ពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល​ខេត្ត​ស្ទឹងត្រែង​ថា អាជ្ញាធរ​មូលដ្ឋាន​ជ្រើសរើស​ជន​ក្រីក្រ​យក​សាច់ញាតិ​ខ្លួន​ឯង

ដោយ ហេង រស្មី
2020-07-05
RFA

២៨-មីនា-២០១៦៖ សាលា​ខេត្ត​ស្ទឹងត្រែង។ RFA/Men Sothyr

២៨-មីនា-២០១៦៖ សាលា​ខេត្ត​ស្ទឹងត្រែង។ RFA/Men Sothyr

 RFA/Men Sothyr


មន្ត្រី​សង្គម​ស៊ីវិល និង​ពលរដ្ឋ​ក្រីក្រ រស់នៅ​ខេត្ត​ស្ទឹងត្រែង អន់ចិត្ត​ចំពោះ​អាជ្ញាធរ​មូលដ្ឋាន​ខេត្ត​នេះ​ថា ជ្រើសរើស​ឈ្មោះ​ជន​ក្រីក្រ មិន​មាន​តម្លាភាព និង​ប្រកាន់​សាច់ញាតិ​មេភូមិ​។ ពួកគេ​អះអាង​ថា ពលរដ្ឋ​ក្រីក្រ​ពិតប្រាកដ មិន​ទទួល​បាន​ប្រយោជន៍​ពី​ប្រាក់ឧបត្ថម្ភ របស់​រដ្ឋាភិបាល​នោះ​ទេ តែ​អាជ្ញាធរ​ឃុំ​បដិសេធ​ការ​ចោទប្រកាន់​នេះ។

ពលរដ្ឋ​រស់នៅ​ភូមិ​កាំងក្ងោក និង​ភូមិ​កំពង់ប៉ាង ឃុំ​កាំងចាម ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ពិនិត្យ​ឡើង​វិញ​ពី​ប្រសិទ្ធភាព​ការងារ​មន្ត្រី​ទទួលបន្ទុក​ជ្រើសរើស​ជន​ក្រីក្រ​ពិតប្រាកដ ដែល​ត្រូវ​ទទួល​ប្រាក់ឧបត្ថម្ភ​ពី​រដ្ឋាភិបាល អំឡុង​ពេល​ផ្ទុះ​ជំងឺ​កូវីដ១៩។

ពលរដ្ឋ​រស់នៅ​ភូមិ​កាំងក្ងោក លោក រស់ សេង ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី ០៧ កក្កដា​ថា ជីវភាព​គ្រួសារ​របស់​លោក លំបាកលំបិន រក​ព្រឹក​ខ្វះ​ល្ងាច ហើយ​លោក​បាន​ស្នើ​សុំឱ្យ​អាជ្ញាធរ​ចេញ​ប័ណ្ណ​សមធម៌ ដើម្បី​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ពី​រដ្ឋាភិបាល ប៉ុន្តែ​អាជ្ញាធរ​ទទួលបន្ទុក​ជ្រើសរើស​ជន​ក្រីក្រ បែរជា​បដិសេធ​ទៅវិញ​៖ «លុយ​ទិញ​បាយ​ទិញ​ទឹក ហូប​ខ្វះខាត​ចំណុច​ហ្នឹង​ដែរ​។ រក​បាន​ទិញ​ទៅ ខ្លះ​ខ្ចី​បងប្អូន និង​ទិញ​បាយ​ហូប​ផង ដើម្បី​ចិញ្ចឹម​គ្រួសារ អំបិល​ប៊ីចេង​ផង»។

ពលរដ្ឋ​ម្នាក់ទៀត រស់នៅ​ភូមិ​កំពង់ប៉ាង លោកស្រី ឆេង លក្ខណា ត្អូញ​ថា ពលរដ្ឋ​ខ្លះ​ក្រីក្រ​ពិតប្រាកដ តែ​មិន​ត្រូវ​បាន​អាជ្ញាធរ​ជ្រើសរើស ឱ្យ​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ពី​រដ្ឋ​នោះ​ទេ​។ លោកស្រី​ថា ជីវភាព​គ្រួសារ​របស់​លោក​ស្រី​ខ្វះ​មុខ ខ្វះ​ក្រោយ តែ​អាជ្ញាធរ​មូលដ្ឋាន​មិន​ផ្ដល់​ប័ណ្ណ​សមធម៌​ជូន​នោះ​ទេ​។ ចំណែក​សាច់ញាតិ​អាជ្ញាធរ​ភូមិ ដែល​មាន​ជីវភាព​ធូរធារ លោកស្រី​ថា បែរជា​ទទួល​បាន​ប័ណ្ណ​សមធម៌​ទៅវិញ៖ «គេ​អត់​ឱ្យ​តែម្ដង​លោកគ្រូ​។ ខ្ញុំ​អត់​ដឹង​ដែរ គេ​ថា អត់​ឱ្យ គេ​ឱ្យ​តែ​បងប្អូន​គេ ។ ខ្ញុំ​ខ្វះខាត​ខ្លាំង​ណាស់ អត់​មាន​អង្ករ ហើយ​ណាមួយ​ប្តី​ទៅ​រក​ស៊ីឈ្នួល​គេ គេ​ថា​បាន​ល្ងាច​ខ្វះ​ព្រឹក​។ ជូន​កាល​បាន​ល្ងាច​ខ្វះ​ព្រឹក ហើយ​គេ​អត់​មើល​ឃើញ​ទេ»។

ឆ្លើយតប​រឿង​នេះ សមាជិក​ក្រុមប្រឹក្សាឃុំ​កាំងចាម និង​ជា​អ្នក​កាន់​គម្រោង​សម្ភាសន៍​ពលរដ្ឋ​ក្រីក្រ គឺ​អ្នកស្រី កែវ ប៊ុណ្ណា មាន​ប្រសាសន៍ថា ការ​ជ្រើសរើស​ពលរដ្ឋ​ធ្វើឡើង​ដោយ​តម្លាភាព និង​ត្រឹមត្រូវ​តាម​លក្ខខណ្ឌ​កំណត់​របស់​រដ្ឋ​។ អ្នកស្រី​បញ្ជាក់​ថា ប័ណ្ណ​សមធម៌ ត្រូវ​ផ្តល់​ជូន​តែ​ពលរដ្ឋ​ណា ដែល​ក្រីក្រ​ពិតប្រាកដ​ប៉ុណ្ណោះ៖ «ប្រាប់​ទៅ​ពលរដ្ឋ​ដើម្បី​កុំ​ឱ្យ​គាត់​អស់ សង្ឃឹមថា ខ្ញុំ​ធ្វើ​ទៅលើ​ពលរដ្ឋ​ណា គាត់​មាន​ម៉ូតូ​មាន​គោយន្ត​ហើយ​ថា ខ្ញុំ​ស៊ុមគ្រលុំ។ ខ្ញុំ​ឆ្លើយ​បក ខ្ញុំ​ផ្តល់​ជូន​ពលរដ្ឋ​ណា ដែល​គាត់​ក្រ​ពិតប្រាកដ ដែល​គាត់​ក្រ​គ្មាន​ទីពឹង ដែល​ខ្ញុំ​ផ្តល់​ជូន​។ ទាំង​អ្នកមាន និង​អ្នកក្រ ក៏​គាត់​ចង់បាន អ៊ីចឹង​យើង​ត្រូវ​សម្រិត​ឡើងវិញ​ថា គាត់​ក្រ​ពិតប្រាកដ គឺ​ពួក​ខ្ញុំ​ចុះ​មើល​ជាក់ស្ដែង មិន​ឱ្យ​លម្អៀង ដូច​ពួកគាត់​ធ្វើ​ពី​ឆ្នាំ ២០១៨​ទេ»។

រដ្ឋាភិបាល​ចាប់ផ្ដើម​អនុវត្ត​កម្មវិធី​ផ្ដល់​សាច់ប្រាក់​ជូន​ពលរដ្ឋ​ក្រីក្រ​ជាង​៥ សែន ៦ ម៉ឺន​គ្រួសារ (៥៦២.៦៨៦) កាលពី​ថ្ងៃទី២៤ មិថុនា ដោយ​ក្នុង​មួយ​ខែ​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ ២៥​លាន​ដុល្លារ​អាមេរិក​។ ពលរដ្ឋ​នឹង​ទទួល​បាន​ថវិកា​ខុសៗ​គ្នា​ទៅតាម​កម្រិត​នៃ​ភាព​ក្រីក្រ និង​ទីតាំង​ដែល​ពួកគាត់​រស់នៅ​ជា​ឧទាហរណ៍ អ្នក​រស់នៅ​ជនបទ​ពួកគាត់​អាច​ទទួល​បាន​យ៉ាងតិច​បំផុត​២០ ដុល្លារ​អាមេរិក ហើយ​នៅ​ទីប្រជុំជន និង​រាជធានី​ភ្នំពេញ ពួកគាត់​អាច​បាន​ទាប​បំផុត ៣០​ដុល្លារ ក្នុង​មួយ​ខែ​។ ពលរដ្ឋ​ក្រីក្រ​នឹង​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ជាក់ស្ដែង​ច្រើនជាង​នេះ ដោយសារ​ការ​បូក​ថែម​សមាជិក​គ្រួសារ​ម្នាក់ៗ និង​លក្ខខណ្ឌ​មួយ​ចំនួន​ទៀត។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ថា រដ្ឋាភិបាល​នឹង​បន្ត​ស្រង់​ទិន្នន័យ​ពលរដ្ឋ​ក្រីក្រ​បន្ត​ទៀត ហើយ​កញ្ចប់​ថវិកា​ដែល​ត្រូវ​ឧបត្ថម្ភ​ដល់​ពលរដ្ឋ​នោះ អាច​នឹង​ឡើង​ដល់​ពី ៣០ លាន ទៅ ៥០​លាន​ដុល្លារ​ក្នុង​មួយ​ខែ។

ទោះជា​បែបនេះ​ក្តី មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខេត្ត​ស្ទឹងត្រែង លោក ប៊ី វ៉ាន់​នី យល់ថា ប្រសិនបើ​ការ​ជ្រើសរើស​ជនក្រីក្រ​មិន​មាន​តម្លាភាព ប្រកាន់​បក្ខពួក និង​មានការ​រើសអើង នោះ​គោលនយោបាយ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ជួយ​ពលរដ្ឋ​ក្រីក្រ​ពិតប្រាកដ នឹង​បរាជ័យ​៖ «ជាពិសេស​ធ្វើ​ឱ្យ​ខូច​គោលនយោបាយ​ដឹកនាំ​រដ្ឋ​របស់​អាជ្ញាធរ​ហ្នឹងឯង​។ យើង​ចង់​សំណូមពរ​ឱ្យ​អាជ្ញាធរ​ថ្នាក់​ជាតិ​មេត្តា​ស៊ើបអង្កេត​ករណី​ហ្នឹង​ទៅ ដើម្បី​ឱ្យ​មានការ​បកស្រាយ​មួយ ធ្វើ​ឱ្យ​ពលរដ្ឋ​មាន​ការ​ជឿជាក់»។

ធនាគារ​ពិភពលោក​ព្យាករណ៍​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ពលរដ្ឋ​ខ្មែរ​ជិត ២​លាន​នាក់​នឹង​ធ្លាក់ខ្លួន​ក្រីក្រ​ដោយសារ​វិបត្តិ​ជំងឺ​កូវីដ-១៩ ក្នុង​ឆ្នាំ​២០២០ នេះ ធ្វើ​ឱ្យ​ចំនួន​អ្នកក្រ​នៅ​កម្ពុជា​នឹង​កើន​ឡើង​ដល់ ៤ លាន​នាក់ ក្នុង​ចំណោម​ពលរដ្ឋ​សរុប​ជាង ១៥​លាន​នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles