ពល​រដ្ឋ​សហគមន៍​បឹង​ឈូក A កំពុង​បារម្ភ​ពី​ការ​បាត់បង់​រស់​នៅ បន្ទាប់​ពី​អាជ្ញាធរ​ខណ្ឌ​ឫស្សី​កែវ​ផ្ដល់​ដំណឹង​ពី​ការ​រុះ​រើ​ផ្ទះ ដោយ​គ្មាន​សំណង

ដោយ ទីន ហ្សាការីយ៉ា
2020-06-29
RFA

អ្នក​គាំទ្រ​តវ៉ា​នៅ​ក្បែរ​សាលាដំបូង​រាជធានី​ភ្នំពេញ ទាមទារ​ឲ្យ​តុលាការ​ទម្លាក់​បទ​ចោទ​លើ​អ្នក​ភូមិ​បឹងឈូក ៤​នាក់ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៥ មករា ២០១៤។

អ្នក​គាំទ្រ​តវ៉ា​នៅ​ក្បែរ​សាលាដំបូង​រាជធានី​ភ្នំពេញ ទាមទារ​ឲ្យ​តុលាការ​ទម្លាក់​បទ​ចោទ​លើ​អ្នក​ភូមិ​បឹងឈូក ៤​នាក់ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៥ មករា ២០១៤។ RFA/Leng Maly


ប្រជា​ពលរដ្ឋ​សហគមន៍​បឹង​ឈូក A ព្រួយ​បារម្ភ​ពី​ការ​រស់​នៅ បន្ទាប់​ពី​អាជ្ញាធរ​ជូន​ដំណឹង​ពី​ការ​រុះ​រើ​ផ្ទះ កាល​ពី​ថ្ងៃ​ទី១៩ មិថុនា​កន្លង​ទៅ​នេះ ដោយ​មិន​បញ្ជាក់​ប្រាប់​ប្រជា​ពលរដ្ឋ​ពី​ការ​ផ្ដល់​សំណង​សមរម្យ​ណា​មួយ​នោះ​ទេ។ ពួក​គេ​ទាម​ទារ​ឲ្យ​អាជ្ញាធរ​រក​ដំណោះ​ស្រាយ​ឲ្យ​បាន​សមរម្យ​មុន​នឹង​បណ្ដេញ​ពួក​គេ​ចេញ ។

តំណាង​ប្រជា​ពលរដ្ឋ​សហគមន៍​បឹង​ឈូក A លោក តូច សំអ៊ន់ រស់​នៅ​ភូមិ​បឹង​ឈូក សង្កាត់​គីឡូ​ម៉ែត្រ​លេខ៦ ខណ្ឌ​ឫស្សី​កែវ ភ្នំពេញ ឲ្យ​អាស៊ី​សេរី​ដឹង​នៅ​ថ្ងៃ​ទី២៨ មិថុនា​ថា អាជ្ញាធរ​បាន​ជូន​ដំណឹង​ឲ្យ​ប្រជា​ពលរដ្ឋ​ជាង ២០គ្រួសារ​នៅ​ក្នុង​សហគមន៍​នេះ​រុះ​រើ​ផ្ទះ​ចេញ ព្រោះ​អាជ្ញាធរ​ត្រៀម​ឈូស​ឆាយ​កម្ទេច​កន្លែង​នោះ ប៉ុន្តែ មិន​បាន​បញ្ជាក់​ពី​ការ​ផ្ដល់​សំណង​ជូន​ប្រជា​ពលរដ្ឋ​សហគមន៍​នោះ​ទេ។ លោក​ព្រួយ​បារម្ភ​ថា គ្មាន​ជម្រក​រស់​នៅ គ្មាន​មុខរបរ និង​បាត់បង់​ប្រាក់​ចំណូល​សម្រាប់​ផ្គត់​ផ្គង់​គ្រួសារ​ជាដើម។ ​លោក​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​ផ្ដល់​ប័ណ្ណ​កម្ម​សិទ្ធ​ដីធ្លី​ជូន​ប្រជា​សហគមន៍​នេះ​វិញ និង​ធ្វើ​ការ​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង៖ «ខ្ញុំ​សហគមន៍​ហ្នឹង​ដាច់​ខាត​ថា មិន​រុះ​រើ​ទេ សុខ​ចិត្ត​រក​វិធី​ដោះ​ស្រាយ​បញ្ហា ឬ​គោល​នយោបាយ ឬ​ក៏​មាន​សំណង​ណា​ដែល​សម​រម្យ បាន​ខ្ញុំ​អាច​ចេញ​បាន។ ខ្ញុំ​ចង់​ឲ្យ​រដ្ឋាភិបាល​ហ្នឹង​ចេញ​ប្លង់​កម្ម​សិទ្ធ​ឲ្យ​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង ហើយ​បើ​សិន​ណា​ជា​មិន​បាន​ប្លង់​កម្ម​សិទ្ធ​ទេ ក៏​មាន​ការ​ដោះ​ដូរ​ការ​សម​រម្យ​ណា​មួយ​ដែល​អាច​ដាក់​ចេញ​បាន​ឲ្យ​រស់​នៅ​បាន​សម​រម្យ​ហ្នឹង​ណា៎វា​សំខាន់​ជម្រក​ហ្នឹង​ហើយ ផ្ទះ​សម្បែង ជម្រក​ហ្នឹង​ហើយ ទី​ពីរ​ទៀត​ ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ កាល​ណា​បើ​ដេញ​ចេញ​ទៅ​អត់​មាន​ទេ។ បើ​នៅ​កន្លែង​នេះ យើង​អាច​រក​ស៊ី​លក់​ដូរ​កំប៉ិកកំប៉ុក​ទៅ​ចេះ​តែ​បាន​ប្រកប​ជីវភាព​ប្រ​ចាំ​ថ្ងៃ​អញ្ចឹង​ទៅ»។

តំណាង​ប្រជា​ពលរដ្ឋ​សហគមន៍​បឹង​ឈូកA មួយ​រូប​ទៀត​លោក ឡាយ ដារ៉ា រស់​នៅ​ភូមិ​ទួល​ពពែ សង្កាត់​ទួល​សង្កែ២ ខណ្ឌ​ឫស្សី​កែវ ភ្នំពេញ មាន​ប្រសាសន៍​ថា ប្រជា​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ដីធ្លី​នៅ​សហគមន៍​នេះ​បាន​ដាក់​លិខិត​ស្នើ​សុំ​កិច្ច​អន្តរាគមន៍​ទៅ​ខាង​អភិបាល​ខណ្ឌ​ឫស្សី​កែវ​រួច​ម្ដង​មក​ហើយ ប៉ុន្តែ​មិន​ទាន់​មាន​ដំណោះ​ស្រាយ​ណា​មួយ​នោះ​ទេ។ ប្រជា​សហគមន៍​នេះ​ព្រួយ​បារម្ភ និង​ភ័យ​ខ្លាច​អាជ្ញាធរ​មក​ឈូស​ឆាយ​ផ្ទះ និង​បណ្ដេញ​​ចេញ​ទាំង​បង្ខំ ដោយ​មិន​ផ្ដល់​សំណង៖ «ខ្ញុំ​ស្នើ​សុំ​ឲ្យ​លោក​អភិបាល​ហ្នឹង​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង តែ​បើ​មាន​ដំណោះ​ស្រាយ ​ទៅ​មុខ​ទៀត​ក៏​ឲ្យ​មាន​ដំណោះ​ស្រាយ​ដែល​មាន​ការ​ដោះ​ដូរ​ហ្នឹង​ឲ្យ​មាន​ទីកន្លែង​ច្បាស់​លាស់​ឲ្យ​សមាជិក​សហគមន៍​របស់​ខ្ញុំ។ ឧទាហរណ៍​ថា ផ្លូវ​ហ្នឹង​វា​ប៉ះ​ពាល់​ដល់​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ អ៊ីចឹង​បើ​សិន​ជា​ប៉ះ​ពាល់​ហើយ សូម​ឲ្យ​លោក​អាជ្ញាធរ​ដោះ​ដូរ​ហ្នឹង កុំ​ឲ្យ​ឆ្ងាយ​ពេក ឲ្យ​វា​សម​ស្រប​ទៅ​នឹង​សមាជិក​សហគមន៍​ដែល​គាត់​ចង់​បាន។ ប្រជា​ពលរដ្ឋ​គ្នា​ដែល​ត្រូវ​រង​គ្រោះ​ហ្នឹង យើង​ចង់​ឲ្យ​អាជ្ញាធរ​ហ្នឹង​ដោះ​ស្រាយ​ឲ្យ​បាន​ឆាប់ៗ​ទៅ បើ​ថា​ដោះ​ស្រាយ​ឆាប់​ហើយ​មិន​ទទួល​យក​នូវ​បំណង​ឬ​អភិបាល​ខណ្ឌ​ឫស្សី​កែវ​ហ្នឹង អា​ហ្នឹង​ចាំ​មាន​ការ​ឈូស​ឆាយ អា​ហ្នឹង​បើ​ការ​ដោះ​ដូរ​ហើយ​ពួក​ខ្ញុំ​មិន​ទទួល​យក អា​ហ្នឹង​ចាំ​លោក​អភិបាល​ហ្នឹង​ចាំ​មាន​វិធាន​ការ​ផ្សេង»

ពល​រដ្ឋ​រង​ផល​ប៉ះ​ពាល់​ដីធ្លី​នៅ​សហគមន៍​នេះ គ្រោង​ដាក់​ញត្តិ​សុំ​កិច្ច​អន្តរាគមន៍​ទៅ​សាលា​រាជធានី​ភ្នំពេញ​ម្ដង​ទៀត​នៅ​ពេល​ឆាប់ៗ ខាង​មុខ​នេះ​ផង​ដែរ ប្រសិន​បើ​អភិបាល​ខណ្ឌ​ឫស្សី​កែវ​មិន​ព្រម​រក​ដំណោះ​ស្រាយ​ជូន​ពួក​គាត់។

ទាក់ទង​នឹង​ករណី​នេះ អភិបាល​ខណ្ឌ​ឫស្សី​កែវ លោក ជា ពិសី បដិសេធ​មិន​ផ្ដល់​បទ​សម្ភាស​ឲ្យ​អាស៊ី​សេរី​នោះ​ទេ ដោយ​បង្វែរ​សំនួរ​នេះ​ទៅ​អភិបាល​រាជធានី​ភ្នំពេញ​វិញ៖ «ខ្ញុំ​អត់​ត្រូវ​ការ​សម្ភាស​តាម​ទូរស័ព្ទ ក៏​អត់​ទាក់​ទង​ទៅ​នឹង​ការ​សម្ភាស​ជាមួយ​ខ្ញុំ​នៅ​កន្លែង​ដែរ។​ សុំ​ឲ្យ​ទាក់​ទង​ទៅ​សាលា​រាជ​ធានី​ភ្នំពេញ​ផ្ទាល់​ទៅ ពីព្រោះ​អាណា​ព្យាបាល​ខ្ញុំ គឺ​សាលា​រាជ​ធានី​ភ្នំពេញ»។

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់​ទង​ទៅ​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ​ លោក ម៉េត មាសភក្តី ជា​ច្រើន​លើក​ដែរ ប៉ុន្តែ​ទូរស័ព្ទ​ចូល​មិន​មាន​អ្នក​ទទួល​ទូរស័ព្ទ។

រីឯ អ្នក​សម្របសម្រួល​គម្រោង ធុរកិច្ច និង​សិទ្ធិ​មនុស្ស​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) លោក វណ្ណ សុផាត មានប្រសាសន៍ថា អាជ្ញាធរ​ពុំ​បាន​យក​ចិត្ត​ទុក​ដាក់​​ដោះ​ស្រាយ​ជូន​ប្រជា​ពលរដ្ឋ​ដែល​អាច​ទទួល​យក​បាន​ពី​គ្រប់​ភាគី​នោះ​ទេ ដែល​ធ្វើ​ឲ្យ​មាន​ការ​លំបាក​ដល់​ប្រជា​ពល​រដ្ឋ​ ដែល​កំពុង​រង​គ្រោះ​ថែម​ទៀត​លោក យល់​ថា ប្រសិន​បើ​អាជ្ញាធរ​រុះ​រើ​ផ្ទះ និង​បណ្ដេញ​ពលរដ្ឋ​ដោយ​បង្ខំ​នោះ គឺ​រំលោភ​ទៅ​លើ​សិទ្ធិ​ដី​ធ្លី និង​សិទ្ធិ​លំនៅឋាន​របស់​ប្រជា​ពលរដ្ឋ​ ហើយ​ប្រជា​ពល​រដ្ឋ​​ដូច​ជា​អស់​សង្ឃឹម និង​បាក់​ទឹក​ចិត្ត​មិន​ដឹង​រក​អ្នក​ណា ដើម្បី​ជួយ​ដោះ​ស្រាយ​​បញ្ហា​ដីធ្លី​នេះ​ទេ៖ «សម្រាប់​យើង​ជា​សង្គម​ស៊ីវិល យើង​ចង់​សំណូម​ពរ​ឲ្យ​រាជ​រដ្ឋាភិបាល ជា​ពិសេស​ប្រមុខ​រាជ​រដ្ឋាភិបាល ក៏​ដូច​ជា​អាជ្ញាធរ និង​ស្ថាប័ន​ពាក់​ព័ន្ធ​ហ្នឹង សូម​ឲ្យ​ត្រលប់​ទៅ​រក​ភាព​ដើម​វិញ ដើម្បី​ធ្វើ​ម៉េច​គោល​នយោបាយ​ដីធ្លី​ហ្នឹង អនុវត្ត​ជូន​ប្រជា​ពលរដ្ឋ​វិញ​ហ្នឹង​ដែល​គាត់​អាច​ទទួល​យក​បាន កុំ​ធ្វើ​ទាំង​បង្ខំ​អញ្ចឹង អាហ្នឹង​គឺថា អភិវឌ្ឍន៍​ទាំង​ទឹក​ភ្នែក រុះ​រើ​ផ្ទះ​គាត់​អញ្ចឹង អា​ហ្នឹង​គឺ​ថា​ប្រជា​ពលរដ្ឋ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ហ្នឹង អា​ហ្នឹង​វា​អត់​ធ្វើ​ការ​កាត់​បន្ថយ​ទេ អា​ហ្នឹង​កាត់​ឲ្យ​មាន​ន័យ​ថា ភាព​ក្រី​ក្រ​ហ្នឹង វា​កាន់​តែ​កើន​ឡើង​ទៅ​វិញ វា​មិន​មែន​កាត់​បន្ថយ​ទេ​ អា​ហ្នឹង​វា​ទៅ​បញ្ច្រាស​ពី​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​ថា កាត់​បន្ថយ​ភាព​ក្រីក្រ​ហ្នឹង​វា​អត់​អនុវត្ត​បាន វា​ទៅ​បរាជ័យ​ទៅ​វិញ»

តំណាង​សហគមន៍ អះ​អាង​ថា  ពួក​គាត់​នឹង​តវ៉ា​ប្រ​ឆាំង​ជា​មួយ​អាជ្ញា​ធរ​មិន​ឲ្យ​រុះ​រើ​ផ្ទះ​របស់​ពួក​គាត់​នោះ​ទេ ប្រ​សិន​​បើ​មិន​មាន​ដំណោះ​ស្រាយ​សម​រម្យ​ណា​មួយ​ជូន​ពួក​គាត់ ​ពី​ព្រោះ​ពួក​គាត់​​រស់​នៅ​លើ​ដី នោះ​ចាប់​តាំង​ពី​ឆ្នាំ១៩៩៥ មក ហើយ​គ្មាន​លទ្ធ​ភាព​ដើម្បី​បម្លាស់ទី​ទៅ​រស់​នៅ​កន្លែង​ថ្មី​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

Leave a Reply

Submit Comment