រដ្ឋា​ភិបាល​​​​សម្រេច​​​​កាត់​​​​ផ្ទៃ​​ដី​បឹង​​​​តា​មោក​​ទំហំ​​​ជាង​​៥០០​​ហិ​កតា​​​បន្ថែម​​​ទៀត​​​ឱ្យ​​​ក្រុម​ហ៊ុន​​ឯក​ជន​​ និង​​​ស្ថាប័ន​​​រដ្ឋ​

នយោបាយ | ព័ត៌មានជាតិ | អភិបាលកិច្ច
កញ្ញា ខាន់ លក្ខិណា | ០៦ កក្កដា ២០២០ | ម៉ោង ១៧:១៩
VOD

ទិដ្ឋភាពផ្ទៃបឹងតាមោក ដែលជា​​បឹង​ធម្មជាតិ​សម្រាប់​ស្តុក​ទឹក​ស្អុយ ស្ថិតនៅ​ភាគ​ខាងជើង​នៃ​រាជធានី​ភ្នំពេញ ត្រូវបានដាក់ដីបំពេញ។ (ហ៊ុន សិរីវឌ្ឍន៍/ ២០ ឧសភា ២០២០)

ទិដ្ឋភាពផ្ទៃបឹងតាមោក ដែលជា​​បឹង​ធម្មជាតិ​សម្រាប់​ស្តុក​ទឹក​ស្អុយ ស្ថិតនៅ​ភាគ​ខាងជើង​នៃ​រាជធានី​ភ្នំពេញ ត្រូវបានដាក់ដីបំពេញ។ (ហ៊ុន សិរីវឌ្ឍន៍/ ២០ ឧសភា ២០២០)


អនុក្រឹត្យ​នានា បង្ហាញថា ផ្ទៃដី​ទំហំ​ជាង ៥០០ហិ​កតា​នៃ​ផ្ទៃ​បឹង​តា​មោក​ដែល​ជា​បឹង​ធម្មជាតិ​សម្រាប់​ស្តុក​ទឹក​ស្អុយ ស្ថិតនៅ​ភាគ​ខាងជើង​នៃ​រាជធានី​ភ្នំពេញ ត្រូវ​បាន​រដ្ឋាភិបាល​សម្រេច​កាត់​ប្រគល់​ទៅ​ឱ្យ​ស្ថាប័នរដ្ឋ​ចំនួន៣ សម្រាប់​សាងសង់​អគារ ឬហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ផ្សេង​ៗ និង​ក្រុមហ៊ុន​ឯកជន​ចំនួន៣ទៀត។

ក្នុង​អនុក្រឹត្យ​ចុះ​ថ្ងៃទី២២ ខែមិថុនា​កន្លងមក​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេច​កាត់​ដី​បឹង​តា​មោក​ទំហំ​ជិត ៣០០ហិ​កតា (២៩៨.៥៤​) ប្រគល់​ទៅ​ឱ្យ​ក្រសួងការពារជាតិ។ ការសម្រេច​នេះ ត្រូវ​បាន​ធ្វើឡើង​ទៅតាម​ការ​ស្នើ​ឡើង​របស់​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នី​យក​ម្ម និង​សំណង់ លោក ជា សុ​ផា​រ៉ា

វី​អូ​ឌី​បាន​ស្វែងរក​ការ​បកស្រាយ​បន្ថែម​ពី​អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី លោក សេង ឡូត និង​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី លោក ជា សុ​ផា​រ៉ា នៅ​ថ្ងៃនេះ ប៉ុន្តែ មិន​ទទួល​បានការ​ឆ្លើយតប​នោះ​ឡើយ។

បើ​តាម​អនុក្រឹត្យ​ដដែល​នេះ ផ្ទៃដី​ទំហំ​ជិត ៣០០ហិ​កតា​ដែល​ត្រូវ​កាត់ចេញ​ពី​ផ្ទៃ​បឹង​តា​មោក​នេះ នឹង​ត្រូវ​រៀបចំ​ទៅជា​អគ្គបញ្ជាការ​ដ្ឋាន​កងយោធ​ពល​ខេមរភូមិន្ទ និង​ប្រើប្រាស់​ជាទី​កន្លែង​ដឹកនាំ​បញ្ជា​យុទ្ធសាស្ត្រ​យូរអង្វែង។

អ្នកនាំពាក្យ​ក្រសួងការពារជាតិ លោក ឈុំ សុជាត មានប្រសាសន៍​ថា ក្រសួង​បាន​ដាក់​សំណើ​ទៅ​ក្រសួង​រៀបចំ​ដែនដី ដើម្បី​សុំ​កាត់​ផ្ទៃដី​នៅ​បឹង​តា​មោក​សម្រាប់​គោលបំណង​ខាងលើ​នេះ ប៉ុន្តែ លោក​បដិសេធ​បកស្រាយ​លម្អិត​អំពី​គម្រោង​សាងសង់​សំណង់​នានា​របស់​យោធា​នៅ​លើ​ផ្ទៃដី​បឹង​នោះ។

លោក ឈុំ សុជាត ប្រាប់​ថា៖ «ធ្វើ​ទីតាំង​បញ្ជាការ​កងទ័ព ដោយឡែក​លម្អិត​ទៀត ខ្ញុំ​អត់​និយាយ​កើត​ទេ គ្រាន់តែ​ដឹង​ថា ជា​កន្លែង​កងទ័ព។ [ក្រសួង​ការពារ​ស្នើ​ទៅ​ក្រសួង​ដែនដី​] ធម្មតា​ដី​របស់​រដ្ឋ ធ្វើ​ទៅតាម​ឋានានុក្រម ខ្ញុំ​យល់​មិន​ច្បាស់​ទេ​រឿង​ហ្នឹង ប៉ុន្តែ​គ្រាន់តែ​ដឹង​ថា រដ្ឋាភិបាល​សម្រេច​ឱ្យមក​កងទ័ពដើម្បី​សង់​បន្ទាយទាហាន ហើយ​សង់​ថ្ងៃណា បន្តិចទៀត​ឃើញ​ហើយ ព្រោះ​រឿង​យោធា យើង​មិន​អាច​និយាយ​បាន​ទូលំទូលាយ​បានទេ»។

សេចក្ដីជូនដំណឹង​ដាច់ដោយឡែក​មួយទៀត​ចុះ​ថ្ងៃទី១៣ ខែមីនា​កន្លងមក​នេះ បានឱ្យ​ដឹង​ថា រដ្ឋាភិបាល​បានសម្រេច​កាត់​ផ្ទៃដី​បឹង​តា​មោក​ទំហំ ៨ហិ​កតា​ទៀត ស្ថិតនៅ​ក្នុង​សង្កាត់​គោករការ ខណ្ឌ​ព្រែកព្នៅ ប្រគល់​ទៅ​ឱ្យ​ក្រសួងមហាផ្ទៃ​សម្រាប់​សាងសង់​អគារ និង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​នាយកដ្ឋាន​កណ្ដាល​សន្តិសុខ ស្ថិត​ក្រោម​ចំណុះ​អគ្គស្នងការ​នគរបាល​ជាតិ។

ចំណែក​ឯសេចក្ដីជូនដំណឹង​ចុះ​ថ្ងៃទី២៧ ខែមេសា បានឱ្យ​ដឹង​ថា រដ្ឋាភិបាល​បានសម្រេច​កាត់​ដី​ទំហំ ៣០ហិ​កតា​ពី​ផ្ទៃដី​បឹង​តា​មោក ស្ថិតនៅ​ក្នុង​សង្កាត់​គោករការ ប្រគល់​ទៅ​ឱ្យ​អ្នកស្រី គឹម ហ៊ា​ង ជា​ថ្នូរ​ទៅ​នឹង​ការដោះដូរ​ដី​ទំហំ​សរុប ៩.៨ហិ​កតា​នៅក្នុង​រាជធានី​ភ្នំពេញ។

ផ្អែក​តាម​សេចក្ដីជូនដំណឹង​នេះ រដ្ឋាភិបាល​បានសម្រេច​កាត់​ដី​ប្រគល់​ទៅ​ឱ្យ​អ្នកស្រី គឹម ហ៊ា​ង ជា​ថ្នូរ​ទៅ​នឹង​ការដោះដូរ​ដី​ទំហំ ៣ហិ​កតា​ ស្ថិតនៅ​ខាងកើត​វិមាន​ឈ្នះ​-ឈ្នះ ដី​ទំហំ ២ហិ​កតា​ស្ថិត​តំបន់​ទី​ក្រុ​ងរ​ណបហ្គោល​ឌិន ស៊ី​ធី ឬតំបន់​អភិវឌ្ឍន៍​របស់​លោក​ឧកញ៉ា លី យ៉ុង​ផាត់ និង​ដី​ទំហំ ៤.៨ហិ​កតា​ទៀត ស្ថិតនៅ​អតីត​ទីលាន​ចាក់សំរាម​ស្ទឹងមានជ័យ។

នៅក្នុង​ដំណោះស្រាយ​នៃ​ការដោះដូរ​នេះ អ្នកស្រី គឹម ហ៊ា​ង ដែល​ជា ​ភរិយា ​លោក លី យ៉ុង​ផាត់ ត្រូវ​បាន​តម្រូវ​ឱ្យ​ផ្ដល់​សំណង​ទៅ​ម្ចាស់​កម្មសិទ្ធិ​ដែល​កាន់កាប់​ដី​លើ​ផ្ទៃ​បឹង​ទៅតាម​គោលនយោបាយ​របស់​រដ្ឋាភិបាល​នូវ​តម្លៃ ៥ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ។

អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ម៉េ​ត មាស​ភក្តី  បាន​ប្រាប់​ថា កំពុង​ជាប់​ប្រជុំ នៅពេល​វី​អូ​ឌី​ស្វែងរក​ការ​បកស្រាយ​បន្ថែម​ ជុំវិញ​ការ​កាត់​ផ្ទៃ​បឹង​តា​មោក​ប្រគល់​ទៅ​ឱ្យក្រុមហ៊ុន​ឯកជន។

នៅក្នុង​អនុក្រឹត្យ​ចុះ​ថ្ងៃទី២៣ ខែមេសា​កន្លងមក​នេះ រដ្ឋាភិបាល​ក៏បាន​សម្រេច​កាត់​ដី​ផ្ទៃ​បឹង​តា​មោក​ទំហំ​ជិត ៤៦​(៤៥.៧៥​)ហិ​កតា ស្ថិត​ក្នុង​សង្កាត់​ពន្សាំង ប្រគល់​ទៅ​ឱ្យ​អ្នកស្រី ស៊ុយ សុ​ផាន ហើយ​ដី​ទំហំ​ជិត ៨(៧.៧១​)ហិ​កតា​ទៀត ស្ថិតនៅ​សង្កាត់​គោករការ ប្រគល់​ទៅ​ឱ្យ​បុគ្គល​ឈ្មោះ ម៉ែ​ន សុខ

បឹង​តា​មោក​ដែល​មានផ្ទៃ​ក្រឡា​សរុប​ដល់ទៅ ៣,២៣៩ហិ​កតា នៅ​សង្កាត់​គោ​ករ​ការ ក្នុង​ខណ្ឌ​ព្រែកព្នៅ ត្រូវ​បាន​រដ្ឋាភិបាល​សម្រេច​ដាក់ជា​សម្បត្តិ​របស់​រដ្ឋ​ទៅតាម​សេចក្ដីសម្រេច​ក្នុង​អនុក្រឹត្យ​ចេញ​កាលពី​ខែកុម្ភៈ ឆ្នាំ២០១៦ ដើម្បី​រក្សាទុក​បឹង​ធម្មជាតិ​មួយ​នេះ ជា​កន្លែង​ស្តុក​ទឹក​កខ្វក់ និង​រំដោះ​ជំនន់​ទឹកភ្លៀង​ចេញពី​រាជធានី​ភ្នំពេញ។

វី​អូ​ឌី​បាន​ស្វែងរក​ការ​បកស្រាយ​បន្ថែម​ពី​អ្នកនាំពាក្យ​ក្រសួងធនធានទឹក និងឧតុនិយម លោក ចាន់ យុត្ថា ផង​ដែរ​នៅ​ថ្ងៃនេះ ប៉ុន្តែ លោក​មិន​ទទួល​ទូរស័ព្ទ​នោះ​ឡើយ។

នាយក​ប្រតិបត្តិ​នៃ ​សមាគម​ធាងត្នោត លោក សឿង សា​រ៉ន  សង្កេតឃើញ​ថា រដ្ឋាភិបាល​បានសម្រេច​កាត់​ផ្ទៃ​បឹង និង​ធ្វើ​អនុប្រយោគ​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​ដោយ​គ្មាន​ការពិគ្រោះ​យោបល់​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​ពាក់ព័ន្ធ ហើយក៏​មិនបាន​សិក្សា​ផល​ប៉ះពាល់​ទៅលើ​សង្គម សេដ្ឋកិច្ច ឬបរិស្ថាន​ដែរ។

លោក សឿង សា​រ៉ន ប្រាប់​ថា លោក​ចង់ឱ្យ​រដ្ឋាភិបាល​ធ្វើការ​សិក្សា​ឱ្យ​បាន​ច្បាស់លាស់ មុននឹង​សម្រេច​កាត់​ផ្ទៃ​បឹង​តា​មោក ឬផ្ទៃ​បឹង​ទំនប់​កប់​ស្រូវ​ទៅឱ្យ​ក្រុមហ៊ុន និង​ស្ថាប័នរដ្ឋ ដើម្បី​ធ្វើការ​អភិវឌ្ឍ​នោះ។

លោក សឿង សា​រ៉ន ប្រាប់​ថា៖ «បឹង​តា​មោក វា​ជា​បឹង​មួយ​ដែល​ធំ​ក្នុង​រាជធានី​ភ្នំពេញ វា​មាន​តួនាទី​សំខាន់ក្នុង​ការ​រំដោះ​ទឹក មួយទៀតគឺ​ផ្ដល់​ផល​នេសាទ​ទៅដល់​ប្រជា​សហគមន៍​ដែល​រស់នៅ​ជុំវិញ​បឹង​ហ្នឹង។ បើសិនជា​អាច រាជរដ្ឋាភិបាល​គួរតែ​រក្សា​បឹង​ហ្នឹង​ទុក​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ ហើយ​កែ​លម្អ​ទៅជា​តំបន់​ទេសចរណ៍​មួយ​នៅក្នុង​ក្រុង ដែល​វា​អាច​ជួយ​ដល់​ជីវភាព​ប្រជាពលរដ្ឋ ហើយ​មែនទែន​ទៅ​ ប្រជាពលរដ្ឋ​នៅ​ទីក្រុង​ភ្នំពេញ ហាក់បីដូចជា​ខ្វះ​ទី​សាធារណៈ​លំ​ហែកាយ​ដែល​នៅ​ជិ​តៗ​ក្រុង»។

កាលពី​ខែមិថុនា ឆ្នាំ២០១៨ រដ្ឋាភិបាល​បានសម្រេច​កាត់​ផ្ទៃ​បឹង​តា​មោក​ទំហំ ២០ហិ​កតា​តាម​សំណើ​របស់​សាលា​រាជធានី​ភ្នំពេញ ដើម្បី​អភិវឌ្ឍ​ធ្វើ​ផ្សារ​បន្លែ និង​ចំណតរថយន្ត មុននឹង​កាត់​ផ្ទៃ​បឹង​ទំហំ ៧៥ហិ​កតា​បន្ថែម​ទៀត​សម្រាប់​យក​ទៅ​អភិវឌ្ឍ​ធ្វើជា​ឧទ្យាន​ធម្មជាតិ​សាធារណៈ។

របាយការណ៍​ដែល​ចេញផ្សាយ​ដោយ​សមាគម​ធាងត្នោត​កាលពី​ថ្ងៃទី២៦ ខែធ្នូ​ ឆ្នាំ២០១៩ បង្ហាញថា បឹង​ធម្មជាតិ​ទាំងអស់​នៅ​រាជធានី​ភ្នំពេញ ​កំពុង​ប្រឈម​នឹង​ការចាក់​ដី​លុប​អស់ទាំង​ស្រុង។ របាយការណ៍​បញ្ជាក់​ថា គិត​ចាប់ពី​ឆ្នាំ១៩៩០មក បឹង​ចំនួន ១៦ហើយត្រូវ​បាន​ចាក់​ដី​លុប​ទាំងស្រុង ខណៈ​បឹង​ចំនួន ១០ទៀត ត្រូវ​គេ​ចាក់​លុប​មួយ​ផ្នែក​ៗជា​បណ្ដើរ​ៗ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles