ការងារ | កូរ៉ូណាវីរុស | ព័ត៌មានជាតិ
លោក ឃុត សុគន្ធ | ០៧ កក្កដា ២០២០ | ម៉ោង ១៦:៣៨
VOD

បុរសម្នាក់ធ្វើដំណើរលើដងផ្លូវមួយកន្លែង ដែលនៅទល់មុខហាងខារ៉ាអូខេមួយកន្លែងក្នុងក្រុងភ្នំពេញ។ (ជន ចាន់រ៉ែន/ ១៩ មីនា ២០២០)
សាលារាជធានីភ្នំពេញបានជូនដំណឹងដល់ម្ចាស់ក្លឹបកម្សាន្ត និងខារ៉ាអូខេ ប្រែក្លាយអាជីវកម្មរបស់ខ្លួនទៅជាភោជនីយដ្ឋានវិញ ក្រោយរដ្ឋាភិបាលអនុញ្ញាតឱ្យបើកដំណើរការអាជីវកម្មឡើងវិញ។
កាលពីថ្ងៃ៣ ខែកក្កដា រដ្ឋាភិបាលសម្រេចអនុញ្ញាតឱ្យម្ចាស់អាជីវកម្មក្លឹបកម្សាន្ត និងខារ៉ាអូខេបើកដំណើរការវិញ ដើម្បីចូលរួមសកម្មភាពសេដ្ឋកិច្ច និងផ្តល់ការងារឡើងវិញដល់កម្មករ។
ក្នុងសេចក្តីជូនដំណឹងមួយនៅថ្ងៃនេះ សាលារាជធានីភ្នំពេញ បានប្រាប់ទៅម្ចាស់អាជីវកម្មក្លឹបកម្សាន្ត និងខារ៉ាអូខេទាំងអស់នៅរាជធានីភ្នំពេញ ឱ្យបើកដំណើរឡើងវិញ ដោយប្រែក្លាយទៅជាភោជនីយដ្ឋាន ប៉ុន្តែ ម្ចាស់អាជីវកម្មទាំងនោះ ត្រូវគោរពលក្ខខណ្ឌមួយចំនួនដូចជា ត្រូវស្នើសុំលិខិតអនុញ្ញាតបើកអាជីវកម្មទៅតាមយន្តការច្រកចេញតែមួយរាជធានីភ្នំពេញ គោរពនូវវិធាននៃក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ និងវិធានការសុវត្ថិភាពរបស់ក្រសួងទេសចរណ៍។
កាលពីថ្ងៃទី១៧ ខែមីនា ក្រសួងទេសចរណ៍បានស្នើទៅអភិបាលខេត្តរាជធានីទូទាំងប្រទេសចាត់វិធានការបិទ KTV ក្លឹបកម្សាន្ត (ខារ៉ាអូខេ រង្គសាល ឌីស្កូតែក) ទាំងអស់ ចាប់ពីថ្ងៃទី១៧ ខែមីនា រហូតដល់មានការជូនដំណឹងជាថ្មី។
ក្រសួងទេសចរណ៍ ឱ្យដឹងថា គិតត្រឹមខែមីនាកន្លងមក កម្ពុជាមានមណ្ឌលកម្សាន្តមនុស្សពេញវ័យចំនួន ១ ២៩៣កន្លែងនៅទូទាំងប្រទេស ក្នុងនោះមានខារ៉ាអូខេ (KTV) ចំនួន ១ ០៨៤កន្លែង ក្លឹបឌីស្កូតែក (ClubDisco) ចំនួន ១០៩កន្លែង អាជីវកម្មរង្គសាល (Night Club) ចំនួន ១៦កន្លែង អាជីវកម្មបៀរហ្កាឌិន ចំនួន ៨៤កន្លែង ដែលផ្ដល់ការងារ ១៨ ៣៨១កន្លែងសម្រាប់ពលរដ្ឋកម្ពុជា៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។