ព្រះអង្គ លួន សុវ៉ាត ភៀសព្រះកាយ​ទៅ​ប្រទេស​ស្វីស សុំ​សិទ្ធិ​ជ្រក​កោន ខណៈ​មាន​ការ​ចោទប្រកាន់​រឿង​រំលោភ​សេព​សន្ថវៈ

សិទ្ធិ​មនុស្ស
05 កក្កដា 2020
ស៊ុន ណារិន
វីអូអេខ្មែរ

រូបឯកសារ៖ ព្រះ​តេជគុណ​ លួន សុវ៉ាត ផ្ដល់​បទសម្ភាសន៍​ជាមួយ​ VOA នៅនៅ​ស្ថានីយ៍​ចាក់​ប្រេង​មូយ​នៅ​រាជធានី​ភ្នំពេញ​ បន្ទាប់​ពី​លោកកែម ឡី​​ត្រូវ​ក្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅថ្ងៃ​អាទិត្យ​ ទី​០៩ ខែ​កក្ដដា​ ឆ្នាំ​២០១៦។​​ (ឡេង ឡែន/VOA)
រូបឯកសារ៖ ព្រះ​តេជគុណ​ លួន សុវ៉ាត ផ្ដល់​បទសម្ភាសន៍​ជាមួយ​ VOA នៅនៅ​ស្ថានីយ៍​ចាក់​ប្រេង​មូយ​នៅ​រាជធានី​ភ្នំពេញ​ បន្ទាប់​ពី​លោកកែម ឡី​​ត្រូវ​ក្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅថ្ងៃ​អាទិត្យ​ ទី​០៩ ខែ​កក្ដដា​ ឆ្នាំ​២០១៦។​​ (ឡេង ឡែន/VOA)

ភ្នំពេញ — ព្រះអង្គ លួន សុវ៉ាត សកម្ម​ជន​សង្ឃ​ល្បីឈ្មោះមួយ​អង្គ បាន​ចាក​ចេញ​ទៅ​ប្រទេស​ស្វីស ដើម្បី​សុំ​សិទ្ធិ​ជ្រក​កោន ខណៈ​ព្រះអង្គ​កំពុងញាំញីរឿងចោទប្រកាន់​សន្ទនាស្នេហា​ជាមួយ​ស្រ្តី​មួយ​ចំនួន​ និង​មាន​ការ​ចោទ​ប្រកាន់​រឿង​រំលោភសេពសន្ថវៈ។ នេះ​បើ​តាម​ព្រះ​អង្គ​លួន សុវ៉ាត ដែល​បាន​ប្រាប់​ VOA កាល​ពី​ពេលថ្មី​នេះ។

ចាប់​តាំង​ពី​ដើម​ខែ​មិថុនា​ ព្រះ​អង្គ លួន សុវ៉ាត​ ត្រូវ​បាន​ចោទ​ប្រកាន់​ថា​ មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​ស្រ្តី​មួយ​ចំនួន​ រហូត​ដល់​មាន​ការ​ប្រកាស​ផ្សឹក​ព្រះ​អង្គ​ និង​មាន​ការ​ស៊ើប​អង្កេត​ព្រះ​អង្គ​រឿង«​រំលោភ​សេព​សន្ថវៈ»ផង​ដែរ។​

ព្រះ​អង្គ​បាន​ភៀស​ព្រះកាយ​ទៅ​ស្នាក់​នៅ​ប្រទេស​ថៃ​មួយ​រយៈ​ ហើយ​ព្រះ​អង្គ​បាន​ចាក​ចេញ​ទៅ​ប្រទេស​ស្វីសកាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​នេះ។ រហូត​មក​ដល់​ពេល​នេះ​ ព្រះ​អង្គកំពុង​ស្នាក់​នៅ​ប្រទេស​ស្វីស។

ព្រះ​អង្គ​ លួន​ សុវ៉ាត មាន​សង្ឃដីកាថា​ អង្គការ​សហប្រជាជាតិ​បាន​ទទួ​លស្គាល់​ព្រះ​អង្គ​ក្នុង​ការ​សុំ​សិទ្ធិ​ជ្រក​កោន​នយោបាយ​ កាល​ពី​ថ្ងៃ​ទី​២២ ខែ​មិថុនា។ ព្រះ​អង្គ​បន្ត​ថា​ ការ​ផ្សឹកព្រះ​អង្គ​មិន​មែន​ជា​បញ្ហា​នោះ​ទេ ប៉ុន្តែ​សំខាន់​អាជ្ញាធរ​ចង់​ចាប់​ព្រះកាយ​របស់​ព្រះ​អង្គ​ដាក់​ពន្ធនាគារ​។

ព្រះ​អង្គ​មាន​សង្ឃដីកា​ថា៖ «ក៏ប៉ុន្តែ​អ្វី​នៅ​ពី​ក្រោយ​ការ​ចាប់​ផ្សឹក​ គឺ​ការ​ចាប់​ដាក់​គុក ការ​ធ្វើ​ទារុណកម្ម»។

ព្រះ​អង្គ​ក៏​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់នានាលើ​ព្រះ​អង្គ​និង​លើក​ឡើង​ថា​ជា​រឿង​នយោបាយ ដោយសារ​នេះ​ជា​ការ​បង្កើត​សាច់​រឿង បង្កើ​តហ្វេសប៊ុក​ក្លែងក្លាយ​ ហើយ​កាត់​តសំឡេង​ ដាក់​រូបភាព។

កាល​ពី​ពេល​ថ្មីៗ​នេះ ទំព័រ​ហ្វេស​ប៊ុក​ចំនួន​២ដែល​មួយ​ជា​គណនីភាសា​ខ្មែរ​ឈ្មោះ​«លួន សុវ៉ាត»​និង​មួយ​ទៀត​ជា​ទំព័រ​ហ្វេសប៊ុក​ដែល​បង្ហោះ​វីដេអូ៤​ ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​ថា​ ​សកម្មជន​សង្ឃ ​ព្រះ​អង្គ លួន សុវ៉ាត​ មាន​ទំនាក់​ទំនង​ស្នេហា ​ត្រូវ​បាន​លុប​ចោល​មក​ដល់​ថ្ងៃ​នេះ។​

ស្រប​ពេល​ជាមួយ​គ្នា​ ស្រ្តី​ម្នាក់​ឈ្មោះ​ ទឹម រដ្ឋា ​ក៏​បាន​ចេញ​មុខ​ដាក់​ពាក្យ​បណ្តឹង​ថា​នាង​មិន​មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​ព្រះ​អង្គ​នោះ​ទេ​ ហើយ​ថា​ ​ជន​មិន​ស្គាល់​អត្ត​សញ្ញាណ​បាន​បង្កើត​ទំព័រ​ហ្វេសប៊ុក​មួយ​ដាក់​ឈ្មោះ​ហៅ​ក្រៅ​របស់​កញ្ញា​ គឺ​ទំព័រ​ហ្វេសប៊ុក​ឈ្មោះ​ Srey Da Chi-Kraeng។ ​ទំព័រ​ហ្វេសប៊ុក​ក្លែង​ក្លាយ​ដែល​ត្រូវ​បាន​បង្កើត​កាល​ពី​ចុង​ខែ​ឧសភា​ ក៏​បាន​បង្ហោះ​វីដេអូ​ដែល​យក​រូប​កញ្ញា ​ប្អូន​ស្រី​និង​ម្តាយ​ ទៅ​ចោទ​ប្រកាន់​ថា​ ​មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​ព្រះ​អង្គ​លួន សុវ៉ាត​ ដែល​ព្រះ​អង្គ​ក៏​បាន​បដិសេធ។​

វីដេអូ​ចំនួន​ ៤​ ដែល​មាន​ការ​ចោទ​ប្រកាន់​ថា​ ជា​សំឡេង​របស់​ព្រះ​អង្គ​ លួន សុវ៉ាត​ ត្រូវ​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​មួយ​ឈ្មោះ​ Srey Da Chi-Kraeng។ ​នេះ​ជា​ទំព័រ​ហ្វេសប៊ុក​ដែល​ទើប​ត្រូវ​បាន​បង្កើត​ឡើង​ កាល​ពី​ថ្ងៃ​ទី​ ៣០​ ខែ​ឧសភា​ ឆ្នាំ​២០២០​នេះ ​ដែល​មាន​អ្នក​ចុច ​Likes ​ទៅ​ដល់​ជាង ​១​ ពាន់​នាក់។​

វីដេអូ​មួយ​ក្នុង​ចំណោម​វីដេអូ​ផ្សេង​ទៀត​ដែល​មាន​រយៈ​ពេល​ជាង​៧​នាទី​ ជា​វីដេអូ​ថត​ចេញ​ពី​ការ​ហៅ​សន្ទនា​គ្នា​តាម​ប្រព័ន្ធ​សង្គម​ហ្វេសប៊ុក​ ដែល​មាន​ឈ្មោះ​ជា​ភាសា​ខ្មែរ​ «លួន សុវ៉ាត»។ ​ការ​សន្ទនា​គ្នា​នេះ​មាន​និយាយ​ទាក់​ទង​នឹង​ស្នេហា ​ការ​ប្រើ​ប្រាស់​ពាក្យ​ពេចន៍​ដូច​ជា​ម៉ាស្សា ​ឈឺ​ខ្នង ​ឈឺ​ចង្កេះ​និង​ការ​ហៅ​មក​ជួប​គ្នា​ផង​ដែរ។​

ចំ​ពេល​មាន​ការ​ចោទ​ប្រកាន់​រឿង​សន្ទនា​ស្នេហា​តាម​រយៈ​វីដេអូ​ចំនួន​ ៤​ ​ ព្រះ​អង្គ ​លួន សុវ៉ាត​ សកម្មជន​សង្ឃ​ល្បី​ឈ្មោះ​កំពុង​ត្រូវ​បាន​តុលាការ​ខេត្ត​សៀមរាប​សង្ស័យ​ថា​ ​បាន​ប្រព្រឹត្ត​បទ​ល្មើស​«រំលោភ​សេព​សន្ថវៈ»។

ព្រះ​អង្គ ​លួន សុវ៉ាត​ បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ ​និង​ថា​វា​ ជា​ការ​ចោទ​ប្រកាន់​ក្នុង​ន័យ​នយោបាយ​ដើម្បី​ធ្វើ​បាប​ព្រះ​អង្គ ​ដោយសារ​ព្រះ​អង្គ​ជា​សកម្មជន​សង្ឃ​ដែល​ចូលរួម​ការពារ​យុត្តិធម៌​សង្គម ​និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា៕

What Next?

Recent Articles

One Response to "ព្រះអង្គ លួន សុវ៉ាត ភៀសព្រះកាយ​ទៅ​ប្រទេស​ស្វីស សុំ​សិទ្ធិ​ជ្រក​កោន ខណៈ​មាន​ការ​ចោទប្រកាន់​រឿង​រំលោភ​សេព​សន្ថវៈ"

  1. Anonymous says:

    I knew him he is the monk who help those poor Cambodian a lot . I meet him in NANAIMO been donated some to help Cambodian back home . I do not think this monk did that kind of mistaken it is all about politic that all .