ម៉ាឡេស៊ី​លុបចោល​ជើង​ហោះហើរ​ដែល​ដឹក​និស្សិត និង​ពលករ​ខ្មែរ មក​កម្ពុជា​នៅ​ថ្ងៃ​ទី៦ កក្កដា

ដោយ អាស៊ីសេរី
2020-07-05
RFA

ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី នៅ​ថ្ងៃ​ទី៤ កក្កដា បាន​ជូន​ដំណឹង​ដល់​សាធារណជន​ថា ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី (Malaysian Airlines) បាន​សម្រេច​លុប​ជើង​យន្តហោះ​ពាណិជ្ជកម្ម​ពិសេស ដែល​គ្រោង​នឹង​ហោះ​ទៅកាន់​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី៦ កក្កដា ស្អែក​នេះ។

ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី បាន​បញ្ជាក់​លើ​ហ្វេសប៊ុក​ថា មូលហេតុ​នៃ​ការ​លុបចោល​ជើង​ហោះហើរ​នេះ ដោយសារ​មានការ​លុបចោល​ជើងហោះ​ហើរ​ត​ភ្ជាប់​ពី​ទីក្រុង​គែរ (Cairo) ប្រទេស​អេហ្ស៊ីប របស់​ក្រុមហ៊ុន ម៊ែឌីកម៊ែស៊ៀ​រ (MedicMesir) ដែល​រៀបចំ​ជើង​យន្តហោះ​ពិសេស (Charter Flight) ដឹក​និស្សិត​កម្ពុជា​ចំនួន ៤៤​នាក់ មកកាន់​ទីក្រុង​កូឡាឡាំពួរ រួច​ត​ភ្ជាប់​ជាមួយ​ជើង​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី (Malaysian Airlines) ឆ្ពោះ​ទៅ​កាន់​រាជធានី​ភ្នំពេញ។ ការលុបចោល​ជើង​ហោះហើរ​នេះ ធ្វើ​ឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី មិន​មាន​អ្នក​ដំណើរ​គ្រប់គ្រាន់​សម្រាប់​ការហោះហើរ​ពី​ទីក្រុង​កូឡាឡាំពួរ​ឆ្ពោះ​ទៅ​កាន់​រាជធានី​ភ្នំពេញ តាម​ការ​គ្រោង​ទុក ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​និស្សិត ពលករ និង​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ជាប់​គាំង​នៅ​ទីនោះ។

ស្ថានទូត​បញ្ជាក់​បន្ថែម​ថា ភ្នាក់ងារ​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី នឹង​ទាក់ទង​ផ្ទាល់​ទៅ​អ្នកដំណើរ​ទាំងអស់​ដែល​បាន​ទិញ​សំបុត្រ​រួចហើយ​សម្រាប់​ជើង​យន្តហោះ កូឡាឡាំពួរ​-​ភ្នំពេញ ដែល​បាន​លុបចោល​នេះ។

អាស៊ីសេរី​មិន​អាច​ទាក់ទង​ទៅ​មន្ត្រី​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី ដើម្បី​សួរ​ព័ត៌មាន​លំអិត​បាន​នោះ​ទេ ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល។

កាល​ពី​ថ្ងៃ​ទី៣ កក្កដា ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី បាន​ជូនដំណឹង​ដល់​ពលរដ្ឋ​ដែល​មាន​លិខិតឆ្លងដែន​មាន​សុពលភាព និង​លិខិតឆ្លងដែន​ដែល​មាន​ទិដ្ឋាការ (visa) ត្រឹមត្រូវ អាច​ទិញ​សំបុត្រ​យន្តហោះ​តាម​ជើង​យន្តហោះ​ពាណិជ្ជកម្ម Malaysian airlines ហោះ​ទៅកាន់​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី៦ ខែ​កក្កដា តែ​ពេលនេះ​ជើង​យន្តហោះ​នេះ​ត្រូវ​លុបចោល​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles