អ្នកវិទ្យាសាស្ត្រ​ព្រៃឈើ​ព្រមាន​ពី​វិនាស​សកម្ម​ព្រៃឈើ​នៅ​កម្ពុជា​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ

ដោយ មាន ឫទ្ធិ
2020-07-10
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ដើម​ឈើ​ទាល ឬ​ដើម​ឈើ​ផលិត​ជ័រទឹក ក្នុង​ព្រៃឡង់​ខេត្ត​ក្រចេះ ត្រូវ​គេ​កាប់​រំលំ កាល​ពី​ដើម​ខែ​មីនា ឆ្នាំ​២០២០។

ដើម​ឈើ​ទាល ឬ​ដើម​ឈើ​ផលិត​ជ័រទឹក ក្នុង​ព្រៃឡង់​ខេត្ត​ក្រចេះ ត្រូវ​គេ​កាប់​រំលំ កាល​ពី​ដើម​ខែ​មីនា ឆ្នាំ​២០២០។

 រូបភាព៖ សកម្មជន​បរិស្ថាន


អ្នកវិទ្យាសាស្ត្រ​ខាង​ព្រៃឈើ​លើកឡើង​ថា ករណី​កើន​ឡើង​ការបាត់បង់​ព្រៃឈើ នៅ​កម្ពុជា​មិន​ធ្លាប់​មាន​ពីមុន​មក កើត​មាន​ឡើង​ស្រប​ពេល​ដែល​មាន​ការ​រួម​តូច​ទៅៗ នៃ​លំហ​សង្គម​ស៊ីវិល និង​មានការ​កើន​ឡើង​នៃ​អំពើ​គំរាមកំហែង និង​ការ​ធ្វើទុក្ខបុកម្នេញ​មក​លើ​ក្រុម​អ្នកស្ម័គ្រចិត្ត​របស់​បណ្តាញ​សហគមន៍​ព្រៃឡង់។ អ្នកវិទ្យាសាស្ត្រ​រូប​នេះ ព្រមាន​ថា កេរ្តិ៍​ដំណែល​ព្រៃឈើ​នៅ​កម្ពុជា អាច​នឹង​បាត់បង់​យ៉ាង​ឆាប់រហ័ស ក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខនេះ ប្រសិនបើ​គ្មាន​ការ​បង្ក្រាប និង​ការអនុវត្ត​ច្បាប់​ប្រកប​ដោយ​ប្រសិទ្ធភាព ព្រមទាំង​ការចូលរួម ល្បាត​ព្រៃ​ពី​ពលរដ្ឋ​សហគមន៍​នោះ​ទេ។

នេះ​ជា​បទសម្ភាសន៍​រវាង​លោក មាន ឫទ្ធិ ជាមួយ​អ្នកវិទ្យាសាស្ត្រ​ខាង​ព្រៃឈើ និង​ជា​សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ ខូផេនហេហ្គែន (University of Copenhagen) នៃ​ប្រទេស​ដាណឺម៉ាក (Denmark) បណ្ឌិត អាយដា ថីឡាដ៍ (Ida Theilade) ជុំវិញ​បញ្ហា​នេះ​ដូច​តទៅ​៖

មាន ឫទ្ធិ៖ សូម​អ្នកស្រី​សាស្ត្រាចារ្យ ជួយ​ជម្រាប​អំពី​គោលបំណង​ពិតប្រាកដ​នៃ​ការ សរសេរ​លិខិត​ចំហ​ជា​លើក​ទី​ពីរ​នេះ ទៅកាន់​ភាគី​ពាក់ព័ន្ធ អំពី​បញ្ហា​កាប់​បំផ្លាញ​ព្រៃឈើ ដ៏​សម្បើម​នៅ​កម្ពុជា​នេះ?

អាយដា ថីឡាដ៍៖ គោលបំណង​ចម្បង​របស់ខ្ញុំ គឺ​ដើម្បី​ធ្វើ​ឱ្យ​ភាគី​ពាក់ព័ន្ធ ទាំងអស់ ជ្រាប​អំពី​ទិន្នន័យ ថា តើ​ព្រៃឈើ​នៅ​កម្ពុជា វា​បាត់បង់​ទៅ​យ៉ាង​ឆាប់រហ័ស ដល់​កម្រិត​ណា​នោះ​។ ខ្ញុំ​គិត​ថា មិនមែន​មានតែ​ក្រសួង​បរិស្ថាន និង​ដៃគូ​របស់​ក្រសួង​នេះ គឺ អង្គការ USAID និង​ក្រុមហ៊ុន Tetra Tech ដែល​ជា​ក្រុមហ៊ុន​វិស្វកម្ម​របស់​អាមេរិកាំង ប៉ុណ្ណោះ​ទេ ដែល​ត្រូវ​ដឹង​អំពី​រឿងរ៉ាវ​ទាំងនេះ​។ ក៏ប៉ុន្តែ ពលរដ្ឋ​ខ្មែរ​ទូទៅ ក៏​មាន​សិទ្ធិ​ដឹងឮ អំពី​ស្ថានភាព​ព្រៃឈើ​នៅ​ក្នុង​ប្រទេស​របស់​ពួកគេ​ដែរ។

សម្រាប់​រដ្ឋាភិបាល​ណា​ក៏​ដោយ ដើម្បី​ធ្វើការ​សម្រេចចិត្ត​ផ្អែក​តាម​ចំណេះដឹង និង​ភស្តុតាង ខ្ញុំ​គិត​ថា នេះ​គឺជា​ប្រភេទ​ទិន្នន័យ​ដែល​ចាំបាច់​ត្រូវ​មាន​ក្នុង​ដៃ។ មួយវិញទៀត ខ្ញុំ​ក៏​មិនទាន់​ឃើញ​មាន​មនុស្ស​ដទៃ​នៅ​ប្រទេស​កម្ពុជា បាន​ផ្សព្វផ្សាយ​អំពី​ទិន្នន័យ​កាប់​បំផ្លាញ ព្រៃឈើ​ទាំង​នេះ​ដែរ​។ ប្រាកដ​ណាស់ ខ្ញុំ​មាន​មិត្តភ័ក្ដិ និង​សហការី​ជា​ជនជាតិ​ខ្មែរ​ជាច្រើន​។ ពួកគេ​តែងតែ​សួរនាំ​ខ្ញុំ​អំពី​បញ្ហា​នេះ​។ ដូច្នេះ​ហើយ ក្នុងនាម​ជា​អ្នកស្រាវជ្រាវ ខ្ញុំ​គិត​ថា វា​គឺជា​ការងារ​របស់ខ្ញុំ ដើម្បី​ធ្វើ​ឱ្យ​មនុស្ស​គ្រប់គ្នា​ដែល​ចាប់អារម្មណ៍​ពី​រឿង​នេះ អាច​ទទួល​បាន​ព័ត៌មាន ទិន្នន័យ និង​ការស្រាវជ្រាវ​ចុងក្រោយ​ពាក់ព័ន្ធ​នឹង​បញ្ហា​កាប់​បំផ្លាញ​ព្រៃឈើ​នេះ​។ នេះ​គឺជា​អ្វី​ដែល​ខ្ញុំ​កំពុង​ធ្វើ ហើយ​ខ្ញុំ​សង្ឃឹមថា ទិន្នន័យ​ទាំងនេះ នឹង​ត្រូវ​បាន​គេ​យក​ទៅ​ប្រើប្រាស់ យ៉ាង​ទូលំទូលាយ ដើម្បី​ធ្វើការ​សម្រេចចិត្ត​ឱ្យ​បាន​ត្រឹមត្រូវ។

មាន ឫទ្ធិ៖ តើ​អ្នកស្រី​មាន​ដែល​ធ្លាប់​បាន​ទទួល​ការ​ឆ្លើយ​តប​ផ្លូវការ​ណាមួយ ពី​សំណាក់​ភាគី​ពាក់ព័ន្ធ​ទាំងនោះ​ដែរ​ឬ​ទេ ហើយ​ថា ពួកគេ​មានការ​ព្រួយបារម្ភ​ប៉ុណ្ណា​ដែរ?

អាយដា ថីឡាដ៍៖ ខ្ញុំ​ធ្លាប់​មាន​កិច្ច​សន្ទនា​ជាមួយ​អង្គការ USAID និង​ក្រុមហ៊ុន Tetra Tech បន្ទាប់ពី​ខ្ញុំ​បាន​សរសេរ​លិខិត​ចំហ​ទីមួយ។ ក៏ប៉ុន្តែ សម្រាប់​លិខិត​ចំហ​ទី​ពីរ​នេះ ខ្ញុំ​នៅ​មិនទាន់​ទទួល​បាន​ការ​ឆ្លើយតប​ណាមួយ​នៅឡើយ​ទេ​។ ខ្ញុំ​គ្រាន់តែ​អាច និយាយ​បាន​ថា ខ្ញុំ​បាន​និយាយ​ជាមួយ​អង្គការ USAID ហើយ​ខ្ញុំ​ក៏បាន​និយាយ​ជាមួយ​ក្រសួង​ការបរទេស​អាមេរិកាំង​ដែរ​។ ជារួម ពួកគេ​មានការ​ព្រួយ​បារម្ភ​ខ្លាំង​ណាស់ មិន​ត្រឹមតែ​ពី​រឿង​កាប់​បំផ្លាញ​ព្រៃឈើ​ប៉ុណ្ណោះ​ទេ​។ ក៏ប៉ុន្តែ ក៏​រួម​ទាំង​ការ​យាយី ការ​គំរាមកំហែង និង​ការ​ដាក់​ទោសទណ្ឌ​បែប​ព្រហ្មទណ្ឌ មក​លើ​ជនជាតិ​ដើម​ភាគតិច ជាដើម​។ ខ្ញុំ​គិត​ថា ទាំងអស់​នេះ​ហើយ គឺជា​អ្វី​ដែល​ម្ចាស់​ជំនួយ មានការ​ព្រួយបារម្ភ​មែនទែន ហើយ​ថា ពួកគេ​មិន​អាច​ធ្វើ​មិន​ដឹង​មិន​ឮ ចំពោះ​ទង្វើ​យាយី​ទាំងនេះ​បាន​នោះ​ទេ​។ ខ្ញុំ​មិន​បន្ទោស​អង្គការ USAID ចំពោះ​ការបាត់បង់​ព្រៃឈើ​ទាំងនេះ​ទេ​។ ក៏ប៉ុន្តែ វា​គឺជា​ការទទួលខុសត្រូវ​របស់ រដ្ឋាភិបាល​កម្ពុជា​តែម្ដង​។ យ៉ាងណា ខ្ញុំ​គិត​ថា អង្គការ​នេះ គួរតែ​ហ៊ាន​និយាយ​អំពី​ទង្វើ​រំលោភ​បំពាន​សិទ្ធិ​របស់​សង្គម​ស៊ីវិល និង​ពលរដ្ឋ​តាម​មូលដ្ឋាន​ជាដើម។

មាន ឫទ្ធិ៖ ផ្អែក​តាម​ការស្រាវជ្រាវ និង​ទិន្នន័យ​ពី​ផ្កាយរណប​របស់​អឺរ៉ុប និង​អាមេរិក អ្នកស្រី​បាន​គូស​បញ្ជាក់​ថា គិត​ចាប់ពី​ឆ្នាំ​២០០០​មក កម្ពុជា​បាន​បាត់បង់​គម្រប​ព្រៃឈើ​ដល់​ទៅ ២៦% ស្មើ​នឹង ២​លាន​៣​សែន​ហិកតារ។ រីឯ ការ​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​ព្រៃឡង់​វិញ មាន​ការ​កើន​ឡើង​ខ្លាំង​ក្នុង​ឆ្នាំ​២០១៩ រហូត​ដល់​ទៅ ៧​ពាន់​៥​រយ​ហិកតារ​ឯណោះ គឺ​កើន​រហូតដល់​ទៅ ៧៣% បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៨​កន្លងទៅ​។ និយាយ​ឱ្យ​ស្រួល​ស្ដាប់​ទៅ ក្នុង​មួយ​ម៉ោង ទំហំ​នៃ​ការបាត់បង់​ព្រៃឈើ​ក្នុង​តំបន់​ព្រៃឡង់ គឺ​ធំ​ជាង​តារាង​បាល់ទាត់​មួយ​ទៅទៀត​។ តើ​ការ​រក​ឃើញ​នេះ បញ្ជាក់​ឱ្យ​ឃើញ​ពី​ស្ថានភាព​ធ្ងន់ធ្ងរ​នៃ​វិនាសកម្ម​ព្រៃឈើ​នៅ​កម្ពុជា ដល់​កម្រិត​ណា​ទៅ?

អាយដា ថីឡាដ៍៖ ខ្ញុំ​អាច​និយាយ​បាន​ថា កំណើន​នៃ​ការ​កាប់​បំផ្លាញ ព្រៃឈើ​លើស​ពី ១​ភាគរយ​ឡើង​ទៅ គឺ​ពិតជា​ធ្ងន់ធ្ងរ​ណាស់។ កង្វល់​ចម្បង​របស់ខ្ញុំ ចំពោះ​ប្រទេស​កម្ពុជា សម្រាប់​រឿងរ៉ាវ​កាប់​បំផ្លាញ​ព្រៃឈើ​បែបនេះ គឺថា តាមរយៈ​វិទ្យាសាស្ត្រ យើង​ដឹង​ថា នៅ​ពេល​ណា​ដែល​គេ​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​ទ្រង់ទ្រាយ ធំធេង​បែបនេះ កម្ដៅ​ក៏​ចេះតែ​កើន​ឡើង​។ ជាទូទៅ កម្ដៅ​សម្រាប់​តំបន់​ខាងក្រៅ​ព្រៃ​ក្តៅ​ជាង​ក្នុង​ព្រៃ ដល់​ទៅ ៥​អង្សា។ ជាង​នេះ​ទៀត នៅ​ពេល​ដែល​គេ​កាប់​បំផ្លាញ​ព្រៃឈើ​អស់ វា​នឹង​ប៉ះពាល់​ដល់​អាកាសធាតុ​ក្នុង​តំបន់​មូលដ្ឋាន។

យើង​បាន​ដឹង​តាមរយៈ​ការស្រាវជ្រាវ​មួយ នៅ​ឯ​ព្រៃ​អាម៉ាហ្សូន ថា នៅ​ពេល​ដែល​គេ​កាប់​បំផ្លាញ​ព្រៃឈើ ហេតុការណ៍​នេះ​បណ្ដាល​ឱ្យ​មាន​ភ្លៀង​ធ្លាក់​តិច ហើយ​រដូវ​ក្ដៅ​ក៏​ចេះតែ អូស​បន្លាយ​យូរ។ នេះ​គឺ​ដោយសារ​ព្រៃឈើ ជា​អ្នកចូលរួម​ចំណែក​បង្កើត​ឱ្យ​មាន​ភ្លៀង​។ ដោយសារតែ​គ្មាន​ការ​ធ្វើ​រស្មី​សំយោគ​ពី​ព្រៃឈើ​នេះ​ហើយ បានជា​ការ​កកើត​ជា ពពក​ត្រូវការ​ពេលវេលា​យូរ ហើយ​រដូវភ្លៀង​ធ្លាក់ ក៏​ត្រូវ​ពន្យារ​ពេល។ ខ្ញុំ​គិត​ថា ពលរដ្ឋ​គ្រប់រូប​នៅ​កម្ពុជា គួរតែ​ព្រួយបារម្ភ​ខ្លាំង​អំពី ការប្រែប្រួល​អាកាសធាតុ​បែបនេះ​។ កម្ពុជា​អាច​នឹង​ត្រូវ​ប្រែក្លាយ​ទៅជា ខ្ទះ​ឆា​ដ៏​ក្ដៅ​មួយ​។ ខ្ញុំ​មើល​ឃើញ​ហើយ​អាច​និយាយ​បាន​ថា ព្រៃ​ឡង់ គឺជា​ម៉ាស៊ីនត្រជាក់ ធំ​ជាង​គេ​បំផុត​នៅ​កម្ពុជា។ ព្រៃ​នោះ​ហើយ ដែល​ធ្វើ​ឱ្យ​ពពក​កកើត​ឡើង​។ នេះ​គឺជា​អ្វី ដែល​ធ្វើ​ឱ្យ អាកាសធាតុ​នៅ​តំបន់​ទំនាប​កណ្ដាល មាន​ភាព​ត្រជាក់។ ដូច្នេះ ខ្ញុំ​បារម្ភ​អំពី​លំនាំ​អាកាសធាតុ និង​ការប្រែប្រួល​អាកាសធាតុ ព្រោះ​ថា វា​ជា​បញ្ហា​ដែល​នឹង​ប៉ះពាល់​ដល់​មនុស្ស​គ្រប់គ្នា​នៅ​ក្នុង​ប្រទេស​កម្ពុជា។

មាន ឫទ្ធិ៖ អ្នកស្រី ប៉ាន់ស្មាន​បានទេ ថា ជាមួយ​អត្រា​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង ល្បឿន​លឿន​ដូច​សព្វថ្ងៃ​នេះ តើ​កម្ពុជា​អាច​នឹង​បាត់បង់​ព្រៃឈើ​អស់​នា​ពេល​ណា​ទៅ​? ហើយ​អ្នកស្រី មាន​សារ​អ្វីខ្លះ​ជូន​ដល់​រដ្ឋាភិបាល​កម្ពុជា?

អាយដា ថីឡាដ៍៖ ខ្ញុំ​អាច​និយាយ​បាន​ថា ប្រសិនបើ​ការ​កាប់​បំផ្លាញ ព្រៃឈើ​នៅតែ​បន្ត​ក្នុង​ល្បឿន​យ៉ាង​លឿន​ដូច​សព្វថ្ងៃ​នេះ ហើយ​វា​ហាក់បីដូចជា​កើតឡើង ជា​ប្រព័ន្ធ​យ៉ាង​ដូច្នេះ ខ្ញុំ​ជឿជាក់​ថា រាល់​ឈើ​ហ៊ុប​ពាណិជ្ជកម្ម​ធំៗ​ទាំងអស់ នឹង​ត្រូវ​បាត់បង់ ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ឆ្នាំ​ដ៏​ខ្លី​ខាងមុខនេះ​។ នេះ ក៏​រាប់បញ្ចូល​ទាំង​ដើម​ច្បោះ​ជ័រ​ទាំងអស់ ដែល​ទ្រទ្រង់​ដល់​ជីវភាព​របស់​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​។ ខ្ញុំ​គិត​ថា វា​គឺជា​ស្ថានភាព គួរ​ឱ្យ​សោកស្ដាយ​មែនទែន សម្រាប់​ពលរដ្ឋ​មូលដ្ឋាន និង​សម្រាប់​ប្រទេស​កម្ពុជា​ទាំងមូល ព្រោះថា​ព្រៃឈើ​ទាំងនេះ អាច​ក្លាយ​ជា​គោលដៅ​អេកូ​ទេសចរណ៍​ដ៏​ចម្បង​។​

សារ​របស់ខ្ញុំ​ជូន​ទៅ​រដ្ឋាភិបាល គឺថា អ្វី​ដែល​យើង​បាន​ដឹង​ពី​ការស្រាវជ្រាវ ភាគច្រើន នៃ​ការ​ការពារ​ព្រៃឈើ​នៅ​តំបន់​ត្រូពិក​បាន​ដោយ​ចិរភាព គឺ​ត្រូវតែ​មាន​ការចូលរួម​ពី ពលរដ្ឋ​មូលដ្ឋាន​។ ដូច​អ្វី​ដែល​ខ្ញុំ​បាន​សរសេរ​ក្នុង​លិខិត​ចំហ​ទី​ពីរ​របស់ខ្ញុំ​អញ្ចឹង ការ​ចាប់ផ្ដើម​ដ៏​ល្អ គឺ​ត្រូវ​អនុញ្ញាត​ឱ្យ​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ អាច​ចុះ​ល្បាត​ព្រៃ ដូចដើម​វិញ​បាន​។ ពួកគេ គឺជា​អ្នក​ដែល​ធ្វើ​ឱ្យ​ព្រៃឈើ នៅ​សេសសល់​មកទល់​សព្វថ្ងៃ​នេះ​។ នេះ​គឺជា​អ្វី​ដែល​ការស្រាវជ្រាវ ប្រាប់​ឱ្យ​យើង​ដឹង​។ ខ្ញុំ​អាច​និយាយ​បាន​ថា កម្ពុជា​ស្ថិត​ចំ​កន្លែង​ដ៏​ល្អ​ជាក់លាក់​មួយ ចូលរួម​ចំណែក​ដល់​ការស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ ប្រកបដោយ​គុណភាព​ខ្ពស់ តាមរយៈ​ការ​ប្រើ​បច្ចេកវិជ្ជា Remote Sensing និង​រូបភាព​ពី ផ្កាយរណប បំពេញ​បន្ថែម​ដោយ​ទិន្នន័យ​ទទួល​បាន​ពី​ពលរដ្ឋ​ចុះ​ល្បាត​ព្រៃ។

ខ្ញុំ​គិត​ថា ព្រៃឈើ​នៅ​កម្ពុជា​ពិតជា​មិន​ត្រឹមតែ​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​ថែមទាំង​អាច​ទាក់ទាញ​មូលនិធិ​សម្រាប់​ការស្រាវជ្រាវ ដោយ​ទាញ​យក​ប្រយោជន៍ ពី​អ្វី​ដែល​ខ្ញុំ​ហៅថា អ្នកវិទ្យាសាស្ត្រ​ពលរដ្ឋ (Citizen Scientists) ដែល​ជា​ពលរដ្ឋ​មូលដ្ឋាន ហើយ​ដែល​អ្នក​ទាំងនោះ ស្គាល់​ពី​ព្រៃឈើ​របស់​ពួកគេ​យ៉ាង​ជាក់ច្បាស់​។ ជាមួយ​នឹង​បច្ចេកវិជ្ជា Remote Sensing អ្នក​នឹង​មាន​ឧបករណ៍​ដ៏​មាន​ឥទ្ធិពល ក្នុង​ការ​តាមដាន និង​ការពារ ព្រៃឈើ​។ ខ្ញុំ​ចង់​ឃើញ​កម្ពុជា​ធ្វើជា​ប្រទេស​ឈានមុខ​គេ​គំរូ​មួយ សម្រាប់​ការស្រាវជ្រាវ បែបនេះ​នៅ​ក្នុង​តំបន់​ត្រូពិក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles