ក្រុម​អង្គការ​សារ​ព័ត៌មាន​អន្តរជាតិ ថ្កោលទោស​ការ​ចាប់​ខ្លួន​កាសែត​ឈ្មោះ រស់ សុឃិត និង​ទាមទារ​ឲ្យ​ទម្លាក់

ដោយ ម៉ៅ សុធានី
2020-06-30
RFA

លោក រស់ សុឃិត ចាងហ្វាង​កាសែត​ជាតិ​ខ្មែរ ត្រូវ​បាន​ឃុំ​ខ្លួន និង​ចោទ​ប្រកាន់ ក្រោយ​សរសេរ​រិះគន់​លោក ហ៊ុន សែន ថា កំពុង​ទាល់​ច្រក រឿង​ពលរដ្ឋ​ធ្លាក់​ខ្លួន​ក្រីក្រ ដោយសារ​ជំងឺ​កូវីដ១៩ (Covid-19) កាល​ពី​ថ្ងៃ​ទី២៥ ខែ​មិថុនា ឆ្នាំ២០២០។

លោក រស់ សុឃិត ចាងហ្វាង​កាសែត​ជាតិ​ខ្មែរ ត្រូវ​បាន​ឃុំ​ខ្លួន និង​ចោទ​ប្រកាន់ ក្រោយ​សរសេរ​រិះគន់​លោក ហ៊ុន សែន ថា កំពុង​ទាល់​ច្រក រឿង​ពលរដ្ឋ​ធ្លាក់​ខ្លួន​ក្រីក្រ ដោយសារ​ជំងឺ​កូវីដ១៩ (Covid-19) កាល​ពី​ថ្ងៃ​ទី២៥ ខែ​មិថុនា ឆ្នាំ២០២០។

 រូប៖ ហ្វេសប៊ុក


ស្ថាប័ន​កាសែត​អន្តរជាតិ២ រួម​មាន​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន (RSF) ​និង​សហព័ន្ធ​អ្នក​កាសែត​អន្តរជាតិ (IFJ) ថ្កោលទោស​ការ​ចាប់​ខ្លួន ចាងហ្វាង​កាសែត​ជាតិ​ខ្មែរ លោក រស់ សុឃិត និង​ទាមទារ​ឲ្យ​ទម្លាក់​បទ​ចោទ។ មន្ត្រី​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ បដិសេធ​ឆ្លើយ​តប ការ​ទាមទារ​របស់​ក្រុម​អង្គការ​កាសែត​អន្តរជាតិ​នេះ ដោយ​បញ្ជាក់​ថា នេះ​ជា​នីតិវិធី​របស់​តុលាការ។

អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន (RSF) ទាមទារ​ឲ្យ​សហភាព​អឺរ៉ុប​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​បន្ថែម​ទៀត ទៅ​លើ​របប​ដឹក​នាំ​របស់​លោក ហ៊ុន សែន ក្រោយ​ដែល​អ្នក​កាសែត ៣រូប ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​អំឡុង​ពេល ៣ខែ​កន្លង​ទៅ​នេះ ចោទ​ប្រកាន់​ពី​បទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ក្នុង​សង្គម។

ក្នុង​សេចក្ដី​ថ្លែង​ការណ៍​កាល​ពី​ថ្ងៃ​ទី៣០ ខែ​មិថុនា ប្រធាន​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វីក លោក ដានីញ៉ែល បាស្តាដ (Daniel Bastard) អះអាង​ថា ការ​ឃុំ​ខ្លួន លោក រស់ សុឃិត បន្ទាប់​ពី​បាន​ផ្សព្វផ្សាយ​ព័ត៌មាន ដែល​លោក ហ៊ុន សែន បាន​និយាយ​ជា​សាធារណៈ គឺ​បង្ហាញ​ពី​របប​ដឹក​ដឹក​នាំ​ផ្ដាច់ការ​ដ៏​អាក្រក់​ជា​ទី​បំផុត​នៅ​កម្ពុជា។ លោក​បន្ត​ថា ​ទង្វើ​របស់​លោក ហ៊ុន សែន នេះ បង្ហាញ​យ៉ាង​ច្បាស់ក្រឡែត ពី​ការ​បង្ក្រាប និង​បំបិទ​សំឡេង​អ្នក​ប្រឆាំង ហើយ​ដែល​ទង្វើ​នេះ អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន អំពាវនាវ​សុំ​ឲ្យ​សហគមន៍​អឺរ៉ុប ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​ដល់​កម្ពុជា បន្ថែម​ទៅ​នឹង​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) 20% ដែល​នឹង​ផ្ដើម​អនុវត្ត​នៅ​ពាក់​កណ្ដាល​ខែ​សីហា​ខាង​មុខ។

ចំណែក​សហព័ន្ធ​អ្នក​កាសែត​អន្តរជាតិ (IFJ) នៅ​ពី​ថ្ងៃ​ទី៣០ ខែមិថុនា​ដដែល​នេះ ក៏​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​រិះគន់​ទង្វើ​របស់​រដ្ឋាភិបាល​កម្ពុជា​ថា ការ​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​លើ​អ្នក​កាសែត​រូប​នេះ មាន​ន័យ​ថា រដ្ឋាភិបាល​កម្ពុជា​ ស្អប់​ខ្ពើម​អ្នក​សារ​ព័ត៌មាន និង​មិន​គិតគូរ​ពី​សុវត្ថិភាព​របស់​ពួក​គេ​ឡើយ។ សហព័ន្ធ​អ្នក​កាសែត​អន្តរជាតិ (IFJ) ទទូច​ដល់​រដ្ឋាភិបាល​កម្ពុជា បង្កើន​កិច្ច​គាំពារ​ដល់​អ្នក​កាសែត និង​បញ្ឈប់​ការ​ប្រើប្រាស់​សមត្ថកិច្ច ដើម្បី​ត្រួត​ពិនិត្យ​អត្ថបទ​ព័ត៌មាន ឬ​បញ្ចេញ​មតិ នៅ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ។

ចាងហ្វាង​កាសែត​ជាតិ​ខ្មែរ លោក រស់ សុឃិត ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ចោទ​ប្រកាន់​ជា​ផ្លូវការ កាល​ពី​ថ្ងៃ​ទី២៨ ខែ​មិថុនា ពី​បទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម តាម​មាត្រា៤៩៤ និង៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ។ លោក​ត្រូវ​បាន​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី២៥ ខែ​មិថុនា បន្ទាប់​ពី​ព្រះរាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក សេង ហៀង បាន​ចេញ​ដីកា​មួយ កាល​ពី​ថ្ងៃ​ទី២៤ ខែ​មិថុនា។

អាស៊ី​សេរី នៅ​មិន​ទាន់​អាច​ទាក់ទង​ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក សេង ហៀង ដើម្បី​សុំ​ការ​បំភ្លឺ​បន្ថែម​ជុំវិញ​បញ្ហា​នេះ បាន​ទេ​នៅ​ពី​ថ្ងៃ​ទី៣០ ខែ​មិថុនា។

ក៏​ប៉ុន្តែ​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ប្រាប់​អាស៊ី​សេរី​យ៉ាង​ខ្លី តាម​បណ្ដាញ​សង្គម​កាល​ពី​កាល​ពី​យប់​ថ្ងៃ​អង្គារ ទី៣០ មិថុនា​ថា លោក​គ្មាន​អ្វី​ឆ្លើយ​តប ទៅ​នឹង​ការ​ទាមទារ​ឲ្យ​ដោះ​លែង និង​ទម្លាក់​បទ​ចោទ​លើ​លោក រស់ សុឃិត របស់​ក្រុម​អង្គការ​កាសែត​អន្តរជាតិ​នេះ​ទេ៖ «ខ្ញុំ​មិន​មាន​ការ​អត្ថាធិប្បាយ​អ្វី​ទេ លើ​ដំណើរ​ការ​នៃ​ការ​អនុវត្តន៍​ច្បាប់ និង​នីតិវិធី​របស់​តុលាការ ដែល​ជា​ស្ថាប័ន​ឯករាជ្យ»

ពាក់ព័ន្ធ​នឹង​ការ​ចាប់​ខ្លួន លោក រស់ សុឃិត នេះ​ដែរ នាយក​ប្រតិបត្តិ​សម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា (ខេមបូចា) លោក ណុប វី មាន​ប្រសាសន៍​ប្រាប់​អាស៊ី​សេរី​ថា ការ​ចាប់​ឃាត់​ខ្លួន​អ្នក​កាសែត ឬ​ប្រជា​ពលរដ្ឋ ដោយ​ការ​បញ្ចេញ​មតិ​នេះ គឺ​ជា​ការ​រំលោភ​សេរីភាព​ជា​មូលដ្ឋាន របស់​អ្នក​សារ​ព័ត៌មាន និង​ពលរដ្ឋ ដែល​មាន​ចែង​ក្នុង​ច្បាប់៖ «យើង​ដឹង​ហើយ​ថា រដ្ឋធម្មនុញ្ញ​យើង​មាត្រា ៤១ មាន​ចែង​ពី​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​គ្រប់​រូប និង​សេរីភាព​សារ​ព័ត៌មាន។ ដូច្នេះ ការ​ចាប់​ខ្លួន​អ្នក​សារ​ព័ត៌មាន ដោយសារ​គាត់​បញ្ចេញ​មតិ នៅ​លើ​ហ្វេសប៊ុក ឬ​នៅ​លើ​សារ​ព័ត៌មាន​នេះ គឺ​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់ និង​ជា​ការ​រំលោភ​សិទ្ធិ សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ គឹ​សេរីភាព បញ្ចេញ​មតិ​ហ្នឹង​ឯង»

ចាងហ្វាង​កាសែត​ជាតិ​ខ្មែរ លោក រស់ សុឃិត ត្រូវ​បាន​ឃុំ​ខ្លួន និង​ចោទ​ប្រកាន់ ដោយសារ​កាល​ពី​ថ្ងៃ​ទី២៥ ខែ​មិថុនា លោក​បាន​សរសេរ​រិះគន់​ថា លោក ហ៊ុន សែន នៅ​ពេល​នេះ កំពុង​ទាល់​ច្រក រឿង​ពលរដ្ឋ​ធ្លាក់​ខ្លួន​ក្រីក្រ ដោយសារ​ជំងឺ​កូវីដ១៩ (Covid-19) គ្មាន​លុយ​សង​ធនាគារ​ឯកជន ក៏​ប្រកាស​លើក​ទឹក​ចិត្ត​ឲ្យ​ធនាគារ និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ រឹបអូស​ទ្រព្យ​សម្បត្តិ ចំពោះ​ពលរដ្ឋ​ណា ជឿ​ទៅ​លើ​ការ​ឃោសនា របស់​ពួក​ក្រុម​ប្រឆាំង​នៅ​ក្រៅ​ប្រទេស ហើយ​មិន​ព្រម​សង​លុយ​ឲ្យ​ធនាគារ។

ការ​ចាប់​ខ្លួន​លោក រស់ សុឃិត គឺ​ជា​ការ​ចាប់​ខ្លួន​អ្នក​សារ​ព័ត៌មាន​ទី២ ហើយ​ក្នុង​រយៈ​ពេល​បី​ខែ ដែល​បាន​ដក​ស្រង់​សំដី​ផ្ទាល់​របស់​លោក ហ៊ុន សែន មក​សរសេរ​នៅ​តាម​គណនី​ហ្វេសប៊ុក។ កាលពី​ថ្ងៃ​ទី៧ មេសា ឆ្នាំ២០២០ នាយក​ទូរទស្សន៍​អនឡាញ​ធីវី​អ្វេហប៊ី (TVFB) លោក សុវណ្ណ រឹទ្ធី ក៏​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ព្រៃ​ស ដោយសារ​លោក​បាន​ស្រង់​សំដី​ផ្ទាល់​របស់​លោក​ ហ៊ុន សែន ដែល​ថ្លែង​ថា រដ្ឋាភិបាល​មិន​មាន​ថវិកា ដើម្បី​ឧបត្ថម្ភ​ដល់​អ្នក​រត់​ម៉ូតូ​ឌុប​ទេ ហើយ​លោក​ណែនាំ​ឱ្យ​ឲ្យ​អ្នក​រត់​ម៉ូតូ​ឌុប ដែល​ក្ស័យធន លក់​យាន​ជំនិះ ឬ​ម៉ូតូ​ចាយ​សិន​ទៅ ក្នុង​អំឡុង​ពេល​រាតត្បាត ជា​សកល​នៃ​ជំងឺ​កូវីដ១៩ នេះ។

ចំណែក​អ្នក​កាសែត​ទី៣ ដែល​ត្រូវ​បាន​ចាប់​ខ្លួន គឺ​ម្ចាស់​ស្ថានីយ​វិទ្យុ​រិទ្ធីសែន លោក សុខ ឩត្តម នៅ​ថ្ងៃ​ទី១៣ ខែឧសភា បន្ទាប់​ពី​លោក​បាន​រាយការណ៍​ពី​បញ្ហា​ទំនាស់​ដី​ធ្លី រវាង​ប្រជា​ពលរដ្ឋ និង​មន្ត្រី​ជាន់​ខ្ពស់​មួយ​រូប​ នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

Leave a Reply

Submit Comment