ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស APHR ជំរុញ​ឲ្យ​រដ្ឋាភិបាល​ធានា​ថា រដ្ឋសភា​អាច​បំពេញ​ការងារ​ជា​អ្នក​តំណាង​ពិត​ប្រាកដ​របស់​ពលរដ្ឋ​ប្រកប​ដោយ​ប្រសិទ្ធភាព

ដោយ មាន ឫទ្ធិ
2020-06-30
RFA

កង្វល់​អំពី​បោះ​ឆ្នោត​នៅ​កម្ពុជា ត្រូវ​បាន​ក្រុម​សមាជិក​សភា​អាស៊ាន ដើម្បី​សិទ្ធិមនុស្ស ហៅ​កាត់​ថា APHR លើក​ឡើង​ចំពោះ​រដ្ឋមន្ត្រី​ការបរទេស​ម៉ាឡេស៊ី នៅ​ក្នុង​វេទិកា​សភា​ម៉ាឡេស៊ី នៅ​ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ​២០១៨។

កង្វល់​អំពី​បោះ​ឆ្នោត​នៅ​កម្ពុជា ត្រូវ​បាន​ក្រុម​សមាជិក​សភា​អាស៊ាន ដើម្បី​សិទ្ធិមនុស្ស ហៅ​កាត់​ថា APHR លើក​ឡើង​ចំពោះ​រដ្ឋមន្ត្រី​ការបរទេស​ម៉ាឡេស៊ី នៅ​ក្នុង​វេទិកា​សភា​ម៉ាឡេស៊ី នៅ​ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ​២០១៨។

 រូប​ពី​គេហទំព័រ APHR


ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស ហៅ​កាត់​ថា APHR ជំរុញ​ឲ្យ​រដ្ឋាភិបាល​នានា ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ត្រូវ​ធានា​ថា រដ្ឋសភា​អាច​បំពេញ​ការងារ​របស់​ខ្លួន ប្រកប​ដោយ​ប្រសិទ្ធភាព ក្នុង​នាម​ជា​អ្នក​តំណាង​ពិត​ប្រាកដ​របស់​ពលរដ្ឋ។ ការ​ជំរុញ​នេះ កើត​មាន​ឡើង​ស្រប​ពេល​ពិភពលោក ប្រារព្ធ​ទិវា​អន្តរជាតិ ស្ដីពី​ប្រព័ន្ធ​សភានិយម នៅ​ថ្ងៃ​ទី៣០ មិថុនា។ អ្នក​នាំ​ពាក្យ​រដ្ឋសភា​ឯក​បក្ស​នៃ​របប​ក្រុង​ភ្នំពេញ អះអាង​ថា ប្រព័ន្ធ​សភានិយម​នៅ​កម្ពុជា ដំណើរ​ការ​ស្រប​តាម​គោល​ការណ៍ ប្រជាធិបតេយ្យ ហើយ​គ្មាន​ការ​ជ្រៀតជ្រែក​ណា​មួយ​ពី​អ្នក​គ្រប់គ្រង​អំណាច​ឡើយ។ ក៏ប៉ុន្តែ មន្ត្រី​សង្គម​ស៊ីវិល​មិន​យល់​ស្រប​ឡើយ ហើយ​ថា ប្រសិទ្ធភាព​ប្រព័ន្ធ​សភានិយម​នៅ​កម្ពុជា​កំពុង តែ​ធ្លាក់​ចុះ​ដោយសារ​តែ គ្មាន​គណបក្ស​ប្រឆាំង។

ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស APHR ថា ប្រព័ន្ធ​សភា​នៅ​តំបន់ អាស៊ី​អាគ្នេយ៍​ទាំង​មូល កំពុង​តែ​ជួប​ប្រទះ​នូវ​បញ្ហា​ប្រឈម​ជា​ច្រើន ដែល​បាន​បំផ្លាញ​ប្រជាធិបតេយ្យ ហើយ​ពេល​ខ្លះ​មិន​អនុញ្ញាត​ឲ្យ​តំណាង​រាស្ត្រ អាច​បំពេញ​តួនាទី​របស់​ខ្លួន​បាន​ពេញលេញ​នោះ​ឡើយ។ អង្គការ​នេះ​ថា ប្រព័ន្ធ​បោះ​ឆ្នោត ដែល​មាន​មុខងារ​សំខាន់​ក្នុង​ការ​ការពារ ភាព​ជា​តំណាង​នៃ​ប្រព័ន្ធ​សភានិយម ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​ពិត​ប្រាកដ​របស់​ប្រជាពលរដ្ឋ ជា​រឿយៗ ត្រូវ​បាន​ជ្រៀតជ្រែក និង​ចាត់ចែង ដើម្បី​ឲ្យ​មេ​ដឹក​នាំ​ប្រទេស អាច​កាន់​អំណាច​បាន​យូរ​ត​ទៅ​ទៀត ហើយ​ធ្វើ​ឲ្យ​ប្រព័ន្ធ​ត្រួត​ពិនិត្យ របស់​សភា​ត្រូវ​ចុះ​ទន់​ខ្សោយ។

អង្គការ APHR បាន​លើក​យក​ឧទាហរណ៍​ចំៗ ថា ជាក់​ស្ដែង​ដូច​ជា នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ២០១៨ នៅ​កម្ពុជា ដែល​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ឈ្នះ​អាសនៈ​ទាំង​អស់​ក្នុង​សភា បន្ទាប់​ពី​មាន​ការ​រម្លាយ គណបក្ស​សង្គ្រោះ​ជាតិ​ចោល​នៅ​មុន​ពេល​បោះ​ឆ្នោត។

អ្នកនាំពាក្យរដ្ឋសភាឯកបក្សរបបក្រុងភ្នំពេញ លោក ឡេង ប៉េងឡុង បដិសេធការលើកឡើងនេះ ហើយថាគ្មានឡើយការជ្រៀតជ្រែកពីសំណាក់ មេដឹកនាំរដ្ឋាភិបាលមកលើអំណាចសភា ព្រោះ​អំណាច​ទាំងពីរជារបស់ គណបក្សកាន់អំណាចរួចទៅហើយ៖ «និយាយឲ្យចំ អត់មានអីចម្លែក អត់​មាន​អី​ដែល​ខុសពីគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យក្នុងប្រព័ន្ធសភានិយមអីទេ។ អត់មានទេអត់​មាន​អន់​ថយ​អី​ទេ លទ្ធិប្រជាធិបតេយ្យមានការចម្រើនទៅមុខ នៅកម្ពុជាសព្វថ្ងៃ។ ជ្រៀកជ្រែក​យ៉ាង​ម៉េច បើ​រដ្ឋាភិបាល​ក៏​ជាគណបក្សកាន់អំណាច ហើយ​សភា​ក៏​ជា​គណបក្ស​កាន់​អំណាចដូច្នេះ​ហើយ វា​មាន​ឯកភាព​គ្នា​ទៅ​ហើយ។ យើង​និយាយ​ថា ជ្រៀតជ្រែក គឺ​អត់​ត្រឹម​ត្រូវ​ទេ។»

ជុំវិញការណ៍ដែល​រដ្ឋសភាគ្មានអ្នកតំណាង​មក​ពី​គណបក្ស​ប្រឆាំង លោក ឡេង ប៉េងឡុង ថា នេះ​គឺ​ដោយ​សារ​តែ​លទ្ធផល​បោះ​ឆ្នោត​ឆ្នាំ២០១៨។ លោក​ថា យ៉ាង​ណា​ក៏​ដោយ រដ្ឋាភិបាល​បាន​បង្កើត​ឲ្យ​មាន​ស្ថាប័ន​ឧត្ដម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ ដើម្បី​ផ្ដល់​យន្តការ​ឲ្យ​គណបក្ស​មិន​ជាប់​ឆ្នោត អាច​ផ្ដល់​មតិ​ទៅ​រដ្ឋាភិបាល​បាន។

ផ្ទុយពីការលើកឡើងនេះ អ្នក​សម្របសម្រួល​ផ្នែក​អង្កេត និង​តស៊ូ​មតិ នៃ​អង្គការ​ខុមហ្រ្វែល (COMFREL) លោក កន សាវាង្ស ថា ភាព​ជា​អ្នក​តំណាង​នៅ ក្នុង​ប្រព័ន្ធ​សភានិយម​នៅ​កម្ពុជា កំពុង​មាន​បញ្ហា​ប្រឈម​ច្រើន ដោយសារតែ សហគមន៍​ជាតិ និង​អន្តរជាតិ នៅ​តែ​មិន​ទាន់​អាច​ទទួល​យក​បាន​នូវ​លទ្ធផល​បោះ​ឆ្នោត​ឆ្នាំ២០១៨៖ «យើង​ពិបាក​នៅ​ក្នុង​ការ​វិនិច្ឆ័យ​ថា តើ​ជា​តំណាង ឬ​មិន​តំណាង​ណាស់ ពីព្រោះ​សំខាន់​ជាង​គេ ការ​ទទួល​ស្គាល់​នេះ វា​ជា​មុខ​មាត់​មួយ​សម្រាប់​ប្រទេស​មួយ ដែល​កើត​ចេញ​ពី​ការ​បោះឆ្នោត ឬ​ក៏​កើត​ចេញ ពី​ការ​ទទួល​ស្គាល់​ពី​ស្ថាប័ន​ជាតិ និង​អន្តរជាតិ។ អ៊ីចឹង កន្លែង​នេះ យើង​មាន​ការ​ពិបាក​ក្នុង​ការ​ថា នៅ​ក្នុង​ការ​ទទួល​ស្គាល់​នេះ​ណាស់»

លោក កន សាវាង្ស បន្ត​ថា ការ​បំពេញ​ការងារ និង​ប្រសិទ្ធភាព​របស់​រដ្ឋសភា​វិញ មាន​ការ​ធ្លាក់​ចុះ ដោយសារ​តែ​គ្មាន​តំណាង​ពហុបក្ស៖ «បើ​ប្រៀបធៀប​ទៅ​នឹង​អាណត្តិ​មុនៗ យើង​ឃើញ​មាន​ការ​ធ្លាក់​ចុះ​ពី​ប្រសិទ្ធភាព របស់​សភា ជាពិសេស ទាក់ទង​ទៅ​នឹង​ការ​អនុវត្ត​ច្បាប់ ការ​ដោះ​ស្រាយ ការ​ផ្ទៀងផ្ទាត់ ឲ្យ​មាន​ការ​ត្រួត​ពិនិត្យ​គ្នា​នេះ យើង​ឃើញ​ថា មាន​ការ​ធ្លាក់​ចុះ​ហើយ ជាពិសេស ការ​អនុវត្ត​ច្បាប់ ការ​តាក់តែង​ច្បាប់ គឺ​មិន​មាន​ការ​ពិគ្រោះ ឬ​ការ​ជជែក​អី​នៅ​ក្នុង​សភា ឲ្យ​បាន​ជា​ការ​ផ្ទៀងផ្ទាត់​ចម្លើយ​គ្នា ឬ​ការ​ជជែក​ឲ្យ​បាន​អស់​ពី​ចិត្ត​ពី​ថ្លើម ដូច​កាល​ពី​ពេល​ដែល​មាន​នៅ​ពហុ​បក្ស​ផ្សេងៗ ដែល​បាន​ចូលរួម​នោះ​ទេ។ អ៊ីចឹង ប្រសិទ្ធភាព គឺ​មិន​ដូច​មុន​ទេ វា​មាន​ការ​ធ្លាក់​ចុះ​ហើយ»

លោក កន សាវាង្ស យល់ថា ដើម្បី​ឲ្យ​ប្រព័ន្ធ​សភានិយម​ដំណើរ​ការ​បាន​ឡើង​វិញ​ប្រកបដោយ​ប្រសិទ្ធភាព​នៅ​កម្ពុជា លុះ​ត្រា​តែ​មាន​ការ​លុប​ចោល ឬ​និរាករណ៍​នូវ​ច្បាប់​មួយ​ចំនួន ជាពិសេស ច្បាប់​ពាក់ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង តំណាងរាស្ត្រ និង​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ជា​ដើម៖«ច្បាប់​គណបក្ស​នយោបាយ ចំណុច​មួយ​ចំនួន ត្រូវ​និរាករណ៍​ចោល​ដើម្បី​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​មួយ​ដោយ​ស្មើ​មុខ​ស្មើ​មាត់ នៅ​ក្នុង​ឆ្នាំ២០២៣ ឬ​ក៏ ២០២២ ដើម្បី​ធ្វើ​ឲ្យ​សភា​ហ្នុង​វា​មាន​តម្លៃ សម្រាប់​ការ​ប្រកួត​ប្រជែង​មួយ​ដែល​បាន​តំណាង​មួយ​ពេញ​ចិត្ត ឬ​ក៏​ការ​ទទួល​ស្គាល់ ពី​ប្រជា​ពលរដ្ឋ។ នេះ​ជា​ចំណុច​មួយ​ដែល​ត្រូវ​តែ​មាន​ការ​កែ​សម្រួល បើ​មិន​អ៊ីចឹង​ទេ ប្រព័ន្ធ​នេះ វា​ពិបាក​ក្នុង​ការ​បើក​ឲ្យ​មាន​ការ​ចូលរួម​ដោយ​ទូលំទូលាយ​ណាស់»

ដោយឡែក អ្នកស្រី ម៉ារីយ៉ា អេនជេលីណា ឡូប៉េស សារមែនតូ (Maria Angelina Lopes Sarmento) សមាជិក​ក្រុម​ប្រឹក្សា​នាយក​នៃ​អង្គការ APHR និង​ជា​តំណាង​រាស្ត្រ ប្រទេស​ទីម័រ​ខាង​កើត មាន​ប្រសាសន៍ថា ប្រព័ន្ធ​សភា​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ភាព​ជា​អ្នក​តំណាង​ពិត​ប្រាកដ ដើរ​តួនាទី​ដ៏​សំខាន់​នៅ​ក្នុង​ប្រព័ន្ធ​ប្រជាធិបតេយ្យ។ អ្នកស្រី​ថា នៅ​ពេល​ដែល​តួនាទី និង​មុខងារ​របស់​សភា ត្រូវ​បាន​ការពារ នោះ​តំណាង​រាស្ត្រ​អាច​បំពេញ​ការងារ​របស់​ពួក​គេ​បាន ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ ឡើង​នូវ​ការ​គោរព​សិទ្ធិ​មនុស្ស លើក​កម្ពស់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​សម្រាប់ មនុស្ស​គ្រប់​គ្នា និង​កែ​លម្អ​ជីវិត​របស់​មនុស្ស​ដែល​ពួក​គេ​តំណាង​ឲ្យ។ ក៏ប៉ុន្តែ អ្នកស្រី​ថា ស្ថាប័ន​នីតិបញ្ញត្តិ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ កំពុង​តែ​ទទួល​រង​នូវ​ការ​គំរាមកំហែង បំផ្លាញ​ដល់​សមត្ថភាព​របស់​តំណាង​រាស្ត្រ​ក្នុង​ការ​អនុវត្ត​តួនាទី​ត្រួត​ពិនិត្យ​អំណាច​នីតិប្រតិបត្តិ​របស់​រដ្ឋាភិបាល និង​ធ្វើ​ឲ្យ​មាន​តុល្យភាព​អំណាច។

ប្រព័ន្ធសភានិយមនៅកម្ពុជា បង្កើតឡើងក្នុងគោលដៅ​រក្សា​តុល្យភាព និង​ការ​ត្រួត​ពិនិត្យ រវាង​អំណាច​នីតិប្រតិបត្តិ និងនីតិបញ្ញត្តិ។ ក៏ប៉ុន្តែ បន្តិចម្តងៗ ប្រព័ន្ធ​នេះ បាន​រង​ការ​ចុះ​ទន់​ខ្សោយ ចាប់​តាំង​ពីលោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ធ្វើ​រដ្ឋ​ប្រហារ​បង្ហូរ​ឈាម កាល​ពី​ខែ​កក្កដា ឆ្នាំ១៩៩៧។ ក្រោយមក គោល​ការណ៍​ដើម​ប្រជាធិបតេយ្យនៃប្រព័ន្ធនេះ ត្រូវ​បាន​បំផ្លាញ​ដោយសារ​តែ​មាន​ការ កែប្រែ​ច្បាប់​អនុញ្ញាត​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ជា​កញ្ចប់​ជ្រើស​តាំង​នាយករដ្ឋមន្ត្រី និងប្រធានសភា​ក្នុង​ពេល​តែ​មួយ។ កាន់តែធ្ងន់ធ្ងរជាងនេះទៀត អភ័យឯក​សិទ្ធិ​របស់ តំណាងរាស្ត្រ ក៏មិនត្រូវបាន​អាជ្ញាធរ​រដ្ឋាភិបាលគោរព ក្រោយ​ពីមានការចាប់ខ្លួនតំណាងរាស្ត្រគណបក្សប្រឆាំង រួមទាំងប្រធាន​គណបក្សនេះ ដាក់ពន្ធនាគារ ទាំងដែលពួកគេនៅមានអភ័យឯកសិទ្ធិសភានៅឡើយ។ ប្រព័ន្ធ​សភា​និយម​នៅ​កម្ពុជា ដែល​មាន​ពីរ​ថ្នាក់ គឺ​រដ្ឋសភា និង​ព្រឹទ្ធសភា រង​ការ​រិះគន់​ថា បង្កើតឡើងជារូបភាព​នៃ​ការ​ចែក​អំណាច ជាជៀង គោរពតាមគោលការណ៍ប្រជាធិបតេយ្យពិតប្រាកដ ដើម្បីត្រួតពិនិត្យ​អំណាច​រដ្ឋាភិបាល ដោយសារតែស្ថាប័នទាំងពីរនេះ ចាំតែប្រថាប់ត្រា តាមអ្វីដែលរដ្ឋាភិបាល និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចង់បាន។

នៅ​ទូទាំង​ពិភពលោក ក្នុងចំណោម ១៩៣ ប្រទេស មាន​ប្រទេស​ចំនួន ៧៩ ក្នុង​នោះ​ក៏​មាន​កម្ពុជា​ផង អនុវត្ត​ប្រព័ន្ធ​សភានិយម​ពីរ​ថ្នាក់ ដែល​មាន​ស្ថាប័ន​រដ្ឋសភា និង​ព្រឹទ្ធសភា។ ក្រៅ​ពី​នេះ ប្រទេស​ចំនួន ១១៤ផ្សេង​ទៀត អនុវត្ត​ប្រព័ន្ធ​សភានិយម តែ​មួយ​ថ្នាក់ ដែល​មាន​ន័យ​ថា មាន​តែ​រដ្ឋសភា​តែ​មួយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស APHR ជំរុញ​ឲ្យ​រដ្ឋាភិបាល​ធានា​ថា រដ្ឋសភា​អាច​បំពេញ​ការងារ​ជា​អ្នក​តំណាង​ពិត​ប្រាកដ​របស់​ពលរដ្ឋ​ប្រកប​ដោយ​ប្រសិទ្ធភាព"

  1. Anonymous says:

    I was so surprise to hear HUN SEN win every election in Cambodia . I wonder why Cambodian love this animal that much of cause Cambodian never wanted this evil leading this nation till this day. this uneducated evil monster animal was always stool cheating election since 1993 up to this day. if this evil this evil really want to showing the true to Cambodian please just do what EU request >> let get on the ring fight like a man then we will know who really is a winner.

Leave a Reply

Submit Comment