ក្រសួងមហាផ្ទៃផ្ទេរសមត្ថកិច្ចឲ្យមេប៉ុស្តិ៍ផ្តល់សៀវស្នាក់នៅនិងសៀវភៅគ្រួសារជូនប្រជាជន

តុលាការ និងច្បាប់ | ព័ត៌មានជាតិ | អភិបាលកិច្ច
លោក ណាត សុភាព | ០៥ កក្កដា ២០២០ | ម៉ោង ២១:៥៩
VOD

លោក ជុំ ធឿង

លោក ជុំ ធឿង ចៅសង្កាត់លលកស ក្រុងពោធិ៍សាត់ បានលើកឡើងពីបញ្ហាលំបាករបស់ប្រជាពលរដ្ឋក្នុងការចុះឈ្មោះសមាជិកបន្ថែមទៅក្នុងសៀវភៅគ្រួសារនៅក្នុងវេទិការសាធារណ: (រូបភាពពីពលរដ្ឋអ្នកសារព័ត៌មាន)


ក្រសួងមហាផ្ទៃសម្រេចផ្ទេរសមត្ថកិច្ចឱ្យមេប៉ុស្តិ៍ក្នុងការផ្ដល់សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ ដើម្បីបង្កលក្ខណៈងាយស្រួល និងឆាប់រហ័សលើការចុះបញ្ជីស្នាក់នៅ និងបញ្ជីគ្រួសារ ជូនប្រជាជនដែលមានលំនៅឋានក្នុងប្រទេស កម្ពុជា។

ក្នុង សេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ចុះផ្សាយ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០នេះថា កាលពីកន្លងមក សមត្ថកិច្ចពីអធិការនគរបាលក្រុង ស្រុក ខណ្ឌ ជាអ្នកផ្តល់សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ ជូនប្រជាជនដែលមានលំនៅឋានក្នុងប្រទេសកម្ពុជា។

ប៉ុន្តែនៅដើមខែកក្កដាឆ្នាំនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានសម្រេចផ្ទេរការងារនេះ ជូនទៅនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ជាអ្នកពិនិត្យ សម្រេចផ្តល់សៀវភៅស្នាក់នៅ ទុតិយតាសៀវភៅស្នាក់នៅ ការប្រែប្រួលនៃមាជិកគ្រួសារ ការផ្លាស់ប្តូរទីលំនៅ និងរាល់ការកែតម្រូវទិន្នន័យក្នុងបញ្ជីស្នាក់នៅស្របតាមច្បាប់កំណត់។

ម្យ៉ាងទៀត ការផ្ទេរសមត្ថកិច្ចពីស្នងការនគរបាលរាជធានី ខេត្ត ជូនទៅអធិការនគរបាលក្រុង ស្រុក ខណ្ឌ ជាអ្នកពិនិត្យ សម្រេចផ្តល់សៀវភៅស្នាក់នៅ ទុតិយតាសៀវភៅស្នាក់នៅ ការប្រែប្រួលនៃមាជិកគ្រួសារ ការផ្លាស់ប្តូរទីលំនៅ និងរាល់ការកែតម្រូវទិន្នន័យក្នុងបញ្ជីស្នាក់នៅស្របតាមច្បាប់កំណត់ផងដែរ។

ចំណែក ការចុះបញ្ជីសៀវភៅស្នាក់នៅ ចុះបញ្ជីសៀវភៅគ្រួសារ ការលុប ឬបំពេញបន្ថែមសមាជិក ការកែតម្រូវទិន្នន័យក្នុងបញ្ជីស្នាក់នៅ បញ្ជីសៀវភៅគ្រួសារ ការផ្តល់ទុតិយតា ការផ្លាស់ប្តូរទីលំនៅ និងការចុះបញ្ជីស្នាក់នៅ បណ្តោះអាសន្ន ត្រូវធ្វើតាមការណែនាំរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។

សេចក្តីប្រកាសដដែលបញ្ជាក់ថា សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ ដែលបានផ្តល់ជូនប្រជាជនកន្លងមក នៅតែមានតម្លៃផ្លូវច្បាប់ រហូតមានការផ្លាស់ប្តូរថ្មី។ លើកលែងតែមានបទបញ្ញត្តិថ្មីជំនួស និងផ្ទុយពីសេចក្តីប្រកាសនេះ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles