សហជីព​​អះអាង​​ថា​ កម្មករ​​ប្រឈម​​បាត់​បង់​​ផល​ប្រយោជន៍​​បន្ថែម​​ក្រោយ​​ក្រសួង​​បក​ស្រាយ​​ច្បាប់​​

ការងារ | តុលាការ និងច្បាប់ | ព័ត៌មានជាតិ
លោក ឃុត សុគន្ធ | ៣០ មិថុនា ២០២០ | ម៉ោង ១៨:០៧
VOD

ព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ កម្មករ-​កម្មការិនី​របស់​រោងចក្រ ញូ​បែស គ្លូ​ប៊ល ថេ​កស្ថាយ (New Best Global Textile​) ស្ថិត​ក្នុង​ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ ឡើងមកតវ៉ានៅមុខក្រសួងការងារដើម្បីរកកិច្ចអន្តរាគមន៍ ក្រោយថៅកែបិទទ្វាររោងចក្រដោយមិនបានទូទាត់សំណងតាមផ្លូវច្បាប់។ (ហ៊ី ឆាយ)

ព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ កម្មករ-​កម្មការិនី​របស់​រោងចក្រ ញូ​បែស គ្លូ​ប៊ល ថេ​កស្ថាយ (New Best Global Textile​) ស្ថិត​ក្នុង​ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ ឡើងមកតវ៉ានៅមុខក្រសួងការងារដើម្បីរកកិច្ចអន្តរាគមន៍ ក្រោយថៅកែបិទទ្វាររោងចក្រដោយមិនបានទូទាត់សំណងតាមផ្លូវច្បាប់។ (ហ៊ី ឆាយ)


ក្រុម​មេដឹកនាំ​សហជីព អះអាង​ថា កម្មករ​ប្រឈម​នឹង​ការបាត់បង់​អត្ថ​ប្រយោជន៍​បន្ថែម​ទៀត ក្រោយ​ក្រសួងការងារ​បកស្រាយ​ច្បាប់​ពាក់ព័ន្ធ​ការ​ទូទាត់ប្រាក់​សំណង​ជំងឺចិត្ត និង​ប្រាក់​ជូនដំណឹង​ជាមុន ខណៈ​កម្មករ​កាន់តែ​ច្រើន​ប្រឈមមុខនឹង​ការ​បញ្ចប់​កិច្ចសន្យា​ការងារ ក្រោយ​រោងចក្រ​ជាច្រើនបិទទ្វារ​ក្រោម​ហេតុផល​វិបត្តិសេដ្ឋកិច្ច​ដោយសារ​ជំងឺ​កូ​វីដ១៩។

ក្នុង​លិខិត​មួយ​ចុះ​ថ្ងៃទី២៩ ខែមិថុនា ឆ្លើយតបទៅនឹង​សំណួរ​របស់​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC​) ក្រសួងការងារបាន​បកស្រាយ​ច្បាប់​ពាក់ព័ន្ធ​ការ​ទូទាត់ប្រាក់​សំណង​ជំងឺចិត្ត និង​ប្រាក់​ជូនដំណឹង​មុន ពេល​បញ្ចប់​កិច្ចសន្យា​ការងារ និង​ពេលរោងចក្រ​បិទទ្វារ។

លិខិត​ដដែល​បាន​លើកឡើង​ថា តាមផ្លូវ​ច្បាប់​ នៅពេល​ស្ថានភាព​សេដ្ឋកិច្ច​ជួប​វិបត្តិ​ធ្ងន់ធ្ងរ​ដោយសារ​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ១៩នោះ គឺ​ម្ចាស់​រោងចក្រ សហគ្រាស ដែល​បាន​បិទទ្វារ​អាជីវកម្ម​ទាំងស្រុង ​អាច​រួចផុត​ពី​ការ​បង់លុយ​ជំងឺចិត្ត និង​លុយ​ជូនដំណឹង​មុន​ដល់​កម្មករ។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ មានប្រសាសន៍​ថា ការ​លើកឡើង​របស់ក្រ​សួង​ការងារ​នេះ នឹង​ធ្វើឱ្យកម្មករ​បាត់បង់​ផលប្រយោជន៍​បន្ថែម​ទៀត ក្រោយ​ពួក​គេ​បាត់បង់​ការងារ ហើយ​ថា កម្មករ​នឹង​ប្រឈម​បាត់បង់​ផលប្រយោជន៍​នេះ​ពី​បច្ចុប្បន្ន​ដល់​អនា​គត។

លោក អាត់ ធន់ បន្ថែម​ថា ការ​បកស្រាយ​របស់ក្រ​សួង​នេះ ក៏បាន​ផ្តល់​ឱកាស​ឱ្យក្រុមហ៊ុន​យក​ហេតុផល​នេះ​ទៅ​អនុ​វត្ត​ភ្លាម​ៗ និង​បាន​លេ​សគេច​វេះពី​ការ​ដោះស្រាយ​សំណង​តាមផ្លូវ​ច្បាប់​ជូន​កម្មករ​ផង​ដែរ។

លោក អាត់ ធន់ មានប្រសាសន៍​ថា៖ «ការ​បកស្រាយ​របស់ក្រ​សួង​នេះ ដូច​លឿន​ពេក ហើយ​ការ​បកស្រាយ​បែបហ្នឹង​ជា​ប្រយោជន៍​របស់​និយោជក ដែល​ធ្វើ​និយោជក​យក​អាហ្នឹង​ធ្វើជា Reference ​[លិខិត​យោង​] ហើយ​បាន​ដាក់ជា​វិធានការ​តែម្តង ហើយ​ក្រុមហ៊ុន​បង្ហាញ​ហេតុផល​ឱ្យច្បាស់​ពី​ការ​បិទទ្វារ​រោងចក្រ ហើយ​បិទទ្វារ​ត្រូវ​គិត​ប្រាំ​ចំណុច​ហ្នឹង​ឱ្យគាត់​ទៅ ដើម្បីឱ្យ​កម្មករ​ទទួល​បានផល​ប្រយោជន៍​ផង»។

មន្ត្រី​គ្រប់គ្រង​កម្មវិធី​ការងារ និង​សិទ្ធិមនុស្ស​នៃ​អង្គការ​សង់​ត្រា​ល់ លោក ឃុន ថា​រ៉ូ  មានប្រសាសន៍​ថា ការ​បកស្រាយ​ច្បាប់​របស់ក្រ​សួង​ការងារ​នេះ គឺ​មិន​ត្រឹមត្រូវ ឬស្រប​ទៅតាម​ផ្លូវច្បាប់​នោះ​ទេ ហើយ​ថា ការ​បកស្រាយ​នេះ​នឹង​ធ្វើឱ្យកម្មករ​បាត់បង់​ផលប្រយោជន៍​ច្រើនណាស់​សម្រាប់​កម្មករ​ដែល​បម្រើការ​ងារ​យូរឆ្នាំ។

លោក ឃុន ថា​រ៉ូ បន្ត​ថា ការ​បកស្រាយ​ច្បាប់​ណាមួយ​ដែល​ពាក់ព័ន្ធ​បញ្ហា​នៃ​ផល​ប៉ះពាល់​ជំងឺ​កូ​វីដ១៩លើ​វិស័យ​វាយនភណ្ឌ​កាត់ដេរ និង​ផលិតផល​ស្បែកជើង វា​គួរតែ​ជា​ស្ថានប័ន​ឯករាជ្យ​មួយ​ដែល​មានការ​ទទួលស្គាល់​ពី​អន្តរជាតិ ឬក៏​ជា​ក្រុមប្រឹក្សា​អាជ្ញា​កណ្តាល​ជាដើម។

មន្ត្រី​សិទ្ធិមនុស្ស និង​ការងារ​រូប​នេះ លើកឡើង​ថា តាំងពី​មុន​ជំងឺ​កូ​វីដ​ផ្ទុះឡើង គឺ​មាន​រោងចក្រ​ជាច្រើន​បាន​បិទទ្វារ​ខុស​នីតិវិធី​ច្បាប់ និង​គេចវេះ​មិន​ដោះស្រាយ​តាមផ្លូវ​ច្បាប់​ជូន​កម្មករ ដែល​លោក​ថា បញ្ហា​វិបត្តិ​ជំងឺ​កូ​វី​ដនៅពេល​នេះ មិន​អាច​កំណត់​ជា​ប្រធាន​សក្តិ ហើយ​ផ្តល់​ឱកាល​ឱ្យថៅកែ​រួចផុត​ពី​ការ​ទូ​ទា​ត់សំ​ណង​ជូន​កម្មករ​នោះ​ទេ។

លោក ឃុន ថា​រ៉ូ ប្រាប់​ថា៖ «គួរតែ​ទុក​ការ​បកស្រាយ​ទាំងអស់​ហ្នឹង​ស្ថាន​ប័ន​ឯករាជ្យ​មួយ​ដែល​មានការ​ទទួលស្គាល់​ពី​អន្តរជាតិ។ អ៊ីចឹង​អាហ្នឹង​វា​ខូចប្រយោជន៍​កម្មករ ខណៈ​ពេល​ដែល​ក្រុមហ៊ុន​មិនបាន​អនុវត្ត​ច្បាប់​បាន​ត្រឹមត្រូវ មិនបាន​ជូនដំណឹង​បិទ​សហគ្រាស​បាន​ត្រឹមត្រូវ។ ផ្ទុយទៅវិញ គឺ​វា​បានការ​ពារ​ផលប្រយោជន៍​និយោជក ព្រោះ​កាតព្វកិច្ច​ហ្នឹង​ជា​កា​ត​ព្វ​កិច្ច​របស់​និយោជក។ អ៊ីចឹង រដ្ឋ​គួរតែ​អនុវត្ត​ច្បាប់ ជាជាង​ចេញ​សេចក្តី​ជូនដំណឹង​ធ្វើឱ្យ​ខាត​ប្រយោជន៍​កម្មករ ហើយ​អនុញ្ញាត​ឱ្យថៅកែ​គេចវេះ​កាតព្វ​កិច្ចផ្លូវច្បាប់»។

ប្រធាន​នាយកដ្ឋាន​អធិការកិច្ច​ការងារ​នៃ​ក្រសួងការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក អ៊ុ​ក ចាន់​ធូ បន្ថែម​លើ​លិខិត​ថា មុន​ក្រសួងការងារ​ចេញ​លិខិត​ឆ្លើយតប​ទៅ​សមាគម​រោងចក្រ​កាត់ដេរ​នេះ គឺ​ក្រសួង​បាន​សិក្សា​ផ្លូវច្បាប់​ច្បាស់លាស់ហើយ។

ប្រធាន​នាយកដ្ឋាន​រូប​នេះ បញ្ជាក់​ថា ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូ​វីដ១៩ បាន​ធ្វើឱ្យ​ថៅកែ​រោងចក្រ​ជាច្រើន​ជួប​វិបត្តិសេដ្ឋកិច្ច​យ៉ាងធ្ងន់ធ្ងរ ដែល​លោក​ថា ករណីនេះ​ត្រូវ​ចាត់​ចូល​ជា​ប្រធាន​សក្តិ។

លោក អ៊ុ​ក ចាន់​ធូ បន្ថែម​ថា តាមផ្លូវ​ច្បាប់ នៅពេល​ចាត់​ចូល​ជា​ប្រធាន​សក្តិ គឺ​ថៅកែ​ត្រូវ​រួចផុត​ពី​ការ​ទូទាត់ប្រាក់​ជូនដំណឹង និង​ប្រាក់សំណង​ជំងឺចិត្ត​ដល់​កម្មករ។

លោក អ៊ុ​ក ចាន់​ធូ ប្រាប់​ថា៖ «អ៊ីចឹង ករណី​ប្រធាន​សក្តិក្នុង​មាត្រា៨២ គេ​បាន​កំណត់​ដោយ​មិន​តម្រូវឱ្យនិយោជក​ជូនដំណឹង​ទេ ហើយ​ក្នុងករណី​ប្រធាន​សក្តិហ្នឹង បាន​និយាយ​យ៉ាង​ច្បាស់​នៅ​ចំណុច​ទី៣ ហើយ​មាត្រា៨៧ ក៏បាន​បញ្ជាក់​ច្បាស់​ដែរ។ អ៊ីចឹង សុំ​ឱ្យបងប្អូន​សហជីព​ពិនិត្យមើល​ការ​បកស្រាយ​របស់ក្រ​សួង​ការងារ​ឱ្យបាន​ច្បាស់។ អ៊ីចឹង ថៅកែ​ក៏​គាត់​មាន​ភាព​ខាតបង់​របស់​គាត់​ដែរ ហើយ​ច្បាប់​ក៏បាន​ការពារ​ជូន​គាត់​ដែរ មិនមែន​ក្រ​សួ​ងការពារ រដ្ឋាភិបាល​ការពារ​គាត់​ទេ​ គឺ​ច្បាប់»។

នៅក្នុង​សប្តាហ៍​នេះ កម្មករ​របស់​រោងចក្រ​ចំនួន២ បាន​នាំគ្នា​តវ៉ា ក្រោយ​ថៅកែ​បិទ​ទ្វា​រដោយ​មិនបាន​ដោះស្រាយ​សំណង​ជូន​ពួក​គេ​តាមផ្លូវ​ច្បាប់។

រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និង​ផលិត​ម៉ាស់ ហាណា (HANA​) ស្ថិត​ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ ដែល​មានកម្ម​ករ​ជិត ៧០០នាក់ បាន​ប្រកាស​បិទទ្វារ​អាជីវ​កម្ម​ភ្លាម​ៗកាលពី​ថ្ងៃទី២២ ខែមិថុនា ដោយ​មិនបាន​ជូនដំណឹង​មុន​ដល់​កម្មករ​នោះ​ទេ។

ក្នុង​កំណត់ហេតុ​ដោះស្រាយ​រវាង​តំណាង​កម្មករ និង​តំណាង​ក្រុមហ៊ុន ក្រោម​ការសម្រប​សម្រួល​ពី​មន្ត្រី​ក្រសួងការងារ​កាលពី​ថ្ងៃទី២៣ ខែមិថុនា បាន​បញ្ជាក់​ថា ថៅកែ​ រោងចក្រ ​ហាណា បាន​សន្យា​ផ្តល់​សំណង​ជូន​កម្មករ​ចំនួន ៥ចំណុច​ស្របតាម​ច្បាប់​ស្តី​ពី​ការងារ។

ប៉ុន្តែ កម្មករ​អះអាង​ថា ពេល​ពួក​គេ​បើកលុយ​នៅ​ថ្ងៃទី២៦ ខែមិថុនា គឺ​ថៅកែ​ទូទាត់​សំណង​ឱ្យពួក​គេ​ត្រឹមតែ ៣ចំណុច​ប៉ុណ្ណោះ មាន​ប្រាក់ឈ្នួល​ចុងក្រោយ ប្រាក់​អតី​ភាព​ការងារ និង​ប្រាក់​ដំណាច់ឆ្នាំ​ដែល​នៅសល់ ដែល​បណ្តាល​ឱ្យកម្មករ​បម្រើការ​ងារ​ចន្លោះ​ពី ៤ ទៅ ១០ឆ្នាំ ​ផ្ទុះ​ការ​តវ៉ា​រហូតមកដល់​ថ្ងៃនេះ ដើម្បី​ទាម​ទារ​អត្ថ​ប្រយោជន៍ ២ចំណុច​បន្ថែម មាន​ប្រាក់សំណង​ជំងឺចិត្ត និង​ប្រាក់​ជូនដំណឹង​មុន។

ចំណែក​រោងចក្រ ញូ​បែស គ្លូ​ប៊ល ថេ​កស្ថាយ (New Best Global Textile​) ស្ថិត​ក្នុង​ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ ត្រូវ​បាន​ថៅកែ​បិទទ្វារ​អាជីវកម្ម​រត់ចោល​កម្មករ​តាំងពី​ខែកុម្ភៈ ខណៈ​ដែល​កម្មករ ៧៦៣នាក់​របស់​រោងចក្រ​នេះ មិន​ត្រូវ​បាន​ដោះស្រាយ​សំណង​តាមផ្លូវ​ច្បាប់​ឡើយ។

ក្រោយ​ថៅកែ​រោងចក្រ ញូ​បែស គ្លូ​ប៊ល ថេ​កស្ថាយ រត់ចោល​កម្មករ​ គឺ​ម្ចាស់​ទីតាំង​បាន​ចេញមុខ​ដោះស្រាយ​សំណង​ជូន​កម្មករ​ចំនួន ៣ចំណុច មាន​ប្រាក់ឈ្នួល​ចុងក្រោយ ប្រាក់​អតី​ភាព​ការងារ និង​ប្រាក់​ដំណាច់ឆ្នាំ​ដែល​នៅសល់ ដោយ​លុបចោល​ប្រាក់សំណង​ជំងឺចិត្ត និង​ប្រាក់​ជូនដំណឹង ប៉ុន្តែ​ កម្មករ​មិនព្រម ហើយ​បាន​ផ្ទុះ​ការ​តវ៉ា​រហូតមកដល់​សព្វថ្ងៃ​នេះ​ដែរ​៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles