សមាគម​ខ្មែរ​ក្រោម​ដាក់​ញាតិ ទៅ​រដ្ឋាភិបាល​កម្ពុជា និង​ស្ថានទូត​វៀតណាម ស្នើសុំ​អន្តរាគមន៍​ឲ្យ​វៀតណាម​ឈប់​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​ពលរដ្ឋ​ខ្មែរ​ក្រោម

ដោយ យន់ សាមៀន
2020-06-30
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

(ឆ្វេង) ស្ថានទូត​វៀតណាម​នៅ​រាជធានី​ភ្នំពេញ និង​(ស្ដាំ) ក្រសួងារ​បរទេស​ ដែល​ខ្មែរក្រោម​យក​ញត្តិ​ទៅ​​ដាក់ ដើម្បី​រក​អន្តរាគមន៍​​ទៅវៀតណាម កុំ​ឱ្យ​ធ្វើ​បាប​ខ្មែរ​ក្រោម​នៅ​ឯ​ទឹកដី​កំណើត​កម្ពុជា​ក្រោម។

(ឆ្វេង) ស្ថានទូត​វៀតណាម​នៅ​រាជធានី​ភ្នំពេញ និង​(ស្ដាំ) ក្រសួងារ​បរទេស​ ដែល​ខ្មែរក្រោម​យក​ញត្តិ​ទៅ​​ដាក់ ដើម្បី​រក​អន្តរាគមន៍​​ទៅវៀតណាម កុំ​ឱ្យ​ធ្វើ​បាប​ខ្មែរ​ក្រោម​នៅ​ឯ​ទឹកដី​កំណើត​កម្ពុជា​ក្រោម។

 រូប៖ ខ្មែរក្រោម


សមាគម​ខ្មែរ​ក្រោម​ដើម្បី​សិទ្ធិ​មនុស្ស​និង​អភិវឌ្ឍន៍ នៅ​ថ្ងៃ​ចន្ទ ទី២៩ មិថុនា បាន​ដាក់​របាយការណ៍​ស្ដីពី​ការ​រំលោភ​សិទ្ធិមនុស្ស​ខ្មែរ​ក្រោម​ទៅ​ក្រសួង​ការបរទេស និង​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា ស្នើ​ឲ្យ​សុំ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​វៀតណាម បញ្ឈប់​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ដែល​កំពុង​រស់​នៅ​លើ​ទឹក​ដី​កំណើត​របស់​ពួក​គេ។ ក្រសួង​ការ​បរទេស​កម្ពុជា​បាន​ទទួល​យក​របាយការណ៍​របស់​សមាគម​ខ្មែរ​ក្រោម​ហើយ ប៉ុន្តែ ស្ថានទូត​វៀតណាម​មិន​ព្រម​ទទួល​យក​របាយការណ៍​នោះ​ទេ។

អគ្គលេខាធិការ​សមាគម​ខ្មែរ​ក្រោម​ដើម្បី​សិទ្ធិ​មនុស្ស​និង​អភិវឌ្ឍន៍ ​លោក សឺន ជុំជួន​ ឱ្យ​អាស៊ី​សេរី​ដឹង​ថា សមាគម​ខ្មែរ​ក្រោម​បន្ត​ជំរុញ​ដាក់​សំពាធ​ឲ្យ​រដ្ឋាភិបាល​វៀតណាម ឲ្យ​ដោះ​លែង​ពលរដ្ឋ​ខ្មែរ​ក្រោម និង​ឈប់​រំលោភ​សិទ្ធិ​មនុស្ស​ខ្មែរ​ក្រោម​ជា​បន្ត​ទៅ​ទៀត។ យុទ្ធនាការ​ថ្មី​របស់​សមាគម​ខ្មែរ​ក្រោម​ធ្វើ​ឡើង​តាម​រយៈ ការ​ដាក់​របាយការណ៍ និង​សំណូមពរ​ទៅ​ក្រសួង​ការ​បរទេស​កម្ពុជា និង​ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា ដោយ​សមាគម​រំពឹង​ថា ស្ថាប័ន​ទាំង​ពីរ​នេះ​នឹង​ធ្វើ​អន្តរាគមន៍ ឬ​បញ្ជូន​របាយការណ៍​ខ្មែរ​ក្រោម​បន្ត​ទៅ រដ្ឋាភិបាល​វៀតណាម។

របាយការណ៍​ដែល​សមាគម ដាក់​ទៅ​ក្រសួង​ការ​បរទេស​កម្ពុជា រួម​មាន​ករណី​រឹប​អូស​ដីធ្លី​របស់​កសិករ​ខ្មែរ​ក្រោម​នៅ​ខេត្ត​ក្រមួន​ស ដែល​វៀតណាម​បាន​ប្ដូរ​ឈ្មោះ​ជា កៀង ញ៉ាង (Kien Giang) រហូត​ឈាន​ដល់​មាន​ការ​ចាប់​ខ្លួន​បុរស​ខ្មែរ​ក្រោម​ម្នាក់​គឺ លោក​ ហ្វិន យ៉ាងដៀប។ មកដល់ពេលនេះ អាជ្ញាធរ​វៀតណាម​មិន​ទាន់​ដោះ​លែង​លោក​នៅ​ឡើយ​ទេ ហើយ​ក៏​មិន​អនុញ្ញាត​ឲ្យ​ក្រុម​គ្រួសារ​លោក​ជួប​សួរ​សុខ​លោក​ផង​ដែរ។ របាយការណ៍​ដដែល​ក៏​បាន​លើក​ឡើង​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ខ្មែរ​ក្រោម​ដោយ​អាជ្ញាធរ​វៀតណាម​បាន​ផាក​ពិន័យ​ជា​ប្រាក់​លើ​យុវជន​ខ្មែរ​ក្រោម​ពីរ​នាក់ ដោយសារ​តែ​អ្នក​ទាំង​នោះ​បង្ហោះ​ព័ត៌មាន​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ពី​ប្រវត្តិ​ទឹក​ដី​កម្ពុជា និង​ព័ត៌មាន​អំពី​ស្ថានភាព និង​សិទ្ធិ​សេរីភាព​ខ្មែរ។ កាល​ពី​ពេល​ថ្មីៗ នេះ វៀតណាម​ក៏​បាន​ចោទ​ខ្មែរ​ក្រោម​ម្នាក់​ទៀត ពី​ករណី​ក្បត់​ជាតិ ដោយសារ​តែ​លោក​រិះគន់​វៀតណាម​ថា រើសអើង​មិន​ចែក​អំណោយ​ឲ្យ​ខ្មែរ​ក្រោម​ក្នុង​ពេល​នៃ​វិបត្តិcovid-19។

លោក សឺន ជុំជួន មាន​ប្រសាសន៍​ថា សមាគម​ខ្មែរ​ក្រោម នឹង​បន្ត​ដាក់​សម្ពោធ​លើ​រដ្ឋាភិបាល​វៀតណាម ឥត​ឈប់ឈរ​រហូត​ទល់​តែ​រដ្ឋាភិបាល​វៀតណាម ឈប់​ធ្វើ​ទុក្ខ​បុក​ម្នេញ និង​ដោះ​លែង​ពលរដ្ឋ​ខ្មែរ​ក្រោម៖ «ពី​ព្រោះ​អ្វី​ដែល​យើង​ហ្នឹង គឺ​មាន​ក្តី​សង្ឃឹម។ ការ​ធ្វើ​របស់ មិន​អាច​ធ្វើ​ម្ដង​ហើយ​ពីរ ម្តង​យើង​លុប​ចោល​បាន​ទេ»

លោក​សោក​ស្ដាយ​ដែល​ស្ថានទូត​វៀតណាម​មិន​ព្រម​ទទួល​យក​របាយការណ៍​របស់​សមាគម​ដោយ​ផ្ទាល់ ប៉ុន្តែ លោក​ថា លោក​នឹង​ផ្ញើ​របាយការណ៍​តាម​សារ​អេឡិចត្រូនិក (email) វិញ ដើម្បី​ធានា​ថា ស្ថានទូត​បាន​របាយការណ៍​នេះ។

លោក សឺន ជុំជួន បន្ត​ថា បច្ចុប្បន្ន​យុវជន​ខ្មែរ​ក្រោម បាន​យល់​ដឹង​ច្រើន​ពី​ប្រវត្តិសាស្រ្ត​ខ្មែរ​ក្រោម និង​មាន​ចំណេះ​ដឹង​ផ្នែក​បច្ចេកវិទ្យា​ទើប​ជំរុញ​ឲ្យ​ពួក​គេ​ងើប​ឡើង​តវ៉ា​ទាមទារ​សិទ្ធិ​ជា​ជន​ជាតិ​ដើម​កំណើត។ លោក​បន្ត​ថា ប្រសិន​បើ​រដ្ឋាភិបាល​វៀតណាម មិន​ដោះ​លែង​ពលរដ្ឋ​ខ្មែរ​ក្រោម និង​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​នានា ទៅ​លើ​ខ្មែរ​ក្រោម​នោះ​ទេ សមាគម​លោក​នឹង​រៀបចំ​បាតុកម្ម​អហិង្សា​មួយ​ប្រឆាំង នឹង​រដ្ឋាភិបាល​វៀតណាម នៅ​ពេល​ជំងឺ Covid-19 ធូរ​ស្បើយ​បន្តិច៖ «ជម្រើស​ហ្នឹង​នឹង​កើត​ឡើង ប្រសិន​បើ​គ្មាន​ដំណោះ​ស្រាយ​មួយ​សម​ស្រប​កើត​ឡើង»

ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​ព្រះភិក្ខុ ស៊ឺង យ៉ឹងរតនា ស្វាគមន៍​យុទ្ធនាការ​ប្រឆាំង​នឹង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​របស់​រដ្ឋាភិបាល​វៀតណាម​លើ​ពលរដ្ឋ​ខ្មែរ​ក្រោម។​ ព្រះអង្គ​មាន​ថេរ​ដីកា​ថា ខាង​សហព័ន្ធ​ខ្មែរ​ក្រោម​ក៏​បាន​ធ្វើ​យុទ្ធនាការ ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​ស្ថាប័ន​អន្តរជាតិ ដើម្បី​ជួយ​ពលរដ្ឋ​ខ្មែរ​ក្រោម​កំពុង​រង​ការ​គាប​សង្កត់​ផង​ដែរ។ ព្រះអង្គ​បន្ត​ទៀត​ថា បច្ចុប្បន្ន​នេះ យុវជន​ខ្មែរ​ក្រោម​ពីរ​រូប ដែល​ត្រូវ​អាជ្ញាធរ​វៀតណាម ផាក​ពិន័យ​ក្នុង​ម្នាក់ៗ ៣០០ដុល្លារ​នោះ កំពុង​គ្មាន​លុយ​បង់​ប្រាក់​ពិន័យ អាច​ប្រឈម​មុខ​នឹង​ការ​ចាប់​ខ្លួន។ យុវជន​ទាំង​ពីរ​នាក់ បាន​ដាក់​ពាក្យ​ស្នើសុំ​ការ​ពន្យារ​ពេល​សង​ប្រាប់​ពិន័យ ដោយសារ​តែ​បញ្ហា​ជីវភាព​ក្នុង​ពេល​នៃ​ជំងឺ covid-19។

ព្រះភិក្ខុ ស៊ឺង យ៉ឹងរតនា អំពាវនាវ​ឲ្យ​អាជ្ញាធរ​វៀតណាម ឈប់​ធ្វើ​ទុក្ខ​បុក​ម្នេញ​ខ្មែរ​ក្រោម​ជា​បន្ទាន់៖ «សុំ​រដ្ឋាភិបាល​វៀតណាម​ហ្នឹង ត្រូវ​លុប​ច្បាប់ ១០១ចេញ ដើម្បី​កុំ​ឲ្យ​ដាក់​កំហិត​ទៅ​លើ​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម។ កន្លង​មក​រដ្ឋាភិបាល​វៀតណាម​ចេញ​ច្បាប់​នោះ គឺ​ដើម្បី​រឹត​បណ្ដឹង​សេរីភាព​ពលរដ្ឋ​ខ្មែរ​ក្រោម»

ទាក់ទង​រឿង​សមាគម​ខ្មែរ​ក្រោម​ដាក់​របាយការណ៍​ស្ដីពី​ការ​រំលោភ​សិទ្ធិមនុស្ស មន្ត្រី​នាំ​ពាក្យ ក្រសួង​ការ​បរទេស លោក កុយ គួង ប្រាប់​អាស៊ី​សេរី​ថា លោក​មិន​ទាន់​មាន​ព័ត៌មាន​ស្ដីពី​របាយការណ៍​ខ្មែរ​ក្រោម​នៅ​ឡើយ​ទេ។ ប៉ុន្តែ​កន្លង​មក អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ធ្លាប់​បញ្ជាក់​ប្រាប់​អាស៊ី​សេរី​ថា ករណី​ខ្មែរ​ក្រោម​ដែល​រង​ទុក្ខ​វេទនា​នៅ​លើ​ទឹក​ដី​កំណើត​នេះ រដ្ឋាភិបាល​កម្ពុជា​មិន​អាច​លូកដៃ​ចូល​បាន​ទេ ព្រោះ​ខ្មែរ​ក្រោម​រស់​នៅ ក្នុង​ដែន​អធិបតេយ្យ​របស់​វៀតណាម។ លោក​ជំរុញ​ទៅ​ពលរដ្ឋ​ខ្មែរ​ក្រោម ឬ​សមាគម​ខ្មែរ​ក្រោម​គួរ​រក​អន្តរាគមន៍​ពី​អង្គការ​សហប្រជាជាតិ អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ។

ទោះ​បី​ជា​យ៉ាង​ណា ផ្អែក​តាម​ព្រះរាជសារ​របស់​អតីត​ព្រះ​មហាក្សត្រ​ សម្ដេច​ នរោត្ដម​ សីហនុ​ និង​ច្បាប់​សញ្ជាតិ​កម្ពុជា​ចែង​ថា​ ពលរដ្ឋ​ខ្មែរ​​ទោះ​នៅ​ទី​ណា​ក៏​ត្រូវ​តែ​ទទួល​បាន​សញ្ជាតិ​ខ្មែរ​ ដូច្នេះ​ពលរដ្ឋ​ខ្មែរ​ក្រោម​នៅ​តែ​ជា​ជនជាតិ​ខ្មែរ​និង​មាន​សញ្ជាតិ​ខ្មែរ​ហើយ​រដ្ឋាភិបាល​កម្ពុជា​មិន​អាច​នៅ​ស្ងៀម​ចំពោះ​ករណី​នេះ​ទៀត​ឡើយ។ អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ ធ្លាប់​លើក​ឡើង​ថា វៀតណាម​រើសអើង​នឹង​ពលរដ្ឋ​ខ្មែរ​ក្រោម ដោយសារ​តែ​ខ្មែរ​ក្រោម​មាន​ពូជ​សាសន៍​ផ្សេង​គ្នា ហើយ​វៀតណាម​ព្រួយ​បារម្ភ​ថា ខ្មែរ​ក្រោម​អាច​ងើប​ឡើង​ទាមទារ​ទឹក​ដី​ខ្មែរ​ក្រោម​មក​វិញ​ទៅ​ថ្ងៃ​អនាគត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

Leave a Reply

Submit Comment