មាន​តែ​នៅ​លើ​ក្រដាស​ប៉ុណ្ណោះ។ ការអនុវត្ត​ជាក់​ស្តែង គណបក្ស​ប្រឆាំង​ជា​ផ្លូវ​ការ និង​ស្របច្បាប់​តែមួយគត់​ ដែល​មាន​អសនៈ​ក្នុង​រដ្ឋ​សភា ត្រូវ​បាន​គណបក្ស​កាន់​អំណាច​រម្លាយ​ចោល ជាង​ពីរ​ឆ្នាំ​កន្លះ​ហើយ (រម្លាយ​ខែវិច្ឆិកា ឆ្នាំ២០១៧)។

អវត្តមាន​គណបក្ស​ប្រឆាំង ដែល​មាន​ពលរដ្ឋ​បោះ​ឆ្នោត​គាំទ្រ ជាង ៣លាន​នាក់ (ក្នុង​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ កាល​ពី​ខែមិថុនា ឆ្នាំ ២០១៧) ធ្វើ​ឲ្យ​រាស្ត្រ​ម្ចាស់​ឆ្នោត រងា​គ្មាន​អ្នក​តំណាង​ព្រោះ​តំណាង​រាស្ត្រ​ទាំង ៥៥រូប ត្រូវ​ជាប់​បម្រាម​នយោបាយ​រយៈ​ពេល ៥ឆ្នាំ។ រីឯ​មន្ត្រី​ជាន់​ខ្ពស់​ជា​ច្រើន​រូប​ផ្សេងទៀត ក្នុង​ជួរ​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​របស់​បក្ស​ប្រឆាំង ក៏​ជាប់​បម្រាម​នេះ​ដែរ។ ជាង​នេះ​ទៅ​ទៀត តំណាង​ពលរដ្ឋ​នៅ​មូលដ្ឋាន ៥០០៧ នាក់​ ដែល​ជាប់​ជា​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នៅ​ជិត ៥០០ (៤៨៩) ឃុំ​សង្កាត់ ក៏​បាត់បង់​ឱកាស​បម្រើ​រាស្ត្រ​ម្ចាស់​ឆ្នោត​ដែរ ដោយសារ​តែ​គេ​ដក​ហូត​មុខ​តំណែង​ពួក​គាត់។

តាំង​ពី​ពេល​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​គេ​រម្លាយ​រួចមក រាល់​បញ្ហា​ទុក្ខ​កង្វល់ និង​សេចក្ដី​ត្រូវការ​របស់​ប្រជា​ពលរដ្ឋ​មូលដ្ឋាន ត្រូវ​បាន​គេ​មើល​រំលង។ រាល់​ការ​តវ៉ា​ ការ​ជួបជុំ ការ​ប្រមូល​ផ្តុំ​គ្នា ដើម្បី​លើក​ពី​កង្វល់​ផ្សេងៗ ត្រូវ​រង​ការ​បង្ក្រាប និង​ចោទ​លាប​ពណ៌​ថា បង្កើត​ចលនា​បដិវត្ត​ពណ៌ ឬ​ចលនា​ឧទ្ទាម​ជាដើម។ តំណាង​នៅ​មូលដ្ឋាន ជា​ច្រើន​ជាប់​ពន្ធនាគារ និង​អ្នកខ្លះ​ទៀត រត់​ភៀសខ្លួន​ទៅ​ក្រៅ​ប្រទេស ដើម្បី​គេច​ផុត​ពី​ការ​តាម​ធ្វើ​ទុក្ខ​បុក​ម្នេញ។

ប្រធាន​គណបក្ស​នេះ គឺ​លោក កឹម សុខា ដែល​ប្ដេជ្ញា​មិន​រត់​ចោល​ស្រុក ក៏​ត្រូវ​ចំណាយ​ពេល​នៅ​ក្នុង​គុក និង​ការ​ឃុំឃាំ​ក្នុង​ផ្ទះ។ ឥឡូវនេះ រឿង​ក្តីក្តាំ​នៅ​តុលាការ ក៏​មិន​ទាន់​ដឹង​ពេល​ណា​បិទ​បញ្ចប់​ដែរ។

មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ដែល​បានភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស ដើម្បី​បន្ត​សកម្មភាព​នយោបាយ​ ប្រាប់​អាស៊ីសេរី អំពី​ផលវិបាក ដែល​ប្រជា​ពលរដ្ឋ​ម្ចាស់​ឆ្នោត ត្រូវ​រង​អំពើ​អយុត្តិធម៌​សង្គម និង​បញ្ហា​ជាច្រើន ដែលមិនអាចរកអ្នកជួយ​ជាតំណាង​​ ក្នុង​ការ​ដោះស្រាយ​បាន ដោយសារ​តែ​អវត្តមាន​គណបក្ស​ប្រឆាំង។

អនុប្រធានគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខ ហួរ សោក​ស្តាយ​យ៉ាង​ខ្លាំង​ ដែល​គណបក្ស​កាន់​អំណាច ប្រព្រឹត្ត​បំពាន​រដ្ឋធម្មនុញ្ញ ហ៊ាន​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​កម្រោល និង​ធ្វើ​ឲ្យ​ពលរដ្ឋ​ជា​ច្រើន​បាត់​ភាព​កក់ក្តៅ និង​បាត់​ផលប្រយោជន៍ ដែល​ពួក​គាត់​ធ្លាប់​មាន និង​ធ្លាប់​ទទួល​បាន កាល​នៅ​មាន​តំណាង​ពួកគាត់៖ «មេឃុំ និង​ចៅ​សង្កាត់​របស់​​គណបក្ស​សង្គ្រោះ​ជាតិ បាន​បំពេញ​តួនាទី​ដ៏​សំខាន់ នៅ​មូលដ្ឋាន។ នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា នៅ​ពេល​ដែល​មាន​វត្ត​មាន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏​សំខាន់​នោះ ប្រជាពលរដ្ឋ​ហ៊ាន​មាន​មតិ ព្រោះ​មាន​តំណាង ដែល​ហ៊ាន​តវ៉ា​ យក​ផលប្រយោជន៍​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ជា​ធំ»

អ្នកស្រី​បន្ថែម​ថា ក្នុងស្ថានភាព​នៃវិបត្តិដោយសារ​ជំងឺកូវីដ-១៩ នេះទៀតសោត ប្រជាពលរដ្ឋរឹតតែ​ត្រូវ​ការ​​តំណាង​របស់​ពួក​គាត់ ក្នុងការទាមទារ និង​តវ៉ាឲ្យ​រដ្ឋផ្តល់ជំនួយផ្សេងៗ និង​រកវិធីដោះស្រាយ​បញ្ហាជីវភាព​ខ្វះខាត​របស់ពួកគាត់ ឲ្យទាន់ពេលវេលា​ មានប្រសិទ្ធភាព និង​មិនរើស​អើង​នយោបាយ។

ប៉ុន្តែ អ្នកស្រីបន្តថា ដំណោះស្រាយ​របស់​របបក្រុងភ្នំពេញ មានភាពយឺតយ៉ាវ និង​គ្មានតម្លាភាព ដែលធ្វើឲ្យពលរដ្ឋជាច្រើន មិន​ទទួលបានជំនួយពីរដ្ឋនោះឡើយ។ ជាងនេះទៅទៀត ភាព​ខ្វះ​តំណាង​ពីបក្សប្រឆាំងនេះ ប្រជាពលរដ្ឋមូលដ្ឋាន ពិបាកតវ៉ារកយុត្តិធម៌ណាស់។

ជុំវិញភាពខ្វះការចូលរួមនេះ មន្រ្តីអង្គការ​សង្គម​ស៊ីវិល ដែល​ឃ្លាំមើល​កិច្ចការ​សង្គម ក៏​មើល​ឃើញ​ពី​បញ្ហា​ជា​ច្រើន​ដែរ។ នាយក​ប្រតិបត្តិ​នៃ​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា លោក សន ជ័យ ថាដើម្បី​លុប​បំបាត់​ភាព​មិន​ប្រក្រតី អំពើពុករលួយ ពង្រឹង​យុត្តិធម៌​សង្គម និង​កាត់បន្ថយ​ការ​រើសអើង​នយោបាយ និង​អំពើ​បក្ស​ពួក​និយម​ជា​ដើម ជាពិសេស ក្នុង​ពេល​ចែក​លុយ​គ្រួសារ​អ្នក​ក្រ រដ្ឋ​ត្រូវ​យកចិត្ត​ទុកដាក់ ក្នុង​ការ​អនុញ្ញាត​ឲ្យ​តួ​អង្គ​ពាក់ព័ន្ធ​ចូលរួម ក្នុង​ដំណើរ​ការ​នេះ៖ « តួអង្គ​ពាក់ព័ន្ធ​មាន​តំណាង​សហគមន៍ មាន​អង្គការ​សង្គម​ស៊ីវិល​នៅ​មូលដ្ឋាន និង​មាន​តួអង្គ​នៅ​ថ្នាក់​ជាតិ ជា​ក្រុម​​គណៈកម្មការ​ចម្រុះ​ជា​ដើម ដើម្បី​ពិនិត្យ​មើល​ទៅលើ​នីតិវិធី​។ បើ​គ្រាន់​តែ​បណ្ដែត​បណ្ដោយ​ឲ្យ​មាន​ការ​សម្រេច​ចិត្ត​ មិន​ឆ្លង​កាត់​ការ​ឃ្លាំមើល​ ការ​ស្ដាប់​សំឡេង​ពី​គ្រប់​ភាគី ជាពិសេស​ក្រុម​ងាយ​រង​គ្រោះ​នោះ​ទេ នឹង​ខាត​ប្រយោជន៍​ពលរដ្ឋ»

ភាពខ្វះតំណាង និង​ការ​ចូលរួម​នេះ បាន​ធ្វើ​ឲ្យ​រាស្ត្រ​ម្ចាស់​ឆ្នោត​រងា​មួយ​ជាន់​ហើយ ឥឡូវ​ពួកគាត់​ត្រូវ​រង​ការ​គំរាម និង​លាប​ពណ៌​ថា ជា​មនុស្ស​ក្រុម​ប្រឆាំង​ទៅទៀត បើ​គាត់​ហ៊ាន​ត​វ៉ា។ ថ្មីៗ នេះ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​គំរាម​រឹបអូស​ទ្រព្យ​សម្បត្តិ​ពលរដ្ឋ​ទាំង​ឡាយ​ណា ដែល​គ្មាន​លទ្ធភាព​សង​លុយ​ធនាគារ ដោយ​លោក​អះអាង​ថា ធ្វើ​តាម​ការ​អូសទាញ​របស់​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ៖ «ខ្ញុំ​នឹង​គាំទ្រ​​ឲ្យ​ធនាគារ​ប្ដឹង​ទៅ​តុលាការ​ដើម្បី​រឹបអូស​។ អ៊‍ីចឹង​សាក​មើល៍គ្រួសារ​ណា​ដែល​ញុះញង់​ធ្វើ​អា​ហ្នឹង​ ហើយ​ជំពាក់​ធនាគារ​ យើង​គាំទ្រ​ឲ្យ​មានការ​រឹបអូស​តែ​ម្ដង»។

ប្រធាន​ស្តី​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី រួម​ទាំង​តំណាង​រាស្ត្រ និង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ជាច្រើន បាន​និរទេស​ខ្លួន​ទៅ​ក្រៅ​ប្រទេស ដើម្បី​គេច​ផុត​ពី​ការ​ធ្វើទុក្ខ​បុក​ម្នេញ​របស់​របប​ក្រុង​ភ្នំពេញ។

លោក សម រង្ស៊ី តែង​ផ្ញើ​សារ​ពី​ក្រៅ​ប្រទេស ដើម្បី​លើកទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ស្រុក ក្រោក​តវ៉ា ទាមទារ​រក​យុត្តិធម៌។ ដូច​ជា​ពេល​ថ្មីៗ នេះ លោក​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ ផ្អាក​សង​ប្រាក់​ជំពាក់​ធនាគារ មួយ​រយៈ​ពេល​មាន​បញ្ហា​ជំងឺ​កូវីដ-១៩ នេះ។

មន្រ្តី​គណបក្ស​សង្គ្រោះ​ជាតិស្ទើរ​តែ​ទាំង​អស់ អាច​បន្ត​សកម្មភាព​នយោបាយ​របស់​ខ្លួន​បាន តែ​ក្នុង​ករណី​ពួក​គាត់​រត់​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស​ប៉ុណ្ណោះ។

អវត្តមាន​របស់​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា ដោយសារ​បក្ស​កាន់​អំណាច​រម្លាយ និង​ធ្វើ​ទុក្ខ​បុក​ម្នេញ​នេះ ធ្វើឲ្យ​សហគមន៍​អន្តរជាតិ ជា​ពិសេស​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប ​ថ្កោលទោស​របប​ក្រុង​ភ្នំពេញ​យ៉ាង​ដំណំ។ សហភាព​អឺរ៉ុប នឹង​ដក​ការ​អនុគ្រោះ​ពន្ធ EBA 20% នៅ​ថ្ងៃ​ទី១២ ខែ​សីហា​ខាង​មុខ​នេះ។ ទណ្ឌកម្ម​នេះ កើត​ឡើង​ដោយសារ​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​នេះ​ឯង។

ជា​លទ្ធផល ការ​រម្លាយ​គណបក្ស​ប្រឆាំង គឺ​ជា​ការ​បំពាន​ឆន្ទៈ​រាស្ត្រ​ម្ចាស់​ឆ្នោត បំពាន​រដ្ឋធម្មនុញ្ញ និង​ធ្វើ​​ឲ្យ​ពលរដ្ឋ​ប្រមាណ​ពាក់​កណ្ដាល​ប្រទេស ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត ខ្វះ​អ្នក​តំណាង​ស្រប​ច្បាប់ ហើយ​កម្ពុជា​ឯកោ​ពី​សហគមន៍​អន្តរជាតិ​ទាំង​នយោបាយ និង​សេដ្ឋកិច្ច។ ឯ​ជន​រង​គ្រោះ​ពិត​ប្រាកដ គឺ​រាស្ត្រ​ម្ចាស់​ឆ្នោត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

2 Responses to "ផលវិបាក​នៃ​អវត្តមាន​សំឡេង​ប្រឆាំង ក្នុង​សង្គម​ប្រជាធិបតេយ្យ"

  1. Anonymous says:

    No wonder ‘ this country is in the cage of Veitcong mafia dictator since 1997 coup ‘and everything serve youn-hanoi’

  2. Anonymous says:

    I’m some time just laugh my ass off >>look communist when they vote they used middle finger not by ballet or cashing vote . do you know why?? if the top person want their members to vote on any article all of them have to showing their middle finger if not you get in big problem, some time some one can getting kill or jail if he or she again white the top man. ANGKA LEIR is the word they said but so sad you never can fine who was ANGKA LEIR they just pointing their finger to the sky . please get those ANGKA TNAK LEIR out so Cambodian can live like another people around the world.

Leave a Reply

Submit Comment