ដោយ ជាតិ ចំណាន
2020-07-01
RFA

លោក យាង សុធារិន្ទ (ឆ្វេង) និងលោក អ៊ួន ឈិន អតីតអ្នកយកព័ត៌មានអាស៊ីសេរី នៅតុលាការកំពូល ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០។

រូប៖ គេផ្ដល់ឱ្យ
តុលាការកំពូលនឹងចេញសេចក្តីសម្រេចករណីអតីតអ្នកយកព័ត៌មានអាស៊ីសេរីពីររូប ដែលស្នើសុំឱ្យទម្លាក់ចោលការស៊ើបអង្កេតបន្ថែមរឿងរូបភាពអាសអាភាស នៅពាក់កណ្តាលខែកក្កដា ក្រោយបញ្ចប់សវនាការនៅថ្ងៃទី១ កក្កដានេះ។ អ្នកការពារសិទ្ធិមនុស្សស្នើដល់តុលាការកំពូលទម្លាក់ចោលការចោទប្រកាន់លើអតីតអ្នកយកព័ត៌មានអាស៊ីសេរីទាំងពីររូប។
មេធាវីការពារក្តីឱ្យអតីតអ្នកយកព័ត៌មានអាស៊ីសេរី លោក សំ ចំរើន ឱ្យដឹងថា លោកបានសំណូមពរឱ្យតុលាការកំពូលបដិសេធសាលដីកាសាលាឧទ្ធរណ៍ភ្នំពេញ ដែលរក្សាការសម្រេចរបស់តុលាការក្រុងភ្នំពេញឱ្យស៊ើបអង្កេតបន្ថែមរឿងរូបភាពអាសអាភាស។ ក្រៅពីនេះ លោកក៏ស្នើឱ្យតុលាការកំពូលទម្លាក់ចោលការចោទប្រកាន់លើកូនក្តីរបស់ទាំងពីរនាក់ផងដែរ។

លោក សំ ចំរើន មេធាវីការពារក្ដីឱ្យលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ អតីតអ្នកយកព័ត៌មានអាស៊ីសេរី រូប៖ គេផ្ដល់ឱ្យ

មេធាវី សំ ចំរើន ថ្លែងប្រាប់ក្រុមប្រឹក្សាជំនុំជម្រះថា ការស៊ើបអង្កេតបន្ថែមសំណុំរឿងនេះ មិនមានភាពចាំបាច់ទៀតទេ ព្រោះចៅក្រមស៊ើបសួរបានប្រើពេលច្រើនណាស់ទៅហើយក្នុងដំណាក់កាលស៊ើបអង្កេត។ លោកថា ការសម្រេចបែបនេះធ្វើឱ្យប៉ះពាល់ដល់សិទ្ធិទទួលបានយុត្តិធម៌របស់កូនក្ដីលោកទាំងពីរនាក់ ព្រោះមិនដឹងថា តើពេលណាដែលការស៊ើបអង្កេតបន្ថែមនេះត្រូវបញ្ចប់នោះទេ ហើយបើតុលាការចង់ស៊ើបអង្កេតចំណុចណាទៀតនោះ រឿងក្តីនេះរឹតតែអូសបន្លាយគ្មានកាលកំណត់៖ «
សាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់ លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ចំនួនពីរបទល្មើស គឺបទ “ប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ ដែលអាចធ្វើឱ្យអន្តរាយការការពារជាតិ” និងបទ “ផលិត និងកាន់កាប់រូបភាពអាសអាភាស”។ តុលាការបានជំនុំជម្រះរឿងក្តីនេះពីរដង និងពន្យារពេលប្រកាសសាលក្រមម្តង ហើយនៅទីបំផុតបានចេញសាលក្រមចាត់របៀបឱ្យស៊ើបអង្កេតរឿងក្ដីទាំងពីរបន្ថែមទៀត កាលពីដើមខែតុលា ឆ្នាំ២០១៩។
កាលពីដំបូង តុលាការផ្ដោតជាសំខាន់ទៅលើសំណុំរឿងទីមួយ ដែលពាក់ព័ន្ធនឹងអំពើចារកម្ម ប៉ុន្តែក្រោយពីមេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន បានប្រកាសថា រឿងក្តីព្រហ្មទណ្ឌនេះ មិនពាក់ព័ន្ធនឹងរឿងសេរីភាពសារព័ត៌មាន តែពាក់ព័ន្ធនឹងរឿងរូបភាពអាសអាភាស តុលាការក៏បែរជាមកផ្ដោតខ្លាំងលើសំណុំរឿងទីពីរពាក់ព័ន្ធនឹងការកាន់កាប់រូបភាពអាសអាភាសវិញ។
អតីតអ្នកយកព័ត៌មានអាស៊ីសេរី លោក យាង សុធារិន្ទ ហៅ យាង សុជាមេត្តា ថ្លែងថា ការទាញរឿងផ្សេងមកចោទប្រកាន់ពួកលោក ស្របពេលតុលាការរកមិនឃើញភស្តុតាងពាក់ព័ន្ធនឹងអំពើចារកម្មនោះ បង្ហាញថា អាជ្ញាធរមានចេតនាចង់ធ្វើបាប និងបង្ខូចកេរ្តិ៍ឈ្មោះរបស់ពួកលោក។ លោកទទូចដល់តុលាការកំពូលបដិសេធសាលក្រមចាត់របៀបនេះ និងផ្ដល់យុត្តិធម៌ដល់ពូកលោកវិញ៖ «។
តុលាការរបបក្រុងភ្នំពេញបានឃុំខ្លួនលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ក្នុងពន្ធនាគារព្រៃស ជាង ៩ខែ ទើបអនុញ្ញាតឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន។ ទោះជាយ៉ាងណា សេរីភាពដើរហើររបស់ពួកលោកនៅតែស្ថិតក្រោមការគាបសង្កត់ ព្រោះតុលាការមិនព្រមផ្ដល់លិខិតឆ្លងដែនឱ្យអ្នកទាំងពីរវិញឡើយ ទោះជាមេធាវីបានស្នើសុំជាច្រើនដងយ៉ាងណាក៏ដោយ។
អ្នកនាំពាក្យសមាគមអាដហុក (ADHOC) លោ ស៊ឹង សែនករុណា ថ្លែងថា សង្គមស៊ីវិលនៅតែទាមទារឱ្យតុលាការទម្លាក់ចោលបទចោទប្រកាន់ប្រឆាំងនឹងអតីតអ្នកយកព័ត៌មានអាស៊ីសេរីទាំងពីររូប ដើម្បីពង្រឹងប្រព័ន្ធយុត្តិធម៌ និងលំហសេរីភាពសារព័ត៌មាន។ លោកបន្ថែមថា ការជំនុំជម្រះនាពេលកន្លងទៅបង្ហាញថា តុលាការគ្មានភស្តុតាងគ្រប់គ្រាន់ដើម្បីបន្តចោទប្រកាន់អ្នកទាំងពីរឡើយ ដូច្នេះមិនគួរមានការស៊ើបអង្កេតបន្ថែមទៀតនោះទេ៖ «
ក្រៅពីសវនាការលើនីតិវិធីស៊ើបអង្កេតបន្ថែមរឿងវីដេអូអាសអាភាសនេះ តុលាការកំពូលមិនទាន់បានកំណត់ពេលបើកសវនាការរឿងអំពើចារកម្មនោះឡើយ។ ដោយឡែក ការស៊ើបអង្កេតនៅដំណាក់កាលតុលាការក្រុងភ្នំពេញវិញ មេធាវីការពារក្តីឱ្យអតីតអ្នកយកព័ត៌មានអាស៊ីសេរីទាំងពីររូប បានស្នើសុំឱ្យចៅក្រមស៊ីបសួរពន្យារពេល ដោយរង់ចាំសេចក្ដីសម្រេចពីតុលាការកំពូលជាមុនសិន។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃស៍ វ៉ច្ឆ (Human Rights Watch) បានវាយតម្លៃថា លោក អួន ឈិន និងលោក យាង សុធារិន្ទ គឺជាជនរងគ្រោះនៃការវាយបង្ក្រាបឥតស្រាកស្រាន្តរបស់លោក ហ៊ុន សែន លើសារព័ត៌មានឯករាជ្យ និងសេរីភាពបញ្ចេញមតិនៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ព្រះមហាក្សត្រប្រកាសឲ្យប្រើច្បាប់ចំនួន៣ ប្រឆាំងនឹងអំពើលាងលុយកខ្វក់
- ក្រសួងមហាផ្ទៃថា សេចក្ដីព្រាងច្បាប់ស្ដីពីសណ្ដាប់ធ្នាប់សាធារណៈ មិនមានបំណងរឹតត្បិតសិទ្ធិជួបជុំទេ
- តុលាការសម្រេចឃុំខ្លួនអតីតមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលមួយរូបរឿងលក់ដីរដ្ឋ
- តុលាការប្រទេសបារាំងសម្រេចចោទប្រកាន់មេដឹកនាំបក្សប្រឆាំងពីបទបរិហារកេរ្តិ៍លោក ឌី វិជ្ជា ជាសាធារណៈ
- សាលាឧទ្ធរណ៍ក្រុងភ្នំពេញ បដិសេធសំណើសុំនៅក្រៅឃុំរបស់សមាជិកគណបក្សប្រឆាំង ១០នាក់
- តុលាការសម្រេចដាក់ប្រធានបក្សសង្គ្រោះជាតិខេត្តស្វាយរៀងឱ្យស្ថិតក្រោមការត្រួតពិនិត្យចំនួន២បទល្មើស
- រដ្ឋសភាឯកបក្សរបបលោក ហ៊ុន សែន អនុម័តសេចក្ដីព្រាងច្បាប់ប្រឆាំងអំពើលាងលុយកខ្វក់ ខណៈមន្ត្រីសង្គមស៊ីវិលថា គ្មានការពិគ្រោះយោបល់
- មេធាវីលោក កឹម សុខា មិនទាន់សម្រេចថា ត្រូវស្នើសុំឱ្យតុលាការបើកសវនាការឡើងវិញ ឬក៏អត់នោះទេ
- ជនសង្ស័យពីបទប្រល័យពូជសាសន៍នៅក្នុងប្រទេសរវ៉ានដា (Rwandan) បដិសេធការចោទប្រកាន់នៅតុលាការបារាំង
- ចៅក្រមស៊ើបសួរទម្លាក់ចោលករណីញុះញង់ប្រឆាំងមន្ត្រីអាដហុកលោក ប៉ែន ប៊ុណ្ណារ៍ និងប្រជាសហគមន៍