អ្នកបម្រើ​ការងារ​ផ្នែក​សេវា​កម្សាន្ត​នៅ​សៀមរាប​ស្នើសុំ​ប្រាក់​ឧបត្ថម្ភ ៤០​ដុល្លារ​ក្នុង​មួយ​ខែ

ដោយ ជាតិ ចំណាន
2020-07-06
RFA

អនុប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណី​អាហារ​សេវាកម្ម​កម្ពុជា អ្នកស្រី អ៊ូ ទេពផល្លីន ផ្ដល់​បទសម្ភាសន៍​នៅ​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១៧។

អនុប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណី​អាហារ​សេវាកម្ម​កម្ពុជា អ្នកស្រី អ៊ូ ទេពផល្លីន ផ្ដល់​បទសម្ភាសន៍​នៅ​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១៧។

 RFA


ក្រុម​កម្មករ​ធ្វើការ​ផ្នែក​សេវា​កម្សាន្ត​ប្រមាណ​២០០​នាក់ បាន​ដាក់​ញត្តិ​ជា​លើក​ទី​៤ ទៅ​មន្ទីរ​ការងារ​ខេត្ត​សៀមរាប និង​ក្រសួង​ការងារ ដោយ​ស្នើសុំ​ប្រាក់ឧបត្ថម្ភ​៤០​ដុល្លារ និង​ស្នើ​ឱ្យ​ជួយ​សម្រួល​ទៅ​ម្ចាស់​ផ្ទះ​ជួល​បន្ថយ​ថ្លៃ​ផ្ទះ ក្នុងអំឡុងពេល​ពួកគេ​បាត់បង់​ការងារ​ដោយ​បញ្ហា​ពី​ជំងឺ​កូវីដ-១៩។

តំណាង​ក្រុម​កម្មករ​ម៉ាស្សា លោកស្រី ភៀង ស៊ីណា ឱ្យ​អាស៊ីសេរី​ដឹង​ថា ក្រុម​លោកស្រី​បាន​ដាក់​ញត្តិ​ស្នើសុំ​ជំនួយ​ជា​ច្រើនដង​មក​ហើយ ប៉ុន្តែ​ក្រសួង​ការងារ​តែង​បដិសេធ ដោយ​លើកឡើង​ថា ក្រុម​លោកស្រី​មិន​ស្ថិត​ក្នុង​វិស័យ​ទេសចរណ៍​។ ប៉ុន្តែ​លោកស្រី​ថា មាន​កន្លែង​ម៉ាស្សា​មួយ​ចំនួន​ឋិត​ក្នុង​សណ្ឋាគារ​នៅ​ខេត្ត​សៀមរាប បែរជា​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល៖ «អ្នក​ម៉ាស្សា​ដែរ​តែ​គេ​ក្នុង​អូតែល​នៅ​ក្នុង​វិស័យ​សណ្ឋាគារ​ហ្នឹង គេ​បាន​ប៉ុន្តែ​ពួក​ខ្ញុំ​ម៉ាស្សា​សុទ្ធ​អត់​មាន​សណ្ឋាគារ​ចូលរួម​អត់​បាន​គេ យើង​មែន​មែន​វិស័យ​ទេសចរណ៍»។

តំណាង​ក្រុម​កម្មករ​រូប​នេះ​ឱ្យ​ដឹង​ថា ត្បិត​កន្លែង​លោកស្រី​ឈរ​ក្រោម​ស្លាក​ហាង​ម៉ាស្សា ប៉ុន្តែ​ការងារ គឺ​ទាក់ទង​វិស័យ​ទេសចរណ៍ ព្រោះ​ថៅកែ​ហាង​ជា​ជនជាតិ​បរទេស​(​កូរ៉េខាងត្បូង​) ហើយ​ភ្ញៀវ​មក​ទីនេះ​ក៏​ជា​ជនជាតិ​បរទេស​ដែរ។ លោកស្រី​បញ្ជាក់​ថា ក្រុម​លោកស្រី​មាន​ប័ណ្ណ​បេឡា​ជាតិ​សន្តិសុខ​សង្គម​( ប​.​ស​.​ស​) ដែល​ចេញ​ដោយ​ក្រសួង​ការងារ​ថែមទៀត​ផង៖ «អត់​ដែល​បាន​ទេ​គ្រាន់តែ​ដាក់​ពាក្យ​បី​បួន​ដង ហើយ​គេ​អត់​ឱ្យ​សោះ​ប៉ុន្តែ​គេ​អត់​ឱ្យ​សោះ ពួក​ខ្ញុំ​មាន​ប័ណ្ណ ប​.​ស​.​ស ទៅ​ពេទ្យ​ប្រើការ​ទាំងអស់​តែ​អត់​ឱ្យ​លុយ ៤០​ដុល្លារ»។

ទាក់ទង​ករណី​នេះ អាស៊ីសេរី​ព្យាយាម​សុំ​ការ​បំភ្លឺ​ពី​មន្ត្រី​មន្ទីរ​ការងារ​ខេត្ត​សៀមរាប អភិបាលខេត្ត​សៀមរាប លោក ទៀ សីហា មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ការងារ​ទទួលបន្ទុក​ខាង​ដោះស្រាយ​វិវាទ​និង​កូដកម្ម លោក និន វណ្ណៈ និង​អ្នកនាំពាក្យ​ការងារ​លោក ហេង សួរ ប៉ុន្តែ អ្នក​ទាំងនោះ​មិន​លើក​ទូរស័ព្ទ​ទេ នៅ​ថ្ងៃ​ទី៤ កក្កដា។

ទោះជា​យ៉ាងណា រដ្ឋមន្ត្រី​ក្រសួង​ការងារ លោក អ៊ិត សំហេង បញ្ជាក់​ក្នុង​លិខិត​ឆ្លើយតប​កាលពី​ថ្ងៃទី​១៥ មិថុនា​ថា កម្មករ​ក្នុង​វិស័យ​នេះ និង​កម្មករ​ផ្សេងទៀត​ដែល​រង​ផល​ប៉ះពាល់ អាច​ស្នើសុំ​ប្រាក់​ឧបត្ថម្ភ​ពិសេស​ពី​រដ្ឋាភិបាល​សម្រាប់​គ្រួសារ​ក្រីក្រ។

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណីអាហារ និង​សេវាកម្ម​កម្ពុជា អ្នកស្រី អ៊ូ ទេពផល្លីន ឱ្យ​ដឹង​ថា ការ​ផ្ដល់​សាច់ប្រាក់​ឧបត្ថម្ភ​ចំនួន ២៥​លាន​ដុល្លារ របស់​រដ្ឋាភិបាល​នេះ ក្រុម​ស្ត្រី​វិស័យ​សេវា​កម្សាន្ត​ដែល​រង​ផល​ប៉ះពាល់ មិន​បាន​ទទួល​ប្រាក់​ឧបត្ថម្ភ​នេះ​ទេ។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​លើកឡើង​ថា ចាប់​តាំង​ពី​ផ្ទុះ​ជំងឺ​កូ​វីដ​-១៩ មក អ្នក​ធ្វើ​ការងារ​ក្នុង​វិស័យ​កម្សាន្ត​ក្នុង​ខេត្ត​សៀមរាប រងគ្រោះ​ធ្ងន់ធ្ងរ​ជាង​តំបន់​ផ្សេងៗ​ទៀត ព្រោះ​ចំណូល​នៅ​ទីនោះ​គឺ​ផ្អែកលើ​ភ្ញៀវ​ទេសចរ៖ «តំណាង​កម្មករ​ក្នុង​ខេត្ត​សៀមរាប​នេះ​គឺ​រងគ្រោះ​ជាង​អ្នក​នៅ​ភ្នំពេញ​ទៀត អ៊ីចឹង​ទៅ​ជីវភាព​ពួកគាត់​ត្រដាបត្រដួស​ណាស់​អ្នកខ្លះ​លក់​ទូរស័ព្ទ​លក់​អី​អស់ហើយ ស្រប​ពេល​ដែល​គាត់​អត់​មាន​លុយ​ទិញ​អង្ករ»។

អ្នកស្រី អ៊ូ ទេពផល្លីន ឱ្យ​ដឹង​ទៀត​ថា ចាប់​តាំង​ពី​វិស័យ​សេវា​កម្សាន្ត​ត្រូវ​រដ្ឋាភិបាល​បញ្ជា​ឱ្យ​បិទទ្វារ​មក គឺ​ធ្វើ​ឱ្យ​កម្មករ​ជាង​៤​ម៉ឺន​នាក់​បាត់បង់​ការងារ​។ អ្នកស្រី​ថា វិធានការ​នេះ​ធ្វើ​ឱ្យ​ក្រុម​ស្ត្រី​វិស័យ​សេវា​កម្សាន្ត​មួយ​ចំនួន​រកលុយ​ជួល​ផ្ទះ​ស្ទើរ​មិនបាន និង​មាន​អ្នក​ខ្លះ​ទៅ​រស់​ក្រោម​ស្ពាន​ថែម​ទៀត​ផង។

កាល​ពី​ពេល​ថ្មីៗ​នេះ ព្រះប្រធាន​កិត្តិយស​នៃ​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី សម្ដេច​ព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ បាន​ស្នើ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ឱ្យ​ជួយ​ដោះស្រាយ​ដល់​ស្ត្រី​ដែល​ជួប​បញ្ហា​បាត់បង់​ការងារ​ក្នុង​ពេល​ដែល​មាន​វិបត្តិ​ជំងឺ​កូវីដ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles