CCHR រក​​ឃើញ​ថា​ សំណុំ​រឿង​​តិច​​នៅ​ឡើយ​​ដែល​​ចៅ​ក្រម​​អនុវត្ត​​ពេញ​លេញ​​តាម​ច្បាប់​​ចំពោះ​​ជន​ជាប់​ចោទ​​

តុលាការ និងច្បាប់ | ព័ត៌មានជាតិ | សិទ្ធិមនុស្ស
លោក សូត សុខប្រាថ្នា |០៧ កក្កដា ២០២០ | ម៉ោង ១៧:៤៤
VOD

ទិដ្ឋភាពនៅមុខសាលាដំបូងរាជធានីភ្នំពេញ ស្ថិតក្នុងសង្កាត់រាលវង់ ខណ្ឌ៧មករា ក្រុងភ្នំពេញ។ (ជន ចាន់រ៉ែន/ មករា ២០២០)

ទិដ្ឋភាពនៅមុខសាលាដំបូងរាជធានីភ្នំពេញ ស្ថិតក្នុងសង្កាត់រាលវង់ ខណ្ឌ៧មករា ក្រុងភ្នំពេញ។ (ជន ចាន់រ៉ែន/ មករា ២០២០)


មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ​ឬហៅ​ថា CCHR បាន​ជំរុញ​ឱ្យ​ចៅក្រម​នៅ​តុលាការ​ទូទាំង​ប្រទេសឱ្យប្រាប់ និង​ពន្យល់​ពេញលេញ​ទៅ​ជនជាប់ចោទ​ស្របតាម​កាតព្វកិច្ច​ និង​តួនាទី​របស់​ខ្លួនដែល​ច្បាប់​បាន​ចែង ដើម្បី​ធានា​ដល់​ការ​ទទួល​បាន​សិទ្ធិ​ជំនុំជម្រះ​ក្តី​ប្រកបដោយ​យុត្តិធម៌។

ការជំរុញ​នេះ បន្ទាប់ពី​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​បាន​រក​ឃើញថា រយៈពេល​ជាង ១ឆ្នាំនេះ ក្នុង​សំណុំរឿង​ជិត ៣០០ នៅ​សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ គឺ​មាន​សំណុំរឿង​តិច​នៅឡើយ​ដែល​ចៅក្រម​បាន​ពន្យល់ និង​ប្រាប់​ទៅ​ជនជាប់ចោទ​ឱ្យ​បាន​ពេញលេញ ស្របតាម​តួនាទី ឬកាតព្វកិច្ច​របស់​ពួក​គេ។ 

អ្នកសម្របសម្រួល​គម្រោង​សិទ្ធិ​ទទួល​បានការ​ជំនុំជម្រះ​ដោយ​យុត្តិធម៌ នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ លោក ហ៊ុន ស៊ាង​ហាក់ លើកឡើង​ថា ​នៅពេល​ចៅក្រម​មិនបាន​អនុវត្ត​កាតព្វកិច្ច​ខ្លួន​ឱ្យ​បាន​ពេញលេញ​ស្របតាម​ច្បាប់​ជាតិ​ និង​អន្តរជាតិ នោះ​យុត្តិធម៌​សម្រាប់​ភាគី​ពាក់ព័ន្ធ​នឹង​ត្រូវ​រំលោភបំពាន។

លោក​ ហ៊ុន ស៊ាង​ហាក់ បន្ថែម​ថា៖ «ពេលខ្លះ​រឿង​ដែល​កើតឡើង​នៅពេល​ពួក​គាត់​ [ជនជាប់ចោទ​] មិនដឹងពី​សិទ្ធិ​របស់​ពួក​គាត់ មានន័យថា ​អាច​អយុត្តិធម៌​សម្រាប់​ពួក​គាត់ ឬក៏​គាត់​ទទួល​បាន​យុត្តិធម៌​មិនបាន​ពេញលេញ។ អាហ្នឹង​ជា​ការ​ប៉ះពាល់​ទៅដល់​សិទ្ធិ​របស់​ជនជាប់ចោទ»។ 

ព្រឹត្តិបត្រ​ព័ត៌មាន​របស់ CCHR ចេញផ្សាយ​កាល​ពីថ្ងៃម្សិល​មិញ អំពី​របក​គំហើញ​ពាក់ព័ន្ធ​ការសង្កេត​សវនាការ​របស់​ខ្លួន​លើ​សំណុំរឿង ២៧៣ នៅ​សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ ចាប់តាំងពី​ថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ រហូតដល់​ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០។

ព្រឹត្តិបត្រ​ព័ត៌មាន​ដដែលឱ្យ​ដឹង​ថា ក្នុងចំណោម​សំណុំរឿង​ទាំងនោះ​មាន​សំណុំរឿង ១៩៦ ឬស្មើនឹង ៧២ភាគរយ​ ចៅក្រម​បាន​ប្រាប់​អំពី​ការចោទប្រកាន់ និង​ពន្យល់​ពី​ប្រភេទ​នៃ​ការចោទប្រកាន់​ទៅ​ជនជាប់ចោទ​ពេញលេញ​តាម​កាតព្វកិច្ច​របស់​ខ្លួន។

ទោះបីជា​យ៉ាងនេះ​ក្តី CCHR រក​ឃើញថា ​ក្នុងចំណោម​សំណុំរឿង ៦៤ ឬស្មើ ២៣ភាគរយ ចៅក្រម​បាន​ត្រឹមតែ​ពន្យល់​ផ្នែក​ខ្លះ​អំពី​បទចោទប្រកាន់​ទៅ​ជនជាប់ចោទ​ប៉ុណ្ណោះ ហើយ​មាន​សំណុំរឿង ១៣ទៀត ​ឬស្មើ ៥ភាគរយ​ ចៅក្រម​មិនបាន​ពន្យល់​ទៅ​ជនជាប់ចោទ​អំពី​បទចោទប្រកាន់​តែម្តង។

ដោយឡែក សិទ្ធិ​មាន​មេធាវី សិទ្ធិ​ការពារ​ដោយ​ផ្ទាល់ខ្លួន​ឯង និង​សិទ្ធិ​នៅ​ស្ងៀមស្ងាត់​ក្នុង​ពេល​សវនាការ CCHR រក​ឃើញថា​ ចៅក្រម​រឹតតែ​មិនបាន​បំពេញ​តួនាទី​របស់​ខ្លួន​ចំពោះ​ជនជាប់ចោទ​ឱ្យ​បាន​ពេញលេញ​ថែមទៀត។ 

ព្រឹត្តិបត្រ​ព័ត៌មាន CCHR បន្ត​ថា៖ «ចំពោះ​សិទ្ធិ​មាន​មេធាវី​របស់​ជនជាប់ចោទ​ ឬការពារ​ខ្លួន​ដោយ​ផ្ទាល់ខ្លួន​ឯង​ មាន​សំណុំរឿង​ចំនួន ៣០ ​[១១​%] ចៅក្រម​បាន​ប្រាប់​អំពី​សិទ្ធិ​នេះ។ ចៅក្រម​បាន​ពន្យល់​អំពី​សិទ្ធិ​នេះ​ត្រឹមតែ ៦សំណុំរឿង ​[២%] ប៉ុណ្ណោះ។ ក្នុងចំណោម​សំណុំរឿង​ចំនួន ២០ [៧%] ចៅក្រម​មិនទាំង​បាន​ប្រាប់ ​និង​ពន្យល់​អំពី​សិទ្ធិ​មាន​មេធាវី ឬការពារ​ខ្លួន​ដោយ​ផ្ទាល់ខ្លួន​ឯង​ឡើយ។ ក្នុងចំណោម​សំណុំរឿង​ចំនួន ១៧៩ [៦៦​%] ជនជាប់ចោទ​មាន​មេធាវី​តំណាង ហេតុដូច្នេះ​ ចៅក្រម​មិនបាច់​ប្រាប់​អំពី​សិទ្ធិ​មាន​មេធាវី​ឡើយ។ ក្នុងចំណោម​សំណុំរឿង ៣៨ ​[១៤​%] ជនជាប់ចោទ​មិន​មាន​វត្តមាន​នៅក្នុង​សវនាការ​ឡើយ។ ទាក់ទង​សិទ្ធិ​នៅ​ស្ងៀម​ មានត្រឹមតែ​សំណុំរឿង​ចំនួន ៣១ ​[១១​%] ប៉ុណ្ណោះ​ ដែល​ចៅក្រម​បាន​ទាំង​ប្រាប់​និង​ពន្យល់​អំពី​សិទ្ធិ​នេះ​ទៅជនជាប់ចោទ។ ក្នុងចំណោម​សំណុំរឿង​ចំនួន ៦២ ​[២៣​%] ចៅក្រម​ត្រឹមតែ​បាន​ប្រាប់​ជនជាប់ចោទ​អំពី​សិទ្ធិ​នៅ​ស្ងៀម​ប៉ុណ្ណោះ ហើយ​សំណុំរឿង​ចំនួន ១៤២​ [៥២​%] ចៅក្រម​បាន​ខកខាន​ក្នុង​ការ​លើកឡើង​អំពី​សិទ្ធិ​នេះ»។

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​ លោក​ ជិន ម៉ា​លីន មានប្រសាសន៍​ថា របាយការណ៍​របស់ CCHR មិន​ខុសគ្នា​ទៅ​នឹង​របាយ​កា​រណ៍​មុន​ៗនេះ​ទេ ប៉ុន្តែ​ ជា​កំណែទម្រង់​របស់ក្រ​សួង​យុត្តិធម៌​ គឺ​មានការ​បណ្តុះបណ្តាល​សមត្ថភាព​ចៅក្រម​ច្បាស់លាស់ និង​មាន​យន្តការ​តាមដាន​ការអនុវត្ត​របស់​មន្ត្រី​ទាំងនោះ​ទៀតផង។ 

លោក​មានប្រសាសន៍​ថា៖ «ក៏ប៉ុន្តែ​ សម្រាប់​ក្រសួង​យុត្តិធម៌​ គឺថា ​ជា​ក្របខណ្ឌ​ក្នុង​ការកែទម្រង់​គឺ​យើង​មានការ​បណ្តុះបណ្តាល​សមត្ថភាព​ចៅក្រម​របស់​យើង​ច្បាស់លាស់​ណាស់ ហើយក៏​មាន​យន្តការ​តាមដាន​ត្រួតពិនិត្យ​ទៀត។ ចៅក្រម​ទាំងអស់​នោះ​សុទ្ធតែ​បាន​ចេញពី​សាលា ដែល​ទទួល​បានការ​បណ្តុះបណ្តាល​យ៉ាង​ត្រឹមត្រូវ។ ក្រៅពីនោះ ក៏​មានការ​បណ្តុះបណ្តាល​ជាប់​ជាប្រចាំ​តទៅទៀត​នៅពេល​កំពុង​បំពេញការងារ​នេះ»។ 

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក​ (ADHOC​) លោក ស៊ឹង សែន​ករុណា គាំទ្រ​ចំពោះ​ការ​រក​ឃើញ​របស់ CCHR ដោយ​ថា ​របាយការណ៍​នេះ​នឹង​ធ្វើ​ឱ្យ​ចំណេញ​ដល់​ប្រព័ន្ធ​យុត្តិធម៌ ពិសេស​ក្រសួង​យុត្តិធម៌ ហើយ​ស្ថាប័ន​ពាក់ព័ន្ធ​គប្បី​ទទួលយក​ការ​រក​ឃើញ​នេះ ដើម្បី​កែ​លម្អ​នូវ​ចំណុច​ខ្វះខាត​ដែល​អង្គការ​សង្គម​ស៊ីវិល​រក​ឃើញ ចៀសវាង​បញ្ហា​នេះ​កើត​ឡើង​ដដែល​ៗទៀត។ 

លោក​បន្ត​ថា៖ «វា​មិន​ខុស​ទេ ការ​លើក​មក​ដដែល​ៗ ដោយសារតែ​ស្ថាប័ន​យុត្តិធម៌ ឬក៏​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​នៅក្នុង​ការអនុវត្ត​ប្រតិបត្តិ​ច្បាប់​ទាំងអស់​ហ្នឹង គាត់​អត់មាន​ការ​កែប្រែ គាត់​អត់មាន​ការគោរព​ទៅតាម​នីតិវិធី​ផ្លូវច្បាប់ឱ្យ​បាន​ត្រឹមត្រូវ។ អីចឹង​ហើយ ​យើង​រក​ឃើញ​ដដែល​អីចឹង​ឯង។ អីចឹង​ប្រសិនបើ​មានការ​កែប្រែ​ពី​អ្វី​ដែល​អនុវត្ត​មិនបាន​ត្រឹមត្រូវ ទៅជា​អនុវត្ត​ត្រឹមត្រូវ​ទៅតាម​នីតិវិធី​ផ្លូវច្បាប់​បាន​ល្អ អា​ហ្នុង​ជា​រឿង​មួយ​ដែល​របាយការណ៍​នឹង​មិន​រក​ឃើញ​នូវ​បញ្ហា​ដដែល​កើតឡើង​ទៀត​ទេ»។ 

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ អះអាង​ថា ផ្អែកលើ​ទិន្នន័យ​ខាងលើ​បង្ហាញ​យ៉ាង​ច្បាស់​ថា មាន​ចំនួន​សំណុំរឿង​តិចតួច​នៅឡើយ​ដែល​ចៅក្រម​បាន​ប្រាប់​ និង​ពន្យល់​ពេញលេញ​ទៅ​ជនជាប់ចោទ​អំពី​សិទ្ធិ​របស់​ពួក​គេ។ 

បញ្ហា​នេះ CCHR ថា​សិទ្ធិ​របស់​ជនជាប់ចោទ​មិន​ត្រូវ​បាន​គោរព​ពេញលេញ ហើយ​ការអនុវត្ត​​របស់​តុលាការ​បែបនេះ ​គឺ​មិនបាន​អនុលោម​ទៅតាម​បទដ្ឋាន​ជាតិ និង​អន្តរជាតិ​ពាក់ព័ន្ធ​សិទ្ធិ​ទទួល​បានការ​ជំនុំជម្រះ​ដោយ​យុត្តិធម៌​ឡើយ​៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles