អ្នក​ឃ្លាំមើល​ថា ២ខែ​ដំបូង​នៃ​ការ​បង្កើន​ប្រាក់​ផាក​ពិន័យ​ចរាចរណ៍ ពលរដ្ឋ​ចូលរួម​គោរព​ច្បាប់ តែ​នៅ​មុខ​ប៉ូលិស

ដោយ ហេង រស្មី
2020-07-02
RFA

នគរបាលរឹបអូសម៉ូតូមួយចំនួន ពេលដាក់គោលដៅពង្រឹង​ការ​អនុវត្ត​ច្បាប់ចរាចរណ៍ នៅថ្ងៃ​ទី៦ ខែឧសភា ឆ្នាំ២០២០។

នគរបាលរឹបអូសម៉ូតូមួយចំនួន ពេលដាក់គោលដៅពង្រឹង​ការ​អនុវត្ត​ច្បាប់ចរាចរណ៍ នៅថ្ងៃ​ទី៦ ខែឧសភា ឆ្នាំ២០២០។

 រូប៖ ស្នងការដ្ឋាន​​នគរបាលរាជធានី​ភ្នំពេញ


អ្នក​ឃ្លាំមើល​សុវត្ថិភាព​ចរាចរណ៍ សង្កេត​ឃើញ​ថា ការ​អនុវត្ត​វិធានការ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់ និង​ការ​បង្កើន​ប្រាក់​ផាក​ពិន័យ​ រយៈ​ពេល​២​ខែ​មក​នេះ បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ ខ្លាច​រអា និង​គោរព​ច្បាប់ ​តែ​នៅ​​ម្ដុំ​កន្លែង​ប៉ូលិស​ចុះ​ត្រួត​ពិនិត្យ។ ការ​លើក​ឡើង​នេះ បន្ទាប់​ពី​ស្នងការ​នគរបាល​ជាតិ អះអាង​ថា រយៈ​ពេល ២ខែ​នៃ​ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​នេះ មាន​ដំណើរ​ការ​ល្អ។

នាយក​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍ គង់​ រតនៈ សង្កេត​ឃើញ​ថា ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​២​ខែ​មក​នេះ​ ធ្វើ​ឲ្យ​​ពលរដ្ឋ ​​ប្រុង​ប្រយ័ត្ន​ខ្លាំង នៅ​​តាម​កន្លែង​ដែល​មាន​ប៉ូលិស​ចរាចរណ៍​​​យាម​ល្បាត ដោយ​សារ​តែ​ចំនួន​​ប្រាក់​ផាក​ពិន័យ​ច្រើន លើស​ពី​ចំណូល​របស់​ពលរដ្ឋ​។ លោក គង់ រតនៈ បន្ត​ថា​ អ្នក​បើក​បរ​ខ្លះ មិន​​បាន​កែប្រែ​ឥរិយាបថ​បើក​បរ​ទេ ដោយសារ​ការ​​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ ធ្វើ​ឡើង​​មិន​ទៀង​ទាត់ មិន​ជាប់​លាប់​ជា​ប្រចាំ និង​មិន​​បាន​ច្រើន​កន្លែង។

លោក​ ថា កាល​ពី​ដំបូង ពលរដ្ឋ​មាន​ប្រតិកម្ម​ខ្លាំង​ចំពោះ​ការ​ផាក​ពិន័យ​ធ្ងន់ធ្ងរ​ តែ ២ខែ​នេះ ពលរដ្ឋ​ហាក់​​​ស៊ាំ នឹង​តម្លៃ​ផាក​ពិន័យ​ ប៉ូលិស​ចរាចរណ៍​ក៏​មាន​យោគយល់​ច្រើន​ជាង​មុន​ និង​ពិសេស​​មាន​​ករណី​នាំ​ខ្លួន​ពលរដ្ឋ​ច្រើន​ករណី​​ឲ្យ​ធ្វើ​កិច្ច​សន្យា​បញ្ឈប់​សកម្មភាព​រិះគន់ ទើប​លែង​សូវ​មាន​សំឡេង​រិះគន់​បន្ត​ទៀត៖ «ហើយ​យើង​ត្រូវ​ការ​ឲ្យ​មាន​ការ​រឹត​បន្តឹង​ច្បាប់​ហ្នឹង ឲ្យ​ជាប់​លាប់ ជាប់​ជា​ប្រចាំ​ បន្ទាប់​មក​ទៀត​ឲ្យ​បាន​ច្រើន​កន្លែង​ ព្រោះ​បើ​សិន​ជា​អ៊ីចឹង​ គាត់​មាន​ច្រក​គេច​អ្វី​អ៊ីចឹង គាត់​មិន​ព្រម​គោរព​ទៅ​តាម​បញ្ញត្តិ​ច្បាប់។ ប៉ុន្តែ​អា​នោះ គឺជា​ចំណុច​ខ្វះ​ខាត​ខ្លះ​ៗ​ទេ គ្រាន់​តែ​ជា​រួម​ យើង​ឃើញ​ថា ការ​បែរ​មក​គោរព​ច្បាប់​ហ្នឹង មាន​លក្ខណៈ​ប្រសើរ​ជាង​មុន​ខ្លះ​ដែរ»

របាយការណ៍​ នគរបាល​បង្ហាញ​ថា រយៈ​ពេល ២ខែ នៃ​ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ​នគរបាល​ចរាចរណ៍​ផាក​ពិន័យ​យានយន្ត​សរុប បាន​ជាង ៨ម៉ឺន (៨៣.៣៨៦) គ្រឿង ក្នុង​នោះ​មាន​ម៉ូតូ ជាង ៦ម៉ឺន (៦១.០២២) គ្រឿង និង​រថយន្ត​គ្រប់​ប្រភេទ ជាង ២ម៉ឺន (២២.៣៦៤) គ្រឿង។

អាស៊ី​សេរី មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​អ្នក​នាំ​ពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក ឆាយ គឹមខឿន បាន​ទេ នៅ​ថ្ងៃ​ទី៣០ មិថុនា ដោយសារ​ លោក​មិន​ទទួល​ទូរស័ព្ទ។ តែ​យ៉ាង​ណា ​លោក​ ឆាយ គឹម​ខឿន អះអាង​ប្រាប់​ប្រព័ន្ធ​ឃោសនា​ស្និទ្ធ​របប​ក្រុង​ភ្នំពេញ (Fresh​news) ថា រយៈ​ពេល ៦០ថ្ងៃ​នៃ​ការ​អនុវត្ត​អនុក្រឹត្យ​ថ្មី ក្នុង​ការ​ផាក​ពិន័យ​យានយន្ត​ល្មើស​ច្បាប់​ដំណើរ​ការ​បាន​ល្អ​ប្រសើរ។

ផ្ទុយ​ពី​អះអាង​របស់​អាជ្ញាធរ​​ ពលរដ្ឋ​នៅតែ​ បន្ត​មិន​សប្បាយ​ចិត្ត នឹង​ការ​ផាក​ពិន័យ​ដ៏​ច្រើន​សន្ធឹក​ ក្នុង​ពេល​ពួកគេ​ កំពុង​ធ្លាក់​ប្រាក់​ចំណូល ដោយ​សារ​ជំងឺ​កូវីដ១៩។ អ្នក​រាជធានី​ភ្នំពេញ​ម្នាក់​ លោក នូ ផន ប្រាប់​​ថា លោក​នៅ​តែ​ភ័យ​ញញើត នៅ​ពេល​​​ធ្វើ​ដំណើរ​ ឆ្លង​កាត់​កន្លែង​​មាន​ប៉ូលិស​ចរាចរណ៍​ឈរ​យាម​តាម​ផ្លូវ​ម្ដងៗ ដោយ​បារម្ភ​គ្មាន​ប្រាក់​បង់​ផាក​ពិន័យ។

បុរស​រត់​រ៉ឺម៉ក​កង់​បី​រូប​នេះ និយាយ​ថា ២ខែ​មក​នេះ ចំណូល​នៅ​តែ​ទាប ព្រោះ​គ្មាន​ភ្ញៀវ​ជិះ ឯ​ការ​ចំណាយ​វិញ កាន់​តែ​ច្រើន​ជាង​មុន ដោយសារ​តម្លៃ​ទំនិញ​ឡើង​ថ្លៃ តម្រូវ​លុយ​បង់​រំលស់​រ៉ឺម៉ក​ប្រចាំ​ខែ​ និង​ចំណាយ​ចាយ​វាយ បង់​ថ្លៃ​​បន្ទប់​ជួល​ ជាដើម គឺ​ជា​ហេតុ​ធ្វើ​ឲ្យ​លោក មិន​ពេញ​ចិត្ត​ចំពោះ​ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​នេះ។ លោក នូ ផន ចង់​ឲ្យ​រដ្ឋាភិបាល​កែ​ប្រែ​អនុក្រឹត្យ មក​ផាក​​ពិន័យ​ត្រឹម ១ម៉ឺន ៥ពាន់ (១៥.០០០) រៀល ដូច​មុន​ពេល​មាន​វិបត្តិ​ជំងឺ​កូវីដ១៩ វិញ៖ «អ៊ីចឹង បើ​តាម​ខ្ញុំ ខ្ញុំ​ចង់​ឲ្យ​ពួក​គាត់ (ប៉ូលិស​ចរាចរណ៍បន្ថយ​បន្ធូរ​នូវ​ការ​ តម្លៃ​នៃ​ការ​ចាប់​ហ្នឹង។ មិន​មែន​ថា ឃាត់​មិន​ឲ្យ​ចុះ​ចាប់ ឬ​យ៉ាង​ណា​ទេ។ គាត់​គួរ​តែ​បន្ធូរ​បន្ថយ​​ខ្លះ​ទៅ ហើយ​ណា​មួយ យើង​កំពុង​តែ​បញ្ហា​អ៊ីចឹង​ផង មាន​ទៅ​ប្រជាជន​ណា​ទៅ​មាន​លុយ​ច្រើន បង់​ផាក ៦ម៉ឺន​ហ្នឹង។ ៦ម៉ឺន គ្រួសារ​តូច​ល្មម​ចាយ​មួយ​អាទិត្យ​អ្វី​នោះ»

ទោះ​យ៉ាង​ណា នគរបាល​មិន​ទាន់​បង្ហាញ​តួលេខ​អ្នក​ស្លាប់ និង​រង​របួស​រយៈ​ពេល ២ខែ ដំបូង​នៃ​ការ​អនុវត្ត​ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​នេះ​នៅ​ឡើយ​ទេ។ តែ​បើ​តាម​អ្នក​ឃ្លាំមើល លោក គង់ រតនៈ សង្កេត​ឃើញ​ថា ​អ្នក​របួស​ និង​ស្លាប់ មិន​​បាន​ធ្លាក់​ចុះ​ខ្លាំង​ទេ គឺ​នៅ​កម្រិត​ជា​មធ្យម ស្លាប់​ក្រោម ៥នាក់ ក្នុង​មួយ​ថ្ងៃ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles