តំណាង​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី ៤នាក់​នៅ​ខេត្ត​បន្ទាយមានជ័យ​​ដាក់​ញត្តិ​នៅ​ក្រសួង​យុត្តិធម៌​​ឱ្យ​ពន្លឿន​ដោះស្រាយ

ដោយ ឡេង ម៉ាលី
2020-07-06
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នក​តវ៉ា​រឿង​ដីធ្លី ៥នាក់​ ដែល​អាជ្ញាធរ​ចាប់​​ឃុំឃាំង និង​វាយដំ កាល​ពី​ថ្ងៃ​ទី២៨ ខែ​ធ្នូ ឆ្នាំ២០១៩។ ក្នុង​ចំណោម​អ្នក​ជាប់​ឃុំ ៥នាក់ មាន​ម្នាក់ គឺ​លោក ទុយ ស្រស់ បាន​​ស្លាប់​ក្នុង​អំឡុង​ពេល​ឃុំ​ខ្លួន ពី​ថ្ងៃ​ទី១ ខែ​មករា ឆ្នាំ២០២០។

អ្នក​តវ៉ា​រឿង​ដីធ្លី ៥នាក់​ ដែល​អាជ្ញាធរ​ចាប់​​ឃុំឃាំង និង​វាយដំ កាល​ពី​ថ្ងៃ​ទី២៨ ខែ​ធ្នូ ឆ្នាំ២០១៩។ ក្នុង​ចំណោម​អ្នក​ជាប់​ឃុំ ៥នាក់ មាន​ម្នាក់ គឺ​លោក ទុយ ស្រស់ បាន​​ស្លាប់​ក្នុង​អំឡុង​ពេល​ឃុំ​ខ្លួន ពី​ថ្ងៃ​ទី១ ខែ​មករា ឆ្នាំ២០២០។

 Photo Provided


តំណាង​ប្រជាពលរដ្ឋ​មាន​ទំនាស់​ដី​ធ្លី ៤នាក់ តំណាង​ប្រជាពលរដ្ឋ ១ពាន់ ៨០០គ្រួសារ ​នៅ​ខេត្ត​បន្ទាយមានជ័យ នៅ​រសៀល​ថ្ងៃ​ទី​៦ ​កក្កដា​ ឡើង​ទៅ​ដាក់​ញត្តិ​នៅ​ក្រសួង​យុត្តិធម៌​ ​ដើម្បី​ឱ្យ​ពន្លឿន​ដោះស្រាយ​​ដល់​ពួកគាត់​ និង​ឱ្យ​ជួយ​រក​យុត្តិធម៌​បន្ថែម ក្នុង​សំណុំ​រឿង​មន្ត្រី​ប៉េអឹម​ធ្វើ​ទារុណកម្ម​តំណាង​ពលរដ្ឋ​ម្នាក់​បណ្ដាល​ឱ្យ​ស្លាប់​​​កាល​ពី​ចុង​ឆ្នាំ២០១៩។

តំណាង​​ប្រជាពលរដ្ឋ​មាន​ជម្លោះ​ដី​ធ្លី​នៅ​​ឃុំ​ស្លក្រាម​ ស្រុក​ស្វាយចេក​ ខេត្ត​បន្ទាយមានជ័យ​ លោក ហ៊ឹម គិរី ​ថ្លែង​នៅ​​ក្រោយ​ពេល​ដាក់​ញត្តិ​ថា ​​មូលហេតុ​ដែល​ពួក​លោក​ឡើង​ទៅ​ដាក់​ញត្តិ​នៅ​ក្រសួង​យុត្តិធម៌​នេះ​ ដោយសារ​រង់​ចាំ​ឱ្យ​​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​ដោះស្រាយ​ទំនាស់​ដី​ធ្លី​របស់​ពួកគាត់​​តាំង​ពី​ឆ្នាំ​២០១៦​ មក ​​ពុំ​ទទួល​បាន​លទ្ធផល​នោះ​ទេ។ ​លោក​​រំពឹង​ថា​ ក្រសួង​យុត្តិធម៌​នឹង​ជួយ​អន្តរាគមន៍​ពួកគាត់​​បាន​ ដូច​វិវាទ​ដី​ធ្លី​របស់​ពលរដ្ឋ​នៅ​ស្រុក​គាស់ក្រឡ​ខេត្ត​បាត់ដំបង​ដែរ៖ «ខ្ញុំ​កើត​ទុក​មិន​សុខ​ចិត្ត​ខ្ញុំ​មក​ដល់​ក្រសួង​យុត្តិធម៌​​នៅ​ភ្នំពេញ​បណ្ដោយ​។​ព្រោះ​គ្នា​ខ្ញុំ​ស្លាប់​ម្នាក់​ ហើយ​ខ្ញុំ​ក៏​មិន​ទាន់​បាន​ជា​ស្រួល​ទេ​ ក៏​ប៉ុន្តែ​ខ្ញុំ​មក​ដាក់​ញត្តិ​នៅ​ក្រសួង​យុត្តិធម៌​នេះ ដើម្បី​សុំ​សម្ដេច​ហ៊ុន សែន​ និង​ អង្គភាព​ប្រឆាំង​អំពើពុករលួយ​ឱ្យ​ជួយ​អន្តរាគមន៍​ពួក​ខ្ញុំ​ ព្រោះ​ដាក់​ញត្តិ​លើក​មុន​ចៅហ្វាយ​ខេត្ត​បន្ទាយមានជ័យ​លោក អ៊ុំ រាត្រី ក៏​មិន​ទាន់​ដំណើរ​ការ​សំណុំ​រឿង ហើយ​តុលាការ​ខេត្ត​ក៏​ឃុបឃិត​គ្នា​បិទ​សំណុំ​រឿង​ខ្ញុំ​ទាំង​អស់​ចោល»

លោក​បន្ថែម​ថា ខ្លឹងសារសំខាន់​នៅ​ក្នុងញត្តិ​​ដែល​ពួកគាត់​​​ដាក់​ទៅ​ក្រសួង​យុត្តិធម៌ គឺ​ស្នើ​សុំ​ឱ្យ​​​ដោះស្រាយ​បញ្ចប់​វិវាទ​​ដី​ធ្លី​ និង​ឱ្យ​ជួយ​រក​យុត្តិធម៌​​បន្ថែម​ទៀត​ ករណី​​​​ប៉េអឹម​ខេត្ត​បន្ទាយមានជ័យ​ចាប់​ពួក​លោក​ចំនួន​៥នាក់​ហើយ​​ធ្វើ​ទារុណកម្ម​ធ្ងន់ធ្ងរ ដែល​បណ្ដាល​ឱ្យ​ស្លាប់​ម្នាក់​ គឺ លោក ទុយ ស្រស់ កាល​ពី​ថ្ងៃ​ទី១ ខែ​មករា ឆ្នាំ​២០២០។

កាល​ពី​ថ្ងៃ​ទី២៨ ខែ​ធ្នូ ឆ្នាំ២០១៩ ​​​ ប្រជា​ពលរដ្ឋ​ជាង ១០០នាក់ បាន​នាំ​គ្នា​តវ៉ា​នៅ​មុខ​សាលា​ខេត្ត​បន្ទាយ​មាន​ជ័យ ទាមទារ​ឱ្យ​អាជ្ញាធរ​ខេត្ត ចេញ​ទៅ​ជួប​ពួកគាត់​​ដោះស្រាយ​ទំនាស់​ដីធ្លី​របស់​ពួកគាត់​។ប៉ុន្តែ​បែរ​ជាមន្ត្រី​កង​រាជ​អាវុធហត្ថ​ខេត្ត​ជា​ច្រើន​នាក់​​​ទៅ​បង្ក្រាប​​ក្រុម​អ្នក​តវ៉ា​ទាំង​នោះ​ និង​បាន​ចាប់​តំណាង​ពលរដ្ឋ​ ៥នាក់​យក​ទៅ​ឃុំ​ខ្លួន។ អំឡុង​ពេល​សមត្ថកិច្ច​ឃុំ​ខ្លួន​នោះ មាន​ពលរដ្ឋ​ម្នាក់​បាន​ស្លាប់​ក្រោយ​ពេល​បញ្ជូន​ទៅ​ពន្ធនាគារ​ខេត្ត​បាន​មួយ​​ថ្ងៃ​ និង ៤នាក់​ផ្សេង​ទៀត ត្រូវ​បាន​ដោះលែង​វិញ​។ ទាក់ទង​នឹង​ករណី​ប្រើ​ហិង្សា​បណ្ដាល​ឲ្យ​តំណាង​ពលរដ្ឋ​ម្នាក់​ស្លាប់​នេះ តុលាការ​ខេត្ត​បន្ទាយមានជ័យ បាន​ចេញ​ដីកា​ចាប់​ខ្លួន​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​នេះ ២នាក់ ​ដាក់​ពន្ធនាគារ តាម​បទ​បញ្ជា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

ទោះ​ជា​យ៉ាងណា លោក ហ៊ឹម គិរី អះអាង​ថា ចាប់​ពី​ពេល​នោះ​មក​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​បាន​ដោះស្រាយ​​អ្វី​ទៀត​ឡើយ។

ទាក់​ទង​​នឹង​បញ្ហា​នេះ​ អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​ លោក ជិន ម៉ាលីន ប្រាប់​អាស៊ី​សេរី​ថា ក្រោយ​ពី​ទទួល​បណ្ដឹង​ពី​ប្រជាពលរដ្ឋ​ទាំង​នេះ​ ក្រសួងយុត្តិធម៌​​នឹង​ពិនិត្យ​ចាត់ចែង​ទៅ​តាម​នីតិវិធី​ច្បាប់​លើ​រឿង​នេះ​បន្ត​ទៀត៖ «ហើយ​ករណី​ដែល​ជាប់​ឃុំ​ស្លាប់​ហ្នឹង​គឺ​ជន​ដៃ​ដល់​ត្រូវ​បាន​ទទួល​ខុស​ត្រូវ​បាន​ផ្លូវ​ច្បាប់​​ដំណើរ​ការ​ចោទ​ប្រកាន់​ និង​កំពុង​ដំណើរ​ការ​នីតិ​វិធី​ផ្លូវ​តុលាការ»

​​​​​​មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​(Adhoc) ខេត្ត​បន្ទាយមានជ័យ​ លោក ស៊ុំ ច័ន្ទគា​ គត់​សំគាល់​ថា សំណុំ​រឿង​របស់​ប្រជាពលរដ្ឋ​នេះ​ មាន​បទ​ល្មើស​២​ផ្សេង​គ្នា គឺ​បទ​ល្មើស​រឿង​ទំនាស់​ដី​ធ្លី​និង​ ការ​ធ្វើ​ទារុណកម្ម​​ពី​សំណាក់​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​នេះ​មក​លើ​ពលរដ្ឋ​តវ៉ា​​កាល​ពី​ចុង​ឆ្នាំ​២០១៩​។​​​ លោក​បន្ត​ថា​ រឿង​ជម្លោះ​ដីធ្លី​របស់​ពលរដ្ឋ​នៅ​ស្រុក​ស្វាយចេក​នេះ​​ដើម​ឡើយ​ជា​ដី​ព្រៃ​របស់​​រដ្ឋ​ ដោយ​មាន​​ទំនាស់​​នេះ​កើត​ឡើង​ដោយ​សារ​មាន​មេ​ក្លោង​​ម្នាក់​ជា​អ្នក​មាន​លុយ​មាន​អំណាច​​នៅ​ខេត្ត​​បន្ទាយមានជ័យ​​ និង​មាន​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​​ថ្នាក់​ឧបនាយករដ្ឋមន្ត្រី​ម្នាក់​នៅ​ពីក្រោយ​ខ្នង​។​លោក​បន្ត​ថា ​មេ​ក្លោង​ទទួល​បាន​ដី​រាប់​រយ​ហិកតារ​ ចំណែក​ប្រជាពលរដ្ឋ​បាន​តិចតួច​ ហើយ​ប្រឈម​នឹង​ការ​ចាប់​ដាក់​គុក៖ «អីចឹង​ទៅ​ក៏​ចាក់​ប្រជាពលរដ្ឋ​ឱ្យ​កម្រើក​ទៅ​ ដើម្បី​ឱ្យ​ពួកគាត់​ហ្នឹង​ទៅ​ធ្វើ​ការ​​តវ៉ា​ ដោយ​ថ្មី​ៗ​នេះ​នាយក​រដ្ឋមន្ត្រី​ និយាយ​អំពី​ទាក់ទង​ថា​បើ​មាន​ដី​​ហ្នឹង​ត្រូវ​ឆ្វៀល​ឱ្យ​គាត់​ចេញ​ត្រូវ​អី​។ប៉ុន្តែ​តាម​ពិត​ទៅ​​អ្នក​ដែល​ចូល​មក​យក​ដី​ពលរដ្ឋ​ក្នុង​ភូមិសាស្ត្រ​តា​ប៉ែន ​២​ហ្នឹង ត្រូវ​បាន​គេ​កៀងគរ​តាំង​ពី​ខេត្ត​ពោធិ៍សាត់​ ខេត្ត​ប៉ៃលិន​​ បាត់​ដំបង​ តាំង​ពី​សៀមរាប​អី​មក​ទាំង​អស់​ រហូត​ដល់​ខ្លះ​ខេត្ត​ព្រៃវែង​មក​ទៀត​ យក​មក​នាំ​គ្នា​ចូល​ទៅ​ហ្នឹង​ ដើម្បី​​ឱ្យ​បាន​មនុស្ស​ច្រើន​ទៅ​គឺ​ដឹង​តែ​ឈ្នះ​តែ​ម្ដង»

តំណាង​ប្រជាពលរដ្ឋ​មាន​ទំនាស់​ដី​ធ្លី​​ម្នាក់​ទៀត​ លោក អាន រួន ​សំណូម​ឱ្យ​ក្រសួង​យុត្តិធម៌​​​ដោះស្រាយ​ទាំង​ ២បទ​ល្មើស​នេះ​ ដើម្បី​ឱ្យ​ពួក​គាត់​បាន​ដី​ធ្វើ​ទីជម្រក​ស្នាក់​នៅ​ផង​ និង​​ទទួល​បាន​យុត្តិធម៌​ពី​ការ​ធ្វើ​ទារុណកម្ម​ពីសំណាក់​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​ផង។លោក​បញ្ជាក់​ថា ​ចាប់​តាំង​ពី​​មន្ត្រី​ប៉េអឹម​​​វាយ​ដំ​​ពួក​លោក​​មក​​បណ្ដាល​ឱ្យ​លោក​ឈឺ​​ដើម​ទ្រូង​​សម្រាន្ត​មិន​សូវ​បាន​ និង​ធ្វើ​ការ​ធ្ងន់​មិន​បាន​ដូច​ពេល​មុន​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles