កម្មករ​រោងចក្រ​ហាណា ខេមបូឌា (Hana Cambodia) បន្ត​ធ្វើ​កូដកម្ម​ទាមទារ​ប្រាក់​សំណង​ការងារ​បន្ថែម

ដោយ វ៉ែន សុមេធ
2020-07-01
RFA

កម្មករ​រោងចក្រ ហាណា ខេមបូឌា (Hana Cambodia) បន្ត​ការ​តវ៉ា​រក​ប្រាក់ខែ នៅ​ថ្ងៃ​ទី៣០ ខែ​មិថុនា ឆ្នាំ២០២០ ដែល​ពួក​គាត់​អះអាង​ថា ថៅកែ​បិទ​រោងចក្រ​មិន​បាន​ជូន​ដំណឹង។

កម្មករ​រោងចក្រ ហាណា ខេមបូឌា (Hana Cambodia) បន្ត​ការ​តវ៉ា​រក​ប្រាក់ខែ នៅ​ថ្ងៃ​ទី៣០ ខែ​មិថុនា ឆ្នាំ២០២០ ដែល​ពួក​គាត់​អះអាង​ថា ថៅកែ​បិទ​រោងចក្រ​មិន​បាន​ជូន​ដំណឹង។

 រូប៖ កម្មករ


កម្មករ​ប្រមាណ ៣០០នាក់​នៃ​រោងចក្រ​កាត់​ដេរ​សំលៀក​បំពាក់​ឈ្មោះ ហាណា ខេមបូឌា បន្ត​ធ្វើ​កូដកម្ម​លើក​បដា​មុខ​រោងចក្រ ទាមទារ​ឲ្យ​ថៅកែ​ផ្ដល់​ប្រាក់​សំណង​ការងារ​បន្ថែម​ឲ្យ​ពួក​គាត់ ទៅ​តាម​កិច្ច​ព្រមព្រៀង​ជាមួយ​គ្នា និង​ច្បាប់​ស្ដី​ពី​ការងារ។

តំណាង​កម្មករ​ លោកស្រី ប៊ុន ចាន់ដា ថ្លែង​ថា ​ថៅកែ​រោងចក្រ ​ជន​ជាតិ​កូរ៉េ​ខាង​ត្បូង​ មិន​បាន​គោរព​តាម​កិច្ច​សន្យា​ទូទាត់​ប្រាក់​សំណង​ការងារ ដូច​ដែល​ព្រមព្រៀង​គ្នា​ជាមួយ​តំណាង​កម្មករ និង​មន្ត្រី​ក្រសួង​ការងារ ដែល​បាន​ចុះ​ដោះស្រាយ​ជម្លោះ​ការងារ​នោះ​ទេ។

លោកស្រី​បន្ត​ថា​ ខាង​ថៅកែ​ នៅ​ប្រកាន់​តែ​ជំហរ​មិន​ព្រម​ផ្ដល់​ប្រាក់​បញ្ឈប់​ការងារ​តាម​ចំនួន​ឆ្នាំ​ធ្វើ​ការ​ និង​ប្រាក់​សំណង​ចិត្ត​ឲ្យ​កម្មករ ​នៅ​ពេល​ក្រុមហ៊ុន​ប្រកាស​ក្ស័យធន បិទ​រោង​ចក្រ​ដោយ​គ្មាន​ជូនដំណឹង​ជា​មុន។

លោកស្រី​មិន​ជឿ​ថា ក្រុម​ហ៊ុន​ក្ស័យ​ធន​ដូច​ការ​ប្រកាស​នោះ​ទេ ព្រោះ​រោងចក្រ​មួយ​នេះ ប្រាប់​កម្មករ​ឱ្យ​ធ្វើ​ការ​ជា​ប្រចាំ​ រហូត​ដល់​ថ្ងៃ​ដែល​ខ្លួន​ប្រកាស​បិទ​តែ​ម្ដង។

លោក​ស្រី​បញ្ជាក់​ថា កម្មករ​ជាង ៣០០​នាក់ ដែល​ធ្វើ​ការ​ចាប់​ពី ៥ដល់​ឆ្នាំ ៧ឆ្នាំ ទទួល​បាន​ប្រាក់​សំណង​ការងារ​ពី ៣០០​ដុល្លារ​ដល់ ៥០០​ដុល្លារ ដែល​ចំនួន​ទឹក​ប្រាក់​នេះ គឺ​ប្រហាក់​គ្នា​នឹង​កម្មករ​ធ្វើ​ការ​បាន​ពី ១ឆ្នាំ ដល់ ៣ឆ្នាំ។

តំណាង​កម្មករ​រូប​នេះ យល់​ថា​ បើ​ថៅកែ​គ្មាន​លទ្ធភាព​បើក​ប្រាក់​បន្ថែម​ឲ្យ​កម្មករ​ទេ ថៅកែ​ត្រូវ​ទុក​សម្ភារៈ​ក្នុង​រោងចក្រ​ឲ្យ​កម្មករ​ លក់​ឡៃឡុង ដើម្បី​បាន​ប្រាក់​យក​ទៅ​សង​បំណុល​ធនាគារ​ និង​ដោះ​ស្រាយ​ជីវភាព​រស់នៅ​ ដែល​ត្រូវ​ការ​ចំណាយ​ច្រើន៖ «អ្នក​ចូល ១ឆ្នាំ​កន្លះ​អ៊ីចឹង គេ​បាន​ដល់ ៥០០​ដុល្លារ។ ប្រាក់​ខែ​ចុង​គាត់​គិត​ឲ្យ​ពេញ ហើយ​ពួក​ខ្ញុំ មាន​គិត​ឲ្យ​ឯ​ណា គិត​ត្រឹម​តែ​ថ្ងៃ​ទី២០ ហ្នឹង។ សន្យា​ថា ៥ចំណុច ដូច​ខ្ញុំ ៥ ទៅ ៦ឆ្នាំ​អី បើក​បាន​តែ ៥០០​ហ្នឹង។ ពួក​ខ្ញុំ​ក៏​មិនសូវ​ចេះ​គិត​ដែរ យក​មក​ខាង​ក្រៅ បងៗ គាត់​មក​ជួយគិត គាត់​ថា​អត់​ត្រឹម​ត្រូវ​ បាន​តែ ៣ចំណុច។ ខ្ញុំ​សូម​សំណូម​ពរ​ឲ្យ​ថៅកែ​រោងចក្រ​ជួយ​ដោះស្រាយ។ ពួក​ខ្ញុំ​មិន​ចង់​បាន​អ្វី​ដែល​ខុស​ពី​ច្បាប់។ ខ្ញុំ​ចង់​ឲ្យ​ធ្វើ​ត្រឹម​ត្រូវ​តាម​ច្បាប់​ចែង​មក និង​គាត់​សន្យា​ជាមួយ​ពួក​ខ្ញុំ»។

កម្មករ ឲ្យ​ដឹង​ថា ក្នុង​ពេល​តវ៉ា​មុខ​រោងចក្រ​ នៅ​ថ្ងៃ​ទី៣០ មិថុនា មាន​មន្ត្រី​ខាង​ក្រសួង​ការងារ ​ចុះ​មក​សម្របសម្រួល ២ដង ប៉ុន្តែ​មិន​អាច​ដោះ​ស្រាយ​បាន។ កម្មករ​បាន​បំបែក​គ្នា​ទៅ​ផ្ទះ​វិញ ត្រឹម​ល្ងាច​ថ្ងៃ​ទី៣០ មិថុនា។ ពួកគាត់​នឹង​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​មុខ​រោងចក្រ​នៅ​ថ្ងៃ​បន្ទាប់ បើ​ភាគី​រោងចក្រ​មិន​ព្រម​ដោះ​ស្រាយ​បញ្ចប់​វិវាទ​ការងារ​មួយ​នេះ។

ក្រុមហ៊ុន ហាណា ខេមបូឌៀ (Hana Cambodia) ដែល​មាន​កម្មករ​បម្រើ​ការងារ​ជាង​១​ពាន់​នាក់ គឺ​ជា​រោងចក្រ​ដេរ​សំលៀកបំពាក់​លក់​ទៅ​ក្រៅ​ប្រទេស ម៉ាក់ ហ្គេស (GUESS) ហើយ​មាន​ទីតាំង ​នៅ​ភូមិ​ត្រពាំង​ក្រសាំង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ។

តំណាង​រោងចក្រ លោកស្រី ទី សុធីដា ប្រាប់​អាស៊ី​សេរី​ ដោយ​ខ្លី​ថា ក្រុមហ៊ុន​ បាន​ទូទាត់​ប្រាក់​សំណង​ការងារ​ឲ្យ​កម្មករ កាល​ពី​ថ្ងៃ​ទី២៦ មិថុនា រួចរាល់​ហើយ។ លោកស្រី​បញ្ជាក់​ថា ចំពោះ​ប្រាក់​សំណង​ជំងឺ​ចិត្ត និង​ប្រាក់​បំណាច់​ទូទាត់​ជួស​ការ​ឲ្យ​ដំណឹង​មុន​ គឺ​មិន​មាន​បើក​ឲ្យ​កម្មករ​ទេ ដោយ​សារ​ក្រុមហ៊ុន​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​ ក្នុង​អំឡុង​ពេល​មាន​ជំងឺ​ឆ្លង​កូវីដ​-១៩។

ក្រសួង​ការងារ​ជូន​ដំណឹង​ដល់​ប្រធាន​សមាគម​ថៅកែ​រោងចក្រ​នៅ​កម្ពុជា តាម​លិខិត​មួយ ចុះ​ថ្ងៃ​ទី២៩ មិថុនា​សរសេរ​ថា ក្នុង​ស្ថាន​ភាព​មាន​វិបត្តិ​ធ្ងន់ធ្ងរ​ដោយ​សារ​ជំងឺ​កូវីដ-១៩ នេះ ការ​ទូទាត់​ប្រាក់​សោហ៊ុយ​ជំងឺ​ចិត្ត និង​ប្រាក់​បំណាច់​ទូទាត់​ជួស​ការ​ឲ្យ​ដំណឹង​មុន មិន​ត្រូវ​បាន​អនុវត្ត ចំពោះ​រោងចក្រ​ សហគ្រាស​ ដែល​ឈាន​ដល់​ការ​បិទ​ដំណើរ​ការ​រោងចក្រ​ទាំង​ស្រុង ក្រោយ​ពី​បាន​ដោះ​ស្រាយ​តាម​វិធាន​ការ​ស្រប​ច្បាប់ រួម​មាន​ការ​ព្យួរ​កិច្ច​សន្យា​ការងារ ឬ​ការ​រំលាយ​កិច្ចសន្យា​ការងារ​របស់​កម្មករ​រួច​មក។

អាស៊ី​សេរី​មិន​អាច​សុំ​ការ​បក​ស្រាយ​បន្ថែម​រឿង​នេះ ពី​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ លោក ហេង សួរ​បាន​ទេ ដោយ​សារ​មិន​ទទួល​ទូរស័ព្ទ។

អ្នក​គ្រប់គ្រង​កម្មវិធី​សិទ្ធិ​ការងារ នៃ​អង្គការ​សង់ត្រាល់ (Central) លោក ឃុន ថារ៉ូ មាន​ប្រសាសន៍​ថា ​ការ​សម្រេច​របស់​ក្រសួង​ការងារ​បែប​នេះ គឺ​ផ្ដល់​ចំណេញ​ដល់​ភាគី​និយោជក ហើយ​ធ្វើ​ឲ្យ​កម្មករ​និយោជិក​ ត្រូវ​ខាត​បង់​ប្រយោជន៍​ការងារ នៅ​ពេល​ថៅកែ​បញ្ឈប់​ពួក​គេ ដោយ​មិន​បាន​ទូទាត់​សំណង​ឲ្យ​បាន​ត្រឹម​ត្រូវ ​តាម​ច្បាប់។

លោក បន្ត​ថា មុន​ចេញ​សេចក្ដី​សម្រេច​នេះ ក្រសួង​ការងារ​គួរ​បើក​ឲ្យ​មាន​ការ​ពិគ្រោះ​យោបល់​ ដែល​មាន​ភាគី​ពាក់ព័ន្ធ​ ដូចជា​សហជីព តំណាង​កម្មករ និង​សង្គម​ស៊ីវិល​ចូល​រួម ដើម្បី​ពិនិត្យ​មើល​រួម​គ្នា ថា​តើ​ភាគី​ថៅកែ​ពិត​ជា​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​កម្រិត​ណា ដែល​ត្រូវ​បិទ​រោងចក្រ​ ដោយ​សារ​ជំងឺ​កូវីដ-១៩ នេះ។

លោក ​យល់​ថា បើ​រក​មិន​ឃើញ​ការ​ពិត​ទេ ក្រសួង​ការងារ​ ដើរ​តួនាទី​សំខាន់​ បង្គាប់​ឲ្យ​ភាគី​ថៅកែ​ដែល​បាន​ប្រកាស​បិទ​រោងចក្រ​ ត្រូវ​ទូទាត់​ផ្ដល់​ប្រាក់​សំណង​ការងារ​ជូន​កម្មករ​ តាម​ច្បាប់​ស្ដីពី​ការងារ៖ «ខ្ញុំ​គិត​ថា​វា​អត់​មាន​តម្លាភាព និង​យន្តការ​នៅ​ក្នុង​ការ​តាមដាន​ត្រួត​ពិនិត្យ ដើម្បី​បញ្ជាក់​ថា​នាយក​ក្រុមហ៊ុន​ ហាណា គាត់​ប៉ះពាល់​ដល់​ផ្នែក​សេដ្ឋកិច្ច​ប៉ុណ្ណា។ គាត់​មិន​មាន​លទ្ធភាព​ក្នុង​ការ​ទូទាត់​ឲ្យ​កម្មករ​និយោជិក ខណៈ​ដែល​រោងចក្រ​ចំណេញ​មុន​ដែល​ កូវីដ​កើត​ យើង​មិន​មាន​ព័ត៌មាន​ទាំង​អស់​ហ្នឹង។ អ៊ីចឹង​ហើយ!សេចក្ដី​ជូន​ដំណឹង​នេះ មិន​គួរ​ត្រូវ​បាន​អនុវត្ត​ទេ។ វា​ការ​ខូច​ប្រយោជន៍​ដល់​កម្មករ​និយោជិក ហើយ​ក៏​មិន​មាន​ការ​ពិគ្រោះ​អ្វី​ឲ្យ​បាន​ទូលំទូលាយ​ជាមួយ​ភាគី​ពាក់ព័ន្ធ​តំណាង​កម្មករ សហជីព មុន​នឹង​ចេញ​សេចក្ដី​សម្រេច​ហ្នឹង។ ហើយ​យោង​ទៅ​តាម​ការ​ស្នើ​សុំ​និយោជក​តែ​ឯង អ៊ីចឹង វា​មិន​បញ្ជាក់​អំពី​តម្លាភាព​ក្នុង​ការ​ចេញ​នូវ​គោលនយោបាយ ហើយ​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កម្មករ​និយោជិក»។

មន្ត្រី​ឃ្លាំ​មើល​ផ្នែក​សិទ្ធិ​ការងារ​រូប​នេះ ស្នើ​ដល់​រដ្ឋាភិបាល ជា​ពិសេស​ក្រសួង​ការងារ ចុះ​ធ្វើ​អធិការកិច្ច ដោយ​បង្ហាញ​របាយការណ៍​ចុះ​សវនកម្ម​រោងចក្រ ជា​សាធារណៈ និង​តម្លាភាព ដើម្បី​ផ្ដល់​ប្រយោជន៍​ការងារ​ដល់​កម្មករ ករណី​ថៅកែ​រោងចក្រ សហគ្រាស បិទ​ទ្វារ ដោយ​មិន​ជូន​ដំណឹង​ជា​មុន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles